ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អឺរ៉ុប

ក្រុមហ៊ុន​មីក្រូសូហ្វ​កំណត់​ចាប់​បាន​វិបសៃតិ៍​ក្លែងក្លាយ​របស់​ចោរ​រុស្ស៊ី

media  
ក្រុមហ៊ុន​មីក្រូសូហ្វនៅ​ប្រទេស​ឥណ្ឌា នៅឆ្នាំ ២០១៨ © REUTERS/Saumya Khandelwal

មីក្រូសូហ្វ ក្រុមហ៊ុន​ផលិត​កម្មវិធី​ដ៏ធំជាងគេ​ក្នុង​លោក បាន​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី អាច​ចូលលួច​ទិន្នន័យ​របស់​ក្រុមអភិរក្ស​និយម​អាមេរិក។ តាម​ការអះអាង​របស់​លោក Brad Smith ប្រធាន​របស់​ក្រុមហ៊ុន មីក្រូសូហ្វ ក្រុម​ចោរ​ព័ត៌មានវិទ្យា​រុស្ស៊ី​កំពុង​លូកដៃ​ក្នុង​ការបោះឆ្នោត​សភា​អាមេរិកាំង តាមរយៈ ការដៅ​វាយប្រហារ​ក្រុម​សមាជិក​គណបក្ស​សាធារណរដ្ឋ។ ប្រតិកម្ម​ទៅនឹង​រឿងនេះ អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង​បដិសេធ​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​គ្រឹះ។

 

ទៅតាម​ដីកា​បញ្ជា​របស់​តុលាការ​អាមេរិកាំង ក្រុមហ៊ុន មីក្រូសូហ្វ កាលពី​សប្តាហ៍មុន បាន​បាន​ចូល​ទៅ​គ្រប់គ្រង​ដោយជោគជ័យ វិបសៃតិ៍​ក្លែងក្លាយ​ចំនួន ៦ ដែល​ក្រុមចោរ​អ៊ីនធ័រនែត​បាន​បន្លំ​បង្កើតឡើង ក្នុង​គោលដៅ​ចូល​លួច​ទិន្នន័យ និង​លេខសម្ងាត់​របស់​ក្រុមមន្រ្តី បក្ស​សាធារណរដ្ឋ។ នេះ​ជាការអះអាង​របស់​ប្រធាន​ក្រុមហ៊ុន​មីក្រូសូហ្វ លោក​Brad Smith នៅក្នុង​អត្ថបទ​ប្លុក​ចុះផ្សាយ កាលពី​ថ្ងៃ​ចន្ទ។

តាម​ប្រធាន​ក្រុមហ៊ុន​មីក្រូសូហ្វ ក្រុមចោរ​ព័ត៌មានវិទ្យា ដែល​មាន​ឈ្មោះ ថា Strontium (ឬ Fancy Bear APT28) ជា​ក្រុម​ដែល​ធ្លាប់​បាន​ព្យាយាម​វាយប្រហារ​ម្តងហើយ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិកាំង កាលពី​ឆ្នាំ ២០១៦។ តាម​សំណេរ​របស់​ប្រធាន​ក្រុមហ៊ុន​មីក្រូសូហ្វ ក្រុម​ចោរ​អ៊ីនធ័រនែត​នេះ មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​របស់​រុស្ស៊ី ដែលមាន​ឈ្មោះ ថា GRU។

នៅក្នុងចំណោម​វិបសៃតិ៍​ក្លែងក្លាយ​ទាំង​៦ របស់​ក្រុមចោរអ៊ីនធ័នែត​រុស្ស៊ី ដែល​អ្នកជំនាញ​របស់​ក្រុមហ៊ុន​មីក្រូសូហ្វ ចាប់បាន មាន​មួយ​មាន​រូបរាង​សឹង​ដូច​បេះបិទ​ទៅ​នឹង​វិបសៃតិ៍​របស់​វិទ្យាស្ថាន​អន្តរជាតិ​សាធារណរដ្ឋ ដែល​មាន​ការងារ​ជំរុញ លទ្ធិប្រជាធិបតេយ្យ ហើយ​និង​មាន​ស្ថាបនិក សុទ្ធតែ​ជា​អ្នកតំណាងរាស្ត្រ មក​ព្រឹទ្ធសភា អាមេរិក ដូចជា​លោក Jonh McCain ជាដើម។ តាម​ប្រធាន​ក្រុមហ៊ុន​មីក្រូសូហ្វ លោកBrad Smith អ្នក​ដែល​មិន​បាន​ចាប់ភ្លឹក ស្គាល់​វិបសៃតិ៍ របស់​ពួកចោរ​អ៊ីនធ័រនែត​រុស្ស៊ី និង​គិតថា ជា​វិបសៃតិ៍ របស់​ក្រុមមន្រ្តី​គណបក្ស​សាធារណរដ្ឋ អាច​ចូល​ទៅ​សរសេរ ទាក់ទង និង​អាច​ផ្តល់​លេខសម្ងាត់ ទៅ​ឲ្យ​ក្រុមចោរ​អ៊ីនធ័រនែត​ដោយ​មិនដឹងខ្លួន។ តាមអ្នកជំនាញ ក្រុមចោរអ៊ីនធ័រនែត​រុស្ស៊ី​សំដៅ​តាមលួច​ព័ត៌មាន​ពី ក្រុម ជនណា​ដែល​មាន​ជំហរ​ប្រឆាំង​នឹង​នយោបាយ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី ទាំង​នៅក្នុង​ប្រទេស និង​នៅ​បរទេស។ ជាក់ស្តែង លោក​John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ពី​គណបក្ស​សាធារណរដ្ឋ ធ្លាប់ជាអ្នក​ប្រឆាំង រិះគន់លោក​ពូទីន​មិនសំចៃ មាត់។ការនេះ​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភថា ក្រុមចោរអ៊ីនធ័រនែត​រុស្ស៊ី មិនមែន​វាយប្រហារ​តែ​លើ​គណបក្ស​តែ​មួយ​នោះទេ ប៉ុន្តែ គឺ​គណបក្ស​អាមេរិក​ទាំងពីរ​តែម្តង។ បំណងរបស់​ចោរអ៊ីនធ័រនែត​រុស្ស៊ីដែល​រំខាន ធ្វើ​ឲ្យ​គណបក្ស​ណា​មួយ​បាក់​ចាក់ខ្សោយ គឺ​ដើម្បី ផលប្រយោជន៍​របស់​ជាតិរុស្ស៊ី​តែប៉ុណ្ណោះ។

សូមអាន៖ ចោរ​អ៊ីនធ័រនែត​លួចជា​ថ្មី​​ទន្និន័យ​ពលរដ្ឋ​​អាមេរិក​ជាង២១​លាន​នាក់​

អ្នកនាំពាក្យ​របស់​ក្រេមឡាំង លោក​Dmitry Peskov បាន​ទាត់ចោល​ការចោទប្រកាន់ និង​ថា លោកមិនយល់ទេ ថា ហេតុអ្វី បាន​ជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី មានជាប់ពាក់ព័ន្ធ​នឹង​ក្រុមចោរអ៊ីនធ័រនែតនោះ។ ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​នៅទីក្រុង​ម៉ូស្គូ អ្នកនាំពាក្យ​របស់​វិមានប្រធានាធិបតី​រុស្ស៊ី បាន​វាយបក​ថា គេ​មិនត្រូវ​និយាយ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​នោះទេ។

តាម​ក្រុមហ៊ុន​មីក្រូសូហ្វ ចោររុស្ស៊ី​វាយប្រហារ​ក្លែងបន្លំ​បង្កើតផងដែរ វិបសៃតិ៍ យក​គំរូ​តាម វិទ្យាសា្ថន Hudson ដែល​ឧស្សាហ៍​រៀបចំ​ការពិភាក្សា​ស្តីពី​សន្តិសុខ​ព័ត៌មានវិទ្យា។ នៅក្នុង​រយៈពេល​២ឆ្នាំនេះ ​ក្រុមហ៊ុននេះ ចាប់​កំណត់​បាន​វិបសៃតិ៍​ក្លែងក្លាយ​ចំនួន ៨៥ ដែល​បង្កើតឡើង​ដោយ​ក្រុមចោរអ៊ីនធ័រនែត​រុស្ស៊ី។ ក្រុមហ៊ុន​មីក្រូសូហ្វ​កំពុង​បារម្ភថា ជាមួយ​នឹង​ការប៉ុនប៉ង​មិន​ឈប់ យ៉ាងដូច្នេះ ចោរអ៊ីនធ័រនែត រុស្ស៊ី​កំពុង​គំរាមកំហែង​សន្តិសុខ និងអាច​លូកដៃ ជ្រៀតជ្រែក ក្នុង​ការបោះឆ្នោត​សភា​អាមេរិក ដូចដែល​ក្រុមនេះ​ធ្លាប់បាន​ព្យាយាម ម្តងហើយ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ