ប្រធានាធិបតីបារាំង អំពាវនាវឱ្យអឺរ៉ុបឈប់រំពឹងតែលើអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៦
លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង ត្រូវបើកសន្និសីទប្រចាំឆ្នាំ បង្ហាញទិសដៅនយោបាយការបរទេសរបស់បារាំង នៅថ្ងៃចន្ទនេះ។ ជានយោបាយដែលផ្តោតខ្លាំងទៅលើអឺរ៉ុប។ ជាមួយនឹងកម្មវត្ថុការពារលើកតម្កើងអឺរ៉ុប និងជំហរការពារនយោបាយបើកចំហពិភពលោកភាវូបនីយកម្ម លោកម៉ាក្រុង ក៏បានព្រមានបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបឱ្យឈប់រំពឹងតែលើអាមេរិក ក្នុងវិស័យសន្តិសុខ។
កាលពីថ្ងៃទី ២៩សីហា ២០១៧ នៅពេលលោកម៉ាក្រុងបើកសន្និសីទនយោបាយជាលើកដំបូង ពិភពលោកទាំងមូលហាក់បានផ្ញើក្តីសង្ឃឹមខ្លាំងណាស់លើលោកប្រធានាធិបតី ! វ័យក្មេង ទើបជាប់ឆ្នោតថ្មីៗ លោក ម៉ាក្រុងជាបង្គោលលើឆាកអន្តរជាតិបាន ព្រោះលោកមានជំហរនយោបាយការពារអឺរ៉ុប ការពារប្រយោជន៍រួមបែបពហុសេរីពិភពលោក ខុសពីលោកត្រាំ ដែលគេពិបាកយល់ និងខុសពីលោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេសដែលចង់ដើរចេញពីអឺរ៉ុប។
ប៉ុន្តែមួយឆ្នាំក្រោយមក លោកម៉ាក្រុង ពិតជាកំពុងប្រឹងធ្វើជាមេតែម្នាក់ឯង មិនថាក្នុងកិច្ចការពារនយោបាយសេដ្ឋកិច្ចបែបពហុភាគី ឬការធ្វើកំណែទម្រង់អឺរ៉ុបទេ។ សន្និសីទបង្ហាញទិសដៅនយោបាយការបរទេសបារាំង នៅថ្ងៃនេះប្រព្រឹត្តទៅក្នុងបរិបទដ៏អាប់អួរ។ រាល់គ្រប់គម្រោងកំណែទម្រង់ធំៗរបស់លោកម៉ាក្រុង ត្រូវស្ទះដោយសារសន្ទុះជាតិនិយមជ្រុលនៃសមាជិកអឺរ៉ុបនៅភាគខាងកើត និងអ៊ីតាលី។ ចំណែកក្រុមប្រទេសអ្នកមាននៅភាគខាងជើង បដិសេធមិនជួយសមាជិកក្រីក្រក្នុងក្រុម ក្នុងរឿងពន្ធដារ។ ម្នាក់ៗភ័យរួមរិតខ្លាចលំហូរអន្តោប្រវេសន៍បាក់ចូលស្រុកខ្លួន។ ប្រមុខដឹកនាំអាល្លឺម៉ង់ សម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រ ដែលធ្លាប់ជាមេកើយរួមគ្នា ចុះខ្សោយខ្លាំងក្រោយការបោះឆ្នោតសភា។
ធ្វើអ្វីក៏ដោយបើធ្វើតែម្នាក់ឯង ពិតជាមិនអាចសម្រេចទេ ! ដូច្នេះលោកម៉ាក្រុង ត្រូវស្វែងរកសម្ព័ន្ធមិត្តថ្មីមកគាំទ្រលោក ! ចាប់ពីថ្ងៃស្អែកទៅ លោកប្រធានាធិបតីត្រូវធ្វើដំណើរទៅដាណឺម៉ាក និងហ្វាំងឡង់។ ក្នុងរយៈពេលប៉ុន្មានខែមុខនេះលោកត្រូវជួបពិភាក្សាជាមួយប្រមុខដឹកនាំប្រទេសជាសមាជិកអឺរ៉ុបយ៉ាងហោចក៏ពាក់កណ្តាលដែរ ព្រោះនៅសល់តែ៩ខែទៀតប៉ុណ្ណោះ សហភាពអឺរ៉ុបត្រូវរៀបចំការបោះឆ្នោតសភាហើយ។ បើអឺរ៉ុបនៅតែមិនទៅមុខនៅពាក់កណ្តាលឆ្នាំ២០១៩ មានន័យថាលោកម៉ាក្រុងមានបញ្ហាយុទ្ធសាស្ត្រហើយ។
ទិសដៅនយោបាយក្នុងសំណុំរឿងអន្តរជាតិធំៗ
សន្តិសុខជាតិ/អន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងភេរវនិយម សុខមាភាពសាធារណៈ (អាកាសធាតុ អប់រំ ជំនួយអភិវឌ្ឍន៍) ជាអាទិភាពចំបងរបស់បារាំង។ នៅក្នុងសុន្ទរកថា លោក ម៉ាក្រុង បានសង្កត់ធ្ងន់អំពីតួនាទីកាន់តែសកម្មរបស់បារាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅលីប៊ី និងក្នុងការស្វែងរកដំណោះស្រាយនយោបាយឱ្យ វិបត្តិស៊ីរី ដោយអះអាងថាការបន្តរក្សាវត្តមានរបស់លោកបាស្ហាអាល់អាសាទនៅស៊ីរី ជាកំហុសដ៏ធ្ងន់មួយ។
តាំងពីមួយឆ្នាំកន្លងមកនេះ បារាំងបានខិតខំប្រឹងប្រែងខ្លាំង។ អាជ្ញាធរបារាំងបានថែមទាំងបង្ហាញឆន្ទៈល្អ សហការជាលើកទីមួយជាមួយរុស្ស៊ី ក្នុងប្រតិបត្តិការមនុស្សធម៌នៅស៊ីរីផង។ ប្រមុខរដ្ឋបារាំងបានតែងតាំងតំណាងផ្ទាល់ខ្លួនលោកម្នាក់ទទួលបន្ទុកកិច្ចការស៊ីរីទៀត។ ក៏ប៉ុន្តែបារាំងនៅតែមានតួនាទីបន្ទាប់បន្សំក្នុងល្បែងការទូត ចំពោះបញ្ហាស៊ីរីដដែល។
ចំពោះបញ្ហាអ៊ីរ៉ង់ បារាំងរបស់លោកម៉ាក្រុង កំពុងសាកល្បង ធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិចុះហត្ថលេខានៅឆ្នាំ២០១៥ បន្តរស់រៀនមានជីវិតទៀត បើទោះបីជាអាមេរិកបានប្រកាសដកខ្លួនចេញ និងចាប់ផ្តើមទណ្ឌកម្មលើអ៊ីរ៉ង់ហើយក៏ដោយ។ តាមការពិតក្នុងនៅក្នុងសំណុំរឿងនេះ គ្រប់គ្នាធ្លាប់រំពឹងលើរូបលោកម៉ាក្រុង ឱ្យទៅបញ្ចុះបញ្ចូលលោកត្រាំ។ ប៉ុន្តែការបង្ហាញភាពស្និទ្ធស្នាលល្អូកល្អើន ជាពិសេសបែបបុគ្គលក្តី មិនបានផ្តល់លទ្ធផលវិជ្ជមានទេ។ ហើយពេលទណ្ឌកម្មអាមេរិកបានចាប់អនុវត្ត ដៅលើរាល់គ្រប់ក្រុមហ៊ុនសហគា្រសណាដែលធ្វើការជាមួយអ៊ីរ៉ង់ទៀត ពោលគឺមានប៉ះពាល់ដល់ក្រុមហ៊ុនបារាំងដែរ។ បារាំងសម្គាល់ឃើញថាខ្លួនកាន់តែអស់អំណាចទៅៗនៅក្នុងរឿងនេះ។
បារាំងអំពាវនាវឱ្យឈប់រំពឹងអាមេរិកលើបញ្ហាសន្តិសុខ
នៅក្នុងសុន្ទរកថាទៅកាន់តំណាងការទូតរបស់បារាំង ២៥០រូប លោកម៉ាក្រុងបានស្នើឱ្យមានជំនួប រវាងអឺរ៉ុប ចិន ជប៉ុន និងមេដឹកនាំអាមេរិក នៅក្នុងទីក្រុងប៉ារីស នៅថ្ងៃទី ១១វិច្ឆិកា ដើម្បីពិភាក្សាធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក OMC ព្រោះច្បាប់របស់អង្គការលែងមានប្រសិទ្ធិភាពទៅហើយ និងក៏ជាកិច្ចឆ្លើយតបទៅនឹងនយោបាយ ឯកតោភាគីរបស់អាមេរិកផង។
លោក ម៉ាក្រុង ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុប ឈប់រំពឹងលើសហរដ្ឋអាមេរិក ជាពិសេសលើផ្នែកសន្តិសុខ។ លោកប្រធានាធិបតីនឹងបង្ហាញគម្រោងពង្រឹងសន្តិសុខអឺរ៉ុបថ្មី នៅខែខាងមុខ។ លោកម៉ាក្រុងបានប្រកាសថាអឺរ៉ុបគួរតែពិចារណាឡើងវិញអំពីផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមត្រជាក់។ លោកចង់បើកកិច្ចពិភាក្សាស៊ីជម្រៅ គូសវាសយុទ្ធសាស្ត្រការពារជាតិ (អឺរ៉ុប) និងសន្តិសុខឡើងវិញ ជាមួយគ្រប់ដៃគូអឺរ៉ុប រាប់ទាំងរុស្ស៊ីផង។ លោកម៉ាក្រុងមានគម្រោងផ្តល់សន្ទុះដល់កិច្ចចរចា ជាមួយរុស្ស៊ី ស្តីអំពីសន្តិសុខអ៊ីនធ័រនែត អាវុធគីមី អាវុធយុទ្ធភណ្ឌ ជម្លោះដែនដី សន្តិសុខអវកាស តំបន់ប៉ូល ទៀតផង។
បារាំងប្រធានផ្លាស់វេន G៧ បន្តពីកាណាដា
នៅឆ្នាំ ២០១៩ បារាំងដែលនឹងក្លាយជាប្រធានផ្លាស់វេន G៧ បន្តពីកាណាដា បានកំណត់ប្រធានបទដឹកនាំមួយច្បាស់លាស់រួចទៅហើយ នោះគឺរក្សាសុខមាភាពសាធារណៈពិភពលោក ពោលគឺ បារាំងនឹងផ្តល់អាទិភាពដល់ការគិតគូរអំពីបញ្ហាអាកាសធាតុ សិទ្ធិមនុស្ស សមភាពស្ត្រីនិងបុរស និងការអភិវឌ្ឍ។ ប្រធានាធិបតីបារាំង បានប្តេជ្ញារួចហើយថា ថានឹងបង្កើនជំនួយអភិវឌ្ឍន៍ផ្ទាល់ មួយជាបីបើប្រៀបទៅនឹងឆ្នាំមុន ឱ្យឡើងដល់ចំនួន១ពាន់លានអឺរ៉ូ។
លោកម៉ាក្រុងនឹងត្រូវបង្ហាញរបាយការណ៍ថ្មីភ្ជាប់សំណើ៣៦ចំណុចសម្រាប់ធ្វើកំណែទម្រង់នយោបាយផ្តល់ជំនួយអភិវឌ្ឍន៍ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ជំនួយអភិវឌ្ឍន៍បែបថ្មី ធ្វើឡើងក្នុងទម្រង់ជាប្រទេសដៃគូ ស្មើភាពគ្នា វិនិយោគរួមគ្នាយូរអង្វែង និងប្រកបដោយទំនួលខុសត្រូវទាំងសងខាង មិនមែនដូចនិយមន័យចាស់ ម្ខាងជាអ្នកផ្តល់ជំនួយម្ខាងជាអ្នកចាំទទួលជំនួយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ