ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

អាមេរិក៖​ក្រុម​អ្នកប្រជាធិបតេយ្យ និង​អ្នកសាធារណរដ្ឋ​ខឹង​លោក​ត្រាំ​ដែល​ជឿលើ​សម្តី​លោក​ពូទីន

media  
សន្និសីទ​កាសែត​រវាង​លោក​​ត្រាំ និង​លោក​ពូទីន​ក្នុង​ទីគ្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់ ថ្ងៃទី១៦ កក្កដា ២០១៨ REUTERS/Kevin Lamarque

នៅ​សហរដ្ឋអាមេរិក ប្រតិកម្ម​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ​បាន​កើត​មាន​យ៉ាង​ផុសផុល​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក៏​ដូច​ជា​ក្រុម​អ្នក​សាធារណរដ្ឋ។ ពួក​គេ​បាន​ប្រឆាំង​នឹង​លោក​ត្រាំ​ដែល​បាន​ជឿ​ស្លុង​លើ​សមភាគី​រុស្ស៊ី​លោក​ពូទីន​ដែល​ថា រុស្ស៊ី​មិន​បាន​លូកដៃ​ចូល​ក្នុង​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ ទេ។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ពូទីន​បាន​ធ្វើ​ឡើង​នា​ឱកាស​ជំនួប​មួយ​ទល់​មួយ​ជាមួយ​លោក​ត្រាំ​ក្នុង​ទីក្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់​នា​ថ្ងៃ​ចន្ទ ទី១៦ កក្កដា។

អ្វីៗ​បាន​ចាប់​ផ្តើម​ពី​សំណួរ​របស់​អ្នកកាសែត​ម្នាក់​ដែល​បាន​សួរ​លោក​ត្រាំ​ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន​ក្នុង​ទីក្រុង​ហែលស៊ិនគី។ « ប្រធានាធិបតី​រុស្ស៊ី​បាន​បដិសេធ​ពី​ការ​លូកដៃ​ក្នុង​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ តែ​គ្រប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អាមេរិក​ទាំង​អស់​បាន​សន្និដ្ឋាន​ផ្ទុយ​ពី​នេះ តើ​លោក​ជឿ​ខាង​ណា? »។ ចម្លើយ​របស់​លោក​ត្រាំ « ប្រធានាធិបតី​ពូទីន​ទើប​បាន​ប្រាប់​ខ្ញុំ​ថា មិនមែន​រុស្ស៊ី​ទេ។ ខ្ញុំ​មិន​គិត​ថា ហេតុអ្វី​បាន​ជា​ត្រូវ​ទម្លាក់​កំហុស​ដាក់​រុស្ស៊ី »។

ចម្លើយ​របស់​លោក​ត្រាំ​ដូច​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​ពួក​ប្រឆាំង រួម​ទាំង​ពី​ក្រុម​អ្នក​សាធារណរដ្ឋ​របស់​លោក​ត្រាំ​ខ្លួន​ឯង​ផង។ « សន្និសីទសារព័ត៌មាន​នៅ​ហែលស៊ិនគី​ជា​សន្និសីទ​សន្និសីទសារព័ត៌មាន​មួយ​ដ៏​គួរ​ឱ្យ​អាម៉ាស់​បំផុត​សម្រាប់​ប្រធានាធិបតី​អាមេរិក​មួយ​រូប » នេះ​ជា​ការ​វាយតម្លែ​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្សសាធារណរដ្ឋ​លោក John McCain។ « គ្មាន​អ្វី​គួរ​ឲ្យ​មន្ទិលសង្ស័យ​ទៀត​ឡើយ​ដែល​ថា រុស្ស៊ី​បាន​លូកដៃ​កកូរកកាយ​ក្នុង​ការ​បោះឆ្នោត​របស់​យើង » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Paul Ryan ប្រធាន​ក្រុម​សាធារណរដ្ឋ​នៅ​ក្នុង​សភា។

ពី​ក្រុមអ្នកប្រជាធិបតេយ្យ​ដែល​ជា​ពួក​ប្រឆាំង​វិញ អតីត​រដ្ឋមន្រ្តី​ការបរទេស​លោក John Kerry បាន​បរិហារ​លើ​ឥរិយាបទ​ទន់ខ្សោយ និង​មិន​អាច​ការពារ​បាន​របស់​លោក​ត្រាំ​ចំពោះ​លោក​ពូទីន។ « ខ្វះ​ការ​ពិចារណា គ្រោះថ្នាក់ និង​ទន់ជ្រាយ » នេះ​ជា​ការ​វាយតម្លែ​របស់​លោក Chuck Schumer ប្រធាន​ក្រុម​អ្នកប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា រួច​បាន​ចោទ​ជា​សំណួរ​ថា តើ​មាន​អ្វី​ដែលបាន​ជំរុញ​លោក​ត្រាំ​ឲ្យ​ដាក់​ផលប្រយោជន៍​​រុស្ស៊ី​លើ​ផលប្រយោជន៍​អាមេរិក។

អ្វី​ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​ក្រុម​អ្នក​សាធារណរដ្ឋ​កំពុង​ខឹងសម្បារ​ខ្លាំង​នឹង​លោក​ត្រាំ ក៏​ដោយសារ​តែ​លោក​ជឿ​លោក​ពូទីន​ជា​ជាង​ជឿ​លើ​ការ​សន្និដ្ឋាន​របស់​គ្រប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA និង FBI ដែល​ថា រុស្ស៊ី​ពិត​ជា​បាន​លូកដៃ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ