អានតួអត្ថបទ

បារាំងចង់​មាន​​យុទ្ធសាស្ត្រ​យោធា​អវកាស ដើម្បី​ធានា​អធិបតេយ្យជាតិ

បារាំង​ត្រូវ​តែ​ពង្រឹងសមត្ថភាព​ផ្នែក​​​អវកាស ដើម្បី​អាច​ធានា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ! នេះ​បើ​តាម​​ការ​អះអាង​​របស់​លោកស្រី​ Florence Parly រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង ដែល​នឹង​ត្រូវ​បង្ហើប​បង្ហាញ នៅ​ថ្ងៃ​សុក្រ​ទី ៧​កញ្ញា​នេះ ​អំពី​​ចំណុច​គោល​នៃ​​​យុទ្ធសាស្ត្រ​យោធា​អវកាស​​ នា​ពេល​អនាគត​របស់​បារាំង តាម​សំណើ​របស់​លោក​ប្រធានាធិបតី។

បារាំង​ចង់​មាន​យុទ្ធសាស្ត្រ​យោធា​អវកាស
បារាំង​ចង់​មាន​យុទ្ធសាស្ត្រ​យោធា​អវកាស Getty Images/Erik Simonsen
ផ្សាយពាណិជ្ជកម្ម

“​បច្ចុប្បន្ន​នេះ​ យើង​ត្រូវ​ការការពារ​អវកាស ជាង​ពេល​ណាៗទាំងអស់ !” ត្រូវការ​ដើម្បី​ធ្វើប្រតិបត្តិការ សង្កេត​និង​តាម​ចាប់​ពួក​ភេរវនិយម ត្រូវការ​ដើម្បីប្រព័ន្ធ​ទូរគមនាគមន៍ ទីតាំង​ភូមិសាស្ត្រ ​ត្រូវការ​ដើម្បី​ជីវិត​​ប្រចាំ​ថ្ងៃ មិន​ថា​សម្រាប់​បម្រើបម្រាស់​​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​ ឬ​បម្រើបម្រាស់​បច្ចេកវិទ្យា​របស់ក្រុមហ៊ុន​ទេ។ ​នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​ស្រី​រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង ​ទៅកាន់​អ្នក​សារព័ត៌មាន ដោយ​បញ្ជាក់​ថា “ការពារ​អវកាស គឺ​ធានា​អធិបតេយ្យភាព ! គឺ​ជា​ការ​ឆក់​ឱកាស​សាង​ដៃគូ​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប និង​ជា​ការពារ​ជីវភាព​និង​ជីវិត​ប្រចាំ​ថ្ងៃ របស់​យើង!”

សម្រាប់​លោកស្រី​រដ្ឋមន្ត្រី អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រឈម​មុខ​ដាក់​គ្នា​ទៅហើយ ! ភាព​ប្រកួត​ប្រជែង និង​​ទម្រង់​នៃ​កា​របំពាក់​អាវុធ​នៅ​លើ​អវកាស កំពុងតែ​សកម្មភាព​ខ្លាំង​និង​ប្រញឹក​ដូច​អ្វី​ដែល​យើង​ធ្លាប់​ដឹង​ធ្លាប់​មាន​​នៅ​លើ​ដី។

តាម​សំណើ​របស់​ប្រធានាធិបតី​ លោកស្រី Florence Parly មាន​បន្ទុក​ទទួល​រៀប​ចំ​យុទ្ធសាស្ត្រ​យោធា​អវកាស ឱ្យ​បាន​រួច​ចប់​សព្វគ្រប់​នៅ​ចុងឆ្នាំ​។ ប៉ុន្តែលោកស្រី​ត្រូវចាប់​​​បង្ហាញអំពី​យុទ្ធសាស្ត្រ​ ​​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវនិង​ការពារ​​អវកាស​។

សូម​បញ្ជាក់​ថា លោកប្រធានាធិបតី​បារាំង​​ អេម៉ាណុយអែល​ ម៉ាក្រុង បាន​បង្ហាញ​ឆន្ទៈ​ ចង់​កំណត់​​​យុទ្ធសាស្ត្រ​យោធាបារាំង​-អឺរ៉ុប​​ក្នុង​​អវកាស​ កាលពី​ខែ​កក្កដា ព្រោះយល់​ឃើញ​ថា​ ​អវកាស​បានក្លាយ​ជា​ល្បែង​ល្បង​សុវត្ថិភាព​ជាតិ​​យ៉ាង​ពិតៗ និង​បន្ទាប់​ពី​ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​​មហិច្ឆតា​ចង់​​បង្កើត​ឱ្យ​មាន​កង​កម្លាំង​ទ័ពប្រចាំ​​អវកាស​ ជា​ស្ថាប័ន​យោធា​ទី​៦ ដាច់​ដោយ​ឡែក​ពី​កងទ័ព​អាកាស​​​របស់​អាមេរិក នៅ​ឆ្នាំ​២០២០ ដើម្បី​ឱ្យធានា​ឧត្តមភាព​អាមេរិក​​​គ្រប់គ្រង​អវកាស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ