អានតួអត្ថបទ
រុស្ស៊ី-បារាំង

ប្រមុខ​​ការទូត​​រុស្ស៊ី​​​បំពេញ​​ទស្សនកិច្ច​​នៅ​​ប៉ារីស​​ដើម្បី​​ពិភាក្សា​គ្នា​​អំពី​​បញ្ហា​​ស៊ីរី​​និង​​អ៊ុយក្រែន​​

ប្រមុខ​​ការទូត​​រុស្ស៊ី ​លោក Sergueï Lavrov ​និង​​នាយ​​សេនាធិការ​​កងទ័ព​​រុស្ស៊ី​​​លោក​ ​Valeri Guerassimov ​បាន​​អញ្ជើញ​​មក​​កាន់​​ទីក្រុង​ប៉ារីស​​ដើម្បី​​ជួប​​ប្រាស្រ័យ​​ជាមួយ​​ប្រធានាធិបតី​​បារាំង​ លោក Emmanuel MACRON ​និង​​ប្រមុខ​​ការទូត​​បារាំង​​លោក​ Jean-Yves Le Drian ​នៅ​​​ថ្ងៃ​​អង្គារ​​ម្សិលមិញ​​នៅ​ ​វិមាន​​ប្រធានាធិបតី​​បារាំង​ l’Elysée ។​ របៀបវារៈ​​នៃ​​ជំនួប​​ប្រាស្រ័យ​​នេះ​ គឺ​​ដើម្បី​​ពិភាក្សាគ្នា​​អំពី​​បញ្ហា​​ជម្លោះ​​នៅ​ស៊ីរី​​និង​​អ៊ុយក្រែន។​​

រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​លោក​ Sergei Lavrov​
រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​លោក​ Sergei Lavrov​ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ជំនួប​ប្រាស្រ័យ​មួយ​ដែល​មាន​ទម្រង់​មិន​ធម្មតា​ដោយហេតុ​តែ​ពុំ​មាន​ការ​ជូន​ដំណឹង​អ្វី​ឡើយ​។ នា​មុន​ពេល​មក​ដល់​ប្រទេស​បារាំង ប្រមុខ​ការទូត​រុស្ស៊ី លោក Sergueï Lavrov និង​នាយ​សេនាធិការកងទ័ពរុស្ស៊ី​ លោក Valeri Guerassimov បាន​អញ្ជើញ​ទៅ​កាន់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ច័ន្ទ​មុន។ នៅទីនោះ ឥស្សរជន​ជាន់​ខ្ពស់​រុស្ស៊ី​ទាំង​ពីរ​រូប ត្រូវ​បាន​ទទួល​ជូប​ប្រាស្រ័យ​​ជាមួយ​​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benyamin Netanyahu ។

បន្ទាប់មក​ទៀត​​​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​​​នា​មុន​ពេល​​អញ្ជើញ​មក​ដល់​ទីក្រុង​ប៉ារីស ប្រមុខ​ការទូត​រុស្ស៊ី​និង​នាយ​សេនាធិការ ​បាន​ជួប​ប្រាស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​ Angel Merkel នៅ​ទីក្រុង​ Berlin។

បន្ទាប់ពី​ជំនួប​ប្រាស្រ័យ​​នៅ​ទីក្រុង Berlin  ទីក្រុង ម៉ូស្គូ បាន​គូសបញ្ជាក់ប្រាប់​ថា "បញ្ហា​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​គ្នា​នោះ គឺ ​បញ្ហា​នៃ​ការវិល​ត្រឡប់​​របស់​ជន​ភៀសខ្លួន​ស៊ីរី​ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ"។​ ប្រជាជន​​​ស៊ីរី​ ​ដែល​បាន​រត់​ភៀស​ខ្លួន​​ពី​សង្គ្រាម​ស៊ីវីល​​យ៉ាង​ភ្លូកទឹក​ភ្លូកដី​ដើម្បី​ទៅ​ជ្រកកោន​នៅ​​ប្រទេស​លីបង់ ហ្ស៊កដានី តួកគី ឬ​ក៏​ប្រទេស​អាល្លឺម៉ង់។

សូមបញ្ជាក់ថា​ទីក្រុង​ប៉ារីស​និង​ម៉ស្គូ ​បាន​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​រួម​គ្នា​មួយ​ដើម្បី​ជួយ​ដល់​ប្រទេស​ស៊ីរី​កាលពី​យប់​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​សៅរ៍​មុន​។ បារាំង​បាន​ផ្គត់ផ្គង់​ជា​សម្ភារៈ​​ពេទ្យ​​និង​ទំនិញ​នានា​ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​ចំនួន ៤៤​តោន​ដើម្បី​ដឹក​បញ្ជូន​ទៅ​កាន់​តំបន់​​​​​ហ្គូតា​ខាង​កើត​ជិត​ទីក្រុង​ដាម៉ាស​ តាមរយៈ​យន្តហោះ​ដ៏​ធំ​បំផុត​មួយ​របស់​កងទ័ព​រុស្ស៊ី​ធុន​ Antonov 124 ។

ប្រតិបត្តិការ​មនុស្សធម៌​រួម​គ្នា​នេះ ក៏​ជា​លើក​តំបូង​បង្អស់​ដែរ​នៅ​ស៊ីរី​​រវាង​រុស្ស៊ី​និង​លោក​ខាង​លិច​ដោយ​ហេតុថា​កន្លងមក រុស្ស៊ី​ធ្លាប់​ជួយ​អន្តរាគមន៍យោធា​ដល់​របប​លោក​ប្រធានាធិបតី​​ស៊ីរី ​Bachar al-Assad  នៅ​ក្នុង​ឆ្នាំ ២០១៥។

គួររំលឹកថា ដំណើរ​ទស្សនកិច្ច​របស់​លោក Sergueï Lavrov និង​នាយ​សេនាធិការ​កងទ័ព​រុស្ស៊ី​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​បន្ទាប់ពី​​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​លោក Vladimir Poutine។ ហើយ​នៅ​នា​ឪកាស​នោះ ម៉ូស្គូ បាន​សុំ​ស្នើ​ជាអាទិ៍​ឲ្យ​អាមេរិក​ធ្វើការ​រួម​គ្នា​ជាមួយរុស្ស៊ី​​នៅ​លើ​បញ្ហា​ជនភៀសខ្លួន​​និង​ការ​កសាង​ប្រទេស​ស៊ីរី​ឡើងវិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ