អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រព័ន្ធ​សុខាភិបាល​បេឡារុស ស៊ីរូង​ដោយ​អំពើ​ពុករលួយ និង​ការិយាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការចាប់ឃុំឃាំង​ចំនួន​រាប់​សិប​ករណី និង ប្រាក់​សំណូក​សូក​ប៉ាន់​រាប់លាន​ដុល្លារ ៖ នៅ​បេឡារុស បណ្តាញ​គ្រូពេទ្យ អ្នកជំនួញ និង មន្ត្រី​រដ្ឋការ​ពុករលួយ បាន​បំប៉ោង​អស់​ជាច្រើន​ឆ្នាំ​ជាប់​មកហើយ តម្លៃ​ថ្នាំឱសថ និង​សម្ភារៈពេទ្យ ដោយ​ស៊ីរូង​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​នេះ។

ប្រធានាធិបតី​បេឡារុស លោកAlexandre Loukachenko
ប្រធានាធិបតី​បេឡារុស លោកAlexandre Loukachenko Reuters/Sergei Grits
ផ្សាយពាណិជ្ជកម្ម

ដំណឹង​ប្រកាស​តាម​ទូរទស្សន៍​សាធារណៈ​ក្នុង​ខែ​ទើប​កន្លង​ទៅ ដោយ លោក Valeri Vakoultchik មេដឹកនាំ ស្ថាប័ន​សម្ងាត់​មាន​អានុភាព​ខ្លាំង​បំផុត ហៅថា KGB គឺថា ៖ ក្រុម​អង្កេត​បាន​រកឃើញ​ប្រព័ន្ធ​ទូលំទូលាយ នៃ​វិក្ក័យប័ត្រ​ពន្លើស​តម្លៃ ក្នុង​ផ្នែក​សុខាភិបាល - ប្រព័ន្ធ​ដែល​បាន​ចិញ្ចឹម​បំប៉ន​នីតិវិធី​គ្មាន ទី​អវសាន​នៃ​ការិយាធិបតេយ្យ បន្សល់ទុក​ពី​សហភាព​សូវៀត នៅ​បេឡារុស ជា​ប្រទេស​ស្ថិត​នៅ​មាត់ទ្វារ​សហភាព​អឺរ៉ុប​តែម្តង។

តាមដែល លោក Vakoultchik ពន្យល់បំភ្លឺ ៖ យន្តការ​ទិញថ្នាំ​ឱសថ និង បរិក្ខារពេទ្យ ដក់​ជាប់​ដោយ​លក្ខណៈ​ការិយាធិបតេយ្យ ទាល់តែ​ការ​ទៅ​កាន់ប៊ុយរ៉ូ អ្នកមុខ​អ្នកការ​ដែល​ទទួល​ខុសត្រូវ​ក្នុង​វិស័យ​ពេទ្យ និង ការអូស​បន្លាយ​រដ្ឋបាល ស៊ីពេល​អស់​រាប់​ខែ​ឯណោះ។ អ្នកលក់​ណា​ដែល​សុចរិត​មិនអាច​សង្ឃឹម​លើ​លទ្ធផល​វិជ្ជមាន​ឡើយ។ ការទិញ ត្រូវ​គេ​ធ្វើ​មិនមែន​ពី​ផលិតករ​ដោយ​ត្រង់​ផ្ទាល់​ទេ តែ​គឺ​តាម​រយៈ​អន្តរការី​ច្រើន​ឥត​គណនា និង ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ប្លែកៗ។ ចំណែក​តម្លៃ​នៃ​ថ្នាំ​ឱសថ និង បរិក្ខារ​ពេទ្យ ត្រូវបាន​គេ​បំប៉ោង ដោយ​ចេតនា​ឲ្យ​កើន​ឡើង ពី ១០% ដល់ ៦០% ឯណោះ ហើយ​ក្នុង​ករណីខ្លះ​បំប៉ោង រហូត​ដល់​២​ដង។

ក្រោយពីការប្រកាសដំណឹងខាងលើ អ្នកមុខ​អ្នកការ​ជាន់ថ្នាក់​ខ្ពស់ៗ ចំនួន ៣៧ នាក់ នៃ​វិស័យ​សុខាភិបាល ត្រូវ​បាន​ចាប់​ឃុំឃាំង ហើយ​ការអង្កេត​អំពី​បទឧក្រិដ្ឋ ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ទល់​នឹង បុគ្គល ៦០ នាក់ ក្នុងនោះ​មាន​ទាំង​បណ្តា​តំណាង​នៃ​ក្រុមហ៊ុន​ឱសថសាស្ត្រ​បរទេស​នានា។

ក្នុងចំណោមអ្នកទទួលខុសត្រូវ​ដែល​ឃាត់ខ្លួន មាន​ជា​អាទិ៍ គឺ អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បេឡារុស លោក Igor Lossinski បណ្តា​គ្រូពេទ្យ​នៃ​មជ្ឈមណ្ឌល​ពេទ្យ​ដ៏​ល្បីៗ និង ពួក​អ្នកដឹកនាំ​សហគ្រាស ដែល ផលិត​ថ្នាំពេទ្យ និង ដែល​នាំ​វា​ចូល​ពីក្រៅផង។

ក្នុងចំណោម​អ្នករកស៊ី​គ្រាក់ៗ ដែល​ត្រូវបាន​ចាប់ខ្លួន មានម្នាក់ ជា​នាយក​នៃ​ក្រុមហ៊ុន Iskamed គឺ លោក Serguei Chakoutine ជាប្អូន​របស់​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ប្រធានាធិបតី​បេឡារុស លោក Alexandre Loukachenko អ្នក​ក្តាប់​អំណាច​ប្រទេស​ពេញ​ក្នុង​ដៃ​ខ្លួន។

ពួកគេ​បានបង្ហួតឈាមប្រព័ន្ធ

ទីភ្នាក់ងារព័ត៌មានរដ្ឋ Belta បានផ្សាយ​រូបភាព​ដែល​បង្ហាញ​ប្រតិបត្តិការ​ឆែកឆេរ ក្នុង​លំនៅដ្ឋាន របស់​នាយក​មជ្ឈមណ្ឌល​ពេទ្យ ជាទី​ដែល​ក្រុម​អង្កេត​បាន​រក​ឃើញ លុយ ៥០០.០០០ ដុល្លារ ជា​ក្រដាស​ប្រាក់​ស្រស់ៗ​តែម្តង ចំណែក ៦២០.០០០ ដុល្លារ ត្រូវបាន​រកឃើញ​ក្នុង ហ្ការ៉ាសឡាន របស់​លោក​នាយក​សហគ្រាស​រដ្ឋ ខាង​នាំចូល​សម្ភារៈ​ពេទ្យ​ពី​បរទេស។

តាមលោកប្រធាន KGB បេឡារុស ៖ សំណូកសូក ពួក​អ្នកមុខ​អ្នកការ ក្នុង​ប្រព័ន្ធ​សុខាភិបាល​ប្រទេសនេះ ឡើង​ដល់​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​ទៅហើយ។

“នឹង​មាន​ការចាប់​ឃុំឃាំង​ផ្សេងៗ​ទៀត ពីព្រោះ​អ្នក​ដែល​ត្រូវ​បាន​សួរ​ដេញដោល មកទល់​ឥឡូវ គឺ​សុទ្ធ​តែជា​អ្នកប្រតិបត្តិ​តាម​ប៉ុណ្ណោះ” - សេចក្តីនេះ ថ្លែង​ទៅ AFP ដោយលោក Serguei Satsouk និពន្ធនាយក នៃPortail ព័ត៌មាន​ប្រចាំថ្ងៃ Ejednevnik ដែល​ជំនិត​នឹង​សំណុំរឿង។

តាមការពន្យល់របស់ លោក Satsouk ៖ អ្នក​ដែល​ទទួល​ផល​ក្រាស់ក្រែល​ពី​ប្រព័ន្ធ​ពុករលួយ​នេះ គឺ​ពួក​អតីត​សមាជិក​កងកម្លាំង​រក្សា​សណ្តាប់ធ្នាប់ ដែល​ចូល​រ៉ឺត្រែត​ទៅហើយ ជា​អ្នក​ដែល​បាន​បង្កើត​សហគ្រាស សម្រាប់​បែងចែក​ទីផ្សារ​សម្បូណ៍​ទឹកដម​នៃ​បរិក្ខារ​ពេទ្យ។ តែក្នុងអំឡុងពេល ១០ ឆ្នាំ ពួកគេ​បាន​បង្ហួត​ឈាម​ប្រព័ន្ធ​សុខាភិបាល​ជាតិ។ ការនេះ​ប៉ះ​មិនគ្រាន់​តែ​លើ​វិក្ក័យប័ត្រ​ពន្លើស​តម្លៃ​ប៉ុណ្ណោះទេ តែក៏​លើ​លិខិត​បញ្ជាក់​ក្លែងក្លាយ និង បរិក្ខារ​ពេទ្យ​ធុន​ជំនំ​សោះ ប៉ុន្តែ ដែលត្រូវ​គេ​បោកប្រាស់​ថា​ថ្មី​ទែង និង ការរំលោភ​ផង​ទាំងឡាយ ក្នុងប្រព័ន្ធ​ផ្តល់​ជំនួយ​សាធារណៈ។

ការិយាធិបតេយ្យ

ហេតុការណ៍ដែលមាន គឺអំពីរឿងអាស្រូវ​មួយ​ដ៏​ធំ​បំផុត​នៃ​អំពើ​ពុករលួយ ក្នុង​ប្រវត្តិ​បេឡារុស ជា​អតីត​សាធារណរដ្ឋ​សូវៀត ស្ថិត​នៅ​ចន្លោះ​ប្រទេស​រុស្ស៊ី និង ប៉ូឡូញ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ ១៩៩៤ មក ដោយ​ប្រធានាធិបតី ដែល​ក្តាប់​អំណាច​ប្រទេស​ពេញ​ក្នុង​ដៃ​ខ្លួន គឺ លោក Alexandred Loukachenko។

ក្នុងសម្ភាសន៍ទៅ AFP លោកសេដ្ឋវិទូ Yaroslav Romantchouk បាន​ថ្លែង​ជា​អាទិ៍ ៖ ការិយាធិបតេយ្យ បាន​ប្រែ​រដ្ឋាភិបាល​ទៅ​ជា​សម្បត្តិ​ឯកជន​ទៅ​ហើយ។ ត្រូវតែ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ទាំងមូល ពុំនោះ​សោត​ទេ​ប្រព័ន្ធ​ពុករលួយ នឹង​ស៊ីរូង រាល់តែ​ទីណា​ដែល​មាន​មូលនិធិ​សាធារណៈ​ដំណើរការ។

រឿងអាស្រូវពុករលួយ​ផ្សេងទៀត ក្នុង​ទ្រង់ទ្រាយ​មិន​អន់​ឡើយ បាន​អង្រួន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក្រសួង​កីឡា ក្រសួង​ព្រៃឈើ និង ក្រសួង​ថាមពល សហគ្រាស​រោងចក្រ​ធំៗ និង បណ្តា​ធនាគារ។ រដ្ឋមន្ត្រី ៣ រូប​ធ្លាក់ពី​មុខ​តំណែង ចំណែក​មន្ត្រី​និង​អ្នកមុខ​អ្នកការ​ជាន់ថ្នាក់​ខ្ពស់ៗ នៅ​តាម​ខេត្ត ត្រូវបាន​ចាប់ខ្លួន។

លោកសេដ្ឋវិទូ Romantchouk គូសបញ្ជាក់ថា ៖ សូម្បី បើ​គេ​សំអាត ម៉ាស៊ីន​គ្រប់គ្រង​រដ្ឋ​ឲ្យ​អស់​ពី​ពួក​មន្ត្រី ដែល​ចូលចិត្ត​ទទួល​ប្រាក់​សំណូក​ក្តី ក៏​អំពើ​ពុករលួយ នៅ​បេឡារុស​មិន​រលត់រលាយ​ទៅបាត់ ភ្លាមភ្លែត​ឡើយ។

តាមអំណះអំណាងសេដ្ឋវិទូរូបនេះ នៅថ្ងៃ​បន្ទាប់​ទៅ​ហើយ ក្រោយពី​មាន​ការផ្តន្ទាទោស​ពួក​មន្ត្រី​ទុច្ចរឹត មន្ត្រីថ្មីៗ​នឹង​ចូល​ទៅ​អង្គុយ​កន្លែង​ដែល​នៅ​ទំនេរ​ទាំងនោះ ហើយ​នឹង​ដាក់​ឲ្យ​ដំណើរការ​ដដែល​ជាដដែល ប្រព័ន្ធ​ចាស់​នៃ​អំពើ​ពុករលួយ ដោយហេតុ​ថា “ទំនោរ​នោះ​ឯង ដក់​ជាប់​ដោយ​កម្លាំង​ខ្លាំង​សែនខ្លាំង”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ