ហេតុអ្វីលោកខាងលិចនៅរារែក មិនទាន់គាំទ្រមាតុភូមិនិវត្តរបស់ជនភៀសខ្លួនស៊ីរី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៧
ប្រធានាធិបតីរុស្ស៊ី នៅក្នុងអំឡុងទស្សនកិច្ចនៅ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានអំពាវនាវឲ្យសហភាពអឺរ៉ុប ចូលរួមកសាងឡើងវិញ ប្រទេសស៊ីរី។ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់របបស៊ីរី ចង់ឲ្យអឺរ៉ុបចូលរួមជាថវិកាសម្រាប់កសាងប្រទេសស៊ីរី ដើម្បី អាចទទួលជនភៀសខ្លួន ស៊ីរី ប្រមាណ ៥លាននាក់ ដែលបានរត់ភៀសខ្លួន ដោយសារសង្រ្គាមស៊ីវិល ទៅនៅប្រទេសជិតខាង ហើយមួយចំនួនបានធ្វើដំណើរផ្សងគ្រោះថ្នាក់មកសុំសិទ្ធិជ្រកកោននៅទឹកដីអឺរ៉ុប។ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់វិញ ដែលបើកចំហរនយោបាយទទួលយកជនភៀសខ្លួនស៊ីរី ច្រើនជាងគេ នៅអឺរ៉ុប បានត្រឹមតែ ឆ្លើយថា អាល្លឺម៉ង់ ត្រៀមខ្លួនជានិច្ច ជួយ ប៉ុន្តែ ជួយក្នុងរឿងមនុស្សធម៌។
ដោយមានជំនួយអន្តរាគមន៍ពីកងទ័ពរុស្ស៊ី តាំងពីឆ្នាំ ២០១៥ រដ្ឋាភិបាលស៊ីរីរបស់លោកបាស្ហា អាល់អាសាដ បានវាយដណ្តើម គ្រប់គ្រងបានមកវិញ ទឹកដី ២ភាគបី របស់ស៊ីរី។ វាយបណ្តេញ ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម និងវាយឈ្នះលើក្រុមឧទ្ទាមស៊ីរីដើម្បី ដណ្តើមទឹកដីបានមកវិញមែន ប៉ុន្តែរដ្ឋាភិបាលស៊ីរី កំពុងប្រឈមនឹងការលំបាកមួយ នោះ គឺ ទីក្រុងភាគច្រើនដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្រ្គាម បានក្លាយជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅ។
សង្រ្គាមស៊ីរី រយៈពេល ៧ឆ្នាំ មកនេះ បានធ្វើឲ្យប្រជាជនស៊ីរី ជាង ៥លាននាក់ (ក្នុងចំណោមប្រជាជនសរុប ១៨លាននាក់ នៅឆ្នាំ ២០១៧) ភៀសខ្លួន រត់ចាកចោលភូមិស្រុក ទៅជ្រកកោន នៅប្រទេសជិតខាង។ ប្រជាជនស៊ីរី មួយលាននាក់ កំពុងរស់នៅប្រទេសហ្សកដានី។ ១លាននាក់ផ្សេងទៀត នៅ លីបង់ និង៣លាននាក់ នៅក្នុងជំរំជនភៀសខ្លួន នៅប្រទេសតួកគី។
នៅពេលការកសាងឡើងវិញ ស៊ីរី មានជាប់ពាក់ព័ន្ធនឹងការវិលត្រលប់របស់ជនភៀសខ្លួនស៊ីរី
រុស្ស៊ីដែលបានធ្វើអន្តរាគមន៍យោធា ជួយរដ្ឋាភិបាលស៊ីរី តាំងពីឆ្នាំ ២០១៥បានប្រកូកប្រកាសស្រែករកជំនួយអន្តរជាតិសម្រាប់កសាងឡើងវិញ ប្រទេសស៊ីរី ដែលជាសម្ព័ន្ធមិត្ត។
ធនាគារពិភពលោកធ្លាប់បានវាយតម្លៃថា ដើម្បីកសាងឡើងវិញ ទីក្រុងអាឡិប ឬទីក្រុងហូម ដែលធ្លាប់ជាសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នារវាងកងទ័ពរដ្ឋាភិបាលស៊ីរី ហើយនិងពួកឧទ្ទាម ឬក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម គេត្រូវការថវិកាពី ២០០ពាន់លាន ទៅ ៣៥០ពាន់លានដុល្លារ ព្រោះទីក្រុងទាំងពីរនេះ ត្រូវខូចខ្ទេចខ្ទាំទាំងស្រុង។
នៅប្រទេសអាល្លឺម៉ង់ នៅពេលប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន អំពាវនាវឲ្យអឺរ៉ុបចូលរួម កសាងស្តារឡើងវិញ ប្រទេសស៊ីរី និងជួយប្រតិបត្តិការធ្វើមាតុភូមិនិវត្តជនជាតិស៊ីរី នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ឯណោះវិញ បានត្រឹមតែនិយាយថា នឹងបន្តជួយផ្នែកមនុស្សធម៌។ រុស្ស៊ី ចង់ឲ្យអឺរ៉ុប ដែលនៅក្នុងនោះមានផងដែរ អាល្លឺម៉ង់ ជួយធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនស៊ីរី ប៉ុន្តែ អាល្លឺម៉ង់ បែរឆ្លើយថា នឹងជួយផ្នែកមនុស្សធម៌ទៅវិញ។ ហេតុអ្វីបានជាអាល្លឺម៉ង់ ឆ្លើយព្រងើយ មិនទៅតាមការចង់បានរបស់រុស្ស៊ី?
នៅប៉ុន្មានសប្តាហ៍នេះ រុស្ស៊ីបានសម្រុកនយោបាយការទូតខ្លាំងណាស់ដើម្បីជំរុញឲ្យមានការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនស៊ីរី ត្រលប់ទៅប្រទេសស៊ីរីវិញ។ ការវិលត្រលប់របស់ជនភៀសខ្លួនស៊ីរី ជានុយ ដែលផ្តល់ប្រយោជន៍សំខាន់ណាស់ដល់រុស្ស៊ី និងម្ចាស់សាមីខ្លួន គឺរដ្ឋាភិបាលស៊ីរី។ មាតុភូមិនិវត្តរបស់ជនភៀសខ្លួនស៊ីរី នឹងជួយឲ្យទីក្រុងម៉ូស្គូ បញ្ជាក់ភាពស្របច្បាប់ របស់រដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ នៅបន្ទាប់ពីវាយកម្ចាត់ គ្មានសល់ ក្រុមប្រឆាំងស៊ីរី។
ម្យ៉ាងទៀត មាតុភូមិនិវត្តជនភៀសខ្លួនស៊ីរី អាចជាទំនិញ ដែលទាក់ទាញបាន អតិថិជនច្រើន នៅអឺរ៉ុប ដែលកំពុងប្រឈមនឹងវិបត្តិជនអន្តោប្រវេសន៍។ រឿងជំរុញ ឲ្យជនភៀសខ្លួនត្រលប់ចូលស្រុកកំណើតវិញ នឹងអាចធ្វើឲ្យអ្នកនយោបាយអឺរ៉ុប មួយចំនួន ជាពិសេសក្រុមស្តាំនិយមជ្រុល ចាប់អារម្មណ៍ ព្រោះថា ក្រុមនេះមិនស្វាគមចង់ទទួល ជនភៀសខ្លួននៅទេ។ ក្រុមនេះអាចនឹងលេសរឿងមាតុភូមិនិវត្តរបស់ជនភៀសខ្លួនស៊ីរីទៅប្រើ ដើម្បីទាញផលប្រយោជន៍នយោបាយក្នុងស្រុករបស់ខ្លួនក៏អាចថា បាន។ គឺអាចដោយសារហេតុផលនេះហើយ បានជាប្រធានាធិបតីរុស្ស៊ី លើកនិយាយពីបញ្ហាជនភៀសខ្លួន នៅក្នុងទឹកដីអាល្លឺម៉ង់។
ប៉ុន្តែ ហេតុអ្វីបានសហភាពអឺរ៉ុប ជាពិសេសអាល្លឺម៉ង់តែម្តង ដែលទទួលជនភៀសខ្លួនស៊ីរី រាប់ម៉ឺននាក់ គឺច្រើនជាងគេ នៅអឺរ៉ុប បែរជាឆ្លើយភ្លាម គាំទ្រគម្រោងការរបស់រុស្ស៊ី ដែលចង់ឲ្យជនភៀសខ្លួនស៊ីរីត្រលប់ចូលប្រទេសវិញ?
បើសិនគេចូលរួមជាមួយរុស្ស៊ី នោះមានន័យថា គេទទួលស្គាល់ភាពស្របច្បាប់រដ្ឋាភិបាលស៊ីរី
ប្រទេសលោកខាងលិច នាំមុខដោយអាមេរិក បារាំង និងអាល្លឺម៉ង់ ធ្លាប់បានបរិហារ រិះគន់ រដ្ឋាភិបាលលោកបាស្ហា អាល់អាសាដ ដែលត្រូវបានគេចោទថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម សម្លាប់ប្រជាជនស៊ីវិល ដោយការប្រើប្រាស់អាវុធគីមី។ នៅក្នុងការចរចាដើម្បីសន្តិភាពនៅស៊ីរី បណ្តាប្រទេសអឺរ៉ុប គាំទ្រគំនិត ដែលចង់ឲ្យលោកប្រធានាធិបតីស៊ីរី ចុះចេញពីតំណែង។ ប៉ុន្តែ ជាការប៉ុនប៉ងមិនបានសម្រេច ព្រោះថា លោកបាស្ហា អាល់អាសាដ នៅតែជាគ្រប់គ្រងអំណាច ដោយគ្មានរង្គោះរង្គើដោយសារមានជំនួយការពារពីរុស្ស៊ី។
បើសិនអឺរ៉ុប នៅពេលនេះ បែរជាត្រលប់ទៅ ជួយកសាងស្តារឡើងវិញប្រទេសស៊ីរី នោះមានន័យថា គេសុខចិត្ត យល់ព្រមទទួលស្គាល់ថា អន្តរាគមន៍យោធារបស់រុស្ស៊ី នៅស៊ីរីជារឿងត្រឹមត្រូវ ហើយ រដ្ឋអំណាចរបស់លោកប្រធានាធិបតីស៊ីរីផ្ទាល់ ក៏ស្របច្បាប់ទៀត។
បើសិនអឺរ៉ុបគាំទ្រការវិលត្រលប់របស់ជនភៀសខ្លួន និងជួយកសាងប្រទេសស៊ីរី នោះមានន័យថា គេទទួលស្គាល់ថា អ្វីដែលរដ្ឋាភិបាលស៊ីរីធ្វើសុទ្ធជារឿងត្រឹមត្រូវ ទាំងការប្រើអាវុធគីមីសម្លាប់មនុស្ស ហើយនិងការសម្លាប់រង្គាលទៅលើក្រុមប្រឆាំង។ មួយវិញទៀត ដោយចូលរួមកសាងប្រទេសស៊ីរី ទទួលស្គាល់ រដ្ឋាភិបាលលោកបាស្ហា អាល់អាសាដ គេត្រូវតែបោះបង់ចោលក្រុមប្រឆាំងស៊ីរី។ កន្លងមក ទាំងសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនៅអឺរ៉ុបបានចេញមុខការពារ បុព្វហេតុរបស់ក្រុមប្រឆាំងស៊ីរី ព្រោះតែយល់ថា ក្រុមនេះធ្លាប់បានរងការធ្វើទុក្ខបុកម្នេញ ដោយអយុត្តិធម៌ និងហិង្សា ពីរដ្ឋអំណាចស៊ីរី។
ចំនុចវិជ្ជមានសំខាន់ មួយ ដែលអឺរ៉ុបអាចទទួលបាន បើសិនអឺរ៉ុប ចូលរួមជួយធ្វើមាតុភូមិនិវិត្តជនភៀសខ្លួនស៊ីរី គឺការកាត់បន្ថយលំហូរជនភៀសខ្លួន ដែលជាដើមចមនៃការខ្វែងគំនិតគ្នារវាងសមាជិកសហភាពអឺរ៉ុប។
ប៉ុន្តែ បើសិនអឺរ៉ុបមិនចូលរួមជាមួយរុស្ស៊ីដើម្បីធ្វើមាតុភូមិនិវត្តជនភៀសខ្លួន ព្រោះតែអឺរ៉ុបនៅប្រកាន់ជំហរម៉ឺងម៉ាត់ មិនទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់របស់លោកបាស្ហា អាល់អាសាដ នោះ វិបត្តិជនភៀសខ្លួន នៅតែមាន នៅអឺរ៉ុប។ អឺរ៉ុបនឹងត្រូវបន្តចំណាយថវិកា រាប់ពាន់លានអឺរ៉ូដើម្បីផ្តល់ទៅឲ្យរដ្ឋាភិបាល តួកគី សម្រាប់ចាត់ចែង គ្រប់គ្រង ជនភៀសខ្លួនស៊ីរី មិនឲ្យធ្វើដំណើរមកទឹកដីអឺរ៉ុប។ ចំណែកអង្គការសហប្រជាជាតិ ត្រូវបន្តរកលុយជួយជនភៀសខ្លួន ស៊ីរី ដែលកំពុង ជាប់កុន នៅក្នុងប្រទេសលីបង់ ហ្សកដានី និងតួកគី។
ម្យ៉ាងទៀត ដោយមិនចូលរួមជួយកសាងស្តារឡើងវិញ ប្រទេសស៊ីរី អឺរ៉ុប និងសហគមន៍អន្តរជាតិនឹងនៅតែត្រាំត្រែង ជាមួយ ក្រុមប្រឆាំងស៊ីរី ដែលនឹងមិនងាយនឹងចង់បញ្ចប់សង្រ្គាមជាមួយ រដ្ឋាភិបាលស៊ីរី។ គ្មានការជួយជ្រោមជ្រែង ឲ្យវិលត្រលប់ទៅប្រទេសកំណើតវិញ ប្រជាជនស៊ីរីនៅតែបន្តរស់នៅ ក្នុងនាមជាជនភៀសខ្លួន គ្មានអនាគត និងគ្មានគេស្វាគម ព្រោះថា អឺរ៉ុបក៏ចាប់ផ្តើមបិទទ្វារ នៅពេលប្រជាជនម្ចាស់ស្រុក លីបង់ ឬតួកគី ជាដើម កំពុងច្រណែន និងរើសអើង លែងចង់ឲ្យនៅជ្រកកោនតទៅទៀត។
ប្រជាជនស៊ីរីផ្ទាល់ក៏មិនទាន់ចង់ត្រលប់ទៅវិញ
សម្រាប់ប្រជាជនភៀសខ្លួនស៊ីរី ទោះជារដ្ឋាភិបាល វាយដណ្តើមយកមកគ្រប់គ្រងទឹកដី ២ភាគបីរបស់ស៊ីរី ប៉ុន្តែ ស៊ីរី នៅមិនទាន់ជាកន្លែងដែលគេចង់ត្រលប់ទៅរស់នៅ នៅពេលនេះទេ។ គ្មានហេដ្ឋារចនាសម្ព័ន្ធ ដែលបំផ្លាញសឹងទាំងស្រុង ដោយសារការប្រយុទ្ធគ្នារវាងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាម រួចហើយ ស៊ីរី នៅតែមិនទាន់អាចធានាសន្តិសុខបាននៅឡើយ។ មីនមានសឹងគ្រប់កន្លែង នៅតាមទីក្រុង ភូមិ ដែលធ្លាប់ជាសមរភូមិប្រយុទ្ធគ្នា។
នេះគេនៅមិនទាន់និយាយពីសេដ្ឋកិច្ចរបស់ស៊ីរី ដែលត្រូវបំផ្លាញខូចខាតដ៏ធ្ងន់ធ្ងរ ដោយសារសង្រ្គាម ហើយនិងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ យុវជនស៊ីរីភាគច្រើនវិញ មិនទាន់ហ៊ានត្រលប់ទៅស៊ីរី ទៅតាមការអំពាវនាវរបស់រដ្ឋាភិបាលស៊ីរី ដោយសារតែគេខ្លាច ការចាប់រើសបញ្ចូលឲ្យធ្វើទាហាន ឬក៏ខ្លាចត្រូវទាហានរដ្ឋាភិបាលចាប់ខ្លួន និងចោទថា មានជាប់ពាក់ព័ន្ធ ជួយក្រុមប្រឆាំង។ រដ្ឋាភិបាលស៊ីរី វាយដណ្តើមគ្រប់គ្រងទឹកដី២ភាគ៣របស់ស៊ីរី ប៉ុន្តែ មុខរបស់មេដឹកនាំរដ្ឋាភិបាលស៊ីរី នៅតែមានដដែល គឺលោកបាស្ហា អាល់អាសាដ ដែលព្យាយាម ការពារអំណាច មិនឲ្យធ្លាក់ទៅក្នុងដៃរបស់ក្រុមប្រឆាំង បើទោះបីជានយោបាយរបស់លោកធ្វើឲ្យផ្ទុះកើតសង្រ្គាម រហូតសម្លាប់មនុស្សដល់ទៅ ជិត៤សែននាក់ក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ