អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីបារាំង អំពាវនាវ​ឱ្យ​អឺរ៉ុប​ឈប់​រំពឹង​តែ​លើ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង ត្រូវបើក​សន្និសីទ​ប្រចាំ​ឆ្នាំ ​បង្ហាញ​ទិសដៅ​នយោបាយ​ការបរទេស​របស់​បារាំង នៅ​ថ្ងៃ​ចន្ទ​នេះ។ ជា​នយោបាយ​ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​អឺរ៉ុប​។ ជា​មួយ​នឹង​កម្មវត្ថុ​ការពារ​លើក​តម្កើង​អឺរ៉ុប ​និង​ជំហរ​ការពារ​​នយោបាយ​បើក​ចំហពិភពលោកភាវូបនីយកម្ម ​លោក​ម៉ាក្រុង ក៏​បាន​ព្រមាន​បណ្តា​ប្រទេស​ក្នុង​សហភាព​​អឺរ៉ុប​ឱ្យ​ឈប់​រំពឹង​តែ​លើ​អាមេរិក​​ ក្នុង​វិស័យ​សន្តិសុខ។

លោកប្រធានាធិបតី​បារាំង Emmanuel Macron បង្ហាញ​ទិសដៅ​នយោបាយការបរទេស ថ្ងៃទី ២៧សីហា ២០១៨
លោកប្រធានាធិបតី​បារាំង Emmanuel Macron បង្ហាញ​ទិសដៅ​នយោបាយការបរទេស ថ្ងៃទី ២៧សីហា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ២៩​សីហា ២០១៧ នៅពេល​លោក​ម៉ាក្រុង​បើក​សន្និសីទ​នយោបាយ​ជា​លើក​ដំបូង ​ពិភពលោក​ទាំង​មូល​ហាក់​បាន​ផ្ញើ​ក្តី​សង្ឃឹម​ខ្លាំង​ណាស់​លើ​​លោក​ប្រធានាធិបតី ! វ័យក្មេង​ ទើប​ជាប់ឆ្នោត​ថ្មីៗ​ លោក​ ម៉ាក្រុង​ជា​បង្គោល​លើ​ឆាក​អន្តរជាតិ​បាន ព្រោះលោក​មាន​ជំហរ​នយោបាយ​ការពារ​អឺរ៉ុប ការពារ​ប្រយោជន៍​រួមបែប​ពហុ​សេរីពិភពលោក ខុស​ពី​លោក​ត្រាំ ដែល​គេ​ពិបាក​យល់​ និង​ខុស​ពី​លោក​ស្រី នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដែល​ចង់​ដើរ​ចេញ​ពី​អឺរ៉ុប។

ប៉ុន្តែ​មួយ​ឆ្នាំក្រោយ​មក លោក​ម៉ាក្រុង ​ពិត​ជា​កំពុង​ប្រឹង​​ធ្វើ​ជា​មេ​តែ​ម្នាក់ឯង​ មិន​ថា​ក្នុង​កិច្ច​ការពារ​នយោបាយ​សេដ្ឋកិច្ច​បែបពហុភាគី ឬ​ការ​ធ្វើ​កំណែទម្រង់​អឺរ៉ុប​ទេ។ ​ សន្និសីទ​បង្ហាញ​ទិសដៅ​នយោបាយការ​​បរទេសបារាំង​​ នៅ​ថ្ងៃ​នេះប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​​ដ៏​អាប់​អួរ​។ រាល់​គ្រប់​គម្រោង​កំណែទម្រង់ធំៗ​របស់​លោក​ម៉ាក្រុង ត្រូវ​​ស្ទះ​ដោយ​សារសន្ទុះ​​ជាតិ​និយម​ជ្រុល​នៃ​សមាជិក​អឺរ៉ុបនៅ​ភាគ​ខាង​កើត និងអ៊ីតាលី។ ចំណែក​ក្រុម​ប្រទេស​អ្នក​មាន​នៅភាគខាង​ជើង បដិសេធ​មិន​ជួយ​សមាជិក​ក្រីក្រ​ក្នុង​ក្រុម ក្នុង​រឿង​ពន្ធដារ។ ម្នាក់ៗ​ភ័យ​រួម​រិត​ខ្លាច​លំហូរ​អន្តោប្រវេសន៍​បាក់​ចូល​ស្រុក​ខ្លួន។ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ ​សម្ព័ន្ធ​មិត្ត​ជា​ប្រវត្តិសាស្ត្រ ដែល​ធ្លាប់​ជា​មេកើយ​រួម​គ្នា ចុះ​ខ្សោយ​ខ្លាំង​ក្រោយ​ការ​បោះឆ្នោត​សភា។

ធ្វើ​អ្វីក៏​ដោយ​បើ​ធ្វើ​តែ​ម្នាក់ឯង​ ពិត​ជា​មិន​អាច​សម្រេច​ទេ ! ដូច្នេះ​លោកម៉ាក្រុង​ ត្រូវ​ស្វែង​រក​សម្ព័ន្ធមិត្ត​ថ្មី​មក​គាំទ្រ​លោក ! ចាប់ពី​ថ្ងៃ​ស្អែក​ទៅ លោកប្រធានាធិបតី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដាណឺម៉ាក និង​ហ្វាំងឡង់។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​​មុខ​នេះ​លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​យ៉ាង​ហោច​ក៏ពាក់​កណ្តាល​ដែរ ព្រោះ​​នៅ​សល់​តែ​៩​ខែ​ទៀត​ប៉ុណ្ណោះ សហភាព​អឺរ៉ុប​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​សភា​ហើយ។ បើ​​អឺរ៉ុប​នៅ​តែ​មិនទៅ​មុខនៅពាក់កណ្តាល​​ឆ្នាំ​២០១៩ មាន​ន័យ​ថា​លោក​ម៉ាក្រុង​មាន​បញ្ហា​យុទ្ធសាស្ត្រ​ហើយ។​

ទិសដៅ​នយោបាយក្នុង​​សំណុំ​រឿង​អន្តរជាតិ​ធំៗ

សន្តិសុខជាតិ​/អន្តរជាតិ ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ សុខមាភាព​សាធារណៈ (អាកាសធាតុ អប់រំ​ ជំនួយ​អភិវឌ្ឍន៍) ជា​អាទិភាព​ចំបង​របស់​បារាំង។ នៅក្នុង​សុន្ទរកថា​ លោក ម៉ាក្រុង បាន​​សង្កត់​ធ្ងន់​អំពី​តួនាទី​កាន់​តែ​សកម្ម​របស់​បារាំងក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​​លីប៊ី និង​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ឱ្យ ​វិបត្តិ​ស៊ីរី ដោយ​អះអាង​ថាការ​បន្ត​រក្សា​​វត្តមាន​របស់​លោក​បាស្ហាអាល់អាសាទនៅ​ស៊ីរី​​ ជា​កំហុស​ដ៏​ធ្ងន់​មួយ។

តាំង​ពី​មួយ​ឆ្នាំ​កន្លង​មក​នេះ បារាំង​បាន​​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង។ អាជ្ញាធរ​បារាំង​បាន​ថែម​ទាំង​បង្ហាញ​ឆន្ទៈ​ល្អ សហការជា​លើកទី​មួយ​​ជាមួយរុស្ស៊ី​ ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​នៅ​ស៊ីរី​ផង។ ប្រមុខ​រដ្ឋ​បារាំង​បាន​តែង​តាំង​តំណាង​ផ្ទាល់​ខ្លួន​លោក​ម្នាក់​ទទួល​បន្ទុក​កិច្ចការ​ស៊ីរីទៀត។ ក៏ប៉ុន្តែ​​បារាំងនៅ​តែ​​​មាន​តួនាទី​បន្ទាប់​បន្សំ​ក្នុង​ល្បែង​ការ​ទូត ​ចំពោះ​បញ្ហា​ស៊ីរី​ដដែល។

ចំពោះ​បញ្ហា​អ៊ីរ៉ង់ បារាំង​របស់​លោក​ម៉ាក្រុង កំពុង​សាក​ល្បង​ ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០១៥​ បន្ត​រស់​រៀន​មាន​ជីវិត​​ទៀត បើ​ទោះ​បី​ជា​អាមេរិក​បាន​ប្រកាស​ដក​ខ្លួន​ចេញ និង​ចាប់​ផ្តើម​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ហើយ​ក៏​ដោយ។ តាម​ការពិត​ក្នុង​នៅក្នុង​សំណុំ​រឿង​នេះ គ្រប់​គ្នា​ធ្លាប់​រំពឹង​​លើ​រូប​លោក​ម៉ាក្រុង ឱ្យ​ទៅ​បញ្ចុះ​បញ្ចូល​លោក​ត្រាំ។ ប៉ុន្តែ​ការ​​បង្ហាញ​ភាព​ស្និទ្ធស្នាល​ល្អូក​ល្អើន ជាពិសេស​បែប​បុគ្គលក្តី​ ​មិន​បាន​ផ្តល់​លទ្ធផល​វិជ្ជមាន​ទេ​។ ហើយ​ពេល​ទណ្ឌកម្ម​អាមេរិកបាន​ចាប់​អនុវត្ត ​ដៅលើ​​រាល់​គ្រប់​ក្រុមហ៊ុន​សហគា្រស​ណា​ដែល​ធ្វើ​ការ​ជាមួយ​អ៊ីរ៉ង់​ទៀត ពោលគឺ​មានប៉ះពាល់​ដល់​ក្រុមហ៊ុន​បារាំងដែរ។ បារាំង​សម្គាល់​ឃើញ​ថា​ខ្លួន​កាន់​តែ​អស់​អំណាច​ទៅៗនៅក្នុង​រឿង​នេះ។

​បារាំង​អំពាវនាវ​ឱ្យ​ឈប់​រំពឹង​អាមេរិក​លើ​បញ្ហា​សន្តិសុខ

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​តំណាង​ការ​ទូត​របស់​បារាំង ២៥០​រូប លោក​ម៉ាក្រុងបានស្នើ​ឱ្យ​មាន​ជំនួប​ រវាង​អឺរ៉ុប ចិន​ ជប៉ុន និង​មេដឹកនាំ​អាមេរិក នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ១១​វិច្ឆិកា ដើម្បី​ពិភាក្សា​ធ្វើ​កំណែទម្រង់​អង្គការពាណិជ្ជកម្ម​ពិភពលោក​ OMC ព្រោះ​ច្បាប់​របស់អង្គការ​លែង​មាន​ប្រសិទ្ធិភាព​ទៅ​ហើយ និងក៏​ជា​កិច្ច​​ឆ្លើយ​តប​ទៅ​នឹង​នយោបាយ​ ឯកតោភាគី​របស់​អាមេរិក​ផង។

​លោក ម៉ាក្រុង ក៏​បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប ឈប់​រំពឹង​លើ​សហរដ្ឋ​អាមេរិក ជា​ពិសេស​លើ​ផ្នែក​សន្តិសុខ។ លោក​ប្រធានាធិបតី​នឹង​បង្ហាញ​គម្រោង​ពង្រឹង​សន្តិសុខ​អឺរ៉ុបថ្មី នៅ​ខែ​ខាង​មុខ​។ លោក​ម៉ាក្រុងបាន​ប្រកាស​ថា​​អឺរ៉ុប​គួរ​តែ​​​ពិចារណា​ឡើង​វិញអំពីផលវិបាក​ដែល​បន្សល់​ទុក​ដោយ​​សង្គ្រាម​ត្រជាក់​។ លោក​ចង់​បើក​កិច្ចពិភាក្សា​ស៊ីជម្រៅ គូស​វាស​យុទ្ធសាស្ត្រ​ការពារ​ជាតិ (អឺរ៉ុប) និង​សន្តិសុខ​ឡើង​វិញ ជាមួយ​គ្រប់​ដៃគូ​អឺរ៉ុប រាប់​ទាំង​រុស្ស៊ី​ផង។ លោក​ម៉ាក្រុង​មាន​គម្រោង​ផ្តល់​សន្ទុះដល់​​កិច្ចចរចា ​ជាមួយ​រុស្ស៊ី​ ស្តី​អំពី​សន្តិសុខ​អ៊ីនធ័រនែត​ អាវុធ​គីមី អាវុធ​យុទ្ធភណ្ឌ ជម្លោះ​ដែនដី​ សន្តិសុខ​អវកាស​ តំបន់​ប៉ូល ទៀត​ផង។

បារាំង​​​ប្រធាន​ផ្លាស់​វេន​ G៧ បន្ត​ពីកាណាដា

​នៅ​ឆ្នាំ ២០១៩ ​​បារាំងដែល​នឹង​ក្លាយ​ជា​ប្រធានផ្លាស់វេន G៧ បន្ត​ពី​កាណាដា ​បាន​កំណត់​ប្រធានបទ​ដឹកនាំ​​មួយ​ច្បាស់​លាស់​រួច​ទៅ​ហើយ នោះ​គឺ​រក្សា​សុខមាភាព​សាធារណៈ​ពិភពលោក ពោល​គឺ​ បារាំង​នឹងផ្តល់​អាទិភាព​ដល់​ការ​គិត​គូរ​អំពី​បញ្ហា​អាកាសធាតុ សិទ្ធិមនុស្ស សមភាព​ស្ត្រី​និង​បុរស និង​ការ​អភិវឌ្ឍ។ ប្រធានាធិបតី​បារាំង បាន​ប្តេជ្ញារួច​ហើយ​ថា ថា​នឹង​បង្កើន​ជំនួយ​អភិវឌ្ឍន៍​​ផ្ទាល់ មួយ​ជា​បីបើប្រៀប​ទៅ​នឹង​ឆ្នាំ​មុន​ ឱ្យឡើង​ដល់​​ចំនួន​១ពាន់​លាន​អឺរ៉ូ។

លោក​ម៉ាក្រុង​នឹង​ត្រូវ​​បង្ហាញ​របាយការណ៍​​ថ្មី​ភ្ជាប់​សំណើ​៣៦​ចំណុច​សម្រាប់​ធ្វើ​​កំណែទម្រង់​នយោបាយផ្តល់​ជំនួយ​​​អភិវឌ្ឍន៍ ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ជំនួយ​អភិវឌ្ឍន៍បែប​ថ្មី​ ធ្វើ​ឡើង​ក្នុង​ទម្រង់​​ជា​ប្រទេស​ដៃគូ ស្មើភាពគ្នា វិនិយោគ​រួម​គ្នា​យូរអង្វែង​ និងប្រកប​ដោយ​​ទំនួល​ខុស​ត្រូវ​ទាំង​សង​ខាង មិនមែន​ដូច​និយម​ន័យ​ចាស់ ម្ខាង​ជា​អ្នក​ផ្តល់​ជំនួយ​ម្ខាង​ជា​អ្នក​ចាំ​ទទួលជំនួយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ