អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សរអា សម្រេចបង្កក សហប្រតិបត្តិការជាមួយ រុស្ស៊ី ក្នុងក្របខ័ណ្ឌ នៃ សន្ធិសញ្ញាស្តីអំពីមេឃ ចំហ ( The Treaty on Open Skies ) ដរាបណា ម៉ូស្គូ មិនវិលត្រឡប់មកគោរពតាម សន្ធិសញ្ញានេះទេ -- ការនេះ មាននិយាយ ក្នុង អត្ថបទនៃថវិកាការពារប្រទេស ដែលចុះហត្ថលេខាដើមសប្តាហ៏នេះ ដោយ ប្រធានាធិបតីអាមេរិកាំង លោក ដូណាល់ ត្រាំ ។ ប៉ុន្តែ ម៉ូស្គូប្រតិកម្មថា ការរិះគន់រុស្ស៊ីពីខាង សរអា ជុំវីញ សន្ធិសញ្ញាស្តីអំពីមេឃចំហ នោះ គឺ គ្មានអ្វីជាមូលដ្ឋានសំអាងឡើយ។ ម៉ូស្គូ បន្ថែមថា បើក្រុង វ៉ាស៊ីនតោន មានសំនួរអ្វីណា ជុំវិញបញ្ហានេះ គប្បីតែលើកវា យកមកពិភាក្សា ក្នុងក្របខ័ណ្ឌនៃ យន្ដការពិសេស ។ ក្រសួងការបរទេសរុស្ស៊ី កត់សម្គាល់ថា សរអា មិនប្រាថ្នាដោះស្រាយបញ្ហាដែលមានទេ តែ ខិតខំអូសទាញ វា ឲ្យកាន់តែស្រុតចុះធ្ងន់ធ្ងរ។

ក្បួន​យន្តហោះ​យោធា​របស់​រុស្ស៊ី ​ក្នុងថ្ងៃទី ៤ ឧសភា ២០១៧ នៅ​ម៉ូស្គូ
ក្បួន​យន្តហោះ​យោធា​របស់​រុស្ស៊ី ​ក្នុងថ្ងៃទី ៤ ឧសភា ២០១៧ នៅ​ម៉ូស្គូ Natalia KOLESNIKOVA / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុងថវិកាយោធាសរអា សម្រាប់ឆ្នាំ ២០១៩ ចុះហត្ថលេខា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ មានចែងអំពី ការរឹតត្បិតមួយចំនួន ទាក់ទងនឹង សន្ធិសញ្ញាស្តីអំពីមេឃចំហ ព្រមទាំង មានកត់សម្គាល់ថា ត្រូវតែទាមទារឲ្យទាល់តែសម្រេចបានដូចចិត្ត ពីភាគីរុស្ស៊ី នូវសេចក្តីអនុញ្ញាត ដើម្បីបណ្តាប្រទេសហត្ថលេខី នៃ ឯកសារនេះ អាចធ្វើការហោះសង្កេតការណ៍ក្នុងលំហមេឃ “ នៅពីលើក្រុងម៉ូស្គូទាំងមូល”។

ក្នុងវគ្គថវិកានោះ ដែលប៉ះលើ សហប្រតិបត្តិការជាមួយរុស្ស៊ី មានកត់សម្គាល់ជាអាទិ៍ថា អាជ្ញាធរសរអា មិន ត្រូវចំណាយធនធានថវិកា “ សម្រាប់បោះឆ្នោត ឬ សម្រាប់អនុម័ត សេចក្តីសម្រេចណា បង្កើតជា គណៈកម្មការប្រឹក្សា ខាងមេឃចំហ” ព្រមទាំងសម្រាប់កែឲ្យទំនើបឡើង យន្ដហោះអាមេរិកាំង ដើម្បីបំពេញ តាមអនុសញ្ញានោះ ឡើយ។

ខ្លឹមសារ សន្ធិសញ្ញាស្តីអំពីមេឃចំហ

-សន្ធិសញ្ញាស្តីអំពីមេឃចំហ ត្រូវបានចុះហត្ថលេខា នៅក្រុង Helsinki ដោយ ២៣ ប្រទេស -សមាជិក អង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប ​ OSCE ក្នុងឆ្នាំ ១៩៩២។ រុស្ស៊ី បានផ្តល់សច្ចាប័ន ដល់ឯកសារនេះ រំលង ៩ ឆ្នាំមក គឺ ក្នុងឆ្នាំ ២០០១។ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញានេះ ទទួលលទ្ធភាព ធ្វើការហោះហើរលើ ដែនដីគ្នា ទៅវិញទៅមក សម្រាប់ត្រួតពិនិត្យលើ ភាពសកម្មយោធា។ ដូច្នេះ ពីក្នុងចំណោមជាង ២០ ប្រទេស ហត្ថលេខីនោះ សរអា នៅបន្តសហការដដែល ជាមួយគ្រប់ប្រទេស លើកលែងតែជាមួយរុស្ស៊ី។

ស្របនឹងឯកសារនេះ យន្ដហោះសង្កេតការណ៍ មិនអាចបំពាក់ទៅដោយសព្វាវុធណាឡើយ។ យន្តហោះ និង ប្រដាប់ប្រដា ដែលមានដំឡើងក្នុងយន្ដហោះ ត្រូវតែទទួលការបញ្ជាក់ដោយអន្តរជាតិ។ ព្រមជាមួយនេះ ពេលហោះសង្កេតការណ៍លើដែនដីប្រទេសណា គឺត្រូវតែមានវត្តមានតំណាងប្រទេសនោះ ស្ថិតនៅ ប្រចាំការ ក្នុងយន្ដហោះ ខានមិនបាន។

គោលដៅសន្ធិសញ្ញា គឺ ជំរុញដល់ការពង្រឹងជំនឿទុកចិត្តគ្នា រវាងរដ្ឋនិងរដ្ឋ តាមរយៈយន្ដការសុក្រឹត ខាង ត្រួតពិនិត្យ លើសកម្មភាពយោធា និង ខាងតាមដានអំពីការគោរពតាម សន្ធិសញ្ញាផងទាំងឡាយ ដែល កំពុងមានសុពលភាព ក្នុងវិស័យត្រួតពិនិត្យលើ សព្វាវុធ។

ក្នុងឆ្នាំ ២០១៧ កន្លងទៅ ក្រសួងការបរទេសសរអា បានថ្លែងថា ចាប់ពីឆ្នាំ ២០០៤ មក ហាក់បីមានកត់ ត្រាឃើញ ការរំលោភដោយរុស្ស៊ីលើល័ក្ខខ័ណ្ឌសន្ធិសញ្ញា ហើយថ្ងៃ ២០ មិថុនា ឆ្នាំ ២០១៧ នោះ ភាគី អាមេរិកាំង បានរុញច្រានចេញមកនូវការរិះគន់ ៣ ចំណុច ចំពោះរុស្ស៊ី បែបយ៉ាង បម្រាមរុស្ស៊ី មិនឲ្យ ហោះ ពីលើ ខេត្ត Kalinningrad នៅប៉ែកខាងលិចបង្អស់របស់រុស្ស៊ី - ខេត្តដែលមានដំឡើង កាំជ្រួចមីស៊ីលរុស្ស៊ី ធុន Iskander សម្រាប់ប្រឈមនឹងប្រព័ន្ធខែលមីស៊ីល របស់ សរអា ដំឡើងនៅលើដែនដី ប៉ូឡូញ -ខែល ដែល ក្រុងម៉ូស្គូ ចាត់ទុកជាគ្រោះថ្នាក់ដល់សន្តិសុខជាតិរុស្ស៊ី , បម្រាមមិនឲ្យហោះពីលើ ច្រកប្រវែង ១០ គម នៅត្រង់ព្រំដែន រុស្ស៊ី ជាប់នឹងដែនដី អូសេទីខាងត្បូង និង អាប់ខាស៊ី សុទ្ធតែត្រូវរុស្ស៊ីទទួលស្គាល់ ជារដ្ឋឯករាជ្យ ផ្តាច់ ចេញពី ប្រទេសហ្ស័កហ្ស៊ី ហើយមានក្រុមទ័ពរុស្ស៊ី ប្រចាំការនៅទីនោះ យ៉ាងហំហួន ព្រមទាំង ហាមមិនឲ្យ ហោះ លើដែនដី សាធារណរដ្ឋ ឆេឆេនី កាន់សាសនាអ៊ីស្លាម ចំណុះសហព័ន្ធរុស្ស៊ី ស្ថិតនៅ តំបន់ភ្នំកូកាស ដែលពេញមួយទសវត្សរ៍ទី ៩០ បានច្បាំងដើម្បីផ្តាច់ខ្លួនចេញពី សហព័ន្ធនេះ ហើយសព្វថ្ងៃ គ្រប់គ្រង ដោយមនុស្សជាជាតិឆេឆេនីផ្ទាល់ ដែលស្មោះស្ម័គ្រនិងស្មោះត្រង់ រហូតដល់ ត្រៀមពលីជីវិត ដើម្បី លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន តែម្ងង ។

ចំណុចមួយនៃសន្ធិសញ្ញាមេឃចំហ ហាមមិនឲ្យយន្ដហោះសង្កេតការណ៍ហោះ ឃ្លាតចេញពីខ្សែផ្លូវ ដែលបានទទួល ការសម្របយោបល់គ្នាទៅហើយ ទោះបី ក្រោមលេសករណី ប្រធានសក្តិ ក៏ដោយ។

ចំណែករុស្ស៊ី ចាប់ពីដើមឆ្នាំនេះមក បានចាត់វិធានការរឹតត្បិត ទល់នឹង ពួកអ្នកសង្កេតការណ៍អាមេរិកាំង។ ជាក់ស្តែង ម៉ូស្គូ បានបង្ខើចចំនួន ព្រលានយន្ដហោះ ដែលអាចប្រើដោយយន្ដហោះសង្កេតការណ៍ អាមេរិកាំង។

ជាប្រតិកម្មបកវិញ សរអា បានបិទលំអាកាសខ្លួន សម្រាប់យន្ដហោះសង្កេតការណ៍រុស្ស៊ី មិនឲ្យហោះចូល ក្នុងមេឃនៅពីលើ រដ្ឋ Alaska និង Hawaii។

តាមម៉ូស្គូ ៖ ការរិះគន់រុស្ស៊ី ពីខាងសរអា ជុំវីញ សន្ធិសញ្ញាស្តីអំពី មេឃចំហ គឺ គ្មានអ្វីជាមូលដ្ឋាន

“ ការរិះគន់ ពីខាង សរអា ដែលថា រុស្ស៊ី មិនបំពេញតាម សន្ធិសញ្ញាស្តីអំពីមេឃចំហ គឺ គ្មានអ្វីជាសំអាង ប៉ុន្តែ បើក្រុងវ៉ាស៊ីនតោន មានសំនួរអ្វីណា ជុំវិញបញ្ហានេះ គប្បីតែលើកវា យកមកពិភាក្សា ក្នុងក្របខ័ណ្ឌនៃ យន្ដការពិសេស “ - សេចក្តីនេះ ថ្លែងថ្ងៃ ១៥ សីហា ទៅពួកអ្នកកាសែត ដោយ អ្នកនាំពាក្យផ្លូវការ ក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។

តាមសំដីអ្នកការទូតរុស្ស៊ី រូបនេះ

-បើភាគីអាមេតរិកាំងយល់ថា សិទ្ធិរបស់ខ្លួន ត្រូវបានរំលោភបំពាន ឫ សន្ធិសញ្ញានោះ បំពេញមិនបាន ត្រឹម ត្រូវ នោះ គឺមានស្ថាប័នពិសេស សម្រាប់ដោះស្រាយវា ។ មានមូលដ្ឋានទ្វេភាគី មានការសហការគ្នា តាម កាណាល់ការទូត រវាងក្រសួងសមស្រប ក្នុងកម្រិតពួកអ្នកជំនាញ ។ កាលមុន យើងមាន គណៈកម្មការ ពេញរូបពេញរាង តាមមុខព្រួញនិមួយៗ ជាទីដែល ការពិភាក្សាគ្នា ប្រព្រឹត្តទៅគ្មានឈប់ ប៉ុន្តែ អស់ទាំងនេះ ត្រូវភាគីអាមេរិកាំងបិទឲ្យឈប់ដំណើរការទៅ។ សរអា មិនប្រាថ្នាដោះស្រាយបញ្ហាដែលមានទែ តែ ខិតខំ អូសទាញ វា ឲ្យកាន់តែស្រុតចុះធ្ងន់ធ្ងរ។

-មិនតែប៉ុណ្ណោះ បើបញ្ហាមានជ្រងោងមែន សរអា ច្បាស់ជាបង្ហាញឲ្យយើងឃើញ ប៉ុន្តែ សរអា មានចេតនា ប្រើវា សម្រាប់តែដាក់គំនាបមកលើរុស្ស៊ី ឫ សម្រាប់តែដាក់ទណ្ឌកម្មបន្ថែមទៀតទល់នឹងរុស្ស៊ី ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ