ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

 ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​
 
ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine ​​ថ្លែង​ទៅ​កាន់​ជាតិ​រុស្ស៊ី​ថ្ងៃពុធទី​២៩​សីហា​​ពាក់ព័ន្ធអំពីកំណែទម្រង់​​សោធន៍និវត្តន៍ Sputnik/Alexei Druzhinin/Kremlin via REUTERS

ក្រោយពី​​ឃើញ​រលក​បាតុកម្ម​បោកកញ្ជ្រោក​​ ម្តងហើយម្តង​ទៀត​​ នៅ​​តាម​ក្រុង​​ជា​ច្រើន​​ នៃ​ ប្រទេស​ ប្រឆាំងនឹង​ពង្រាងច្បាប់​រដ្ឋាភិបាល​ស្តីអំពី​ការដំឡើង​វ័យ​សម្រាប់​ពលរដ្ឋ​ចូល​​រ៉ឺត្រែត​ នៅទីបំផុត ថ្ងៃ ២៩ សីហាកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​បង្ខំចិត្ត ថ្លែងសារ តាមទូរទស្សន៍ ពន្យល់ បំភ្លឺប្រជាជនឲ្យបានជ្រាបសព្វគ្រប់ អំពី​​មូលហេតុ​​​ដែល​ត្រូវតែ ដំឡើងវ័យសម្រាប់ពលរដ្ឋចូលរ៉ឺត្រែត ពុំនោះ សោតទេ ប្រទេស​ជាតិ ​មិនអាចគេចផុតឡើយពី ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់វិស័យសង្គម-សេដ្ឋកិច្ច ដោយ គាត់ថែមទាំងបានលើកយកតួលេខនៃសមាមាត្រ មកបង្ហាញទៅផង គឺថា បើក្នុងឆ្នាំ ១៩៧០ មាន ពលរដ្ឋ ៣,៧ នាក់ ធ្វើការ ហើយអ្នកទទួលប្រាក់រ៉ឺត្រែតមានតែម្នាក់ នោះ ៣៥ ឆ្នាំក្រោយមក ក្នុងឆ្នាំ ២០០៥ សមាមាត្រនេះ ធ្លាក់មកនៅ ១,៧ ទល់នឹង១ ហើយ​ក្នុង​​ឆ្នាំ ២០១៥ គឺធ្លាក់ដល់ ១,២ ទលនឹង១ ដូច្នេះ ត ទៅថ្ងៃមុខ ចំនួនអ្នកធ្វើការ​អាចធ្លាក់​ចុះ​ទាបជាងចំនួនដែលចូលរ៉ឺត្រែត ដ្បិតពលរដ្ឋរុស្ស៊ី មានអាយុកាន់វែង ជាងមុន ។ ក្នុងស្ថានភាពនេះ ថ្ងៃណាមួយ រដ្ឋច្បាស់ជាលែង មានចំណូលគ្រប់គ្រាន់ពីពួកអ្នកធ្វើការ សម្រាប់ បង់ប្រាក់រ៉ឺត្រែត ទៀតឡើយ។ ម៉្លោះហើយបានជា គោលដៅចម្បង នៃ កំណែ​ទម្រង់​នេះ គឺធានាផ្តល់ស្ថិរភាព ហិរញ្ញវត្ថុ ដល់ប្រព័ន្ធសោធននិវត្តន៍ សម្រាប់​អនាគត​វែង​ឆ្ងាយ​ទៅមុខ។ បានន័យថា មិនគ្រាន់តែរក្សាទុក ប្រាក់រ៉ឺត្រែត ប៉ុណ្ណោះទេ តែក៏នឹង បង្កើនវាសម្រាប់ អ្នកចូលរ៉ឺត្រែតស្រករនេះ និង ស្រករក្រោយៗ។

ជាបឋម លោកពូទីន បានរំលឹកថា គឺថ្ងៃ ១៦ មិថុនា ឆ្នាំនេះ ដែលរដ្ឋាភិបាល​បានដាក់ជូន​សភាឌូម៉ា ពិនិត្យពិភាក្សា គម្រោងច្បាប់ស្តីអំពីការផ្លាស់ប្តូរខ្លះក្នុងប្រព័ន្ធសោធននិវត្តន៍។ បន្ទាប់មក នៅថ្ងៃ ១៧ កក្កដា ពង្រាងច្បាប់នេះ ត្រូវបាន រដ្ឋសភាអនុម៍តត្រូសៗ ក្នុង​សម័យ​​ប្រជុំពិភាក្សាលើកដំបូង។

តាមមតិលោកប្រមុខរដ្ឋ គឺ លែងអាចលើកពេល ធ្វើកំណែទម្រង់នេះទៀតឡើយ ពីព្រោះ ការលើកពេលនេះ នឹងនាំមកនូវ ផលវិបាកធ្ងន់ធ្ងរ ផ្នែកសង្គម-សេដ្ឋកិច្ច។ ថវិការរដ្ឋសព្វថ្ងៃ មានធនធានសម្រាប់ដំឡើង ប្រាក់ រ៉ឺត្រែត តែក្នុងអំឡុងពេលពី ៧ ដល់ ១០ ឆ្នាំទៀតប៉ុណ្ណោះ ។

ដោយដើរតួជា អាជ្ញាកណ្តាល រវាង រដ្ឋាភិបាល និង ប្រជាជន លោកពូទីន បានដាក់​ចេញ​មកនូវ សំណើ មួយចំនួន ឆ្ពោះទៅបន្ទន់ និង បន្ធូរឲ្យបានធូរស្រាលខ្លះៗ កំណែ​ទម្រង់​នេះ គឺថា ៖

ទី១-សម្រាប់ស្ត្រី វ័យដើម្បីចូលរ៉ឺត្រែត នឹងត្រូវដំឡើង មិនមែន ៨ ឆ្នាំទេ តែគឺ ៥ ឆ្នាំ ប៉ុណ្ណោះ

លោកពូទីន ស្នើឲ្យបន្ទាបវ័យសម្រាប់ស្ត្រីចូលរ៉ឺត្រែត ដែលមានកំណត់​ក្នុង​គម្រោង​ច្បាប់​រដ្ឋាភិបាល គឺ មិន មែន ចាប់ពី ៦៣ ឆ្នាំឡើយ តែគឺ ចាប់ពី ៦០ ឆ្នាំទៅ។ បានន័យថា ដំឡើង​ពី ៥៥ ឆ្នាំសព្វថ្ងៃ ដល់ ៦០ ឆ្នាំ ។ ដំឡើង ៥ ឆ្នាំនេះ គឺដូច សម្រាប់បុរសអញ្ចឹង ពី ៦០ ដល់ ៦៥ ឆ្នាំ។ តាមលោកពូទីន គឺ “ អយុត្តិធម៏ ” បើ ដំឡើងសម្រាប់ស្ត្រី ដល់ទៅ ៨ ឆ្នាំ ពី ៥៥ ឆ្នាំ ដល់ ៦៣ ឆ្នាំ។

ទី២-ល័ក្ខខ័ណ្ឌធូរស្រាលពិសេស

លោកប្រធានាធិបតី ក៏ស្នើឲ្យ អនុវត្តល័ក្ខខ័ណ្ឌធូរស្រាលពិសេស សម្រាប់ពលរដ្ឋណា ដែលតាមច្បាប់ចាស់  ត្រូវចូលរ៉ឺត្រែត ក្នុង ២ ឆ្នាំចំពោះមុខ។ សំណើគាត់គឺ ឲ្យគេមាន​សិទ្ធិ​ ចូលរ៉ឺត្រែត ៦ ខែមុន ទៅតាមវ័យថ្មី សម្រាប់ ចូលរ៉ឺត្រែត។ បែបដូច្នេះ ពលរដ្ឋណា ដែលតាមវ័យថ្មីសម្រាប់ចូលរ៉ឺត្រែត ហើយត្រូវចូលរ៉ឺត្រែត នៅខែ មករា ឆ្នាំ ២០២០ គឺ​អាច​ដកខ្លួនចូលរ៉ឺត្រែត តាំងពី ខែ មិថុនា ឆ្នាំ ២០១៩ ម៉្លេះ។

ទី៣ មាតាដែលមានកូនច្រើនក្នុងបន្ទុក អាចចូលរ៉ឺត្រែត មុនកាលកំណត់  

តាមសំណើលោកពូទីន ៖

-បើស្ត្រីមានកូន ៣ នាក់ ក្នុងបន្ទុក គឺគេអាចចូលរ៉ឺត្រែត ៣ ឆ្នាំមុនដល់វ័យ​ថ្មី​សម្រាប់​ចូល​រ៉ឺត្រែត បានន័យថា ចាប់ពី អាយុ ៥៧ ឆ្នាំ មិនមែន ចាប់ពី អាយុ ៦០ ឆ្នាំទេ។

-បើស្ត្រី មានកូន ៤ នាក់ក្នុងបន្ទុក គឺគេអាចូលរ៉ឺត្រែត ៤ ឆ្នាំមុន បានន័យថា ចាប់ពីអាយុ ៥៦ ឆ្នាំ។

-បើស្ត្រី មានកូនចាប់ពី ៥ នាក់ឡើងទៅ គឺគេអាចចូលរ៉ឺត្រែត តាមច្បាប់ចាស់ ចាប់ពីអាយុ ៥០ ឆ្នាំ។

ទី៤--អតីតភាពការងារ សម្រាប់ចូលរ៉ឺត្រែត មុនកាលកំណត់

លោកពូទីន ស្នើឲ្យបន្ទាប ៣ ឆ្នាំទៅ អតីតភាពការងារ ដែលផ្តល់សិទ្ធិដល់ពលរដ្ឋ ឲ្យចូល រ៉ឺត្រែត។

តាមប្រសាសន៍លោកពូទីន ៖

-ក្នុងគម្រោងច្បាប់រដ្ឋាភិបាល ដែលស្ថិតនៅក្នុងការពិភាក្សានៃរដ្ឋសភា មានកំណត់ថា អតីភាពការងារ ដែល ផ្តល់សិទ្ធិដល់ពលរដ្ឋឲ្យចូលរ៉ឺត្រែត សម្រាប់បុរស គឺ ៤៥ ឆ្នាំ សម្រាប់​ ស្ត្រី គឺ ៤០ ឆ្នាំ។ ដូច្នេះ សំណើ ខ្ញុំ គឺគប្បី បន្ទាប ៣ ឆ្នាំទៅ អតីតភាពការងារនេះ សម្រាប់ពលរដ្ឋអាចចូលរ៉ឺត្រែត បានន័យថា អតីតភាព ការងារ សម្រាប់ បុរស គឺ ៤២ ឆ្នាំ សម្រាប់ ស្ត្រី គឺ ៣៧ ឆ្នាំ។

ទី៥-នាទីទទួលខុសត្រូវ ចំពោះការបញ្ឈប់ពីការងារ

លោកពូទីន ស្នើឲ្យ ចាត់តាំងឡើង ជានាទីទទួលខុសត្រូវសម្រាប់ និយោជក តាំងពីការពិន័យគេ តាមក្រម រដ្ឋប្បវេណី រហូតដល់កសាងទល់នឹងគេ ជា  សំណុំរឿងព្រហ្មទណ្ឌ ចំពោះ ការបណ្តេញ ឫ ការប្រកែក មិនព្រមទទួលឲ្យចូលធ្វើការ សហការី សហការិនី ណា ដែលជិតដល់វ័យចូលរ៉ឺត្រែត។

តាមប្រសាសន៍លោកពូទីន ៖ រដ្ឋអំណាច ត្រូវតែប្រមើលនូវ ការធានារ៉ាប់រងបន្ថែមទៀត ដែលការពារ ផល ប្រយោជន៍ពលរដ្ឋចំណាស់វ័យ នៅលើ ទីផ្សារការងារ។ ម៉្លោះហើយ បានជាខ្ញុំ ស្នើឲ្យចាត់ទុក រយៈពេល ៥ឆ្នាំ ជា ដំណាក់អន្តរកាល​ឆ្លង​ពី​ច្បាប់​ចាស់​ទៅ​ច្បាប់​ថ្មី  មុន ដល់វ័យថ្មីចូលរ៉ឺត្រែត។ ការកែប្រែសមស្រប ត្រូវតែ បញ្ចូល ទៅក្នុងច្បាប់ ក្នុងពេលជាមួយគ្នា នឹងការអនុម័ត ពង្រាងច្បាប់ស្តី អំពី ការដំឡើងវ័យសម្រាប់ ចូលរ៉ឺត្រែត។

ទី៦-អត្ថប្រយោជន៍ របស់ពលរដ្ឋណា ជិតដល់វ័យចូលរ៉ឺត្រែត្ នៅរក្សាទុកដដែល

ក្នុងសារថ្លែងតាមទូរទស្សន៍ ទៅប្រជាជាតិ ថ្ងៃ ២៩ សីហា លោកប្រធានាធិបតី លើកឡើង ពី ភាពចាំបាច់ ត្រូវតែរក្សាទុក ឯកសិទ្ធិសម្រាប់ពលរដ្ឋណា ដែលជិតដល់​វ័យ​ចូល​រ៉ឺត្រែត ខាង បង់ពន្ធអលនទ្រព្យ ខាងបង់ ថ្លៃសេវាលំនៅ ដ្ឋាន  បែបយ៉ាង ទឹក ភ្លើង អគ្គិសនី កំដៅ សម្រាម និង ខាងធ្វើដំណើរតាមយានជំនិះ សាធារណៈ ដោយមិន បាច់បង់ថ្លៃ  ។

តាមប្រសាសន៍លោកពូទីន ៖ ខ្ញុំក៏ដឹងដែរថា ពួកអ្នកតំណាងរាស្ត្រនៃ បក្សកាន់អំណាច” ប្រទេសរុស្ស៊ី រួមធ្លុងមួយ” នៅតាមសភាខេត្ត និង ពួកអ្នកដឹកនាំខេត្ត​ទាំងឡាយ​ចំណុះ​សហព័ន្ធរុស្ស៊ី តែងបានបំផុសមក នូវ គំនិតផ្តួចផ្តើម ឲ្យរក្សាទុកគ្រប់តែ អត្ថប្រយោជន៍ សម្រាប់ពលរដ្ឋប្រភេទនេះ។

មានទៅហើយ ប្រតិកម្មពីខាងរដ្ឋសភា ដែលថា ក្នុងថ្ងៃ ៣១ សីហានេះ គេនឹងបង្កើត​ឡើង​​ជាក្រុមការងារ សម្រាប់សិក្សាលើ សំណើទាំងអម្បាលម៉ាន របស់ប្រមុខរដ្ឋ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ