អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​មាន​អ្នក​ឈ្នះ និង​អ្នកចាញ់​ឬ​ទេ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួកគី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​តួកគី និង​អាមេរិក​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល។ មនុស្ស​ខ្លាំង​នៅ​ក្នុង​ប្រទេស​តួកកី គឺ​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ហាក់​មិន​បាន​ចុះ​ញ៉ម និង​ខ្លាច​រអា​នឹង​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ប្រកាស​ដំឡើង​ពន្ធ​ទ្វេដង​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​តួកគី​នាំ​ចូល​អាមេរិក។ នៅ​ថ្ងៃ​អង្គារ ទី១៤ សីហា លោក​អ៊ែរដូហ្កាន​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ឧបករណ៍អេឡិចត្រូនិក​អាមេរិក ហើយ​ក្នុង​ថ្ងៃ​ពុធ ទី១៥ សីហា​នេះ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ក៏​បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក​មួយ​ចំនួន​ដែល​នាំ​ចូល​តួកគី។

លោក​ប្រធានាធិបតី​​តួកគី អ៊ែរដូហ្កាន
លោក​ប្រធានាធិបតី​​តួកគី អ៊ែរដូហ្កាន Reuters
ផ្សាយពាណិជ្ជកម្ម

តានតឹង​កំពុង​បន្ត​មាន​កម្រិត​ខ្ពស់​រវាង​អាមេរិក និង​តួកគី​ដោយ​​គ្មាន​ភាគី​ណា​មួយ​យល់ព្រម​បន្ទាន់​ឥរិយាបទ និង​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ទេ។ លោក​អ៊ែរដូហ្កាន​ក៏​ដូច​ជា​លោក​ដូណាល់ ត្រាំ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ដូច​គ្នា។ តែ​អ្នក​ដែល​ហាក់​កំពុង​បន្ត​ក្តៅស្លឹក​ត្រចៀក និង​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពេល​នេះ គឺ​លោក​អ៊ែរដូហ្កាន។ ឆ្លើយ​តប​នឹង​សារ​របស់​លោក​ដូណាល់ ត្រាំ​ដែល​បាន​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​តួកគី​នាំ​ចូល​អាមេរិក លោក​អ៊ែរដូហ្កាន​បាន​ឆ្លើយ​បក​វិញ​យ៉ាង​ចាស់​ដៃ​ដោយ​ចោទ​អាមេរិក​ពី​បទឃុបឃិត​នយោបាយ​ដើម្បី​វាយប្រហារ​សេដ្ឋកិច្ច​តួកគី អំពាវនាវ​ឲ្យ​ពលរដ្ឋ​តួកគី​ធ្វើ​ពហិការ​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​អាមេរិក ពិសេស​ទូរស័ព្ទដៃ​ម៉ាក Iphone និង​ចុង​ក្រោយ ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក​នាំ​ចូល​តួកគី។

ផលិតផល​អាមេរិក​នាំ​ចូល​តួកគី​ដែល​ជា​ផ្ទាំងស៊ីប​នៃ​ការ​ដំឡើង​ពន្ធ​រួម​មាន រថយន្ត​ត្រូវ​ដំឡើង​ពន្ធ​ឲ្យ​ដល់ ១២០% ភេសជ្ជៈ​មួយ​ចំនួន​ដែល​មាន​ជាតិស្រវឹង​ត្រូវ​ដំឡើង​ពន្ធ​ឲ្យ​ដល់ ១៤០% ដំឡើង​ពន្ធ​បារី​ចំនួន ៦០% អង្ករ ឬ​ផលិតផល​ជា​គ្រឿងសំអាង​ជា​ដើម។ អនុប្រធានាធិបតី​តួកគី​បាន​បញ្ជាក់​ច្បាស់ៗ​ថា វិធានការ​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក​ទាំង​អស់​នេះ​ជា​ការ​សងសឹក​តប​នឹង​អាមេរិក និង​ព្រមាន​ថា បើ​អាមេរិក​ហ៊ាន​ចាត់​វិធានការ​ថ្មី​លើ​តួកគី នោះ​តួកគី​នឹង​ចាត់​វិធានការ​តប​វិញ​តាម​ក្រោយ។ តែ​ពេល​នេះ ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ ក៏​ដូច​ជា​សេតវិមាន​ហាក់​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​លោក​អ៊ែរដូហ្កាន​នៅ​ឡើយ​ទេ។

ប្រាក់លីវ​តួកកី​ផ្តើម​មាន​លំនឹង

បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ខ្លាំង​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ប្រាក់​លីវ​តួកគី​ហាក់​ផ្តើម​មាន​លំនឹង​បន្តិច។ គួរ​រម្លឹក​ជូន​ថា ការ​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​តួកគី​នាំ​ចូល​អាមេរិក​ពី​សំណាក់​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ប្រាក់​លីវ​តួកគី​បាត់បង់​តម្លៃ​ដល់​ទៅ ១៦% ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ ទី១០ សីហា។ តែ​តាំង​ពី​ថ្ងៃ​អង្គារ ទី១៤ សីហា និង​ដោយ​មាន​ចំណាត់ការ​ពី​ធនាគារកណ្តាល​តួកគី សេចក្តីថ្លែងការណ៍​ជា​លក្ខណៈ​សម្របសម្រួល​របស់​ទីក្រុង​អង់ការ៉ា រួម​ទាំង​ការ​អំពាវនាវ​ពី​លោក​អ៊ែរដូហ្កាន​ឲ្យ​ប្តូរ​ប្រាក់បរទេស តម្លៃ​ប្រាក់លីវ​តួកគី​ហាក់​ងើប​ឡើង​បន្តិច និង​នៅ​ថេរ។

ជាក់ស្តែង​នៅ​ថ្ងៃ​ពុធ ទី១៥ សីហា ១ដុល្លារ​អាមេរិក​ដូរ​បាន ៦លីវតួកគី។ យ៉ាង​ណា​ក៏​ដោយ តម្លៃ​ប្រាក់លីវ​តួកគី​នៅ​មិន​ទាន់​អាច​រក​ឃើញ​តម្លៃ​ដើម​របស់​វា​វិញ​បាន​នៅ​ឡើយ​ទេ ហើយ​បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៨ នេះ​មក ប្រាក់​លីវ​តួកគី​បាន​បាត់បង់​តម្លៃ​ដល់​ទៅ​ជាង ៤០% ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក និង​ប្រាក់​អឺរ៉ូ។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​តួកគី​លោក Berat Albayrak ដែល​ជា​កូនប្រសារ​របស់​លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ថា តួកគី​នឹង​បន្ត​ការពារ​ប្រាក់លីវ​របស់​ខ្លួន ព្រម​ទាំង​ឆ្លៀត​បរិហារ​អាមេរិក​ដែល​បាន​វាយប្រហារ​រូបិយប័ណ្ណ​តួកគី។

សង្រ្គាមពាណិជ្ជកម្ម​ដែល​បង្កប់​ដោយ​សង្រ្គាមការទូត

គេ​អាច​និយាយ​បាន​ថា នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួកគី​ពេល​នេះ អាមេរិក​មាន​ប្រៀប​ជាង​តួកគី ព្រោះ​គ្រាន់​តែ​ត្រឹម​សារ​របស់​លោក​ដូណាល់ ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​តួកគី​នាំ​ចូល​អាមេរិក​ភ្លាម ប្រាក់លីវ​តួកគី​បាន​ធ្លាក់​ថ្លៃ​រហូត​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ស្លន់ស្លោ​ឆ្លង​ចូល​ដល់​ផ្សារ​ភាគហ៊ុន​នៅ​បរទេស។ តែ​គេ​មិន​ភ្លេច​និយាយ​ទេ​ថា សង្រ្គាម​ពាណិជ្ជកម្ម​រវាង​វ៉ាស៊ីនតោន និង​អង់ការ៉ា​ពេល​នេះ​មាន​បង្ក​យ៉ាង​ជ្រៅ​ដោយ​សង្រ្គាម​ការទូត ព្រោះ​ចូរ​កុំ​ភ្លេច​ថា អ្វីៗ​បាន​ផ្តើម​ចេញ​ពី​ការ​ដែល​រដ្ឋអំណាច​តួកគី​បាន​ឃុំ​ខ្លួន​គ្រូគង្វាល​ជនជាតិ​អាមេរិកាំង​លោក Andrew Brunson ក្នុង​ទឹកដី​តួកគី។

លោក Brunson ត្រូវ​បាន​តួកគី​ចោទ​ប្រកាន់​ពី​បទចារកម្ម និង​ធ្វើ​សកម្មភាព​ភេរវនិយម​ក្នុង​ទឹកដី​តួកគី។ បន្ទាប់​ពី​បាន​ដាក់​ក្នុង​ពន្ធនាគារ​ជាង ១ឆ្នាំ​កន្លះ​មក លោក Brunson ត្រូវ​បាន​រដ្ឋអំណាច​តួកគី​យក​ទៅ​ឃុំ​ក្នុង​គេហដ្ឋាន​ដោយ​មាន​ការ​យាមកាម​តឹងរឹង​នា​ខែ​កក្កដា​កន្លង​ទៅ។ តែ​អាមេរិក​បន្ត​ទាមទារ​ដោះលែង​ជា​ស្ថាពរ។ នេះ​ជា​រឿង​មួយ ចំណែក​រឿងរ៉ាវ​មួយ​ទៀត គឺ​ទាក់ទង​នឹង​លោក Gülen ដែល​កំពុង​រស់នៅ​លើ​ទឹកដី​អាមេរិក​តាំង​ពី​ឆ្នាំ ១៩៩៩ និង​ដែល​លោក​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​របស់​លោក​អ៊ែរដូហ្កាន។ គឺ​រូប​លោក Gülen ជនជាតិ​តួកគី​រូប​នេះ​ឯង​ដែល​លោក​អ៊ែរដូហ្កាន​បាន​ចោទ​ពី​បទ​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​មិន​បាន​សម្រេច​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៦។

ទោះ​បី​ជា​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​តួកគី និង​អាមេរិក​កំពុង​រក្សា​ទំនាក់ទំនង​រវាង​គ្នា​ជានិច្ច។ ថ្ងៃ​ចន្ទ ទី១៣ សីហា ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​នៅ​អាមេរិក​បាន​ចូល​ជួប​លោក​ចន បុលតុន​ដែល​ជា​ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ។ នៅ​ក្នុង​ជំនួប​នោះ រូប​ឯកអគ្គរដ្ឋទូត​តួកគី​បាន​នាំ​សារ​ពី​ប្រមុខ​ការទូត​តួកគី​ប្រាប់​លោក​បុលតុន​ថា ការ​គំរាម និង​ការ​ដាក់​គំនាប​បាន​ត្រឹម​បង្ក​ឲ្យ​មាន​ផលវិបាក​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​តួកគី​ប៉ុណ្ណោះ។ មែនទែន​ទៅ និង​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អង្គការ​អូតង់​ដូច​គ្នា អាមេរិក និង​តួកគី​កំពុង​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក ពិសេស​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ដែល​អាមេរិក​មាន​មូលដ្ឋាន​ទ័ព​លើ​ទឹកដី​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ