តើការវិវាទរវាងប្រទេសអង់គ្លេស និងប្រទេសម៉ូរីសជុំវិញប្រជុំកោះឆាហ្គូសបានកើតឡើងយ៉ាងដូចម្តេចខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៨
នៅថ្ងៃចន្ទ ទី៣ កញ្ញា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេផ្តើមពិនិត្យលើជម្លោះទឹកដីរវាងប្រទេសប្រទេសម៉ូរីស និងប្រទេសអង់គ្លេសទាក់ទងនឹងប្រជុំកោះឆាហ្គូស។ បច្ចុប្បន្ន ប្រជុំកោះឆាហ្គូសដែលស្ថិតក្នុងមហាសមុទ្រឥណ្ឌាកំពុងស្ថិតក្រោមការកាន់កាប់របស់ប្រទេសអង់គ្លេស និងមានមូលដ្ឋានយោធារវាងអង់គ្លេស អាមេរិក តែប្រទេសម៉ូរីសបន្តទាមទារជារបស់ដែនដីរបស់ខ្លួន។ តើវិវាទទឹកដីជុំវិញប្រជុំកោះឆាហ្គូសរវាងម៉ូរីស និងអង់គ្លេសបានចាប់ផ្តើមយ៉ាងដូចម្តេច និងថាហេតុអ្វីបានជាសំណុំរឿងមួយនេះឡើងដល់ដៃតុលាការព្រហ្មទណ្ឌអន្តរជាតិ?
វិវាទទឹកដីរវាងប្រទេសអង់គ្លេស និងប្រទេសម៉ូរីសបានអូសបន្លាយតាំងពីជាង ៥០ឆ្នាំមកហើយ ពោលតាំងពីម៉ូរីសទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ ១៩៦៨។ តែគេមិនត្រូវភ្លេចនិយាយទេថា ឯករាជ្យដែលម៉ូរីសទទួលបានពីអង់គ្លេសក្នុងឆ្នាំ ១៩៦៨ ជាលទ្ធផលបានមកពីកិច្ចចាររវាងទីក្រុងឡុងដ៏ និងទីក្រុងព័រល្វីក្នុងឆ្នាំ ១៩៦៥។ នៅក្នុងកិច្ចចរចាកាលណោះ អង់គ្លេសក្នុងនាមជាអាណាព្យាបាលបានទាមទារយកប្រជុំកោះឆាហ្គូសជាថ្នូរនឹងឯករាជ្យ ព្រមទាំងយល់ព្រមឲ្យលុយម៉ូរីសចំនួន ៣លានផោន។ រដ្ឋអំណាចម៉ូរីសជំនាន់នោះក៏បានសុខចិត្ត ហើយរដ្ឋអំណាចអង់គ្លេសជំនាន់នោះក៏បានប្រគល់ឯករាជ្យឲ្យម៉ូរីសដូចបានសន្យានៅ ៣ឆ្នាំក្រោយមក ពោលក្នុងឆ្នាំ ១៩៦៨។
សូមជម្រាបជូនថា ប្រជុំកោះឆាហ្គូសមានប្រមូលផ្តុំដោយកោះតូចចំនួន ៥៥ ដែលក្នុងនោះ មានកោះតែ ៣ គត់ ដែលមានមនុស្សរស់នៅសរុបប្រមាណជា ២ ០០០នាក់ ពិសេសកោះ Diego Garcia។ ក្រោយពីទទួលបានការយល់ព្រមពីរដ្ឋអំណាចម៉ូរីសជំនាន់នោះមក ប្រជាជនទាំងប្រមាណ ២ ០០០នាក់ក៏ត្រូវបានគេជម្លៀសឲ្យទៅរស់នៅកន្លែងផ្សេងដែលស្ថិតក្នុងដែនដីឯករាជ្យរបស់ម៉ូរីស។ នៅដើមទសវត្សឆ្នាំ ៧០ ពោលក្នុងពេលដែលសង្រ្គាមត្រជាក់កំពុងឡើងតានតឹងខ្លាំងរវាងប្លុកសេរី និងប្លុកកុម្មុយនិស្ត អង់គ្លេសបានចុះកុងត្រាជាមួយអាមេរិកដើម្បីកសាងមូលដ្ឋានយោធាមួយលើកោះ Diego Garcia ដែលជាកោះមានផ្ទៃក្រឡាដីធំជាងគេបង្អស់លើប្រជុំកោះឆាហ្គូស។
ក្នុងឆ្នាំ ២០១៦ អង់គ្លេសបានបន្តកុងត្រាឲ្យអាមេរិកប្រើមូលដ្ឋានយោធា Diego Garcia ចំនួន ២០ឆ្នាំបន្ថែមទៀត ពោលរហូតដល់ឆ្នាំ ២០៣៦។ សូមជម្រាបជូនថា មូលដ្ឋានយោធា Diego Garcia បានដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ប្រតិបត្តិយោធាអាមេរិក ពិសេសសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងឆ្នាំ ២០០១ និងសង្រ្គាមនៅអ៊ីរ៉ាក់ចំនួន ២លើកពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩១ និងពីឆ្នាំ ២០០៣ដល់ឆ្នាំ ២០០៦។ បន្ទាប់មក មូលដ្ឋានយោធានោះក៏ត្រូវបានក្រុម CIA ប្រើជាកន្លែងសម្រាប់សួរចម្លើយលើជនសង្ស័យចាប់ខ្លួនក្នុងទឹកដីអាហ្វហ្កានីស្ថាននៅក្រោមមហាភេរវកម្មថ្ងៃ ១១ កញ្ញា ២០០១។
ថ្ងៃនេះ និង៥៣ឆ្នាំក្រោយទទួលបានឯករាជ្យមក ប្រទេសម៉ូរីសបានបន្តចេញមុខអះអាងថា ឯករាជ្យភាពដែលខ្លួនទទួលបានពីអង់គ្លេសនឹងនៅមិនពេញលេញទេ បើទឹកដីឆាហ្គូសមិនឋិតក្រោមការកាន់កាប់របស់ខ្លួនទេនោះ។ នៅពេលនេះ ថ្នាក់ដឹកនាំម៉ូរីសគ្រប់រូប ពិសេសអតីតថ្នាក់ដឹកនាំដែលបានចរចាផ្ទាល់ជាមួយភាគីអង់គ្លេសកាលពីឆ្នាំ ១៩៦៥ បានបញ្ជាក់ថា ការដែលពួកគេបានយល់ព្រមចុះហត្ថលេខាកាលណោះ ក៏ដោយសារតែពួកគេគ្មានជម្រើសអ្វីផ្សេង ព្រោះភាគីអង់គ្លេសបានដាក់លក្ខខណ្ឌរវាងទទួលបានឯករាជ្យ ឬគ្មានឯករាជ្យ។ បើចង់បានឯករាជ្យ គឺត្រូវលះបង់ប្រជុំកោះឆាហ្គូស។
៥៣ឆ្នាំក្រោយមក ទីក្រុងព័រល្វីបានយល់ឃើញថា នីតិវិធីបញ្ចប់អាណានិគមរបស់ប្រទេសអង់គ្លេសលើម៉ូរីសដោយប្តូរឯករាជ្យជាថ្នូរនឹងដែនដីឆាហ្គូស ជាការរំលោភច្បាប់អន្តរជាតិ។ អ្វីដែលម៉ូរីសបន្តទាមទារចង់បានពេលនេះ គឺប្រជុំកោះឆាហ្គូសរបស់ខ្លួន និងសិទ្ធិនៃការវិលត្រឡប់របស់អ្នកស្រុក អ្នកភូមិទៅរស់នៅលើប្រជុំកោះនោះឡើងវិញ។ ក្នុងខែមិថុនា ឆ្នាំ ២០១៧ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចមួយដោយយល់ព្រមបញ្ជូនបណ្តឹងរបស់ប្រទេសម៉ូរីសទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេពិនិត្យ និងផ្តល់យោបល់។ សវនាការនឹងត្រូវដំណើរការរយៈពេល ៤ថ្ងៃ ហើយក្រុមចៅក្រមនឹងត្រូវផ្តល់ជាយោបល់ និងការយល់ឃើញរបស់ខ្លួននៅប៉ុន្មានខែ ឬអាចថាប៉ុន្មានឆ្នាំខាងមុខ។
សូមជម្រាបជូនថា មាននិតិវីធីចំនួនពីរនៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ និតិវិធីទី១ ជាការកាត់ក្តីចាញ់ ឈ្នះរវាងភាគីពីរដែលសុំអន្តរាគមន៍ពីតុលាការឲ្យជួយដោះស្រាយលើភាពមិនចុះសម្រុងគ្នា។ ក្នុងករណីនេះ សេចក្តីសម្រេចរបស់តុលាការ គឺមានលក្ខណៈបង្ខំឲ្យគោរពតាម។ ចំណែកនិតិវិធីទី២ គ្រាន់ជាការផ្តល់មតិយោបល់ និងការយល់ឃើញដែលភាគីណាមួយចង់បាន និងដែលមតិយោបល់ និងការយល់ឃើញនោះមិនមានលក្ខណៈបង្ខំទេ។ ដូច្នេះសម្រាប់វិវាទទឹកដីរវាងអង់គ្លេស និងម៉ូរីសដែលបានអូសបន្លាយជាង ៥៣ឆ្នាំកន្លងមក គ្មានទេអ្នកចាញ់ ហើយក៏គ្មានដែរអ្នកឈ្នះ តែមានអ្នកប្រៀបជាង។ អ្នកប្រៀបជាងនោះ គឺប្រទេសម៉ូរីសដែលទទួលបានជោគជ័យផ្លូវទូតដោយអាចគាស់កកាយរឿងចាស់មួយនេះទៅប្តឹងដល់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ