អានតួអត្ថបទ

នៅរុស្ស៊ី បាតុករ​ទាំង​ពាន់ៗ​នាក់ ចុះ​ថ្នល់​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​សោធន​និវត្តន៍

ប្រជាពលរដ្ឋ​រុស្ស៊ី​រាប់​ម៉ឺន​នាក់ ថ្ងៃសៅរ៍ ២៨ កក្កដា បាន​ចូលរួម​ក្នុង​បាតុកម្ម នៅ​ទូទាំង​ប្រទេស ចាត់ចែង​ឡើង​ដោយ​បក្ស​កុម្មុយនិស្ត ប្រឆាំង​នឹង​គម្រោង​ច្បាប់ ដាក់​ចេញ​ដោយ​រដ្ឋាភិបាល ដើម្បី​ដំឡើង​វ័យពលរដ្ឋ សម្រាប់​ចូល​រ៉ឺត្រែត។

បាតុកម្ម​ប្រឆាំងនឹង​គម្រោង​ច្បាប់​សោធននិវត្តន៍
បាតុកម្ម​ប្រឆាំងនឹង​គម្រោង​ច្បាប់​សោធននិវត្តន៍ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅរដ្ឋធានីម៉ូស្គូ តាមតួលេខ​ពួក​អ្នក​ចាត់ចែង មាន​ដល់ ១០ ម៉ឺននាក់ ប៉ុន្តែ តាម​តួលេខ អ្នកកាសែត​មានប្រមាណ ១ ម៉ឺននាក់ បានចូលរួម​ក្នុង​បាតុកម្ម​អនុញ្ញាត​ដោយ​អាជ្ញាធរ​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​នោះ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការពិភាក្សា​របស់​រដ្ឋសភា។ ពួកបាតុករ នាំគ្នា​ស្រែក​បន្លឺ​ឡើង​នូវ​ពាក្យស្លោក បែប យ៉ាង “សូមពូទីន កុំប៉ះពាល់​ឡើយ ដល់​ប្រាក់​រ៉ឺត្រែត​យើង!” ចំណែក​ផ្ទាំង​បដា ដែលគេជ្រោង​លើក​ឡើង សរសេរ​ដោយ​ពាក្យ​ថា “យើង​ចង់​រស់​ដោយ​ប្រាក់​រ៉ឺត្រែត​យើង មិនមែន​ចង់​ស្លាប់​នៅ​កន្លែង​ធ្វើការ​ឡើយ!”

បាតុកម្មបានប្រព្រឹត្តទៅ នៅតាមក្រុង​ចំនួន​រាប់​សិប​ផ្សេង​ទៀត ឆ្លងកាត់​ប្រទេស​រុស្ស៊ី ពី​ចុងបូព៌ា មក​តំបន់​ស៊ីរី និង​តំបន់​ខាងលិច។

នៅក្រុង Saint-Petersbourg ជាក្រុងទី២ នៃប្រទេស មាន​អ្នក​ស្រុក​ប្រមាណ ១ពាន់​នាក់ បាន​ប្រមូល​ផ្តុំគ្នា ក្រោម​ទង់​ក្រហម ដោយខ្លះ​កាន់នៅ​ដៃ​ទាំង​រូប Staline ទៅផង។ នៅក្រុង Novosibirsk ប៉ែកខាង​លិច​តំបន់​ស៊ីបេរី មានបាតុករ​ឈរ​ប្រឆាំង ១.២០០ នាក់ - នេះ​បើ​តាម​តួលេខ​សាលាក្រុង​នោះ​ឯង។

ការប្រឆាំងមិនធម្មតានេះ ទល់​នឹង​វិធានការ​ដែល​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី ពូទីន ក៏ត្រូវបាន​សំដែង ក្នុងញត្តិ​ចុះ​ហត្ថលេខា​ដោយ​បណ្តាជន ២ លាន ៩ សែន​នាក់ សុំ​ឲ្យ​លុប​ចោល​ទៅ​កំណែទម្រង់​នោះ។ បក្សកុម្មុយនិស្ត ដែល​ជា​ញឹកញយ​ផ្គាប់ចិត្ត​ក្រេមឡាំង ក៏​ប្រឆាំង​ដែរ។

លោកពូទីន ដែលមិនបាន​និយាយ អំពី​បញ្ហា​ចូល​រ៉ឺត្រែត ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ពេល​ឈ្នះឆ្នោត​នោះ ក្នុង​ខែ​មីនា បាន​មាន​ប្រជាប្រិយភាព​ដល់​ទៅ ៨០% ហើយ​ឥឡូវ ក្នុង​ខែ​កក្កដា គឺ​ធ្លាក់​មកនៅ​ត្រឹម ៦៤% - លទ្ធផល​ស្ទង់​មតិ​នេះ ចេញផ្សាយ​ដោយ​អង្គការ​សង្គមសាស្ត្រ VSIOM ។

“អ្នកស្រុក​ជាច្រើន​បាននាំ​គ្នាជឿ​លោក​ពូទីន ពេល​គាត់​ប្រកាស​ថា ក្នុង​ប្រទេស​នឹង​ពុំ​មាន​កំណែទម្រង់ ប្រព័ន្ធ​រ៉ឺត្រឺត​ទេ។ ប៉ុន្តែ​គួរឲ្យ​ស្តាយ ខ្ញុំ​ខក​ចិត្ត​ជា​អនេក​នឹង​សំដី​គាត់” -នេះ​ជា​វាចា​ស្ត្រី​ម្នាក់​ឈ្មោះ Irina Ivanova អាយុ ៤៩ ឆ្នាំ រស់នៅ​ក្រុង Saint-Petersbourg។ គម្រោង​ច្បាប់​ដែល​មាន​ប្រមើល​ដំឡើង​វ័យ​ចូល​រ៉ឺត្រែត ដោយ​សន្សឹមៗ សម្រាប់​បុរស ពី៦០ ឆ្នាំ​សព្វថ្ងៃ លុះ​ដល់​វ័យ ៦៥ ឆ្នាំ ហើយ​សម្រាប់​ស្ត្រី ពី ៥៥ ឆ្នាំ​សព្វថ្ងៃ លុះ​ដល់​វ័យ ៦៣ ឆ្នាំ។ ការនេះ​ប្រព្រឹត្ត​ទៅ ជាលើក​ទី១ បើ​គិត ក្នុង ៩០ ឆ្នាំ​កន្លងទៅ។

សប្តាហ៍​មុន លោក​ប្រធានាធិបតី ពូទីន បានថ្លែងថា គាត់​មិន​សាមគ្គី​ទេ នឹង​គំនិត​ដំឡើង​វ័យ​ចូល​រ៉ឺត្រែត ប៉ុន្តែ ជាការ​ចាំបាច់ ដែល​ត្រូវតែ​ហ៊ាន​អនុម័ត​សេចក្តី​សម្រេច​សែន​សំខាន់​នេះ។

មេប្រឆាំង​នៅរុស្ស៊ី លោក Alexei Navalny បានអំពាវនាវ បក្ស​ពួកគាត់ ឲ្យ​ជួបជុំ​គ្នា​ក្នុង​បាតុកម្ម​តវ៉ា ដែល​អនុញ្ញាត ដោយ​សាលា​ក្រុង​ម៉ូស្គូ នៅល្ងាច​ថ្ងៃ​អាទិត្យ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ