បោះឆ្នោតសភានៅស៊ុយអែត៖ហេតុអ្វីបានជាគណបក្សស្តាំនិយមជ្រុលកំពុងឡើងសម្លេងខ្លាំង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣២
នៅថ្ងៃអាទិត្យ ទី៩ កញ្ញានេះ ប្រទេសស៊ុយអែតបានរៀបចំបោះឆ្នោតសភាដែលមានអ្នកចូលរួមបោះឆ្នោតប្រមាណជា ៧លាន ៥សែននាក់។ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ការបោះឆ្នោតសភានៅស៊ុយអែតពេលនេះ គឺការធ្លាក់សម្លេងរបស់គណបក្សសង្គម ប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្រ្តី Stefan Löfven និងការកើនសម្លេងរបស់គណបក្សអ្នកប្រជាធិបតេយ្យស៊ុយអែតដែលជាបក្សស្តាំនិយមជ្រុល។ លទ្ធផលស្ទង់មតិចុងក្រោយឲ្យដឹងថា គណបក្សស្តាំនិយមជ្រុលទទួលបានសម្លេងគាំទ្រក្នុងរង្វង់ពី ១៦ ទៅ ២៥%។
គណបក្សស្តាំនិយមជ្រុលនៅស៊ុយអែតបានចាប់កំណើតក្នុងឆ្នាំ ១៩៨៨។ ក៏ដូចជាគណបក្សស្តាំនិយមជ្រុលនៅក្នុងប្រទេសបារាំង ឬអាល្លឺម៉ង់ដែរ គណបក្សស្តាំនិយមជ្រុលនៅស៊ុតអែតជាគណបក្សដែលប្រកាន់ពូជសាសន៍ និងស្អប់ជនបរទេសដែលកំពុងតាំងទីលំនៅក្នុងទឹកដីស៊ុយអែត។ តែមិនមែនមានន័យថា ប្រជារាស្រ្តស៊ុយអែតទាំងអស់សូទ្ធជាអ្នកប្រកាន់ពូជសាសន៍ និងស្អប់ជនបរទេសទេ។ សូមជម្រាបជូនថា ស៊ុយអែតដែលជាប្រទេសអឺរ៉ុបដ៏ធំមួយមានផ្ទៃដី ៤៥០ ០០០គីឡូម៉ែត្រក្រឡា មានពលរដ្ឋរស់នៅចំនួន ១០លាននាក់ និងជាប្រទេសសមាជិកសហភាពអឺរ៉ុបត្រូវបានគេស្គាល់ជាប្រទេសដែលមាននយោបាយសប្បុរសធម៌ចំពោះជនអន្តោប្រវេន៍ និងជនសុំសិទ្ធិជ្រកកោន។
ក្នុងពេលដែលអឺរ៉ុបបានជួបវិបត្តិអន្តោប្រវេសន៍ដំបូង ស៊ុយអែតជាប្រទេសស្ថិតជួរមុខដែលបានទទួលយកជនអន្តោប្រវេសន៍ច្រើនជាងគេ។ ចន្លោះឆ្នាំ ២០១២ និង ២០១៧ ស៊ុយអែតបានទទួលពាក្យសុំសិទ្ធិជ្រកកោនជាង ៣៩៤ ៥០០ច្បាប់ និងដែលមានជាង ៦០% ទទួលបានការយល់ព្រម។ គ្រាន់តែក្នុងឆ្នាំ ២០១៥ ស៊ុយអែតបានទទួលពាក្យសុំសិទ្ធិជ្រកកោនចំនួន ១៦២ ០០០ច្បាប់។ គឺទើបតែនៅឆ្នាំដំណាច់ឆ្នាំ ២០១៥ ដែលរដ្ឋាភិបាលស៊ុយអែតដឹកនាំដោយគណបក្សសង្គម ប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្រ្តី Stefan Löfven បានផ្តើមរឹតបន្តឹងលក្ខខណ្ឌទទួលជនអន្តោប្រវេសន៍ និងជនភៀសខ្លួន រួមទាំងដំឡើងប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនឡើងវិញ។
បញ្ហាជនអន្តោប្រវេសន៍ និងជនភៀសខ្លួនត្រូវបានគណបក្សស្តាំនិយមជ្រុលបានយកធ្វើជាប្រធានបទស្នូលនៅក្នុងសម័យឃោសនាបោះឆ្នោត និងកំពុងទទួលបានសម្លេងគាំទ្រខ្លាំង។ ពិតណាស់ថា ស៊ុយអែតជាប្រទេសសប្បុរសធម៌ ចំណែកប្រជាជនភាគច្រើនក៏មិនមែនជាអ្នកប្រកាន់ពូជសាសន៍ ឬស្អប់ជនបរទេសដែរ។ តែនេះមិនមែនមានន័យថា ស៊ុយអែតបានសុខចិត្តបើកទ្វារចំហដើម្បីទទួលយកជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដោយគ្មានកំណត់នោះទេ។
គណបក្សស្តាំនិយមជ្រុលឡើងកាន់អំណាចនៅស៊ុយអែត?
លទ្ធផលនៃការស្ទង់មតិចុងក្រោយឲ្យដឹងថា គណបក្សស្តាំនិយមជ្រុលទទួលបានសម្លេងគាំទ្រពី ១៦% ទៅ ២៥% ហើយគណបក្សសង្គម ប្រជាធិបតេយ្យដែលកំពុងកាន់អំណាចសព្វថ្ងៃរបស់លោកនាយករដ្ឋមន្រ្តី Stefan Löfven ទទួលបានជាង ២៦% ដែលជាអត្រាដ៏ទាបមិនធ្លាប់មានទេ។ បើលទ្ធផលផ្លូវការបញ្ជាក់ដូចលទ្ធផលស្ទង់មតិមែន នោះគណបក្សស្តាំនិយមជ្រុលនឹងឈរលំដាប់ទី២។ ដូច្នេះ កំណើនសម្លេងរបស់គណបក្សស្តាំនិយមជ្រុលអាចនឹងផ្លាស់ប្តូររូបភាពនយោបាយនៅក្នុងប្រទេសស៊ុយអែតដែលស្គាល់តែការប្តូរគ្នាកាន់អំណាចរវាងគណបក្សប្រពែណីធំចំនួនពីរដែលគេតែងហៅថា គណបក្សស្តាំនិយម និងគណបក្សឆ្វេងនិយម។
បើគិតតាំងពីឆ្នាំ ១៩៣២ មក អំណាចភាគច្រើនបានស្ថិតក្នុងកណ្តាប់ដៃរបស់គណបក្សសង្គម ប្រជាធិបតេយ្យដោយបានចាប់ដៃជាមួយគណបក្សផ្សេងដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នៅក្នុងការបោះឆ្នោតពេលនេះទៀត និងទោះបីជាមានសម្លេងគាំទ្រធ្លាក់ចុះក៏ដោយ ក៏គណបក្សគណបក្សសង្គម ប្រជាធិបតេយ្យអាចបន្តស្ថិតនៅលំដាប់ទី១ ដែលចាំបាច់ត្រូវចាប់ដៃជាមួយគណបក្សដៃគូផ្សេងដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ ទន្ទឹមគ្នានេះ គណបក្សស្តាំនិយមជ្រុលអាចក្លាយជាគណបក្សដែលមានទឹកមាត់ប្រៃ ជាគណបក្សដែលគ្រប់គ្នាមិនអាចមើលរំលងបាន និងជាគណបក្សដែលមានគេចែចូវច្រើន។
សូមជម្រាបជូនថា និន្នាការមួយនេះមិនមែនកំពុងតែកើតមាននៅក្នុងប្រទេសស៊ុតអែតទេ តែបានកើតមាន និងកំពុងបន្តកើតមាននៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀតដែលគេអាចនិយាយថា ជានិន្នាការដែលកំពុងសាយភាយនៅក្នុងទ្វីបអឺរ៉ុបដោយសារតែវិបត្តិជនអន្តោប្រវេសន៍។
អន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មបានក្លាយជាក្តីបារម្ភរបស់ប្រជាជនស៊ុយអែត
សម្រាប់ប្រជារាស្រ្តស៊ុយអែតទូទៅ ទោះបីជាលោកនាយករដ្ឋមន្រ្តី Stefan Löfven បានផ្តើមរឹតបន្តឹងនយោបាយអន្តោប្រវេសន៍ និងជនភៀសខ្លួនតាំងពីដំណាច់ឆ្នាំ ២០១៥ ក៏ដោយ ក៏អ្វីៗហាក់ដូចជាយឺតពេល និងពិបាកបន្តទុកចិត្តបាន។ ចូរកុំភ្លេចថាជានិច្ចកាល ពលរដ្ឋស៊ុយអែតមិនសូវស្វាគមន៍លំហូរជនអន្តោប្រវេសន៍ប៉ុន្មានទេ។ អ៊ីចឹងហើយបានគណបក្សស្តាំនិយមជ្រុលមិនញញើតនឹងប្រើប្រធានបទមួយនេះដើម្បីប្រមូលសន្លឹកឆ្នោតឡើយ។ ពាក្យស្លោកដែលគណបក្សស្តាំនិយមជ្រុលបានប្រើគឺសាមញ្ញបំផុត « បោះឆ្នោតឲ្យគណបក្សស្តាំនិយមជ្រុល គឺបោះឆ្នោតឲ្យមានជនអន្តោប្រវេស៍តិច »:
នៅក្នុងសម័យបោះឆ្នោតមុនៗ ប្រធានបទអាទិភាពដែលពលរដ្ឋស៊ុយអែតចង់ឮពីបបូរមាត់បេក្ខជន គឺសេដ្ឋកិច្ច និងសង្គម។ តែតាំងពីឆ្នាំ ២០១៥ មក បញ្ហាជនអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មបានក្លាយជាក្តីបារម្ភប្រចាំថ្ងៃរបស់ប្រជាជនស៊ុយអែតវិញម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ