ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អឺរ៉ុប

អេស្ប៉ាញ​លុបចោល​កុងត្រា​លក់​អាវុធ​ឲ្យអា​រ៉ាប៊ីសាអូឌីត​ក្នុង​ទឹកប្រាក់​ជាង ១០លានដុល្លារ

media  
西班牙首相桑切斯宣布组成新政府。2018-06-06 លោក Pedro Sanchez នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ប្រទេស​អេស្ប៉ាញ 路透社。

នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ក្រសួងការពារជាតិ​បាន​ប្រកាស​ពី​ការ​លុបចោល​វិញ​នូវ​កុងត្រា​លក់​គ្រាប់បែក​បញ្ជា​ដោយ​កាំរស្មី Laser ចំនួន ៤០០គ្រាប់​ក្នុង​តម្លៃ​ជាង ១០លានដុល្លារ​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ចំណែក​លុយ​ទាំង​ជាង ១០លានដុល្លារ​ដែល​ទីក្រុង​រីយ៉ាដ​បាន​បង់​រួច​ហើយ​នឹង​ត្រូវ​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត​វិញ។ ទោះ​បី​ក្រសួងការពារជាតិ​អេស្ប៉ាញ​មិន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​លុប​កុងត្រា​នោះ​ក៏​ដោយ​ក៏​គេ​ដឹង​ថា ដោយសារ​តែ​អារ៉ាប៊ីសាអូឌីត​បាន​យក​​អាវុធ​ទៅ​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​​យេម៉ែន។

មុន​នឹង​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ក្រសួង​ការពារជាតិ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ដែល​អះអាង​ថា រដ្ឋាភិបាល​សង្គមនិយម​របស់​លោក​នាយករដ្ឋមន្រ្តី Pedro Sanchez បាន​ផ្តើម​នីតិវិធី​ក្នុង​ខែ​កក្កដា​កន្លង​ទៅ​ដើម្បី​លុបចោល​កុងត្រា​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​អភិរក្សនិយម​នា​រដូវក្តៅ​ឆ្នាំ ២០១៥។ នៅ​ក្នុង​កុងត្រា​ដែល​មាន​ទឹកប្រាក់​ជាង ១០លានដុល្លារ ទីក្រុង​ម៉ាឌ្រីដ​បាន​លក់​ឲ្យ​ទីក្រុង​រីយ៉ាដ​នូវ​គ្រាប់បែក​បញ្ជា​ដោយ​កាំរស្មី Laser ចំនួន ៤០០គ្រាប់ តែ​ក្រសួង​ការពារជាតិ​មិន​បាន​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​អ្នក​ផលិត ឬ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទេ។

អ្វី​ដែល​គេ​ដឹង ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​ជួប​ក្រុម​សកម្មជន​របស់​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល មាន Amnesty International Oxfam និង Greenpeace ដែល​ប្រឆាំង​នឹង​ការ​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត។ តាម​ក្រុម​អ្នក​តំណាង​ឲ្យ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង ៣ រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីត​មិន​បាន​សន្យា​អ្វី​ឲ្យ​បាន​ពិតប្រាកដ​នៅ​ក្នុង​ជំនួប​នោះ​ទេ។ ចំណែក​រឿង​លុប​កុងត្រា​លក់​គ្រាប់បែក​ចំនួន ៤០០គ្រាប់​ត្រូវ​បាន​ពួក​គេ​យល់​ថា មាន​កម្រិត​តិចតួច​ខ្លាំង​ណាស់។ តែ​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​សារ​មួយ​សំខាន់​ដែល​រដ្ឋាភិបាល​អេស្ប៉ាញ​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត។

អ្វី​ដែល​ជា​ក្តីបារម្ភ​របស់​ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ការ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ប្រើ​អាវុធ​ទិញ​ពី​បរទេស​ទៅ​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់​នៅ​ក្នុង​ប្រទេស​យេម៉ែន។ គួរ​រម្លឹក​ថា អារ៉ាប៊ីសាអូឌីត​បាន​ដឹក​នាំ​កម្លាំង​អារ៉ាប់​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​នៅ​យេម៉ែន​ដែល​មក​ទល់​ពេល​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១០ ០០០នាក់ ភាគច្រើន​ជា​ជនស៊ីវិល និង​កូនក្មេង។ ក្នុង​ខែ​សីហា​ថ្មីៗ​នេះ ការ​វាប្រហារ​ផ្លូវអាកាស​បាន​សម្លាប់​ក្មេង​យ៉ាង​តិច ៦៦នាក់។ តាម​អង្គការសហប្រជាជាតិ អន្តរាគមន៍​របស់​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន​បាន​បង្ក​ឲ្យ​មាន​វិបត្តិមនុស្សធម៌​ដ៏​អាក្រក់​ក្នុង​លោក។

នា​ឱកាស​ទស្សនកិច្ច​របស់​ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​នៅ​អេស្ប៉ាញ​ក្នុង​ខែ​មេសា​កន្លង​ទៅ ទីក្រុង​ម៉ាឌ្រីដ និង​រីយ៉ាដ​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​កិច្ចព្រមព្រៀង​មួយ​លក់​នាវាមុជទឹក​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ក្នុង​តម្លៃ​ប្រមាណ ១ ៨០០លានអឺរ៉ូ។ តែ​សំណុំរឿង​មួយ​នេះ​មិន​ត្រូវ​បាន​ក្រសួង​ការពារជាតិ​អេស្ប៉ាញ​លើក​យក​ទៅ​និយាយ​ទេ។ តួលេខ​របស់​រដ្ឋាភិបាលឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៧ អេស្ប៉ាញ​បាន​នាំ​គ្រឿងបរិក្ខារ​យោធា​ចេញ​ក្នុង​ទឹកប្រាក់​សរុប ៤ ៣៥០លានអឺរ៉ូ ក្នុង​នោះ​មាន ២៧០លានអឺរ៉ូ​លក់​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ