បារាំង៖ពានរង្វាន់បាល់ទាត់ពិភពលោកជួយផ្តល់សន្ទុះសេដ្ឋកិច្ច និងស្តារប្រជាប្រិយភាពប្រធានាធិបតី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៩
ការប្រកួតបាល់ទាត់ពិភពលោករយៈពេល ១ខែពីថ្ងៃទី១៤ មិថុនាដល់ថ្ងៃទី១៥ កក្កដាក្នុងប្រទេសរុស្ស៊ីបានបិទបញ្ចប់ដោយពានរង្វាន់បានធ្លាក់ក្នុងដៃក្រុមជម្រើសជាតិបារាំង។ នេះជាលើកទី២ ដែលបារាំងទទួលបានពានរង្វាន់បាល់ទាត់ពិភពលោក បន្ទាប់ពីទទួលបានលើកទី១ ក្នុងឆ្នាំ ១៩៩៨។ ក៏ដូចជាកាលពី ២០ឆ្នាំមុនដែរ ជោគជ័យលើកទី២ក្នុងវិស័យកីឡាមួយនេះបានទទួលការសាទរពីពលរដ្ឋបារាំងគ្រប់ស្រទាប់វណ្ណៈតាំងពីជនសាមញ្ញរហូតដល់អ្នកនយោបាយគ្រប់និន្នាការទាំងអស់។ ក្រៅពីនោះ ពានរង្វាន់មួយនេះក៏អាចចូលរួមជួយផ្តល់សន្ទុះសេដ្ឋកិច្ច និងជួយស្តារកម្រិតប្រជាប្រិយភាពរបស់លោកប្រធានាធិបតីម៉ាក្រុងដែលកំពុងមានកាន់តែតិចទៅៗដែរ។
កាលពី ២០ឆ្នាំមុន ពោលក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៨ បារាំងបានក្លាយជាជើងឯកបាល់ទាត់ពិភពលោកដោយទាត់ឈ្នះក្រុមជម្រើសជាតិប្រេស៊ីល ៣ទល់នឹងសូន្យ។ ២០ឆ្នាំក្រោយមក គឺក្រុមជម្រើសជាតិក្រូអាស៊ីដែលក្រុមជម្រើសជាតិបារាំងបានទាត់ឈ្នះដោយទទួលបានពិន្ទុ ៤ ទល់នឹង ២។ ក៏ដូចជា ២០ឆ្នាំមុនដែរ ជ័យជំនះរបស់ក្រុមជម្រើសជាតិបារាំងពេលនេះបានទទួលការសាទរយ៉ាងគគ្រឹកគគ្រេងដូចគ្នា។ គួររម្លឹកជូនបន្តិចថា លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបច្ចុប្បន្ន គឺជាប្រធានក្រុមជម្រើសជាតិបារាំងជើងឯកឆ្នាំ ១៩៩៨។
កុំថាឡើយទទួលបានពានរង្វាន់ពិភពលោកផ្នែកកីឡាបាល់ទាត់ដែលជាកីឡាដ៏មានប្រជាប្រិយភាពខ្លាំងជាងគេក្នុងលោក ទោះបីជាក្នុងផ្នែកកីឡាអ្វីក៏ដោយ ក៏វាជាមោទនភាពរកអ្វីប្រៀបផ្ទឹមពុំបានទេសម្រាប់មុខមាត់ប្រទេស ថ្នាក់ដឹកនាំ និងប្រជាជន។ ទន្ទឹមគ្នានេះ ពានរង្វាន់ពិភពលោកក្នុងកីឡាបាល់ទាត់ក៏បានរួមចំណែកផ្តល់សន្ទុះសេដ្ឋកិច្ចបន្តិចបន្តួចដែរ។ តែអ្នកដែលអាចទាញផលចំណេញបានច្រើនជាងគេពីកីឡាបាល់ទាត់ និយាយជារួម និងពីពានរង្វាន់បាល់ទាត់ពិភពលោក និយាយដោយឡែក គឺគ្មាននរណាក្រៅពីប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលដែលកំពុងមានកម្រិតប្រជាប្រិយភាពធ្លាក់ចុះខ្លាំងទេ។
ជាក់ស្តែង ពានរង្វាន់បាល់ទាត់ពិភពលោកដែលបារាំងទទួលបានឆ្នាំ ១៩៩៨ បានធ្វើឲ្យកម្រិតប្រជាប្រិយភាពរបស់លោកប្រធានាធិបតី Jacques Chirac ជំនាន់នោះស្ទុះឡើង ១៥ពិន្ទុ។ លោក Chirac មិនមែនជាអ្នកចូលចិត្តមើល និងគាំទ្របាល់ទាត់ប៉ុន្មានទេ តែលោក Chirac បានចូលរួមទស្សនាគ្រប់ការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងទាំងអស់។ ករណីដូចលោក Chiarc ត្រូវបានលោកប្រធានាធិបតីបច្ចុប្បន្នម៉ាក្រុងយកគំរូតាម និងបានធ្វើលើសលោក Chirac កាលពី ២០ឆ្នាំមុនទៅទៀត។ ក៏ដូចជាលោក Chirac លោកម៉ាក្រុងបានទៅជួបក្រុម Les Bleus ឬក្រុមអាវខៀវ ព្រមទាំងបានធ្វើដំណើរទៅដល់កន្លែងហ្វឹកហាត់របស់ពួកគេតាំងពីមុនបើកការប្រកួតកីឡាបាល់ទាត់ពិភពលោកក្នុងប្រទេសរុស្ស៊ី។
បន្ទាប់មក និងដើម្បីជួយលើកទឹកចិត្ត Les Bleus លោកម៉ាក្រុងបានធ្វើដំណើរទៅរុស្ស៊ីចំនួន ២ដងដើម្បីចូលរួមទស្សនាដោយផ្ទាល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របារាំង បែលហ្ស៊ិក និងវគ្គផ្តាច់ព្រ័ត្របារាំង ក្រូអាស៊ី។ អាចថាជាសំណាងក៏បាន ជាឱកាសក៏បានដែរ ព្រោះពានរង្វាន់បាល់ទាត់ពិភពលោកដែលបារាំងទទួលបានពេលនេះបានធ្លាក់មក ចំពេលដែលកម្រិតប្រជាប្រិយភាពរបស់លោកម៉ាក្រុងដាំក្បាលចុះខ្លាំង និងចំពេលដែលសង្គមបារាំងមានភាពប្រេះឆាដោយសារតែពលរដ្ឋហាក់លែងមានជំនឿលើនយោបាយរបស់រដ្ឋាភិបាល។ ដូច្នេះចង់ ឬមិនចង់ តិច ឬច្រើន ពានរង្វាន់បាល់ទាត់ពិភពលោកពេលនេះជាបំពង់ខ្យល់អុកស៊ីសែនថ្មីសម្រាប់ជួយស្តារប្រជាប្រិយភាពលោកម៉ាក្រុង។
ម្យ៉ាងទៀត ជ័យជំនះផ្នែកកីឡាមួយនេះក៏អាចជួយរុញចរន្តសេដ្ឋកិច្ចឲ្យស្ទុះឡើងមួយកម្រិតដែរ។ ក្រុមអ្នកសេដ្ឋវិទូបានប្រមើលមើលពីកំណើនសេដ្ឋកិច្ចក្នុងអត្រាតិចតួច គឺ ០,១ពិន្ទុ និងកំណើនចាយវាយរបស់ពលរដ្ឋក្នុងអត្រា ០,២ពិន្ទុ។ វាពិតជារឿងល្អណាស់ដែលពានរង្វាន់ពិភពលោកក្នុងផ្នែកកីឡាបានចូលរួមលើកដំកើងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តែបញ្ហានៅត្រង់ថា ឥទ្ធិពល ឬចំហាយវិជ្ជមានបានមកពីវិស័យកីឡាហាក់មានរយៈពេលខ្លី ពោលបានតែមួយឆាវដំបូងប៉ុណ្ណោះ។ ប៉ុន្មានខែក្រោយមក ឥទ្ធិពលរបស់ពានរង្វាន់ពិភពលោកមួយនេះនឹងថមថយបន្តិចម្តងៗ ហើយអ្វីៗក៏នឹងត្រឡប់មករកភាពដើមរបស់វាវិញដែរ។
មែនទែនទៅ និងបើនិយាយតែពីកីឡាបាល់ទាត់មួយ គឺមាន ២ប្រទេសដែលបានទទួលផលចំណេញច្រើនជាងគេ គឺប្រទេសដែលទទួលពានរង្វាន់ពិភពលោក និងប្រទេសម្ចាស់ផ្ទះដែលបានរៀបចំការប្រកួតដោយរលូនពីដើមដល់ចប់។ សម្រាប់ការប្រកួតឆ្នាំ ២០១៨ នេះ គឺរុស្ស៊ីជាប្រទេសអ្នករៀបចំ ហើយបារាំងបានក្លាយជាប្រទេសជើងឯកបាល់ទាត់ពិភពលោក។ ដូច្នេះ គឺលោកប្រធានាធិបតីបារាំងម៉ាក្រុង និងសមភាគីរុស្ស៊ីលោកពូទីនកំពុងក្លាយជាតួឯកដូចគ្នា។ លោកម៉ាក្រុងបានប្រើការទូតកីឡាដើម្បីស្តារប្រជាប្រិយភាពរបស់លោកឡើងវិញ ចំណែកលោកពូទីនបានប្រើការទូតកីឡាដើម្បីបង្ហាញប្រាប់បស្ចិមលោកពីមុខមាត់ពិតរបស់រុស្ស៊ី។
ជារួមគេសង្កេតឃើញថា វិស័យកីឡាត្រូវបានគេប្រើជាមធ្យោបាយដើម្បីកេងចំណេញខាងនយោបាយ ឬមួយក៏ដើម្បីសម្រុះសម្រួលភាពតានតឹងមួយចំនួនជាដើម។ តែគេមិនត្រូវភ្លេចនិយាយទេថា នេះគ្រាន់ជាជម្រើសបណ្តោះអាសន្ន និងក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ