តើមានអ្នកឈ្នះ និងអ្នកចាញ់ឬទេនៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងតួកគី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៩
សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសតួកគី និងអាមេរិកកំពុងបន្តកើតមានយ៉ាងផុសផុល។ មនុស្សខ្លាំងនៅក្នុងប្រទេសតួកកី គឺលោកប្រធានាធិបតីអ៊ែរដូហ្កានហាក់មិនបានចុះញ៉ម និងខ្លាចរអានឹងសមភាគីអាមេរិកលោកដូណាល់ ត្រាំដែលបានប្រកាសដំឡើងពន្ធទ្វេដងលើផលិតផលដែកថែប និងអាលុយមីញ៉ូមតួកគីនាំចូលអាមេរិក។ នៅថ្ងៃអង្គារ ទី១៤ សីហា លោកអ៊ែរដូហ្កានបានអំពាវនាវឲ្យធ្វើពហិការឧបករណ៍អេឡិចត្រូនិកអាមេរិក ហើយក្នុងថ្ងៃពុធ ទី១៥ សីហានេះ រដ្ឋាភិបាលទីក្រុងអង់ការ៉ាក៏បានសម្រេចដំឡើងពន្ធលើផលិតផលអាមេរិកមួយចំនួនដែលនាំចូលតួកគី។
តានតឹងកំពុងបន្តមានកម្រិតខ្ពស់រវាងអាមេរិក និងតួកគីដោយគ្មានភាគីណាមួយយល់ព្រមបន្ទាន់ឥរិយាបទ និងធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកទេ។ លោកអ៊ែរដូហ្កានក៏ដូចជាលោកដូណាល់ ត្រាំសុទ្ធតែជាជើងខ្លាំងដូចគ្នា។ តែអ្នកដែលហាក់កំពុងបន្តក្តៅស្លឹកត្រចៀក និងបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ពេលនេះ គឺលោកអ៊ែរដូហ្កាន។ ឆ្លើយតបនឹងសាររបស់លោកដូណាល់ ត្រាំដែលបានប្រកាសពីការដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមតួកគីនាំចូលអាមេរិក លោកអ៊ែរដូហ្កានបានឆ្លើយបកវិញយ៉ាងចាស់ដៃដោយចោទអាមេរិកពីបទឃុបឃិតនយោបាយដើម្បីវាយប្រហារសេដ្ឋកិច្ចតួកគី អំពាវនាវឲ្យពលរដ្ឋតួកគីធ្វើពហិការលើឧបករណ៍អេឡិចត្រូនិករបស់អាមេរិក ពិសេសទូរស័ព្ទដៃម៉ាក Iphone និងចុងក្រោយ ប្រកាសដំឡើងពន្ធលើផលិតផលអាមេរិកនាំចូលតួកគី។
ផលិតផលអាមេរិកនាំចូលតួកគីដែលជាផ្ទាំងស៊ីបនៃការដំឡើងពន្ធរួមមាន រថយន្តត្រូវដំឡើងពន្ធឲ្យដល់ ១២០% ភេសជ្ជៈមួយចំនួនដែលមានជាតិស្រវឹងត្រូវដំឡើងពន្ធឲ្យដល់ ១៤០% ដំឡើងពន្ធបារីចំនួន ៦០% អង្ករ ឬផលិតផលជាគ្រឿងសំអាងជាដើម។ អនុប្រធានាធិបតីតួកគីបានបញ្ជាក់ច្បាស់ៗថា វិធានការដំឡើងពន្ធលើផលិតផលអាមេរិកទាំងអស់នេះជាការសងសឹកតបនឹងអាមេរិក និងព្រមានថា បើអាមេរិកហ៊ានចាត់វិធានការថ្មីលើតួកគី នោះតួកគីនឹងចាត់វិធានការតបវិញតាមក្រោយ។ តែពេលនេះ ប្រធានាធិបតីអាមេរិកលោកត្រាំ ក៏ដូចជាសេតវិមានហាក់មិនទាន់បានឆ្លើយតបយ៉ាងណាចំពោះលោកអ៊ែរដូហ្កាននៅឡើយទេ។
ប្រាក់លីវតួកកីផ្តើមមានលំនឹង
បន្ទាប់ពីធ្លាក់ថ្លៃខ្លាំងទល់នឹងប្រាក់ដុល្លារអាមេរិករយៈពេលប៉ុន្មានថ្ងៃមក ប្រាក់លីវតួកគីហាក់ផ្តើមមានលំនឹងបន្តិច។ គួររម្លឹកជូនថា ការប្រកាសដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមតួកគីនាំចូលអាមេរិកពីសំណាក់លោកដូណាល់ ត្រាំបានធ្វើឲ្យប្រាក់លីវតួកគីបាត់បង់តម្លៃដល់ទៅ ១៦% ទល់នឹងប្រាក់ដុល្លារអាមេរិកកាលពីថ្ងៃសុក្រ ទី១០ សីហា។ តែតាំងពីថ្ងៃអង្គារ ទី១៤ សីហា និងដោយមានចំណាត់ការពីធនាគារកណ្តាលតួកគី សេចក្តីថ្លែងការណ៍ជាលក្ខណៈសម្របសម្រួលរបស់ទីក្រុងអង់ការ៉ា រួមទាំងការអំពាវនាវពីលោកអ៊ែរដូហ្កានឲ្យប្តូរប្រាក់បរទេស តម្លៃប្រាក់លីវតួកគីហាក់ងើបឡើងបន្តិច និងនៅថេរ។
ជាក់ស្តែងនៅថ្ងៃពុធ ទី១៥ សីហា ១ដុល្លារអាមេរិកដូរបាន ៦លីវតួកគី។ យ៉ាងណាក៏ដោយ តម្លៃប្រាក់លីវតួកគីនៅមិនទាន់អាចរកឃើញតម្លៃដើមរបស់វាវិញបាននៅឡើយទេ ហើយបើគិតតាំងពីដើមឆ្នាំ ២០១៨ នេះមក ប្រាក់លីវតួកគីបានបាត់បង់តម្លៃដល់ទៅជាង ៤០% ទល់នឹងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុតួកគីលោក Berat Albayrak ដែលជាកូនប្រសាររបស់លោកអ៊ែរដូហ្កានបានបញ្ជាក់ថា តួកគីនឹងបន្តការពារប្រាក់លីវរបស់ខ្លួន ព្រមទាំងឆ្លៀតបរិហារអាមេរិកដែលបានវាយប្រហាររូបិយប័ណ្ណតួកគី។
សង្រ្គាមពាណិជ្ជកម្មដែលបង្កប់ដោយសង្រ្គាមការទូត
គេអាចនិយាយបានថា នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងតួកគីពេលនេះ អាមេរិកមានប្រៀបជាងតួកគី ព្រោះគ្រាន់តែត្រឹមសាររបស់លោកដូណាល់ ត្រាំប្រកាសដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមតួកគីនាំចូលអាមេរិកភ្លាម ប្រាក់លីវតួកគីបានធ្លាក់ថ្លៃរហូតបង្កឲ្យមានភាពភ័យស្លន់ស្លោឆ្លងចូលដល់ផ្សារភាគហ៊ុននៅបរទេស។ តែគេមិនភ្លេចនិយាយទេថា សង្រ្គាមពាណិជ្ជកម្មរវាងវ៉ាស៊ីនតោន និងអង់ការ៉ាពេលនេះមានបង្កយ៉ាងជ្រៅដោយសង្រ្គាមការទូត ព្រោះចូរកុំភ្លេចថា អ្វីៗបានផ្តើមចេញពីការដែលរដ្ឋអំណាចតួកគីបានឃុំខ្លួនគ្រូគង្វាលជនជាតិអាមេរិកាំងលោក Andrew Brunson ក្នុងទឹកដីតួកគី។
លោក Brunson ត្រូវបានតួកគីចោទប្រកាន់ពីបទចារកម្ម និងធ្វើសកម្មភាពភេរវនិយមក្នុងទឹកដីតួកគី។ បន្ទាប់ពីបានដាក់ក្នុងពន្ធនាគារជាង ១ឆ្នាំកន្លះមក លោក Brunson ត្រូវបានរដ្ឋអំណាចតួកគីយកទៅឃុំក្នុងគេហដ្ឋានដោយមានការយាមកាមតឹងរឹងនាខែកក្កដាកន្លងទៅ។ តែអាមេរិកបន្តទាមទារដោះលែងជាស្ថាពរ។ នេះជារឿងមួយ ចំណែករឿងរ៉ាវមួយទៀត គឺទាក់ទងនឹងលោក Gülen ដែលកំពុងរស់នៅលើទឹកដីអាមេរិកតាំងពីឆ្នាំ ១៩៩៩ និងដែលលោកជាសត្រូវស៊ីសាច់ហុតឈាមរបស់លោកអ៊ែរដូហ្កាន។ គឺរូបលោក Gülen ជនជាតិតួកគីរូបនេះឯងដែលលោកអ៊ែរដូហ្កានបានចោទពីបទនៅពីក្រោយរដ្ឋប្រហារយោធាទម្លាក់លោកមិនបានសម្រេចក្នុងខែកក្កដា ឆ្នាំ ២០១៦។
ទោះបីជាកំពុងប្រឈមមុខដាក់គ្នាយ៉ាងណាក៏ដោយ ក៏តួកគី និងអាមេរិកកំពុងរក្សាទំនាក់ទំនងរវាងគ្នាជានិច្ច។ ថ្ងៃចន្ទ ទី១៣ សីហា ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅអាមេរិកបានចូលជួបលោកចន បុលតុនដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ ត្រាំ។ នៅក្នុងជំនួបនោះ រូបឯកអគ្គរដ្ឋទូតតួកគីបាននាំសារពីប្រមុខការទូតតួកគីប្រាប់លោកបុលតុនថា ការគំរាម និងការដាក់គំនាបបានត្រឹមបង្កឲ្យមានផលវិបាកនៅក្នុងទំនាក់ទំនងជាមួយតួកគីប៉ុណ្ណោះ។ មែនទែនទៅ និងក្នុងនាមជាប្រទេសសមាជិកអង្គការអូតង់ដូចគ្នា អាមេរិក និងតួកគីកំពុងត្រូវការគ្នាទៅវិញ ទៅមក ពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ដែលអាមេរិកមានមូលដ្ឋានទ័ពលើទឹកដីតួកគី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ