អានតួអត្ថបទ
រុស្ស៊ី-អ៊ីស្រាអែល

ជុំវិញ​សង្គ្រាម​នៅ​ស៊ីរី​​ ៖ ទស្សនកិច្ច​ ស្ងាត់ៗ​ របស់​ប្រមុខការទួត​រុស្ស៊ី​ នៅ​ អ៊ីស្រាអែល​

ល្ងាចថ្ងៃចន្ទ ២៣ កក្កដា នៅក្រុង Jerusalem លោកនាយករដ្ឋមន្ត្រី Benyamin Netanyahu ស្រាប់​តែ​​បានទទួលជួប លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov  អមដំណើរ ដោយ លោក​នាយអគ្គសេនាធិការដ្ឋាន កងទ័ពរុស្ស៊ី ទៅផង។ នេះជាទស្សនកិច្ច ដែល​ឥតមាន​ប្រកាស​ ឲ្យដឹង ជាមុន។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov​​
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov​​ REUTERS/Grigory Dukor/File Photo
ផ្សាយពាណិជ្ជកម្ម

ជំនួបនេះ ដែលបានប្រព្រឹត្តទៅអស់ ២ ម៉ោង គឺប៉ះជាថ្មីលើស្ថានការណ៍នៅស៊ីរី។ អ៊ីស្រាអែល ព្រួយ បារម្ភ នឹងវត្តមាននៃ ក្រុមទ័ពអ៊ីរ៉ង់នៅក្បែរព្រំប្រទល់ខ្លួន។ ក្តីបារម្ភនេះ មានកម្រិតកាន់តែកើនឡើង នា ប៉ុន្មានសប្តាហ៏ចុងក្រោយ ដោយមកពីកងកម្លាំងលោក Bachar el-Assad ចេះតែរុលទៅមុខ នៅ​តំបន់ ខាងត្បូងប្រទេសស៊ីរី។ ក្នុងឋានៈជាតួឯកក្នុងជម្លោះស៊ីរី  រុស្ស៊ី ក្លាយជាគូសន្ទនាដ៏សំខាន់ សម្រាប់ រដ្ឋាភិបាលអ៊ីស្រាអែល។

កន្លងផុតទើប ១២ ថ្ងៃសោះ ក្រោយពីលោក Netanyahu បានជួបជាមួយមេដឹកនាំរុស្ស៊ី។ ថ្ងៃ ១១ កក្កដា លោកនាយរដ្ឋមន្ត្រីអ៊ីស្រាអែល បានជួបចរចានៅម៉ូស្គូ ជាមួយលោក Vladimir Poutine ៖ ជំនួបថ្នាក់ដឹកនាំ ប្រទេសទាំងពីរ មានលក្ខណៈញឹកញយ និង ប្រញឹក  ខណៈដែលកងទ័ពលោក Assad តាំងឡើងវិញ ការត្រួតត្រាលើ តំបន់ទាំងឡាយ នៅជិតខ្សែខ័ណ្ឌព្រំដែន ស៊ីរី-អ៊ីស្រាអែល។

ក្នុងជំនួបមួយលើកៗ ប្រមុខ រដ្ឋាភិបាលអ៊ីស្រាអែល តែងគូសបញ្ជាក់ពីសារសំខាន់នៃ ចំណង​ជា​មួយ​ម៉ូស្គូ។ ប៉ុន្តែជំនួបញឹកញយនេះ ក៏ សឲ្យ ឃើញពី ស្នាមភ្លោះ ដែលញែកប្រទេសទាំងពីរ។

ក្នុងជំនួប ល្ងាចថ្ងៃចន្ទម្សិលម៉្ងៃ នៅក្រុង Jerusalem រវាងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu និងលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ភាគីរុស្ស៊ី បាន​ដាក់​ចេញ​នូវ​សំណើ ​ឲ្យក្រុមទ័ពអ៊ីរ៉ង់ ឈរជើង នៅចម្ងាយ ១០០ គម ពីខ្សែខ័ណ្ឌព្រំដែន លើខ្ពង់រាប Golan – ការ​នេះបង្ហើបឲ្យដឹង ដោយ អ្នកមុខអ្នកការអ៊ីស្រាអែល ដែលមិនបញ្ចេញឈ្មោះ។

ប៉ុន្តែ សម្រាប់អ៊ីស្រាអែល សំណើរុស្ស៊ីនេះ មិនគ្រប់គ្រាន់ទេ។ ដ្បិត តាមការអះអាង អ្នកមុខ​អ្នកការ​នោះ ៖  អ៊ីស្រាអែល មិនអាចទទួលយកបានឡើយវត្តមានទ័ពអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី ទោះបី​នៅ​ក្បែរ​ខ្សែ​ព្រំដែន​នោះ ទោះបីនៅចម្ងាយឆ្ងាយជាង ១០០ គម ក្តី។ ហើយលោក Netanyahu បាន​ព្រមាន​ថា គាត់រក្សាសិទ្ធិ ធ្វើ ប្រតិបត្តិការយោធា នៅលើដែនដីប្រទេសជិតខាង ដើម្បីធានា​សន្តិសុខ​ដល់រដ្ឋអ៊ីស្រាអែល។ គោលដៅ លោក Netanyahu គឺឲ្យក្រុមទ័ពអ៊ីរ៉ង់ ចាកចេញជារៀងរហូត ពី​ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ