អានតួអត្ថបទ
អាល្លឺម៉ង់-អូតង់-រុស្ស៊ី

អាល្លឺម៉ង់​បន្លាយ​ពេល​សម្រាប់​រដ្ឋហ្សកហ្ស៊ី​អាច​ចូល​ក្នុង​បក្សសម្ព័ន្ធ​អូតង់

ថ្ងៃសុក្រ ២៤ សីហា លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ អង់ហ្កឺឡា មែរកិល បានញែកឲ្យទៅ ឆ្ងាយ ពេលសម្រាប់ទទួលរដ្ឋហ្សកហ្ស៊ី ចូលជាសមាជិកអូតង់។ កាលពីឆ្នាំ ២០០៨ ពួកអ្នកមុខអ្នកការ អូតង់ បានសន្យាថា ក្នុងថ្ងៃណាមួយ អតីតសាធារណរដ្ឋសូវៀតនេះ អាចភ្ជាប់ខ្លួន មកនឹង បក្សសម្ព័ន្ធនេះ។

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Merkel និង​សមភាគី​ហ្សកហ្ស៊ី​លោកBakhtadze ថ្ងៃទី២៤ សីហា ២០១៨
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Merkel និង​សមភាគី​ហ្សកហ្ស៊ី​លោកBakhtadze ថ្ងៃទី២៤ សីហា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

” ខ្ញុំមិនយល់ថា ហ្សកហ្ស៊ី ត្រូវតែក្លាយយ៉ាងលឿនជា សមាជិកអូតង់ឡើយ នេះជាគោលជំហរ អាល្លឺម៉ង់” លោកស្រី មែរកិល បានថ្លែងថ្ងៃ ២៤ សីហា នៅពីមុខពួកនិស្សិតនៃសាកលវិទ្យាល័យក្រុង Tbilissi រដ្ឋធានីប្រទេសនេះ ដែលស្ថិតនៅតំបន់ភ្នំកូកាសខាងត្បូង។ គាត់បន្ថែមថា ដំណើររឿងនឹងវិវឌ្ឍ ទៅ គឺតាម​លំដាប់លំដោយ។ ចំណែកអាជ្ញាធរហ្សកហ្ស៊ី ចុចទុកជាគោលដៅឥតប្រែប្រួល គឺ ធ្វើឲ្យរដ្ឋខ្លួន បានចូលជា សមាជិកអួតង់ផង សហភាពអឺរ៉ុបផង។ ក្នុងជំនួបកំពូលអូតង់នៅក្រុង Bucarest ឆ្នាំ ២០០៨ ថ្នាក់ដឹកនាំបក្សសម្ព័ន្ធនេះ បានសន្យាទៅហ្សកហ្ស៊ីថា ថ្ងៃណាមួយ រដ្ឋនេះ អាចក្លាយជាសមាជិកអូតង់ ប៉ុន្តែ ក្រោមសម្ពាធលោកស្រី អង់ហ្កឺឡា មែរកិល និង លោក​នីកូឡា សាកូហ្ស៊ី កាលណោះជាប្រធានាធិបតីបារាំង គេក៏ប្រកែកមិនព្រមផ្តល់ដល់ហ្សកហ្ស៊ី នូវ លក្ខន្តិកៈជា បេក្ខជនផ្លូវការសម្រាប់ចូលអូតង់។

បន្ទាប់មក ហ្សកហ្ស៊ី បានប្រឈមទល់នឹងរុស្ស៊ី ក្នុងសង្គ្រាម ៥ ថ្ងៃ ដែលបានចប់ទៅ ដោយមូស្គូ បានទទួល ស្គាល់ឯករាជ្យ ដែនដីអបគមន៍ ពីរ របស់ហ្សកហ្ស៊ី គឺ អូសេទីខាងត្បូង និង អាប់ខាស៊ី។ បច្ចុប្បន្ន នៅលើ ដែនដីទាំងពីរនេះ មានក្រុមទ័ពរុស្ស៊ី ប្រចាំការយ៉ាងហំហួន ក្រោមសូរបណ្តាសា ពីខាងក្រុង Tbilissi ដែល ចាត់ទុកវត្តមានទ័ពនេះ ថាជា”ការកាន់កាប់ដែនដីហ្សកហ្ស៊ី”។ “នេះជាការកាន់កាប់ អស់ ២០% នៃដែនដី ហ្សកហ្ស៊ី និងជា អយុត្តិធម៌ធំធេង “ការវិនិច្ឆ័យនេះ ត្រូវបានលោកស្រី មែរកិល បន្លឺឡើងម្សិលមិញ នៅពី មុខពួកនិស្សិតហ្សកហ្ស៊ី។

ដោយចល័តជានិមិត្តរូប លោកស្រីក៏បានអញ្ជើញទៅកាន់ ព្រំប្រទល់រដ្ឋបាល របស់ អូសេទីខាងត្បូង ដែលព័ទ្ធដោយរបងលួសបន្លា។ ដោយបារម្ភខ្លាចក្រែង កងកម្លាំងអូតង់ រំកិលមកវត្តមាននៅជាប់នឹងព្រំដែនខ្លួន រុស្ស៊ី ថ្លែងជំទាស់ដាច់ អហង្ការ ទល់នឹង សមាជិកភាពហ្សកហ្ស៊ី ក្នុងអូតង់។ ល្ងាចថ្ងៃសុក្រ លោកស្រីមែរកិល បានបន្តដំណើរទៅកាន់ប្រទេស​អាមេនី​នៅជិតខាង ហើយថ្ងៃសៅរ៍ នឹងបំពេញទស្សនកិច្ច នៅអាស៊ែបៃហ្សង់​ក៏ ដើម្បីអំពាវនាវ “ឲ្យរកដំណោះស្រាយដោយសន្តិវិធី ឲ្យជម្លោះ រវាង អតីតសាធារណរដ្ឋសូវៀតទាំងពីរនេះ ជុំវិញតំបន់ខ្ពង់រាប Karabakh-ជាដែនដីអាស៊ែបៃហ្សង់ ប៉ុន្តែ រស់នៅច្រើនលើសលុប ដោយបណ្តាជន​អាមេនី​ដែលប្រាថ្នាផ្តាច់ដែនដីនេះ ចេញ​ពីអាស៊ែបៃហ្សង់​តែ​ម្តង។

នៅ​អាស៊ែបៃហ្សង់ លោកស្រី នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ត្រូវពិភាក្សាអំពី សហប្រតិបត្តិការជាមួយប្រទេសនេះ ដែលសម្បូណ៏ដោយប្រេងឆៅ និង ឧស្ម័នធម្មជាតិ អាចប្រជែងជាមួយរុស្ស៊ី នៅលើទីផ្សារអឺរ៉ុប ខាង វត្ថុធាតុដើម ទាំងពីរនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ