ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
អឺរ៉ុប

ក្រុម​មន្រ្តី​ចារកិច្ច​ជាន់ខ្ពស់​អាមេរិក​មូលមតិគ្នាចោទ​រុស្ស៊ី ថា នៅ​បន្ត​លូកដៃ​ក្នុង​ការបោះឆ្នោត​អាមេរិក

media  
ប្រធានស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកDan Coats ជាមួយ​ទីប្រឹក្សា​សន្តិសុខជាតិ​ និង​មេប៉ូលិស​FBI រួមទាំង​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​អាមេរិក​ធ្វើសន្និសីទកាសែត​ថ្ងៃទី ២​សីហា ២០១៨ ©REUTERS/Carlos Barria

អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ខាងផ្នែក​ចារកម្ម​អាមេរិក​ជាច្រើន​នាក់ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ធ្វើ​សន្និសីទ​កាសែត ដើម្បី ​ទាញ​សញ្ញា​អាសន្ន​ពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក។ អាមេរិក​នឹង​រៀបចំ​ការបោះឆ្នោត​សភា ពាក់កណ្តាល​អាណត្តិ នៅ​ខែ​វិច្ឆិកា​ខាងមុខ ប៉ុន្តែ សម្រាប់​មន្រ្តីចារកិច្ច​ជាន់ខ្ពស់​អាមេរិក រុស្ស៊ី​ត្រូវ​បាន​រកឃើញថា នៅតែ​បន្ត​ព្យាយាម បំបែកបំបាក់ និង​ធ្វើ​ឲ្យ​អាមេរិក​ចុះខ្សោយ តាមរយៈ ការលូកដៃ​អន្តរាគមន៍ ក្នុង​ការពិភាក្សា​នយោបាយ ហើយ​និង​ដំណើរការ​បោះឆ្នោត។ រុស្ស៊ី​ដែល​បាន​បដិសេធ​ថា គ្មាន​បាន​លូកដៃ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឆ្នាំ ២០១៦ នៅ មិនទាន់​ចេញមុខ​ប្រតិកម្ម​យ៉ាងណាទៅ​នឹង​ការចោទប្រកាន់​ថ្មី​របស់​មន្រ្តីចារកិច្ច​អាមេរិក​នៅឡើយទេ។

 

ជា​ព្រឹត្តិការណ៍​កម្រ​នឹងកើតមាន​នៅ​សេតវិមាន​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ។ នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ មន្រ្តីកំពូលៗ​ខាងផ្នែកស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក ដែល​មាន​តាំង​ពី​ប្រធាន​ក្រុមស៊ើបការណ៍​សម្ងាត់​ជាតិ មេប៉ូលិស FBI រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​រួម​ទាំង​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ ផង បាន​ឡើង​មក​ព្រមាន ម្នាក់ម្តងៗ ថា សម្រាប់​ការបោះឆ្នោត​អាមេរិក នៅចុងឆ្នាំ ២០១៨ និង​ឆ្នាំ ២០២០ លទ្ធិប្រជាធិបតេយ្យ​របស់អាមេរិក​កំពុង​រងការគំរាមកំហែង​ពីសត្រូវ​បរទេស។

លោក​Dan Coats ប្រធាន​ស៊ើបការណ៍សម្ងាត់​ជាតិ​អាមេរិក បាន​ចោទប្រកាន់ ទាំង​បុគ្គល​រុស្ស៊ី ហើយ​និង​ក្រេមឡាំង​ផ្ទាល់​តែម្តង ថា នៅ​តែ​បន្ត​ធ្វើសកម្មភាព​ជ្រៀតជ្រែក ក្នុង​ដំណើរ​ការបោះឆ្នោត​អាមេរិក។ បើតាម​ប្រធាន​ស៊ើបការណ៍​សម្ងាត់ជាតិ​អាមេរិក ក្រុមចោរព័ត៌មានវិទ្យា​បានប៉ុនប៉ង​ចូល​លួច​ព័ត៌មាន​របស់​បេក្ខជន និង​មន្រ្តីរដ្ឋាភិបាល ហើយ​និង​ព្យាយាម​រកមធ្យោបាយ​ដើម្បី សាបព្រួស​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត​អាមេរិក តាមរយៈ​ការប្រើបណ្តាញ​សង្គម​ដូចជា​Facebook ជាដើម។

តាម​ប្រធាន​ស៊ើបការណ៍សម្ងាត់​ជាតិ​អាមេរិក ការប៉ុនប៉ង​របស់​រុស្ស៊ី​ដើម្បី​បំផ្លាញ តម្លៃ​ជា​មូលដ្ឋាន​គ្រឹះ​របស់អាមេរិក នៅ​មិនទាន់ មាន​ទ្រង់ទ្រាយធំ ដូចកាល​បោះឆ្នោត ប្រធានាធិបតី​ឆ្នាំ ២០១៦​នោះទេ។ ប្រធាន​ប៉ូលិស​FBI វិញ​បាន​បញ្ជាក់​ដែរ​ថា គេ​សំគាល់​រកឃើញ​តែ​ការប៉ុនប៉ង បំពុលព័ត៌មាន​ទៅលើ​មតិ​អ្នកបោះឆ្នោត​អាមេរិកាំង តែប៉ុណ្ណោះ ប៉ុន្តែ ការវាយប្រហារ​ដោយ​ផ្ទាល់​ណាមួយ ទៅលើ​បណ្តាញ​បោះឆ្នោត​របស់​អាមេរិក គឺនៅមិនទាន់​កើតមាន នៅឡើយ​ទេ។

ការគំរាមកំហែង​មាន​ពិតៗ និង​នៅ​តែ​បន្តកើតមាន នេះ​បើតាម​ Dan Coats។ នៅ​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត សភា អាមេរិក​ពាក់កណ្តាល​អាណត្តិ ប្រធាន​ស៊ើបការណ៍​សម្ងាត់ជាតិ​អាមេរិក បាន​សន្យាថា នឹង​ព្យាយាម​គ្រប់​លទ្ធភាព ដើម្បី​ធានា​ការពារ​ការបោះឆ្នោត ដែល​ប្រជាជនអាមេរិកាំង​អាច​ជឿទុកចិត្ត។ ប្រធាន​ទីភ្នាក់ងារ​សន្តិសុខជាតិ លោក​Paul Nakasone វិញ​បាន​និយាយ​ថា ទីភ្នាក់ងារ​របស់លោក​បាន​ត្រៀម​រួចហើយ ដើម្បី​បើកប្រតិបត្តិការ​ប្រឆាំង​នឹងក្រុម​ខិលខូច ដែល​ចង់​បំផ្លាញ ការបោះឆ្នោត​សភា ពាក់កណ្តាល​អាណត្តិ​របស់​អាមេរិក។

ក្រុមហ៊ុន​Facebook ដែល​បាន​រងការចោទប្រកាន់​ខ្លាំងៗថា បាន​បណ្តោយ​ឲ្យ​មានការចែកចែក​ព័ត៌មាន​មិនពិត​ទាក់ទង​នឹង​ការបោះឆ្នោត​អាមេរិក បាន​ប្រកាស​នៅថ្ងៃ​អង្គារ​ដើមសប្តាហ៍​នេះ ថា បាន​បិទ​គណនី​ជាង​៣០ ដែល​គេ​សង្ស័យថា ត្រូវ​បាន​បង្កើតឡើង​ក្រុមអនាមិក ដើម្បី​បំពុល​បរិយាកាស​បោះឆ្នោត​សភា​អាមេរិក​ដែល​ត្រូវ​រៀបចំ​នៅចុងឆ្នាំនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ