អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​រុស្ស៊ី នៅក្នុង​អំឡុង​ទស្សនកិច្ច​នៅ ប្រទេស​អាល្លឺម៉ង់​ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន បានអំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ចូលរួម​កសាង​ឡើងវិញ ប្រទេស​ស៊ីរី។ រុស្ស៊ី ដែល​ជាសម្ព័ន្ធមិត្ត​របស់​របបស៊ីរី ចង់​ឲ្យ​អឺរ៉ុប​ចូលរួម​ជា​ថវិកា​សម្រាប់​កសាង​ប្រទេស​ស៊ីរី ដើម្បី អាច​ទទួល​ជនភៀសខ្លួន ស៊ីរី ប្រមាណ ៥លាន​នាក់ ដែល​បាន​រត់ភៀសខ្លួន​ ដោយសារ​សង្រ្គាម​ស៊ីវិល ទៅ​នៅ​ប្រទេស​ជិតខាង ហើយ​មួយចំនួន​បាន​ធ្វើដំណើរ​ផ្សងគ្រោះថ្នាក់​មកសុំ​សិទ្ធិជ្រកកោន​នៅទឹកដីអឺរ៉ុប។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់វិញ ដែល​បើកចំហរ​នយោបាយ​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី ច្រើន​ជាងគេ នៅ​អឺរ៉ុប បាន​ត្រឹម​តែ ឆ្លើយថា អាល្លឺម៉ង់ ត្រៀមខ្លួន​ជានិច្ច ជួយ ប៉ុន្តែ ជួយ​ក្នុង​រឿងមនុស្សធម៌។ 

ជនភៀសខ្លួន​ស៊ីរី ធ្វើ​ដំណើរ​ចេញពី​ក្រុង​Arsal​របស់​ប្រទេស​លីបង់ ដើម្បី​ធ្វើដំណើរ​ត្រលប់ចូល​ទៅ​ទឹកដី​ស៊ីរីវិញ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើមាតុភូមិនិវត្ត​ដែល​រៀបចំ​ដោយ​ប្រទេស​រុស្ស៊ី ខែ​មិថុនា ២០១៨
ជនភៀសខ្លួន​ស៊ីរី ធ្វើ​ដំណើរ​ចេញពី​ក្រុង​Arsal​របស់​ប្រទេស​លីបង់ ដើម្បី​ធ្វើដំណើរ​ត្រលប់ចូល​ទៅ​ទឹកដី​ស៊ីរីវិញ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើមាតុភូមិនិវត្ត​ដែល​រៀបចំ​ដោយ​ប្រទេស​រុស្ស៊ី ខែ​មិថុនា ២០១៨ ©REUTERS/Mohamed Azakir/File Photo
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ជំនួយ​អន្តរាគមន៍​ពី​កងទ័ព​រុស្ស៊ី តាំង​ពី​ឆ្នាំ ២០១៥ រដ្ឋាភិបាល​ស៊ីរី​របស់​លោក​បាស្ហា អាល់អាសាដ បាន​វាយ​ដណ្តើម គ្រប់គ្រង​បាន​មក​វិញ ទឹកដី ២ភាគបី របស់​ស៊ីរី។ វាយបណ្តេញ ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​វាយឈ្នះ​លើ​ក្រុមឧទ្ទាម​ស៊ីរី​ដើម្បី ដណ្តើម​ទឹកដី​បាន​មកវិញ​មែន ប៉ុន្តែ​រដ្ឋាភិបាល​ស៊ីរី កំពុង​ប្រឈម​នឹង​ការលំបាក​មួយ នោះ គឺ​ ទីក្រុង​ភាគច្រើន​ដែល​ត្រូវ​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​សង្រ្គាម បាន​ក្លាយ​ជា​ទីក្រុងខ្មោច គ្មាន​មនុស្ស​រស់នៅ។

សង្រ្គាម​ស៊ីរី រយៈពេល ៧ឆ្នាំ មកនេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី ជាង ៥លាននាក់ (ក្នុង​ចំណោម​ប្រជាជន​សរុប ១៨លាន​នាក់ នៅឆ្នាំ ២០១៧) ភៀសខ្លួន រត់​ចាកចោល​ភូមិស្រុក ទៅជ្រកកោន នៅ​ប្រទេស​ជិតខាង។ ប្រជាជន​ស៊ីរី មួយ​លាន​នាក់ កំពុង​រស់នៅ​ប្រទេស​ហ្សកដានី។ ១លាន​នាក់​ផ្សេងទៀត នៅ លីបង់ និង​៣​លាន​នាក់ នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន នៅ​ប្រទេស​តួកគី។

នៅពេល​ការកសាង​ឡើងវិញ ស៊ីរី មានជាប់ពាក់ព័ន្ធ​នឹង​ការវិលត្រលប់​របស់​ជនភៀសខ្លួន​ស៊ីរី

រុស្ស៊ី​ដែល​បាន​ធ្វើ​អន្តរាគមន៍​យោធា ជួយ​រដ្ឋាភិបាល​ស៊ីរី តាំង​ពី​ឆ្នាំ ២០១៥​បាន​ប្រកូកប្រកាស​ស្រែក​រកជំនួយ​អន្តរជាតិ​សម្រាប់​កសាង​ឡើង​វិញ ប្រទេស​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត។

ធនាគារ​ពិភពលោក​ធ្លាប់បាន​វាយតម្លៃថា ដើម្បី​កសាង​ឡើងវិញ ទីក្រុង​អាឡិប ឬ​ទីក្រុង​ហូម ដែល​ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ហើយ​និង​ពួកឧទ្ទាម ឬ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម គេ​ត្រូវ​ការ​ថវិកា​ពី ២០០​ពាន់​លាន ទៅ ៣៥០​ពាន់​លាន​ដុល្លារ ព្រោះ​ទីក្រុង​ទាំងពីរ​នេះ ត្រូវ​ខូចខ្ទេចខ្ទាំទាំងស្រុង។

នៅ​ប្រទេស​អាល្លឺម៉ង់ នៅ​ពេល​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន អំពាវនាវ​ឲ្យ​អឺរ៉ុប​ចូលរួម កសាង​ស្តារឡើង​វិញ ប្រទេស​ស៊ីរី និងជួយ​ប្រតិបត្តិការ​ធ្វើ​មាតុភូមិ​និវត្ត​ជនជាតិ​ស៊ីរី  នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ឯណោះវិញ បាន​ត្រឹម​តែ​និយាយ​ថា នឹង​បន្ត​ជួយ​ផ្នែក​មនុស្សធម៌។ រុស្ស៊ី ចង់​ឲ្យ​អឺរ៉ុប ដែលនៅក្នុង​នោះ​មានផងដែរ អាល្លឺម៉ង់ ជួយ​ធ្វើ​មាតុភូមិនិវត្តន៍ ជនភៀសខ្លួន​ស៊ីរី ប៉ុន្តែ អាល្លឺម៉ង់ បែរ​ឆ្លើយថា នឹងជួយ​ផ្នែក​មនុស្សធម៌​ទៅវិញ។ ហេតុអ្វី​បាន​ជា​អាល្លឺម៉ង់ ឆ្លើយ​ព្រងើយ មិន​ទៅ​តាម​ការចង់បាន​របស់​រុស្ស៊ី?

នៅ​ប៉ុន្មាន​សប្តាហ៍​នេះ រុស្ស៊ី​បាន​សម្រុក​នយោបាយ​ការទូត​ខ្លាំងណាស់​ដើម្បី​ជំរុញ​ឲ្យ​មាន​ការធ្វើ​មាតុភូមិនិវត្ត​ជនភៀសខ្លួន​ស៊ីរី ត្រលប់ទៅ​ប្រទេស​ស៊ីរី​វិញ។ ការវិលត្រលប់​របស់​ជនភៀសខ្លួន​ស៊ីរី ជា​នុយ ដែល​ផ្តល់​ប្រយោជន៍​សំខាន់​ណាស់​ដល់​រុស្ស៊ី​ និង​ម្ចាស់សាមីខ្លួន គឺ​រដ្ឋាភិបាល​ស៊ីរី។ មាតុភូមិនិវត្ត​របស់​ជនភៀសខ្លួន​ស៊ីរី នឹង​ជួយ​ឲ្យ​ទីក្រុង​ម៉ូស្គូ បញ្ជាក់​​ភាពស្របច្បាប់ របស់​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ នៅបន្ទាប់ពី​វាយកម្ចាត់ គ្មាន​សល់ ក្រុមប្រឆាំង​ស៊ីរី។

ម្យ៉ាងទៀត មាតុភូមិនិវត្ត​ជនភៀសខ្លួន​ស៊ីរី អាច​ជា​ទំនិញ ដែល​ទាក់ទាញ​បាន​ អតិថិជន​ច្រើន នៅ​អឺរ៉ុប ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ជន​អន្តោប្រវេសន៍។ រឿង​ជំរុញ ឲ្យ​ជនភៀសខ្លួន​ត្រលប់​ចូល​ស្រុកកំណើត​វិញ នឹង​អាចធ្វើ​ឲ្យ​អ្នកនយោបាយ​អឺរ៉ុប មួយចំនួន ជាពិសេស​ក្រុមស្តាំនិយមជ្រុល ចាប់អារម្មណ៍ ព្រោះថា ក្រុមនេះ​​មិន​ស្វាគម​ចង់ទទួល​ ជនភៀសខ្លួន​នៅទេ។ ក្រុមនេះ​អាច​នឹង​លេស​រឿងមាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី​ទៅ​ប្រើ ដើម្បី​ទាញ​ផល​ប្រយោជន៍​នយោបាយ​ក្នុង​ស្រុករបស់ខ្លួន​ក៏អាច​ថា បាន។ គឺ​អាច​ដោយសារ​ហេតុផលនេះហើយ បាន​ជា​ប្រធានាធិបតី​រុស្ស៊ី លើក​និយាយ​ពី​បញ្ហា​ជនភៀសខ្លួន នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់។

ប៉ុន្តែ ហេតុអ្វី​បាន​សហភាពអឺរ៉ុប​ ជាពិសេស​អាល្លឺម៉ង់​តែម្តង ដែល​ទទួល​ជនភៀសខ្លួន​ស៊ីរី រាប់​ម៉ឺននាក់ គឺ​ច្រើន​ជាងគេ នៅ​អឺរ៉ុប បែរ​ជា​ឆ្លើយភ្លាម គាំទ្រ​គម្រោងការ​របស់​រុស្ស៊ី ដែល​ចង់​ឲ្យ​ជនភៀសខ្លួន​ស៊ីរី​ត្រលប់​ចូល​ប្រទេស​វិញ?

បើសិន​គេ​ចូលរួម​ជាមួយរុស្ស៊ី នោះ​មានន័យ​ថា គេ​ទទួល​ស្គាល់​ភាពស្របច្បាប់​រដ្ឋាភិបាល​ស៊ីរី

ប្រទេស​លោក​ខាងលិច នាំមុខ​ដោយ​អាមេរិក បារាំង និង​អាល្លឺម៉ង់ ធ្លាប់​បាន​បរិហារ រិះគន់ រដ្ឋាភិបាល​លោកបាស្ហា អាល់អាសាដ ដែលត្រូវ​បានគេ​ចោទ​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម សម្លាប់​ប្រជាជន​ស៊ីវិល ដោយ​ការប្រើប្រាស់​អាវុធ​គីមី។ នៅក្នុង​ការចរចា​ដើម្បី​សន្តិភាព​នៅ​ស៊ីរី បណ្តា​ប្រទេស​អឺរ៉ុប គាំទ្រ​គំនិត ដែល​ចង់​ឲ្យ​លោក​ប្រធានាធិបតី​ស៊ីរី ចុះចេញ​ពី​តំណែង។ ប៉ុន្តែ ជា​ការប៉ុនប៉ង​មិន​បាន​សម្រេច ព្រោះថា លោក​បាស្ហា អាល់អាសាដ នៅតែ​ជា​គ្រប់គ្រង​អំណាច ដោយ​គ្មានរង្គោះរង្គើ​ដោយសារ​មានជំនួយ​ការពារ​ពី​រុស្ស៊ី។

បើសិន​អឺរ៉ុប នៅ​ពេលនេះ បែរ​ជាត្រលប់ទៅ ជួយ​កសាង​ស្តារឡើង​វិញ​ប្រទេស​ស៊ីរី នោះមានន័យថា គេ​សុខចិត្ត យល់ព្រម​ទទួល​ស្គាល់​ថា អន្តរាគមន៍​យោធា​របស់​រុស្ស៊ី នៅស៊ីរី​ជា​រឿងត្រឹមត្រូវ ហើយ​ រដ្ឋអំណាច​​​របស់​លោកប្រធានាធិបតី​ស៊ីរី​ផ្ទាល់ ក៏ស្របច្បាប់​ទៀត។

បើសិន​អឺរ៉ុប​គាំទ្រ​ការវិលត្រលប់​របស់ជនភៀសខ្លួន និង​ជួយ​កសាង​ប្រទេស​ស៊ីរី នោះមានន័យថា គេ​ទទួល​ស្គាល់​ថា អ្វី​ដែល​រដ្ឋាភិបាល​ស៊ីរី​ធ្វើ​សុទ្ធ​ជា​រឿងត្រឹមត្រូវ ទាំង​ការប្រើអាវុធ​គីមី​សម្លាប់​មនុស្ស ហើយ​និង​ការសម្លាប់​រង្គាល​ទៅលើ​ក្រុមប្រឆាំង។ មួយវិញទៀត ដោយ​ចូលរួម​កសាង​ប្រទេស​ស៊ីរី​ ទទួល​ស្គាល់​ ​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ គេត្រូវ​តែ​​បោះបង់​​ចោល​ក្រុមប្រឆាំងស៊ីរី។ កន្លងមក ទាំង​សហរដ្ឋអាមេរិក អង្គការ​សហប្រជាជាតិ និង​បណ្តាប្រទេស​នៅអឺរ៉ុប​បាន​ចេញមុខ​ការពារ បុព្វហេតុ​របស់​ក្រុមប្រឆាំង​ស៊ីរី ព្រោះ​តែ​យល់ថា ក្រុមនេះ​ធ្លាប់​បាន​រង​ការធ្វើទុក្ខ​បុកម្នេញ ដោយ​អយុត្តិធម៌ និង​ហិង្សា ពី​រដ្ឋអំណាច​ស៊ីរី។

ចំនុចវិជ្ជមាន​សំខាន់ មួយ ដែល​អឺរ៉ុប​អាច​ទទួល​បាន បើសិន​អឺរ៉ុប ចូលរួម​ជួយ​ធ្វើ​មាតុភូមិនិវិត្ត​ជនភៀសខ្លួន​ស៊ីរី គឺ​ការកាត់បន្ថយ​លំហូរ​ជនភៀសខ្លួន ដែល​ជា​ដើមចម​នៃ​ការខ្វែងគំនិត​គ្នា​រវាង​សមាជិកសហភាពអឺរ៉ុប។

ប៉ុន្តែ បើសិន​អឺរ៉ុប​មិនចូលរួម​ជាមួយ​រុស្ស៊ី​ដើម្បី​ធ្វើ​មាតុភូមិនិវត្ត​ជនភៀសខ្លួន ព្រោះតែ​អឺរ៉ុប​នៅ​ប្រកាន់ជំហរ​ម៉ឺងម៉ាត់ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកបាស្ហា អាល់អាសាដ នោះ វិបត្តិ​ជនភៀសខ្លួន នៅតែ​មាន នៅអឺរ៉ុប។ អឺរ៉ុប​នឹង​ត្រូវ​បន្ត​ចំណាយ​ថវិកា រាប់ពាន់​លាន​អឺរ៉ូ​ដើម្បី​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល តួកគី សម្រាប់​ចាត់ចែង គ្រប់គ្រង ជនភៀសខ្លួនស៊ីរី មិន​ឲ្យ​ធ្វើដំណើរ​មក​ទឹកដី​អឺរ៉ុប។ ចំណែក​អង្គការ​សហប្រជាជាតិ ត្រូវ​បន្ត​រកលុយ​ជួយ​ជនភៀសខ្លួន ស៊ីរី ដែល​កំពុង ជាប់កុន នៅក្នុង​ប្រទេស​លីបង់ ហ្សកដានី និង​តួកគី។

ម្យ៉ាងទៀត ដោយ​មិនចូលរួម​​ជួយ​កសាង​ស្តារឡើងវិញ ប្រទេស​ស៊ីរី អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​នឹង​នៅ​តែត្រាំត្រែង ជាមួយ ក្រុមប្រឆាំង​ស៊ីរី ដែល​នឹង​មិនងាយ​នឹង​ចង់​បញ្ចប់​សង្រ្គាម​ជាមួយ រដ្ឋាភិបាល​ស៊ីរី។ គ្មាន​ការជួយជ្រោមជ្រែង ឲ្យ​វិលត្រលប់​ទៅប្រទេស​កំណើតវិញ ប្រជាជន​ស៊ីរី​នៅតែ​បន្ត​រស់នៅ ក្នុង​នាម​ជា​ជនភៀសខ្លួន គ្មាន​អនាគត និង​គ្មាន​គេ​ស្វាគម ព្រោះថា អឺរ៉ុប​ក៏​ចាប់ផ្តើម​បិទទ្វារ នៅពេល​ប្រជាជន​ម្ចាស់​ស្រុក លីបង់ ឬ​តួកគី ជាដើម កំពុងច្រណែន និង​រើសអើង លែង​ចង់​ឲ្យ​នៅជ្រកកោន​តទៅទៀត។

ប្រជាជន​ស៊ីរី​ផ្ទាល់​ក៏​មិន​ទាន់​ចង់​ត្រលប់​ទៅវិញ

សម្រាប់​ប្រជាជន​ភៀសខ្លួន​ស៊ីរី ទោះ​ជា​រដ្ឋាភិបាល​ វាយដណ្តើម​យកមក​គ្រប់គ្រង​ទឹកដី ២ភាគបី​របស់​ស៊ីរី ប៉ុន្តែ ស៊ីរី នៅមិនទាន់​ជា​កន្លែង​ដែល​គេ​ចង់​ត្រលប់​ទៅរស់នៅ នៅពេលនេះ​ទេ។ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បំផ្លាញ​សឹងទាំងស្រុង ដោយសារ​ការប្រយុទ្ធគ្នា​រវាង​ទ័ព​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម រួចហើយ ស៊ីរី នៅ​តែ​មិនទាន់​អាច​ធានា​សន្តិសុខ​បាននៅឡើយ។ មីន​មាន​សឹង​គ្រប់កន្លែង នៅ​តាម​ទីក្រុង ភូមិ ដែល​ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធគ្នា។

នេះ​គេនៅមិនទាន់​និយាយ​ពី​សេដ្ឋកិច្ច​របស់​ស៊ីរី ដែល​ត្រូវ​បំផ្លាញ​ខូចខាត​ដ៏ធ្ងន់ធ្ងរ ដោយសារ​សង្រ្គាម ហើយ​និង​ការដាក់ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។ យុវជន​ស៊ីរី​ភាគច្រើនវិញ មិនទាន់​ហ៊ាន​ត្រលប់​ទៅ​ស៊ីរី ទៅតាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល​ស៊ីរី ដោយសារ​តែ​គេ​ខ្លាច ការចាប់រើស​បញ្ចូល​ឲ្យ​ធ្វើ​ទាហាន ឬ​ក៏​ខ្លាច​ត្រូវ​ទាហាន​រដ្ឋាភិបាល​ចាប់ខ្លួន និង​ចោទថា មានជាប់ពាក់ព័ន្ធ ជួយ​ក្រុមប្រឆាំង។ រដ្ឋាភិបាល​ស៊ីរី វាយដណ្តើម​គ្រប់គ្រង​ទឹកដី​២ភាគ៣​របស់​ស៊ីរី ប៉ុន្តែ មុខរបស់​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីរី នៅតែ​មាន​ដដែល គឺ​លោកបាស្ហា អាល់អាសាដ ដែល​ព្យាយាម ការពារ​អំណាច មិន​ឲ្យ​ធ្លាក់ទៅក្នុង​ដៃ​របស់​ក្រុមប្រឆាំង បើទោះបី​ជា​នយោបាយ​របស់លោក​ធ្វើ​ឲ្យ​ផ្ទុះកើតសង្រ្គាម រហូត​សម្លាប់​មនុស្ស​ដល់ទៅ ជិត​៤សែននាក់​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ