សង្រ្គាមនៅស៊ីរី៖ជោគវាសនាទីក្រុងអ៊ីដឡិបកំពុងស្ថិតលើកិច្ចប្រជុំក្នុងទីក្រុងតេហេរ៉ង់ និងទីក្រុងញូយ៉ក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២១
ជំនួបកំពូលត្រីភាគីរវាងអ៊ីរ៉ង់ រុស្ស៊ី និងប្រទេសតួកគីចាប់ផ្តើមនៅថ្ងៃសុក្រ ទី៧ កញ្ញាក្នុងទីក្រុងតេហេរ៉ង់។ កម្មវត្ថុនៃជំនួបកំពូល គឺដើម្បីពិភាក្សាជុំវិញស្ថានការណ៍នៅក្នុងទីក្រុងអ៊ីដឡិប ប្រទេសស៊ីរី។ ទន្ទឹមគ្នានឹងជំនួបកំពូលត្រីភាគីអ៊ីរ៉ង់ រុស្ស៊ី និងតួកគី ស្ថានការណ៍ក្នុងទីក្រុងអ៊ីដឡិបក៏ជាប្រធានបទនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉កដែរ។ គួររម្លឹកជូនថា ទីក្រុងអ៊ីដឡិបដែលមានពលរដ្ឋរស់នៅជាង ៣លាននាក់ជាជម្រកដ៏ធំចុងក្រោយរបស់ពួកឧទ្ទាមលាយឡំជាមួយពួកជីហាត។
មានទីតាំងស្ថិតប៉ែកពាយព្យប្រទេស ទីក្រុងអ៊ីដឡិបជាទីតាំងធំចុងក្រោយរបស់ក្រុមឧទ្ទាម និងពួកជីហាត។ គឺនៅក្នុងទីក្រុងអ៊ីដឡិបដែលពួកឧទ្ទាម និងជនស៊ីវិលមកពីតំបន់ផ្សេងរត់ទៅជ្រកកោណ បន្ទាប់ពីតំបន់របស់ពួកគេត្រូវបានទ័ពរដ្ឋាភិបាលវាយដណ្តើមយកវិញ។ តាមអង្គការសហប្រជាជាតិ មានវត្តមានពួកជីហាតប្រមាណជា ១០ ០០០នាក់កំពុងរស់នៅ តែបើតាមអាមេរិកវិញ មានពី ២០ ០០០ ទៅ ៣០ ០០០នាក់។ តែសំខាន់ជាងគេ គឺមានជនស៊ីវិលរស់នៅដល់ទៅជាង លាននាក់ឯណោះ។ គឺរវាងវត្តមានពលរដ្ឋស៊ីវិល និងវត្តមានក្រុមឧទ្ទាម រួមជាមួយពួកជីហាតដ៏សម្បើមដែលទីក្រុងអ៊ីដឡិបបានក្លាយជាប្រធានបទនៃជំនួបកំពូលត្រីភាគីរុស្ស៊ី អ៊ីរ៉ង់ តួកគីក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ និងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉កនាថ្ងៃសុក្រទី៧ កញ្ញា។
ភាពខុសគ្នារវាងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងជំនួបកំពូលត្រីភាគីរុស្ស៊ី តួកគី និងអ៊ីរ៉ង់
ជំនួបកំពូលត្រីភាគីថ្នាក់ប្រធានាធិបតីរវាងរុស្ស៊ី អ៊ីរ៉ង់ និងតួកគីផ្តោតលើប្រធានបទកំចាត់ពួកឧទ្ទាម និងពួកជីហាតដែលកំពុងសោយរាជ្យក្នុងទីក្រុងអ៊ីដឡិប។ គួររម្លឹកជូនថា គម្រោងវាយប្រហារកំចាត់ពួកឧទ្ទាម និងពួកជីហាត រួចយកទីក្រុងអ៊ីដឡិបមកគ្រប់គ្រងវិញជាបំណងប្រាថ្នារបស់លោកប្រធានាធិបតីស៊ីរីអាសាដ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ រដ្ឋាភិបាលស៊ីរីរបស់លោកអាសាដបានបញ្ជូនទ័ពជាច្រើនរយនាក់ទៅដាក់ព័ទ្ធជុំវិញទីក្រុងអ៊ីដឡិប។ តែដើម្បីអាចវាយយកអ៊ីដឡិបត្រឡប់វិញបាន លោកអាសាដត្រូវការជំនួយគាំទ្រផ្លូវយោធា និងផ្លូវហិរញ្ញវត្ថុដោយខានមិនបានពីសម្ព័ន្ធមិត្តរុស្ស៊ី និងអ៊ីរ៉ង់។
កន្លងមក និងដោយមានជំនួយផ្លូវយោធាពីរុស្ស៊ី និងអ៊ីរ៉ង់ រដ្ឋាភិបាលរបស់លោកអាសាដបានវាយដណ្តើមយកទីក្រុងធំៗជាច្រើនពីពួកឧទ្ទាមត្រឡប់វិញ ដូចយ៉ាងទីក្រុងអាឡិប និងហ្គូតាខាងកើត។ ទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនជួយលោកអាសាដក្នុងការបោសសំអាតពួកឧទ្ទាម និងពួកជីហាតក្នុងទីក្រុងអ៊ីដឡិបឲ្យដល់ឫសគល់។ តែសហគមន៍អន្តរជាតិកំពុងបន្តសម្តែងក្តីបារម្ភពីជោគវាសនារបស់ជនស៊ីវិលទាំងជាង ៣លាននាក់។ សហគមន៍អន្តរជាតិមិនជំទាស់នឹងចំណាត់ការបោសសំអាតពួកជីហាតនៅក្នុងទីក្រុងអ៊ីដឡិបទេ តែបានអំពាវនាវឲ្យគិតគូរពីជីវិតជនស៊ីវិល។
គ្រប់ប្រទេសលោកខាងលិចទាំងអស់ មានបារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ ឬហូឡង់បានព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ និងថ្លុកឈាមនៅអ៊ីដឡិបដែលនឹងអាចកើតចេញពីប្រតិបត្តិសឹកក្រោមទ្រង់ទ្រាយធំ។ សហគមន៍អន្តរជាតិបានអំពាវនាវឲ្យរុស្ស៊ី អ៊ីរ៉ង់ និងតួកគីគោរពបទឈប់បាញ់នៅតាមតំបន់សន្តិសុខ និងតំបន់គ្មានជម្លោះដែលពួកគេបានបង្កើតនៅតាមតំបន់ជាច្រើនក្នុងទឹកដីស៊ីរី រួមទាំងនៅក្នុងទីក្រុងអ៊ីដឡិប។ ទន្ទឹមគ្នានេះ សហគមន៍អន្តរជាតិបានទាមទារឲ្យរុស្ស៊ី និងអ៊ីរ៉ង់ប្រើឥទ្ធិពលរបស់ខ្លួនលើលោកអាសាដឲ្យបញ្ឈប់ការវាយប្រហារលើទីក្រុងអ៊ីដឡិប។
តួកគីបារម្ភពីលំហូរជនភៀសខ្លួន
ទោះបីនៅមិនមានការវាយប្រហារក្រោមទ្រង់ទ្រាយធំក៏ដោយ ក៏ទ័ពអាកាសស៊ីរី និងទ័ពអាកាសរុស្ស៊ីបានធ្វើការទម្លាក់គ្រាប់បែកនៅជុំវិញទីក្រុងអ៊ីដឡិបអស់ប៉ុន្មានថ្ងៃមកហើយ និងមកទល់ពេលនេះ គេឃើញមានជនស៊ីវិលផ្តើមភៀសខ្លួនចេញជាបណ្តើរៗ។ តាមអង្គការសហប្រជាជាតិ ប្រតិបត្តិការសឹកក្រោមទ្រង់ទ្រាយធំនឹងអាចមានជនភៀសខ្លួនជិត ១លាននាក់។ ក្តីបារម្ភរបស់សហគមន៍អន្តរជាតិចំពោះអ្នកបំន្លាស់ទីនៅស៊ីរី គឺគ្រោះមហន្តរាយមនុស្សធម៌ដោយមិនដឹងរៀបចំកន្លែងស្នាក់នៅឯណា និងផ្គត់ផ្គង់អាហារតាមរបៀបម៉េច។ ម្យ៉ាងទៀត ការបំន្លាស់ទីភាគច្រើនរបស់ពួកគេច្រើនជាបំន្លាស់ទីវិលចុះ វិលឡើងក្នុងស្រុកដោយគ្មានកន្លែងសុវត្ថិភាពណាមួយច្បាស់លាស់។
ជាក់ស្តែង ប្រតិបត្តិការសឹករំដោះទីក្រុងអាឡិប ឬហ្គូតាខាងកើតបានធ្វើឲ្យជនស៊ីវិល រួមជាមួយពួកឧទ្ទាម និងពួកជីហាតភៀសខ្លួនទៅជ្រកកោណក្នុងទីក្រុងអ៊ីដឡិប។ បើមានការវាយប្រហារលើអ៊ីដឡិបទៀត ពួកគេភាគច្រើននឹងត្រូវរត់ត្រឡប់ចូលកន្លែងចាស់វិញដោយចៀសមិនរួច។ អ៊ីចឹងហើយបានជានៅក្នុងជំនួបកំពូលត្រីភាគីតួកគី រុស្ស៊ី និងអ៊ីរ៉ង់ពេលនេះ តួកគីដែលបានគាំទ្រក្រុមឧទ្ទាមមួយចំនួន ពិសេសក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីហាក់មិនចង់ឲ្យរុស្ស៊ី និងអ៊ីរ៉ង់បើកការវាយប្រហារលើអ៊ីដឡិបទេ ព្រោះវាអាចនឹងធ្វើឲ្យជនស៊ីវិលរត់ទៅជ្រកកោនកាន់តែច្រើនទៀតនៅក្បែរព្រំដែន និងក្នុងទឹកដីខ្លួន។
គួររម្លឹកថាសព្វថ្ងៃនេះ តួកគីបានទទួលជនភៀសខ្លួនស៊ីរីជាង ៣លាននាក់។ លោកប្រធានាធិបតីតួកគីអ៊ែរដូហ្កានអាចស្នើដល់សមភាគីរុស្ស៊ីលោកពូទីន និងសមភាគីអ៊ីរ៉ង់លោករ៉ូហានីនូវជម្រើសមួយចំនួនជាថ្នូរនឹងការមិនវាយប្រហារលើទីក្រុងអ៊ីដឡិប។ តាមកាសែតតួកគី ជម្រើសរបស់លោកអ៊ែរដូហ្កានមានដូចជា ការជម្លៀសក្រុមប្រដាប់អាវុធដែលស្ម័គ្រចិត្តចេញ ហើយសម្រាប់ពួកជីហាតជាជនបរទេសដែលយល់ព្រមទម្លាក់អាវុធនឹងអាចអនុញ្ញាតឲ្យពួកគេវិលចូលប្រទេសកំណើតវិញ បើគេចង់ទៅ។ តើមាន ឬមិនមានប្រតិបត្តិការសឹកក្រោយទ្រង់ទ្រាយធំលើទីក្រុងអ៊ីដឡិប គេត្រូវរង់ចាំមើលនៅប៉ុន្មានថ្ងៃខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ