ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

ហេ្វសប៊ុក​បិទ​គណនី​រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត

media  
គេប្រើ​កែវយឹត មើល​ស្លាកសញ្ញា​ហ្វេសប៊ុក ©REUTERS/Dado Ruvic

ក្រុមហ៊ុន​ហ្វេសប៊ុក នៅថ្ងៃ​អង្គារ​ទី ២១ សីហា ​បាន​ប្រកាស​បិទ​គណនី​រាប់រយ ដែលមាន​ជាប់ទាក់ទង​ជាមួយ​ស្ថាប័ន​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ ហើយ​និង​ទីភ្នាក់ងារ​ស៊ើបការណ៍ សម្ងាត់​រុស្ស៊ី។ តាម​ស្ថាបនិក​របស់​ហ្វេសប៊ុក លោក​Mark Zuckerberg ទំព័រ​ហ្វេសប៊ុក​របស់​បុគ្គល ឬ​ជា​ក្រុម នៅ​ប្រទេស​អ៊ីរ៉ង់ និង​រុស្ស៊ី កំពុង ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ទាក់ទង​នឹង​សហរដ្ឋអាមេរិក អង់គ្លេស អាមេរិកឡាទីន ហើយ​និង​ប្រទេស​នៅ​តំបន់ដើមបូព៌ា។

 

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​អះអាងថា គេ​បាន​បិទ​ទំព័រ គណនី ជាង​៦៥០ ដែល​មាន​ប្រភព​ចេញមកពី​ប្រទេស​អ៊ីរ៉ង់ និង​ដែល​មាន​ខ្លឹមសារ​ផ្សព្វផ្សាយ សំដៅ​វាយប្រហារ​បុគ្គល រស់នៅ​តំបន់​ដើមបូព៌ា នៅ​អាមេរិក ឬ​នៅ​អង់គ្លេស។ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ចាប់អារម្មណ៍ តាមដាន ​ខ្លឹមសារ របស់​គណនី អ៊ីរ៉ង់ នៅក្រោយ​ក្រុមហ៊ុន​ឯកជន ជំនាញ​ខាង​សន្តិសុខ​ព័ត៌មានវិទ្យា​បាន​ជូនដំណឹង​ថា ទំព័រ​ហ្វេសប៊ុក ជាច្រើន ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​មួយ​ដែល​មាន​ឈ្មោះ ថា រណសិរ្ស​កាសែត​ដើម្បី​សេរីភាព។ តាម​ហ្វេសប៊ុក ក្រុម​មួយនេះ​បាន​សរសេរ​អះអាង នៅ​ទំព័រ​របស់ខ្លួន ថា ជា​ស្ថាប័ន​ឯករាជ្យ។ ប៉ុន្តែ ការស៊ើបអង្កេត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ទៅលើ​អាស័យដ្ឋាន លេខ​កុំព្យូទ័រ ហើយ​និង​ព័ត៌មាន​រដ្ឋបាល​របស់​ម្ចាស់​គណនី ហ្វេសប៊ុក បាន បង្ហាញថា ក្រុម​រណសិរ្ស​កាសែត​ដើម្បី​សេរីភាព​តាមពិត មាន​ជាប់​ទាក់ទង​យ៉ាងជិតស្និទ្ធ​ជាមួយ ស្ថាប័ន​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់។

ក្រៅតែ​ពី​បិទ​គណនី​មាន​ប្រភព​មកពី​អ៊ីរ៉ង់ ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​បាន​សហការ​ធ្វើការ​ជាមួយ​អាជ្ញាធរ​អាមេរិក បាន​ប្រកាស​ដែរ​ថា ខ្លួន​នៅ​បន្ត​បិទ​គណនីជាច្រើន​ផ្សេងទៀត ដែល​រដ្ឋាភិបាល​អាមេរិក វាយតម្លៃ ជា​គម្រោងការ​បង្កើតឡើង​ដោយ​ក្រុមស៊ើបការណ៍​សម្ងាត់​របស់​កងទ័ព​រុស្ស៊ី។ តាម​ហ្វេសប៊ុក គណនី​ដែល​បង្កើតឡើង​ក្រុមជាតិ​រុស្ស៊ី ដែល​ក្រុមហ៊ុន​បាន​បិទ​មួយរយៈពេល​ចុងក្រោយនេះ ភាគច្រើន​ផ្តោត​ទៅលើ​បញ្ហា​នៅ​ប្រទេស​ស៊ីរី ហើយ​និង​អ៊ុយក្រែន។

ប្រធាន​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ នៅ​ព្រឹទ្ធសភា​អាមេរិក លោកRichard Burr វាយតម្លៃថា យុទ្ធនាការ​ទប់ស្កាត់ ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត បាន​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់ថា ក្រុម​ជន​បរទេស បាន​យក​បណ្តាញ​សង្គម ដូចជា​ហ្វេសប៊ុក​សម្រាប់​ជា​កន្លែង សាបព្រួស ញុះញង់​ឲ្យ​មនុស្ស​ឈ្លោះគ្នា។ មួយវិញទៀត តាមរយៈ​ការស៊ើបអង្កេត ចាប់បាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក គេដឹងថា មិនមែន​មាន​តែ​រុស្ស៊ី មួយ​ទេ​ដែលបង្កើត​គណនី ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ដើម្បី​បំពុល​មតិសាធារណជន ប៉ុន្តែ ក៏​មាន​ផងដែរ​ប្រទេស​ផ្សេងទៀត ដូចជា​អ៊ីរ៉ង់។

នៅ ប៉ុន្មាន​ខែ​មកនេះ ដូចជា​បណ្តាញ​សង្គម​ផ្សេងទៀត ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បង្កើន​យុទ្ធនាការ​បិទចោល រាល់​គណនី ដែល​គេ​សង្ស័យថា មាន​គោលដៅ ផ្សព្វផ្សាយ​មិនពិត។ នៅ​ខែ​កក្កដា កន្លងទៅ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បិទ​គណនី​ជាង ៣០​ដែល​បង្កើតឡើង​ដោយ​ក្រុមដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី។

សូមអាន៖ តើ​អាមេរិក​​ប្រើ​យុទ្ធសាស្រ្ត​អ្វី​ ឆ្លើយតប​នឹង​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី?

ហ្វេសប៊ុក ដែល​បាន​រង​ការចោទ​ប្រកាន់​ថា ស្ពឹកទម្រន់ បណ្តោយ​ឲ្យ​មាន​ទំព័រ​ផ្សព្វផ្សាយ ព័ត៌មាន​មិនពិត​ទាក់ទង​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឆ្នាំ ២០១៦ ព្យាយាម​កែកំហុស កសាង​មុខមាត់​សម្រាប់​ការបោះឆ្នោត​សភាអាមេរិក ពាក់កណ្តាល​អាណត្តិ ដែល​ត្រូវធ្វើ​នៅ​ចុងឆ្នាំនេះ។ “យើងដឹងថា ឆ្នាំ ២០១៨ ជាឆ្នាំ​បោះឆ្នោត​សំខាន់” នេះ​ជា​ប្រសាសន៍​របស់​ស្ថាបនិក​ហ្វេសប៊ុក ដែល​បាន​ចាត់ទុក​យុទ្ធនាការ​ប្រឆាំង ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ថា ជារឿងអាទិភាព​របស់​ក្រុមហ៊ុន។ យ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន​ហ្វេសប៊ុក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​តែម្នាក់​ឯង​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បានទេ។ គេ​ត្រូវការ​ចាំបាច់​ជំនួយ​ពី​អាជ្ញាធរ ព្រោះថា ក្រុមខិលខូច ដែល​បង្កើត គណនី​ហ្វេសប៊ុក សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ទាំងនេះ គឺ​មាន​ផែនការ គោលដៅ ច្បាស់លាស់ ហើយ​និង​មាន​មធ្យោបាយ​ហិរញ្ញវត្ថុហូរហៀ​សម្រាប់ធ្វើ​សកម្មភាព​យូរអង្វែង។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ