ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក
 
ពី​ឆ្វេង​ទៅ​ស្តាំ លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី និង​សមភាគី​តួកគី​លោក​​អ៊ែរដូហ្កាន​ក្នុង​ទីក្រុង​តេហេរ៉ង់ ថ្ងៃទី៧ កញ្ញា ២០១៨ Reuters

ជំនួបកំពូល​ត្រីភាគី​រវាង​អ៊ីរ៉ង់ រុស្ស៊ី និង​ប្រទេស​តួកគី​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ ទី៧ កញ្ញា​ក្នុង​ទីក្រុង​តេហេរ៉ង់។ កម្មវត្ថុ​នៃ​ជំនួបកំពូល គឺ​ដើម្បី​ពិភាក្សា​ជុំវិញ​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប ប្រទេស​ស៊ីរី។ ទន្ទឹម​គ្នា​នឹង​ជំនួបកំពូល​ត្រីភាគី​អ៊ីរ៉ង់ រុស្ស៊ី និង​តួកគី ស្ថានការណ៍​ក្នុង​ទីក្រុង​អ៊ីដឡិប​ក៏​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​ដែរ។

គួរ​រម្លឹក​ជូន​ថា ទីក្រុង​អ៊ីដឡិប​ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង ៣លាននាក់​ជា​ជម្រក​ដ៏​ធំ​ចុង​ក្រោយ​របស់​ពួកឧទ្ទាម​លាយឡំ​ជាមួយ​ពួកជីហាត។

មាន​ទីតាំង​ស្ថិត​ប៉ែក​ពាយព្យ​ប្រទេស ទីក្រុង​អ៊ីដឡិប​ជា​ទីតាំង​ធំ​ចុងក្រោយ​របស់​ក្រុមឧទ្ទាម និង​ពួកជីហាត។ គឺ​នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប​ដែល​ពួក​ឧទ្ទាម និង​ជនស៊ីវិល​មក​ពី​តំបន់​ផ្សេង​រត់​ទៅ​ជ្រកកោណ បន្ទាប់​ពី​តំបន់​របស់​ពួក​គេ​ត្រូវ​បាន​ទ័ពរដ្ឋាភិបាល​វាយ​ដណ្តើម​យក​វិញ។ តាម​អង្គការសហប្រជាជាតិ មាន​វត្តមាន​ពួក​ជីហាត​ប្រមាណ​ជា ១០ ០០០នាក់​កំពុង​រស់នៅ តែ​បើ​តាម​អាមេរិក​វិញ មាន​ពី ២០ ០០០ ទៅ ៣០ ០០០នាក់។ តែ​សំខាន់​ជាង​គេ គឺ​មាន​ជនស៊ីវិល​រស់នៅ​ដល់​ទៅ​ជាង លាននាក់​ឯ​ណោះ។ គឺ​រវាង​វត្តមាន​ពលរដ្ឋស៊ីវិល និង​វត្តមាន​ក្រុមឧទ្ទាម រួម​ជាមួយ​ពួកជីហាត​ដ៏​សម្បើម​ដែល​ទីក្រុង​អ៊ីដឡិប​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ជំនួបកំពូល​ត្រីភាគី​រុស្ស៊ី អ៊ីរ៉ង់ តួកគី​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​នា​ថ្ងៃ​សុក្រទី៧ កញ្ញា។

ភាព​ខុស​គ្នា​រវាង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ និង​ជំនួបកំពូល​ត្រីភាគី​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់

ជំនួបកំពូលត្រីភាគី​ថ្នាក់​ប្រធានាធិបតី​រវាង​រុស្ស៊ី អ៊ីរ៉ង់ និង​តួកគី​ផ្តោត​លើ​ប្រធានបទ​កំចាត់​ពួកឧទ្ទាម និង​ពួកជីហាត​ដែល​កំពុង​សោយរាជ្យ​ក្នុង​ទីក្រុង​អ៊ីដឡិប។ គួរ​រម្លឹក​ជូន​ថា គម្រោង​វាយប្រហារ​កំចាត់​ពួកឧទ្ទាម និង​ពួក​ជីហាត រួច​យក​ទីក្រុង​អ៊ីដឡិប​មក​គ្រប់គ្រង​វិញ​ជា​បំណងប្រាថ្នា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​បាន​បញ្ជូន​ទ័ព​ជា​ច្រើន​រយនាក់​ទៅ​ដាក់​ព័ទ្ធជុំវិញ​ទីក្រុង​អ៊ីដឡិប។ តែ​ដើម្បី​អាច​វាយ​យក​អ៊ីដឡិប​ត្រឡប់​វិញ​បាន លោក​អាសាដ​ត្រូវ​ការ​ជំនួយ​គាំទ្រ​ផ្លូវយោធា និង​ផ្លូវហិរញ្ញវត្ថុ​ដោយ​ខាន​មិន​បាន​ពី​សម្ព័ន្ធមិត្ត​រុស្ស៊ី និង​អ៊ីរ៉ង់។

កន្លង​មក និង​ដោយ​មាន​ជំនួយ​ផ្លូវយោធា​ពី​រុស្ស៊ី និង​អ៊ីរ៉ង់ រដ្ឋាភិបាល​របស់​លោក​អាសាដ​បាន​វាយដណ្តើម​យក​ទីក្រុង​ធំៗ​ជា​ច្រើន​ពី​ពួក​ឧទ្ទាម​ត្រឡប់​វិញ ដូច​យ៉ាង​ទីក្រុង​អាឡិប និង​ហ្គូតាខាងកើត។ ទីក្រុង​មូស្គូ និង​ទីក្រុង​តេហេរ៉ង់​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ជួយ​លោក​អាសាដ​ក្នុង​ការ​បោសសំអាត​ពួកឧទ្ទាម និង​ពួកជីហាត​ក្នុង​ទីក្រុង​អ៊ីដឡិប​ឲ្យ​ដល់​ឫសគល់។ តែ​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​សម្តែង​ក្តីបារម្ភ​ពី​ជោគវាសនា​របស់​ជនស៊ីវិល​ទាំង​ជាង ៣លាននាក់។ សហគមន៍អន្តរជាតិ​មិន​ជំទាស់​នឹង​ចំណាត់ការ​បោសសំអាត​ពួកជីហាត​នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប​ទេ តែ​បាន​អំពាវនាវ​ឲ្យ​គិតគូរ​ពី​ជីវិត​ជនស៊ីវិល។

គ្រប់​ប្រទេសលោកខាងលិច​ទាំង​អស់ មាន​បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ ឬ​ហូឡង់​បាន​ព្រមាន​ពី​គ្រោះ​មហន្តរាយមនុស្សធម៌ និង​ថ្លុកឈាម​នៅ​អ៊ីដឡិប​ដែល​នឹង​អាច​កើត​ចេញ​ពី​ប្រតិបត្តិសឹក​ក្រោម​ទ្រង់ទ្រាយ​ធំ។ សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី អ៊ីរ៉ង់ និង​តួកគី​គោរព​បទឈប់​បាញ់​នៅ​តាម​តំបន់​សន្តិសុខ និង​តំបន់​គ្មាន​ជម្លោះ​ដែល​ពួក​គេ​បាន​បង្កើត​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ទឹកដី​ស៊ីរី រួម​ទាំង​នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប។ ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​រុស្ស៊ី និង​អ៊ីរ៉ង់​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​លោក​អាសាដ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​លើ​ទីក្រុង​អ៊ីដឡិប។

តួកគី​បារម្ភ​ពី​លំហូរ​ជនភៀសខ្លួន

ទោះ​បី​នៅ​មិន​មាន​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​ក៏​ដោយ ក៏​ទ័ពអាកាស​ស៊ីរី និង​ទ័ពអាកាស​រុស្ស៊ី​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​នៅ​ជុំវិញ​ទីក្រុង​អ៊ីដឡិប​អស់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ និង​មក​ទល់​ពេល​នេះ គេ​ឃើញ​មាន​ជនស៊ីវិល​ផ្តើម​ភៀសខ្លួន​ចេញ​ជា​បណ្តើរៗ។ តាម​អង្គការសហប្រជាជាតិ ប្រតិបត្តិការសឹក​ក្រោម​ទ្រង់ទ្រាយ​ធំ​នឹង​អាច​មាន​ជនភៀសខ្លួន​ជិត ១លាននាក់។ ក្តីបារម្ភ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​អ្នក​បំន្លាស់ទី​នៅ​ស៊ីរី គឺ​គ្រោះមហន្តរាយ​មនុស្សធម៌​ដោយ​មិន​ដឹង​រៀបចំ​កន្លែង​ស្នាក់នៅ​ឯណា និង​ផ្គត់ផ្គង់​អាហារ​តាម​របៀប​ម៉េច។ ម្យ៉ាង​ទៀត ការ​បំន្លាស់ទី​ភាគច្រើន​របស់​ពួក​គេ​ច្រើន​ជា​បំន្លាស់ទី​វិលចុះ វិលឡើង​ក្នុង​ស្រុក​ដោយ​គ្មាន​កន្លែង​សុវត្ថិភាព​ណា​មួយ​ច្បាស់លាស់។

ជាក់ស្តែង ប្រតិបត្តិការសឹក​រំដោះ​ទីក្រុង​អាឡិប ឬ​ហ្គូតាខាងកើត​បាន​ធ្វើ​ឲ្យ​ជនស៊ីវិល រួម​ជាមួយ​ពួកឧទ្ទាម និង​ពួកជីហាត​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ទីក្រុង​អ៊ីដឡិប។ បើ​មាន​ការ​វាយប្រហារ​លើ​អ៊ីដឡិប​ទៀត ពួក​គេ​ភាគ​ច្រើន​នឹង​ត្រូវ​រត់ត្រឡប់​ចូល​កន្លែង​ចាស់​វិញ​ដោយ​ចៀស​មិន​រួច។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួបកំពូល​ត្រីភាគី​តួកគី រុស្ស៊ី និង​អ៊ីរ៉ង់​ពេល​នេះ តួកគី​ដែល​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​មួយ​ចំនួន ពិសេស​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ហាក់​មិន​ចង់​ឲ្យ​រុស្ស៊ី និង​អ៊ីរ៉ង់​បើក​ការ​វាយប្រហារ​លើ​អ៊ីដឡិប​ទេ ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ជនស៊ីវិល​រត់​ទៅ​ជ្រកកោន​កាន់​តែ​ច្រើន​ទៀត​នៅ​ក្បែរ​ព្រំដែន និង​ក្នុង​ទឹកដី​ខ្លួន។

គួរ​រម្លឹក​ថា​សព្វថ្ងៃ​នេះ តួកគី​បាន​ទទួល​ជនភៀសខ្លួន​ស៊ីរី​ជាង ៣លាននាក់។ លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​អាច​ស្នើ​ដល់​សមភាគី​រុស្ស៊ី​លោក​ពូទីន និង​សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី​នូវ​ជម្រើស​មួយ​ចំនួន​ជា​ថ្នូរ​នឹង​ការ​មិន​វាយប្រហារ​លើ​ទីក្រុង​អ៊ីដឡិប។ តាម​កាសែត​តួកគី ជម្រើស​របស់​លោក​អ៊ែរដូហ្កាន​មាន​ដូច​ជា ការ​ជម្លៀស​ក្រុមប្រដាប់អាវុធ​ដែល​ស្ម័គ្រចិត្ត​ចេញ ហើយ​សម្រាប់​ពួកជីហាត​ជា​ជន​បរទេស​ដែល​យល់ព្រម​ទម្លាក់​អាវុធ​នឹង​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​វិល​ចូល​ប្រទេស​កំណើត​វិញ បើ​គេ​ចង់​ទៅ។ តើ​មាន ឬ​មិនមាន​ប្រតិបត្តិការ​សឹក​ក្រោយ​ទ្រង់ទ្រាយ​ធំ​លើ​ទីក្រុង​អ៊ីដឡិប គេ​ត្រូវ​រង់ចាំ​មើល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិក-ស៊ីរី

    លោកដូណាល់ ត្រាំ​ព្រមាន​រុស្ស៊ី ស៊ីរី និង​អ៊ីរ៉ង់​កុំ​ឲ្យ​វាយប្រហារ​លើ​ទីក្រុង​អ៊ីដឡិប​របស់​ស៊ីរី

    ស្វែងយល់បន្ថែម

  • ស៊ីរី

    ប្រេសិត​អង្គការ​សហប្រជាជាតិ​សុំ​ខ្លួន​ទៅចរចា​​រំដោះ​ប្រជាជន​ស៊ីរីចេញ​ពី​តំបន់​​ដែលមាន​ពួក​​អាល់កៃដា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើ​អាមេរិក​ពិត​ជា​បាន​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​ចង់​ដក​​ទ័ពអាមេរិក​ចេញ​ពី​ស៊ីរី​ឬ​?

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ