ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អឺរ៉ុប

ក្រិក​​រងគ្រោះ​ភ្លើង​​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ អំពាវនាវ​សុំ​ជំនួយ​ពី​​ប្រទេស​ដៃ​គូ

media  
ភ្លើង​ឆេះព្រៃ​ នៅចម្ងាយ​តែ​ប្រមាណ​៥៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ អាថែន REUTERS/Alkis Konstantinidis

ចំនួន​​ជន​រងគ្រោះ​បាត់បង់​ជីវិត​ក្នុង​គ្រោះ​អគ្គីភ័យ បាន​កើន​ឡើង​ដល់​៥០​នាក់​ និង​របួសយ៉ាង​ហោច​ណាស់​១៧២​នាក់​ផ្សេង​ទៀត។ នេះ​បើ​តាម​តុល្យការ​បណ្តោះ​អាសន្ន​​របស់​រដ្ឋាភិបាល នៅ​ព្រឹក​​ថ្ងៃអង្គារ​​ទី ២៤ កក្កដា ! អគ្គីភ័យ​បាន​និង​កំពុង​បន្ត​ឆាប​ឆេះ​ទៀត ពេញ​មួយ​យប់​មិញ នៅ​តាម​តំបន់​ព្រៃ​ក្បែរ​រដ្ឋធានី​អាថែន។ ប្រឈម​នឹងគ្រោះ​ដ៏​​ធ្ងន់ធ្ងរ​បែប​នេះ រដ្ឋាភិបាល​ក្រិក​បាន​ធ្វើ​សេចក្តី​អំពាវនាវ​សុំ​កម្លាំង​ជំនួយ​អឺរ៉ុប​ ដើម្បីការពារជន​ស៊ីវិល។

អគ្គី​ភ័យ​ បានផ្តើម​ឆាបឆេះ​ព្រៃ ព្រមគ្នា​ចំនួន​១៥​កន្លែង​ ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ក្រុង​អាថែន ក្នុង​សន្ទុះ​ដែល​មិន​អាច​គ្រប់គ្រង​បាន ! ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​ត្រូវ​បំផ្លាញ​ ចរាចរណ៍​ធ្វើដំណើរ​ត្រូវ​រង​ការ​រំខាន និងមាន​ការ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់។ សាកសពមនុស្ស​ឆេះ​ខ្លោច​​២៦​នាក់​ ទើប​ត្រូវ​បាន​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ។ ជន​រងគ្រោះ​ទាំង​នោះ​ទំនង​ជា​រត់​គេច​ខ្លួន​ទៅ​រក​សមុទ្ទ​មិន​ទាន់។

តាំង​ពី​ និង​ពេញ​មួយ​យប់​មិញ អាជ្ញាធរ​ក្រិក បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ និង​ទេសចរដែល​ភាគ​ច្រើន​បាន​នាំ​គ្នា​រត់​គេច​ពី​​ភ្លើង​ឆេះ​ព្រៃ ឆ្ពោះ​ទៅ​ឆ្នេរ​សមុទ្ទ។ នាវា​ល្បាត​៩​គ្រឿង នាវា​យោធា​ពីរ​គ្រឿង និង​នាវា​ឯង​ជន ព្រមទាំង​ឧទ្ទម្ភាគចក្រយោធា​ជា​ច្រើន​គ្រឿង​ បាន​មក​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​នេះ ទន្ទឹម​នឹង​ក្រុម​ពន្លត់​អគ្គីភ័យ​ជាង​៦​រយ​នាក់។

ក្រិក​ក៏​បាន​បើក​យន្តការ​អឺរ៉ុប​​ការពារ​ជនស៊ីវិល​ដើម្បី​បាន​ទទួល​ជំនួយ​ពី​ដៃគូ​ក្នុង​សហភាព។ បន្ថែម​ពី​អេស្ប៉ាញ និង​ស៊ីប អ៊ីស្រាអែល ក៏​បាន​បញ្ជូន​កម្លាំង​ជំនួយ​មក​ហើយ​ដែរ។ ក្រិក​ក៏​បាន​ស្នើ​សុំ​ជំនួយ​ដ្រូន​អាមេរិក ដើម្បី​ហោះ​ឆ្វែល​តាមដាន​ក្រែងឃើញ​​មាន​សកម្មភាព​​សង្ស័យ ទាក់ទង​នឹង​ការ​ឆេះ​ព្រៃ។

ហេតុការណ៍​ឆេះ​ព្រៃ​នេះ បាន​កើត​ឡើង​ក្នុង​ខណៈ​ដែលក្រិក​មាន​​​អាកាសធាតុ​ក្តៅ​ខ្លាំង​ រហូត​ដល់​ជាង​៤០​អង្សារ​ នៅ​ទូទាំង​ប្រទេស​ ​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ បើ​តាម​ការិយាល័យឧតុនិយម សីតុណ្ហភាព​នឹង​អាច​ធ្លាក់​ចុះ​បន្តិច និ​ងមាន​ភ្លៀង​ តែមិន​គ្រប់​គ្រាន់​នឹង​​សម្រួល​ស្ថានការណ៍​បាន​ទេ។ ក្រិក​ធ្លាប់​រង​គ្រោះ​អគ្គីភ័យ​ឆេះ​ព្រៃ​ដ៏​ធ្ងន់ធ្ងរ​បំផុត នៅ​ឆ្នាំ ២០០៧ ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ៧៧​នាក់​ និង​ត្របាក់​បំផ្លាញ​ព្រៃ​អស់​២៥ម៉ឺន​ហិចតារ។

គ្រោះ​អគ្គីភ័យ​នេះ បាន​ជំរុញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ អាឡិចស៊ី ស៊ីប្រាស​ បង្ខើច​ទស្សនកិច្ច​នៅ​​​បូស្នី ហើយ​រួសរាន់​ត្រលប់​ចូល​ប្រទេស​ដើម្បី​ស្រួល​តានដាន​ប្រតិបត្តិការ​សង្គ្រោះ។ ចំណែក​ប្រធានាធិបតី​ ក៏​បាន​សម្រេច​លុប​ចោល​ពិធី​លាង​សាយភោជន៍​នៅយប់​នេះ ដែលជា​ថ្ងៃ​ប្រារព្ធ​ខួប​ប្រជាធិបតេយ្យ​ក្រិក។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ