អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-រុស្ស៊ី៖​លោកដូណាល់ ត្រាំ​ចង់​ជួប​លោកវ្ល៉ាឌីមៀរពូទីន​ជា​ថ្មី ទោះបី​មាន​រឿងអាស្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កក្កដា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​អញ្ជើញ​សមភាគី​រុស្ស៊ី​លោក​វ៉្លាឌីមៀរ ពូទីន​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​នា​រដូវស្លឹកឈើ​ជ្រុះ​ខាង​មុខ។ ការ​រៀបចំ​សំបុត្រ​អញ្ជើញ​លោក​ពូទីន​ត្រូវ​បាន​លោក​ត្រាំ​ប្រគល់​ទៅ​ឲ្យ​ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក គឺ​លោក​ចន បុលតុន។ អ្វី​ជា​ការ​កត់សម្គាល់ ការ​អញ្ជើញ​លោក​ពូទីន​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ពី​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បុរសខ្លាំង​ទាំង​ពីរ​រូប​ទើប​បាន​ជួប​គ្នា​កាល​ពី ៣ថ្ងៃ​មុន​ក្នុង​ទីក្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់។ ជំនួបកំពូល​មួយ​នេះ​កំពុង​បន្ត​បំផុស​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​អ្នកនយោបាយ​អាមេរិក ទាំង​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​ជា​ក្រុមប្រឆាំង និង​ក្រុមអ្នកសាធារណរដ្ឋ​របស់​លោក​ត្រាំ។

លោកដូណាល់ ត្រាំ​ចង់​ជួប​លោកវ្ល៉ាឌីមៀរពូទីន​ជា​ថ្មី ទោះបី​មាន​រឿងអាស្រូវ
លោកដូណាល់ ត្រាំ​ចង់​ជួប​លោកវ្ល៉ាឌីមៀរពូទីន​ជា​ថ្មី ទោះបី​មាន​រឿងអាស្រូវ Reuters
ផ្សាយពាណិជ្ជកម្ម

គួរ​រម្លឹក​ឡើង​ថា ភាព​ចម្រូងចម្រាស​ដែល​បាន​កើត​ចេញ​ពី​ជំនួបកំពូល​លើកទី១ រវាង​លោក​ត្រាំ និង​លោក​ពូទីន​ក្នុង​ទីក្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់​ក្នុង​ថ្ងៃ​ចន្ទ ទី១៦ កក្កដា គឺ​ទាក់ទង​នឹង​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។ នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​នៅ​ក្រោយ​ជំនួប លោក​ត្រាំ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា « គ្មាន​ហេតុផល​ណា​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ជឿ​ថា រុស្ស៊ី​ជា​អ្នក​លូកដៃ​កកូរកកាយ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ ២០១៦ ទេ »។ តែ​ការ​អះអាង​របស់​ត្រាំ​របៀប​នេះ​បាន​ផ្ទុយ​ទាំង​ស្រុង​នឹង​សេចក្តីសន្និដ្ឋាន​របស់​គ្រប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អាមេរិក​មាន CIA និង FBI ដែល​ថា រុស្ស៊ី​របស់​លោក​ពូទីន​ពិត​ជា​បាន​លូកដៃ​ក្នុង​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ មែន។ គឺ​ភាព​ផ្ទុយ​គ្នា​រវាង​ការ​អះអាង​របស់​លោក​ត្រាំ និង​ការ​សន្និដ្ឋាន​របស់ CIA និង FBI ជា​ប្រភព​នៃ​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្ចរខ្ចាយ​នៅ​អាមេរិក។

ពួក​អ្នកប្រជាធិបតេយ្យ​ក៏​ដូច​ជា​ពួក​អ្នកសាធារណរដ្ឋ​បាន​នាំ​គ្នា​រិះគន់ ទិតៀន​លោក​ត្រាំ​ចាស់ដៃ ព្រម​ទាំង​ចោទ​លោក​ត្រាំ​ពី​បទ​មាន​ជំហរ​ទន់ជ្រាយ និង​ជឿ​ស្លុង​លើ​ការ​និយាយ​របស់​លោក​ពូទីន។ នៅ​ទីបំផុត លោក​ត្រាំ​បាន​ប្តូរ​​ជំហរ​ត្រឡប់​វិញ​ដោយ​បាន​អះអាង​ថា គាត់​និយាយ​ច្រឡំមាត់​ដោយសារ​តែ​ជាប់អណ្តាត​គ្រលាស់​ពាក្យ​មិន​ទាន់​នាំ​ឲ្យ​មាន​ន័យ​ផ្សេង​ទៅ​វិញ។ គេ​នៅ​មិន​ទាន់​ដឹង​ថា បើ​លោក​ពូទីន​យល់​ព្រម​តាម​ការ​អញ្ជើញ​របស់​លោក​ត្រាំ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​នា​ពេល​ខាង​មុខ តើ​លោក​ត្រាំ​នឹង​លើក​យក​រឿងរ៉ាវ​មួយ​នេះ​ទៅ​បំភ្លឺ​ឲ្យ​ដាច់​ស្រឡះ​ជាមួយ​ពូទីន​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង លោក​ត្រាំ​ចង់​ជួប​លោក​ពូទីន​ជា​ថ្មី​ដើម្បី​បន្ត​កិច្ចសន្ទនា​ក្នុង​សំណុំរឿង​ផ្សេង រួម​មាន យុទ្ធនាការ​ប្រឆាំង​ភេរវនិយម សន្តិសុខ​សម្រាប់​ប្រទេស​អ៊ីស្រាអែល ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ការ​ដោះដូរ​ពាណិជ្ជកម្ម សំណុំរឿង​ប្រទេស​អ៊ុយក្រែន ការ​ស្វែង​រក​សន្តិភាព​នៅ​ដើមបូព៌ា ឬ​មួយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​ដើម។

លោក​ត្រាំ​បដិសេធ​លើ​សំណើ​របស់​លោក​ពូទីន

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ត្រាំ​ក្នុង​ទីក្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់ លោក​ពូទីន​បាន​ដាក់​សំណើ​ទៅ​លោក​ត្រាំ​ដោយ​យល់ព្រម​ឲ្យ​ក្រុម​អ្នកស៊ើបអង្កេត​អាមេរិក​អាច​សួរ​ចម្លើយ​លើ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​ចំនួន ១២នាក់​ដែល​អាមេរិក​បាន​ចោទប្រកាន់​ក្នុង​ថ្ងៃ​សុក្រ ទី១៣ កក្កដា​ពី​បទ​បាន​លូកដៃ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។ តែ​ជា​ថ្នូរ​ត្រឡប់​វិញ អាមេរិក​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកស៊ើបអង្កេត​រុស្ស៊ី​សួរ​ចម្លើយ​លើ​មន្រ្តីអាមេរិកាំង​ចំនួន ១១រូប ក្នុង​នោះ​ក៏​មាន​លោក Michael McFaul អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​មូស្គូ​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៤ ដោយ​ចោទ​ប្រកាន់​ពី​បទ​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់។

លោក​ត្រាំ​បាន​យល់​ឃើញ​ថា សំណើ​របស់​លោក​ពូទីន​ល្អ និង​មាន​សារៈសំខាន់ តែ​លោក​ត្រាំ​មិន​បាន​ឆ្លើយ​យល់ព្រម​ភ្លាមៗ​ទេ។ ក៏​ប៉ុន្តែ រឿងរ៉ាវ​មួយ​នេះ​ក៏​ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ក្រុមអ្នកប្រជាធិបតេយ្យ និង​ក្រុមអ្នកសាធារណរដ្ឋ​ដែរ។ គឺ​ទើប​តែ​ក្នុង​ថ្ងៃ​ពុធ ទី ១៨ កក្កដា​ដែល​អ្នក​នាំពាក្យ​សេតវិមាន​លោកស្រី Sarah Sanders បាន​ចេញ​មុខ​ប្រកាស​បិទបញ្ចប់​ភាព​មន្ទិលសង្ស័យ​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា លោក​ត្រាំ​មិន​យល់ព្រម​តាម​សំណើ​របស់​លោក​ពូទីន​ឡើយ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កក្កដា និង​ដើម្បី​ជា​ការ​ព្រមាន​ដាក់គំនាប​បន្ថែម​លើ​លោក​ត្រាំ សមាជិក​ព្រឹទ្ធសភា​ទាំង ៩៨រូប​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេច​មួយ​ប្រឆាំង​នឹង​រាល់​ការ​សម្រេចចិត្ត​ជា​យថាហេតុ​របស់​រដ្ឋបាល​អាមេរិក​ដែល​ចង់​អនុញ្ញាត​ឲ្យ​រដ្ឋអំណាច​រុស្ស៊ី​សួរ​ចម្លើយ​មន្រ្តីផ្លូវការ​អាមេរិក។

តើ​លោក​ត្រាំ​បាន​និយាយ​រឿង​សម្ងាត់​អ្វី​ខ្លះ​ជាមួយ​លោក​ពូទីន?

លោក​ត្រាំ​អាច​រក្សា​ទុក​ក្នុង​ខ្លួន​នូវ​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​ដែល​លោក​ត្រាំ​មាន​ជាមួយ​លោក​ពូទីន ព្រោះ​នេះ​ជា​បុព្វសិទ្ធិ​ប្រធានាធិបតី។ នៅ​ក្នុង​ជំនួប ១ទល់១ រវាង​លោក​ត្រាំ និង​លោក​ពូទីន​រយៈពេល​ប្រមាណ​ជា ២ម៉ោង បុរសខ្លាំង​ទាំង​ពីរ​អាច​និយាយ​ពី​បញ្ហា​ពិភពលោក ពី​ទំនាក់ទំនង​រវាង​អាមេរិក រុស្ស៊ី រួម​ទាំង​ពី​ទំនាក់ទំនង​ជា​លក្ខណៈ​បុគ្គល​រវាង​គ្នា​ទៀត​ផង។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​ពិត​នៅ​តែ​គ្មាន​នរណា​អាច​ដឹង​បាន​ទេ ពោល​មាន​តែ​តែ​ស្រ្តី​អ្នក​បកប្រែ​ម្នាក់​គត់​ដែល​បាន​ស្តាប់​ឮ និង​ដឹង​រឿងរ៉ាវ​ទាំង​អស់​នៅ​ក្នុង​កិច្ចសន្ទនា​នោះ។ លោក​ដាន់ ខូត នាយក​ចារកិច្ច​អាមេរិក​ក៏​បាន​សារភាព​ពី​ការ​មិន​ដឹង​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​រវាង​លោក​ត្រាំ និង​លោក​ពូទីន​ដែរ។

តែ​លោក​ដាន់ ខូត​សង្ឃឹម​ថា គេ​នឹង​អាច​ទទួល​បាន​ព័ត៌មាន​បន្តិច​ម្តងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពិត​ណាស់​ថា គេ​មិន​អាច​បង្ខំ​លោក​ត្រាំ​ឲ្យ​ថ្លែង​ពី​អ្វី​ដែល​លោក​បាន​និយាយ​ជាមួយ​លោក​ពូទីន​ទាំង​អស់​បាន​ទេ។ តែ​អ្វី​ដែល​អ្នក​នយោបាយ​អាមេរិក​ខ្លះ​កំពុង​បារម្ភ​ពេល​នេះ គឺ​ខ្លាច​លោក​ត្រាំ​ចាញ់​បោក​លោក​ពូទីន និង​បាន​ធ្វើ​សម្បទាន​ឲ្យ​រុស្ស៊ី​ដែល​នាំ​ឲ្យ​មាន​ការ​បាត់បង់ប្រយោជន៍​អាមេរិក។ ករណី​ដែល​លោក​ត្រាំ​ចង់​យល់​ព្រម​ឲ្យ​រុស្ស៊ី​សួរ​ចម្លើយ​មន្រ្តីផ្លូវការ​អាមេរិក​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​ក្រុម​អ្នក​នយោបាយ​អាមេរិក​គ្រប់និន្នាការ​យល់​ថា ជា​រឿង​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ជាតិ។

ក្តីបារម្ភ​មួយ​ទៀត គឺ​ទាក់ទង​នឹង​បាល់​ដែល​លោក​ពូទីន​បាន​ឲ្យ​កាដូ​ទៅ​លោក​ត្រាំ និង​ដែល​គ្រប់​គ្នា​ខ្លាច​មាន​បង្កប់​មីក្រូ​នៅ​ក្នុង​បាល់​នោះ។ ចម្ងល់​មួយ​ទៀត គឺ​ទាក់ទង​នឹង​កិច្ចសន្ទនា ១ទល់១ រវាង​លោក​ត្រាំ និង​លោក​ពូទីន​ដែល​អាច​រុស្ស៊ី​លួច​ថត​សម្លេង។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ មាន​ក្រុម​អ្នកតំណាងរាស្រ្ត​អាមេរិក​ខ្លះ​បាន​ទាមទារ​ឲ្យ​កោះហៅ​ស្រ្តី​អ្នកបកប្រែ​ទៅ​សួរនាំ​នៅ​ក្នុង​សភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ