ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

ហេតុអ្វី​បាន​ជា​លោកនីកូឡា អ៊ុយឡូ រដ្ឋមន្រ្តី តារា ដើរចេញពី​រដ្ឋាភិបាល​បារាំង ?

ហេតុអ្វី​បាន​ជា​លោកនីកូឡា អ៊ុយឡូ រដ្ឋមន្រ្តី តារា ដើរចេញពី​រដ្ឋាភិបាល​បារាំង ? លោក​នីកូឡា អ៊ុយឡូ រដ្ឋមន្រ្តី​បរិស្ថាន និង​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង ខែ​មិថុនា ២០១៨ © REUTERS/Stephane Mahe

    រដ្ឋមន្រ្តី​បរិស្ថាន​បារាំង លោក​នីកូឡា​អ៊ុយឡូ នៅថ្ងៃ​អង្គារ​ទី ២៨ សីហា បាន​ធ្វើ​ឲ្យ​ពិភពនយោបាយ​បារាំង ភ្ញាក់ផ្អើល ដោយ​បាន​សម្រេច​ចិត្ត ដើរ​ចេញ​ពី​រដ្ឋាភិបាល ដោយ​មិន​បានជូនដំណឹង​ជាមុន ទៅ ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​បារាំង។ ក្រុម​គណបក្ស​ប្រឆាំង​បារាំង​បាន​ចាត់ទុក​ការដើរចេញ​របស់​រដ្ឋមន្រ្តី​បរិស្ថាន ថា ជា​ការសំពង​មួយ​ព្រនង់​លើ​នយោបាយ​របស់​លោក​ម៉ាក្រុង ដែល​កំពុង​ធ្លាក់ចុះ​ប្រជាប្រិយភាព ដោយសារ​រឿងអាស្រូវ​បក្ស​ពួកនិយម។

    រដ្ឋមន្រ្តី​បរិស្ថាន​បារាំង លោក​នីកូឡា អ៊ុយឡូ បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល ក្នុង​ពិភពនយោបាយ​បារាំង ដោយ​បាន​ប្រកាស​តាម​វិទ្យុ France Inter នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​សម្រេច​ចិត្ត​ដើរចេញពី​រដ្ឋាភិបាល។ លោក​នីកូឡា អ៊ុយឡូ រដ្ឋមន្រ្តី​បរិស្ថាន ត្រូវ​បាន​គេ​ចាត់ទុក​ជា​រដ្ឋមន្រ្តី​តារា​របស់​រដ្ឋាភិបាល​លោក​ម៉ាក្រុង។ លោក​អ៊ុយឡូ បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​ខ្លាំង សម្រាប់​ទាំង​អ្នកកាសែត អ្នកនយោបាយ និង​អ្នកការពារ​បរិស្ថាន ដោយសារ​បុគ្គលិក​លក្ខណៈ​ពិសេស​របស់​លោកផ្ទាល់​តែម្តង។

    ប្រធានាធិបតីបារាំង​ជាច្រើន​រូប​ក៏ចង់​បាន​ឲ្យ​លោកអ៊ុយឡូ​ចូលរួម​ក្នុង​រដ្ឋាភិបាល

    នៅបារាំង លោក​នីកូឡា អ៊ុយឡូ ល្បីឈ្មោះ ដោយសារ​លោក​ជាសកម្មជន​ការពារ​បរិស្ថាន អស់​ជាង​២០ឆ្នាំ មក​ហើយ។ នៅ​ពេល​លោក​ធ្វើ​ជា​ពិធីករ​ទូរទស្សន៍ លោក​អ៊ុយឡូ បាន​ជំរុញ​ឲ្យ​ទស្សនិកជន​បារាំង ចូលរួម​ការពារ ខ្វល់​ពីបញ្ហា​បរិស្ថាន។ កូដប្រជាប្រិយភាព​របស់លោក​បាន​ឡើងខ្លាំង នៅពេល​បារាំង​ចាប់ផ្តើម​និយាយ​ច្រើន​ពី​បញ្ហា​បរិស្ថាន។ នៅរាល់​ពេល​បោះឆ្នោត​ប្រធានាធិបតី ម្តងៗ គ្រប់​គណបក្ស​នយោបាយ​តែងតែ​ចែចង់ ឲ្យ​លោក​ចូលរួម​ចាប់ដៃ ដើម្បី បាន​សំឡេង​ឆ្នោត ពីក្រុមបរិស្ថាន​និយម។ ដោយសារ​តែ​កូដប្រជាប្រិយភាព​របស់លោក​នីកូឡា អ៊ុយឡូ ប្រធានាធិបតីបារាំង មួយណា​ក៏​ចង់​បាន​លោក​នីកូឡា អ៊ុយឡូ ចូលរួម​ក្នុង​រដ្ឋាភិបាល ក្នុង​នាមជា​រដ្ឋមន្រ្តី​បរិស្ថានដែរ។ ប៉ុន្តែ រហូតមក លោក​អ៊ុយឡូ បដិសេធ​រហូត មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល ដូចជា​របស់​លោក​សាកូហ្សី ឬ​លោក​ប្រធានាធិបតី​ហូឡង់ ជាដើម។

    ប៉ុន្តែ អ្វី​ដែល​ចម្លែក និង​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល គឺ​លោកនីកូឡា អុយឡូ បន្ទាប់​ពី​រារែក​អស់ពេល​ជាយូរ នៅទីបំផុត បាន​សម្រេច​ចិត្ត​ចូលរួម​ក្នុង​រដ្ឋាភិបាល របស់​លោក​ប្រធានាធិបតី​អេម៉ានុយអែល​ម៉ាក្រុង។ វត្តមាន​របស់​លោក​នីកូឡា អ៊ុយឡូ ក្នុង​រដ្ឋាភិបាល ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង​ឡើង​កូដ​ខ្លាំង​ណាស់ ។ អ្នកការពារ​បរិស្ថាន​ជាច្រើន ដាក់​ក្តីសង្ឃឹម រំពឹងថា នៅ​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​ម៉ាក្រុង រដ្ឋាភិបាល​បារាំង ដែល​មាន​សកម្មជន​ការពារ​បរិស្ថាន កាន់​តំណែង​ជា​រដ្ឋមន្រ្តី​បរិស្ថាន នឹង​ជំរុញ ឲ្យ​បារាំង គិតគូរ​កាន់តែ​ខ្លាំង​លើ​បញ្ហា​បរិស្ថាន តាមរយៈ ការកាត់បន្ថយ ការពឹងផ្អែក លើ​រោងចក្រ​នុយក្លេអ៊ែរ ការកាត់បន្ថយ​ថ្នាំគីមី សម្រាប់​កសិកម្ម និង​ពង្រឹង​ការការពារ​ជីវចម្រុះ​ជាដើម។ លោក​នីកូឡា អ៊ុយឡូ​វិញ នៅពេលមុន​ពេល​ចូលកាន់តំណែង​ជា​រដ្ឋមន្រ្តី​បរិស្ថាន បាន​និយាយ​ថា លោក​នឹង​ទុកពេល​ឲ្យ​ខ្លួនឯង ១ឆ្នាំ ដើម្បី វាយតម្លៃថា តើ​វត្តមាន​របស់​លោក នៅក្នុង​រដ្ឋាភិបាល នឹង​មាន ប្រយោជន៍ ជួយ​បានអ្វីខ្លះ។

    លោកអ៊ុយឡូ៖ ខ្ញុំ​មិនអាច​កុហក​ខ្លួនឯង !

    លោក​នីកូឡា អ៊ុយឡូ ដើរចេញ​ពី​រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង ធា្លប់​ជារឿង​ចចាមអារ៉ាម ជាយូរមកហើយ ជាពិសេស នៅពេល​មាន​រឿងចម្រូងចម្រាស​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ម្តងៗ។ ប៉ុន្តែ កន្លងមក ទាំងរដ្ឋាភិបាល និង​លោកអ៊ុយឡូ​ផ្ទាល់​បាន​ចេញ​មក​បកស្រាយ​ថា មិនមែន​ជា​រឿងពិតទៅវិញ។

    នៅ​ថ្ងៃអង្គារ នៅ​វិទ្យុបារាំង France Inter លោក​នីកូឡា អ៊ុយឡូ បាន​និយាយ​ថា លោក​បាន​សម្រេច​ចិត្ត​ដើរ​ចេញពី​រដ្ឋាភិបាល ពោលគឺសុំ​លាលែង​ចេញពី​តំណែង​រដ្ឋមន្រ្តី​បរិស្ថាន។ លោក​អ៊ុយឡូ​បាន​បញ្ជាក់ដែរថា លោក​មិន​បាន​និយាយ​ប្រាប់ ជាមុន លោក​ប្រធានាធិបតី ម៉ាក្រុង និង​លោកនាយករដ្ឋមន្រ្តី Edouart Philippe ពី​ការសម្រេចចិត្ត​របស់​លោកនោះទេ ព្រោះ​លោក​ខ្លាច​ថា អ្នកទាំងពីរ​នឹង​បញ្ចុះបញ្ចូល​លោក ឲ្យ​នៅ​បន្ត​ក្នុង​រដ្ឋាភិបាល​តទៅទៀត។

    អ៊ុយឡូ និយាយថា លោក​មិន​អាច​នៅ​បន្ត​ក្នុង​រដ្ឋាភិបាល ព្រោះតែ​លោក​អស់ លែង​មាន​ជំនឿ តទៅទៀត។ “ខ្ញុំ​មិនអាច​កុហក​ខ្លួនឯង។ ខ្ញុំ​មិន​ចង់​គេជឿថា វត្តមាន​របស់ខ្ញុំ​នៅក្នុង​រដ្ឋាភិបាល មានន័យថា រដ្ឋាភិបាល​អាច​ដោះស្រាយ​រាល់​បញ្ហា​បរិស្ថាន​នោះទេ”។

    សម្រាប់​លោក​អ៊ុយឡូ រដ្ឋាភិបាល​បារាំង នៅតែ​មិនទាន់​អាច​កាត់បន្ថយ ការប្រើប្រាស់​ថ្នាំគីមី នៅតែមិនទាន់អាច​ការពារ ជីវចម្រុះ។ នៅក្នុង​រដ្ឋាភិបាល លោក​អ៊ុយឡូ បាន​លេប​គ្រួស លេបថ្ម ច្រើន និង​មាន​អារម្មណ៍​ថា ឯកោ នៅក្នុង​រដ្ឋាភិបាល នៅពេល​ពេល​មាន​ការជជែក​ពី​បញ្ហា​បរិស្ថាន​ម្តងៗ។ លោក​អ៊ុយឡូ សារភាពថា លោកតែម្នាក់ឯង គឺ​មិនអាច​ធ្វើ​ទៅរួចនោះទេ។ លោក​មាន​ត្រឹម​តែ​ឥទ្ធិពល ប៉ុន្តែ គ្មាន​អំណាច​នោះ​ទេ។ នៅត្រង់​ចំណុនេះ លោក​អ៊ុយឡូ បាន​បរិហារ​ផងដែរ ពី​វត្តមាន អំណាច របស់​ក្រុមហ៊ុន ក្រុមសមាគម​ដែល​អាច​ធ្វើការ​ប៉ះពាល់​ទៅដល់​បរិស្ថាន។

    លោក​អ៊ុយឡូ​បាន​លើកយក​ករណី​កិច្ចប្រជុំ​​រវាងសមាគម​បាញ់​សត្វ និង​ប្រធានាធិបតី​ម៉ាក្រុង ដែល​នៅទីបំផុត បាន​សម្រេច​ឲ្យគេ​កាត់បន្ថយ ពាក់កណ្តាល​តម្លៃ អាជ្ញាបណ្ណ​បរបាញ់​សត្វ នៅ​បារាំង ដែល​បើតាម​លោកអ៊ុយឡូ នឹង ជំរុញ​ឲ្យ​មាន​ការសម្លាប់​សត្វព្រៃ ច្រើនជាងមុន។ រឿងបរបាញ់​សត្វ ដែល​លោក​ប្រធានាធិបតី​ម៉ាក្រុង​ចេញមុខ​ការពារ​ខ្លាំង នេះ អាច​ជា​សំណុំរឿងមួយ ក្នុង​ចំណោម​សំណុំរឿង​ដ៏ច្រើន ដែលលោក​អ៊ុយឡូ ខ្វែង​គំនិត​គ្នា​ជាមួយ​លោក​ម៉ាក្រុង។ ក្នុង​នាមជារដ្ឋមន្រ្តី​បរិស្ថាន លោក​អ៊ុយឡូ ធ្លាប់សន្យា​ថា នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​បាន​មក​ពីរោងចក្រ​នុយក្លេអ៊ែរ ពោល​គឺ​នឹង​កាត់បន្ថយ ការពឹងផ្អែក លើ​នុយក្លេអ៊ែរ ពី ៧៥ភាគរយ មក​នៅ​ត្រឹម​៥០ភាគរយ នៅត្រឹម​ឆ្នាំ ២០២៥។ សម្រាប់​រដ្ឋមន្រ្តី​បរិស្ថាន បារាំង​ត្រូវ​បែរផ្តោត​ទៅរក​ថាមពល​ដែល​មិនចេះ​រីងស្ងួត និង​កាត់បន្ថយ​ការពឹងផ្អែក​លើ​នុយក្លេអ៊ែរ ដែល​នឹង​បង្ក​គ្រោះមហន្តរាយ​ដល់ជីវិត និង​បរិស្ថាន​ធ្ងន់ធ្ងរ បើសិន​កើតមាន​គ្រោះថ្នាក់​អ្វីមួយ។ តាមច្បាប់ កាត់បន្ថយ​ការពឹងផ្អែក​លើ​ថាមពល​នុយក្លេអ៊ែឬ គេ​ត្រូវ​កាត់បន្ថយ​រោងចក្រ​នុយក្លេអ៊ែរ ពី ១៧ ទៅ ២០​រោងចក្រ ពីពេលនេះ ដល់​ឆ្នាំ ២០២៥។ ប៉ុន្តែ មើលទៅ គោលដៅ​មិនអាច​នឹង​សម្រេច​បាន ព្រោះថា ​រហូតមកដល់​ពេល​នេះ បារាំង​បិទ​បាន​តែ​រោងចក្រ​នុយក្លេអ៊ែរ​មួយ ប៉ុណ្ណោះ ម្យ៉ាង​ដោយសារ​តែ​វា​ចាស់​ពេកផង។

    គោលនយោបាយ​របស់​រដ្ឋាភិបាល ទាក់ទង​នុយក្លេអ៊ែរ ជារឿង​ខកចិត្ត​បន្ថែម​មួយទៀត សម្រាប់​លោក​អ៊ុយឡូ ដែល​បាន​បរាជ័យ​មួយលើក ជា​ពីរលើក នៅពេល​លោក​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់ ការប្រើប្រាស់​ថ្នាំគីមី សម្រាប់​កសិកម្ម ឬ​កាត់បន្ថយ​ការប្រើប្រាស់​រថយន្ត ដើម្បី កាត់បន្ថយ​ខ្យល់ពុលបរិយាកាស។ ក្នុង​រឿង​បញ្ចេញ​ផ្សែងឡាន ថ្មីៗនេះ តុលាការ​អឺរ៉ុប​បាន​កាត់ទោសរួចហើយ រដ្ឋាភិបាល​បារាំង ក្នុង​បទ​គ្មាន​វិធានការ​ជាក់ស្តែង ដើម្បី​ទប់ស្កាត់​ការបញ្ចេញផ្សែងពុល​ទៅក្នុង​បរិយាកាស។

    វិមាន​ប្រធានាធិបតីបារាំង​៖ នឹង​មាន​ការរុះរើរដ្ឋាភិបាល នៅពេល​ខាងមុខ

    ក្រុម​អ្នកនយោបាយ​ប្រឆាំង​ជាច្រើន​បាន​ចាត់ទុក ការដើរចេញ របស់​រដ្ឋមន្រ្តី​បរិស្ថាន ថា ជាការវាយ​សំពង​មួយព្រនង់​សម្រាប់​រដ្ឋាភិបាល​របស់​លោកម៉ាក្រុង។ វា​បាន​សបញ្ជាក់ថា រដ្ឋាភិបាល បារាំង គ្មានឆន្ទៈ នយោបាយ​ពិតប្រាកដ ដើម្បី បុព្វហេតុ​បរិស្ថាន ឲ្យ​សក្តិសម​នឹង​ឈ្មោះ ជា​ម្ចាស់ផ្ទះ នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តី​ពី​អាកាសធាតុនោះទេ។

    ប៉ុន្តែ នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃនេះ វិមាន​ប្រធានាធិបតី​បារាំង បាន​ចេញមុខ និយាយ​ការពារ​ស្នាដៃ​ការងារ​មួយឆ្នាំ​របស់​រដ្ឋាភិបាល ដែល​មាន​លោកអ៊ុយឡូ ធ្វើ​ជា​រដ្ឋមន្រ្តី​បរិស្ថាន។ នៅមួយឆ្នាំមកនេះ លោក​អ៊ុយឡូ ក្នុង​នាមជា​រដ្ឋមន្រ្តី​បរិស្ថាន បានជួយ​គេលុបចោល​ទៅវិញ គម្រោង​សាងសង់​ព្រលានយន្តហោះ ដ៏ចម្រូងចម្រាស នៅ​ភាគលិច​បារាំង ដែល​សកម្មជន​ការពារ​បរិស្ថាន វាយតម្លៃថា គ្មាន​ប្រយោជន៍ និង​បំផ្លាញ​បរិស្ថាន។ លោក​អ៊ុយឡូ​បានទាមទារ​ឲ្យសភា​អនុម័តច្បាប់ ហាមឃាត់​ការរុករក និង​ធ្វើអាជីវកម្ម​លើ​ប្រេង​ក្នុង​ទឹកដី​បារាំង។

    សម្រាប់​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​បារាំង ទោះលែង​មាន​លោក​នីកូឡា អ៊ុយឡូ រដ្ឋាភិបាល​នឹង​បន្ត​ការងារ​ការពារ​បរិស្ថាន​នេះ​តទៅទៀត។ នៅក្រោយ​ការប្រកាស​លាលែង​ចេញពី​តំណែង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​រដ្ឋមន្រ្តី​បរិស្ថាន នាយករដ្ឋមន្រ្តី​បារាំង​វិញ បាន​ប្រកាសរួចហើយ ថា នឹង​ធ្វើការ​រុះរើ​រដ្ឋាភិបាល​នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ប៉ារីស

      ប៉ារីស​រងគ្រោះ​ជាថ្មី​ដោយ​​ផ្សែង​ពុល​បរិយាកាស

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      តើ​បារាំង​ចង់ធ្វើ​កំណែទម្រង់​សីលធម៌នយោបាយ​យ៉ាង​ដូចម្តេច​ខ្លះ ?

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      បារាំង​​​បង្អួត​​​​ផែនការ​​បរិស្ថាន​ ​លែង​អោយមាន​​​​លក់​​រថយន្ត​​ប្រើ​​សាំង​​និង​ប្រេង​​​ម៉ាស៊ូត​ ​នៅឆ្នាំ​​២០៤០​​​

      ស្វែងយល់បន្ថែម

    • បារាំង

      បារាំង៖ ភាព​ប្រទាំងប្រទឹស ក្នុង​បក្ស​ប្រធានាធិបតី ​មួយថ្ងៃ​មុន​លោក​ម៉ាក្រុង ចូលកាន់​តំណែង

      ស្វែងយល់បន្ថែម

    • បារាំង

      ប៉ារីស​រង​ផ្សែងពុល​បរិយាកាសដ៏ធ្ងន់ធ្ងរ ​មិនធ្លាប់មាន

      ស្វែងយល់បន្ថែម

    • បារាំង

      ប្រធានាធិបតី​បារាំង បង្ក​ការ​ភ្ញាក់ផ្អើល ​តាម​រយៈ​ឯកសារ​កំណត់​តម្លាភាព ​នៃ​តួនាទី​របស់​ភរិយា​ខ្លួន

      ស្វែងយល់បន្ថែម

    • បារាំង

      សារធាតុ​ល្អិតឆ្មារ​បំពុល​បរិយាកាស​​ប្រទេស​បារាំង​ ឡើងដល់​កម្រិត​កំពូល​

      ស្វែងយល់បន្ថែម

    • បារាំង

      តើ​ប៉ារីស​ជា​រដ្ឋធានី​ដែល​មាន​បរិយាកាស​ពុល​ខ្លាំង​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក​ឬ ?

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ