អានតួអត្ថបទ
រុស្ស៊ី

ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​លោក Oleg Sentsov ក្នុង​ពន្ធនាគារ​នៅ​រុស្ស៊ី​បាន​ចូល​ដល់ ១០០ថ្ងៃ

ថ្ងៃ​អង្គារ ទី២១ សីហា​នេះ​បាន​ឈាន​ចូល ១០០ថ្ងៃ​ដែល​លោក Oleg Sentsov បាន​ធ្វើ​កូដកម្ម​អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ​ស្ថិត​ក្នុង​ទឹកដី​រុស្ស៊ី។ មាន​អាយុ ៤២ឆ្នាំ លោក Sentsov ជា​សមិទ្ធិករ​ភាពយន្ត​ជនជាតិ​អ៊ុយក្រែន និង​ដែល​ត្រូវ​បាន​តុលាការ​រុស្ស៊ី​កាត់​ទោស​ក្នុង​ឆ្នាំ ២០១៥ ឲ្យ​ជាប់​​គុក​ចំនួន ២០ឆ្នាំ​ពី​បទ​ភេរវនិយម និង​រត់ពន្ធ​អាវុធ។ តាំង​ពី​ថ្ងៃទី១៤ ឧសភា​មក​ម្ល៉េះ​ដែល​លោក Sentsov មិន​ទទួល​ទាន​អាហារ និង​កំពុង​បន្ត​មាន​ជីវិត​ដោយ​ការ​បញ្ចូល​អាហារ​តាម​សរសៃ​ឈាម​ពី​រដ្ឋអំណាច​ពន្ធនាគារ។ សហគមន៍​អន្តរជាតិ មាន​អាមេរិក និង​អឺរ៉ុប​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក Sentsov តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​មូស្គូ​បន្ត​ធ្វើ គ ធ្វើ​ថ្លង់។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី យើង​ស្តាប់​ការ​ពន្យល់​បក​ស្រាយ​របស់​លោក មីខាអ៊ីល ហ្វីដូតូវ ទីប្រឹក្សារបស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ និង​សង្គម​ស៊ីវិល។

លោក Sentsov សមិទ្ធិករ​ភាពយន្ត​ជនជាតិ​អ៊ុយក្រែន​ដែល​កំពុង​ជាប់​ក្នុង​​ពន្ធនាគារ​នៅ​រុស្ស៊ី
លោក Sentsov សមិទ្ធិករ​ភាពយន្ត​ជនជាតិ​អ៊ុយក្រែន​ដែល​កំពុង​ជាប់​ក្នុង​​ពន្ធនាគារ​នៅ​រុស្ស៊ី Sergei SUPINSKY / AFP
ផ្សាយពាណិជ្ជកម្ម

« ចំពោះ​ខ្ញុំ ខ្ញុំ​សង្ឃឹម និង​ចង់​ឃើញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​មួយ​នេះ​តាំង​ពី​យូរ​មក​ហើយ។ តែ​យើង​បាន​ដឹង​ពី​ភាព​ស្មុគស្មាញ​នៃ​បញ្ហា ព្រោះ​លោក Sentsov មិន​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​តែ​ត្រឹម​ខ្លួន​លោក​ម្នាក់​ឯង​ប៉ុណ្នោះ​ទេ គាត់​បាន​ដាក់​លក្ខខណ្ឌ​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​ជនជាតិ​អ៊ុយក្រែន​ទាំង​អស់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​លើ​ទឹកដី​រុស្ស៊ី។

ក្នុង​ករណី​នេះ គេ​ក៏​អាច​ចោទ​សួរ និង​ដាក់​លក្ខខណ្ឌ​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​ជនជាតិ​រុស្ស៊ី​ទាំង​អស់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​លើ​ទឹកដី​អ៊ុយក្រែន​វិញ​ដែរ។ ដូច្នេះ អ្វី​ដែល​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា គឺ​ការ​ដោះលែង​អ្នកទោស​ជនជាតិ​អ៊ុយក្រែន និង​អ្នកទោស​ជនជាតិ​រុស្ស៊ី​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។ គេ​មិន​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​ជា​លក្ខណៈ​ឯកតោភាគី​បាន​ទេ ពោល​ត្រូវ​ដោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី។ គឺ​ជា​ផ្លូវ​មួយ​ដែល​មាន​ទៅ មាន​មក។

សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ និង​សង្គម​ស៊ីវិល យើង​បាន​សម្លឹង​មើល និង​ចាត់​ទុក​បញ្ហា​មួយ​នេះ​ក្នុង​ន័យ​មនុស្សធម៌ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​អ្នក​ខ្លះ​បាន​សម្លឹង​មើល និង​ចាត់​ទុក​ជា​រឿង​នយោបាយ​ទៅ​វិញ។ ខ្ញុំ​ដឹង​ថា នៅ​ពេល​បញ្ហា​មួយ​បាន​បែក​ខ្ចរខ្ចាយ​ខ្លាំង​ជា​រឿង​នយោបាយ​ហើយ នោះ​គេ​ពិត​ជា​ពិបាក​ស្វែង​រក​ដំណោះស្រាយ​ខ្លាំង​ណាស់។

ក្នុង​នាម​ជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ និង​សង្គម​ស៊ីវិល យើង​មាន​អំណាច​ត្រឹម​ផ្តល់​យោបល់ និង​ដាក់​សំណើ ហើយ​យើង​នឹង​បន្ត​ធ្វើ​កិច្ចការ​នេះ​ជា​បន្ត​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ