អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជោគជ័យ​របស់​មីក្រូហិរញ្ញវត្ថុ ឬ​កម្ចី​ខ្នាតតូច ​ត្រូវភា្ជប់ជាមួយនឹងល័ក្ខខ័ណ្ឌ ពោល​គឺ​ការ​ប្រើ​ប្រាស់​សេវាកម្ម​​ឱ្យ​បាន​សមស្របត្រឹមត្រូវ​។ បើ​មិន​ដូច្នេះទេ គ្រួសារ​មួយ​អាច​​ប្រឈមមុខនឹងកម្ចីដែល​មាន​ការប្រាក់ខ្ពស់ ហើយ​ត្រូវជាប់ផុងនឹងបំណុល​រើខ្លួនមិនរួច។ នេះ​បើ​យោង​តាម​របាយការណ៍មួយ ចេញផ្សាយ​កាលពីពេលថ្មីៗនេះ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវទ្រឹស្ដី​ និង​ការ​អនុវត្តសេដ្ឋកិច្ចនៃ​ប្រទេស​បារាំង។

ស្រ្តីបង់ក្លាដែស​កំពុងរាប់លុយ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ
ស្រ្តីបង់ក្លាដែស​កំពុងរាប់លុយ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ ទោះ​ជាភាព​ក្រីក្រ​លើ​ពិភពលោក ត្រូវ​បាន​កាត់​បន្ថយក្នុង​អត្រា​​មួយ​ដ៏​​គួរ​ឱ្យ​កត់សម្គាល់ ក៏​ការ​​ខ្វល់ខ្វាយ​លុបបំបាត់ភាពក្រីក្រ​ តាម​ន័យ​ចង្អៀត ឬការ​បង្កើន​សុខុមាល​ភាពសង្គម តាម​ន័យ​ទូលាយ នៅ​តែ​ស្ថិត​ជា​យន្តការមួយ​ ក្នុង​ចំណោម​គោល​នយោបាយ​​អាទិភាពរបស់​រដ្ឋាភិបាល​នៃបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។ ក្នុង​នោះ ​សេវាកម្មមីក្រូហិរញ្ញវត្ថុ ឬ​​កម្ចីខ្នាត​តូច ត្រូវ​បាន​គេ​មើល​ឃើញ​ថាជាចលករ​មួយ​ដ៏ចម្បង​ក្នុងដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ខាង​លើ។ តើ​ផល​វិជ្ជមាន​ដែល​មាន​ចែងក្នុង​ទ្រឹស្ដី ពីអ្វី​ដែល​កម្ចីខ្នាតតូច​បាន​សន្យា មាន​សភាព​យ៉ាង​ដូចម្តេចដែរ ​​ក្នុង​ការ​អនុវត្ត​​ជាក់​ស្ដែង?

យោង​តាម​របាយ​ការ​ណ៍​លេខ១២ ឆ្នាំ​២០១៨ ចេញផ្សាយកាលពីពេលថ្មីៗនេះ របស់​​មជ្ឈមណ្ឌល​ស្រាវជ្រាវទ្រឹស្ដី​ និង​ការ​អនុវត្តសេដ្ឋកិច្ចនៃ​ប្រទេស​បារាំង ដែល​ផ្តោ​ត​ការ​សិក្សា​​​ពីឥទ្ធិពល​របស់កម្ចីខ្នាត​តូចលើការកាត់បន្ថយភាព​ក្រីក្រ និងការលើក​ស្ទួយ​​​សុខុមាល​ភាព​សង្គម ក្នុង​ករណី​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី និង​អាហ្រិក តួយ៉ាង​ប្រទេស ឥណ្ឌា បង់ក្លាដែស បូលីវី ​ម៉ាឡាវី ម៉ាឡេស៊ី ថៃ វៀតណាម ​ ឡាវ កម្ពុជា និង​ភូមា​ ជាដើម បាន​បង្ហា​ញជា​រួម​ថា ជោគ​ជ័យ​ ឬក៏បរាជ័យ​នៃ​កម្ចី​ខ្នាត​តូច​ អាច​ប្រែប្រួល​ទៅ​តាមល័ក្ខខ័ណ្ឌតំបន់ ឬក៏​ប្រទេស និង​បរិបទនៃ​ការ​ប្រើប្រាស់​កម្ចីនោះ។

មាន​ការសិក្សា​យ៉ាង​ច្រើន​បានបង្ហាញ​ពី​ផល​វិជ្ជមាន​នៃ​កម្ចី ប៉ុន្តែ​វា​ត្រូវ​​ភ្ជាប់​ជាមួយ​នឹង​ល័ក្ខខ័ណ្ឌ​ជា​ចាំបាច់។ ក្នុង​ករណី​ប្រទេសខ្លះ កម្ចី​ជាមួយ​​​​អត្រាការប្រាក់ទាប អាចជំរុញ​ឱ្យ​មានការ​ពង្រីក​អាជីវកម្មដែល​មាន​ស្រាប់​ និង​​អាជីវកម្ម​ថ្មីថ្មោង ហើយជាលទ្ធផល ស្ថានភាព​​​នេះ​នឹងជា​​អំណោយ​ផល​ដល់​​ការ​បង្កើត​ឱកាសការងារ និងការ​បង្កើន​ប្រាក់​​ចំណូល​បន្ថែមដល់សហគមន៍ទាំង​មូល។

ក្នុង​តំបន់​ខ្លះ កម្ចី​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​នូវសម្ភារៈ​ដែលទាមទារ​នូវ​ដើមទុន​​ខ្ពស់ ដូច​ជាការសាងស់ងគេហដ្ឋាន គ្រឿង​ចក្រ ឧបករណ៍កសិកម្ម អាជីវកម្ម ដែល​របស់​ទាំងនេះ​អាច​ជួយ​គាំ​ពារ​ សកម្ម​ភាព​កសិកម្ម និង​អាជីវកម្ម​របស់​ពួកគេ។ កម្ចីក៏​អាច​ជួយ​​ដោះស្រាយ​បញ្ហា​ហានិភ័យហិរញ្ញវត្ថុ​ក្នុង​ពេល​ចាំបាច់ណាមួយផងដែរ ព្រោះ​ថា​ជីវិត​មនុស្ស​ម្នាក់​អាច​នឹង​ជួប​ហេតុការណ៍​នឹក​ស្មានមិន​ដល់ជា​យថាហេតុ​ក្នុង​ជីវិត។

លើស​ពីនេះ កម្ចី​ក៏ទំនង​ជាអាចជួយ​រួម​ចំណែក​បង្កើន​ការចំណាយជាមូលដ្ឋាន ការ​សន្សំសំចៃ ការទទួល​បាន​សេវាធានារ៉ាប់រង​ និង​អាច​លើក​កម្ពស់​​តួនាទីស្ដ្រី​ក្នុង​ការ​ចាត់​ចែង​​គ្រប់គ្រងថវិការ​ក្នុង​គ្រួសារ​។ នៅ​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ការចំណាយ​លើ​ការអប់រំនិង​សុខភាព​ ទាមទារ​​នូវ​ថវិការ​ច្រើន ដូច្នេះគ្រួសារ​មួយ ​អាច​ប្រើប្រាស់​កម្ចី​ ហើយ​​​​ថ្ងៃ​ក្រោយ​ ការវិនិយោគ​នេះ​ នឹង​អាចជួយ​លើកស្ទួយ​ការ​អភិវឌ្ឍ​នូវ​ធនធាន​មនុស្ស​។​

ជារួម ប្រសិន​បើ​ការទទួល​បាន​កម្ចីពិត​ជា​អាច​ជួយកាត់​បន្ថយ​ភាព​ក្រីក្របាន​ពិត​ប្រាកដ​មែន​ នោះ​វា​នឹង​អាច​រួច​ចំណែក​បង្កើន​សុខុមាល​ភាព​សង្គម​ទាំងមូល ក៏​ដូច​ជា​ការកាត់​បន្ថយ​វិសមភាព​​សង្គមផងដែរ។

ផ្ទុយ​ពី​​ការ​រក​ឃើញ​​ខាង​លើ លទ្ធផល​នៃ​ការសិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ​កម្ចីខ្នាតតូច​អាចទទួល​រង​បរាជ័យ ដោយ​វា​មិន​ត្រឹម​តែ​មិន​បាន​ជួយ​កាត់បន្ថយភាពក្រីក្រ​​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើឱ្យគ្រួសារ​មួយ​ ​ងាយ​លង់ខ្លួន​នឹង​បំណុល ត្រូវ​​លក់​ទ្រព្យ​សម្បត្តិរបស់​ខ្លួន ដូចជា​ផ្ទះសំបែង ឬ​ដី​ស្រែចំការ និង​​ចុង​ក្រោយ សមាជិកគ្រួសារ​តជំនាន់​​ត្រូវ​បង្ខំចិត្ត​​ធ្វើ​​ចំណាក​ស្រុកតែម្ដង ដើម្បីរកប្រាក់​សងបំណុល។

ផ្អែក​លើ​ការសិក្សាមួយ​នៅ​​ភាគខាង​ជើងនៃប្រទេស​ថៃ កម្ចី​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​ការ​ប្រាក់​ខ្ពស់ ជាពិសេស​​កម្ចី​ពី​ស្ថាប័នឯកជន និង​ឈ្មួញ​ក្រៅ​ផ្លូវការ។ កម្ចី​ទាំង​នោះ ជា​រឿយៗ​​​ប្រើប្រាស់​មិន​ចំ​គោលដៅ ពោល​គឺ​ប្រជាពលរដ្ឋ​យក​ទៅសង​បំណុល​ដែល​មាន​ស្រាប់ ឬ​សម្រាប់​​ការ​ប្រើប្រាស់​​ប្រចាំ​ថ្ងៃ។ លើស​ពីនេះ បើ​ទោះ​ជាកម្ចីត្រូវ​បាន​​ប្រើប្រាស់​ចំគោល​ដៅផលិតភាពក៏ដោយ តែបើ​វិនិយោគ​ក្នុងវិស័យ​មិន​ត្រឹម​ត្រូវ​ ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​ទាប ឬ​មិន​ចំណេញ​តែម្ដង នោះ​កម្ចី​ក៏​ត្រូវប្រឈម​នឹង​បញ្ហាផង​ដែរ។

កម្ចី​ក៏​មិន​បាន​ជួយ​លើក​កម្ពស់​តួនាទី​ស្រ្ដី​ដែរ ក្នុង​ការសិក្សា​មួយ​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​សារ​ស្ដ្រីភាគច្រើន​​ខ្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ថវិការ​ឱ្យ​មាន​ប្រសិទ្ធភាព។ ​នៅប្រទេសបូលីវី និង​ម៉ាឡាវី ឯណោះវិញ បំណុលបាន​រុញច្រាន​ឱ្យ​ពលរដ្ឋ​​ប្រើប្រាស់​កម្លាំងពលកម្មកុមារ ការ​ធ្វើចំណាកស្រុក ​ការបង្ខំចិត្ត​លក់ដី និង​ផ្ទះ​សំបែង។​

សរុបជា​រួម​ ផ្អែក​តាម​​លទ្ធផល​នៃ​ការសិក្សាខាង​លើ ជោគជ័យ​នៃ​​កម្ចី​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ល័ក្ខខ័ណ្ឌ​ ដែល​គ្រួសារ​មួយ​​​ត្រូវ​ស្វែងរក​កម្ចី​ដែល​មាន​អត្រាការ​ប្រាក់ទាប ប្រើប្រាស់កម្ចី​ឱ្យ​​បាន​សមស្រប សំដៅដល់​កម្ចី​ដែល​មាន​ផលិតភាព និង​វិនិយោគក្នុង​វិស័យ​ដែល​ត្រឹម​ត្រូវ។ ផ្ទុយទៅវិញ គេអាច​​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ រហូត​ដល់​​លង់​ខ្លួន​ជាប់​ផុង​នឹង​បំណុល​​សង​មិន​រួច។

ជា​ចុងក្រោយ របាយការ​ណ៍ក៏​បាន​បង្ហាញ​ផង​ដែរថា ចំណេះ​ដឹង​ហរិញ្ញវត្ថុ​​ សំដៅ​ដល់ ចំណេះ​ដឹង​នៃ​ការ​ប្រើប្រាស់​កម្ចី​ឱ្យ​បាន​ត្រឹម​ត្រូវ​ ជា​កត្តាស្នូល​នៃ​ប្រសិទ្ធភាព​​របស់កម្ចី​ខ្នាត​តូច។ ទោះ​ជាយ៉ាង​ណា ពលរដ្ឋ​ភាគច្រើនក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ មិន​មាន​ចំណេះ​ដឹង​​ហិរញ្ញវត្ថុខ្ពស់​ទេ ជា​ឧទារហណ៍ បើ​យោង​តាម​ការ​សិក្សា​របស់ ស្ថាប័ន Standard and Poor’s​ បង្ហាញ​ថា មាន​ត្រឹម​តែ​ ១៨ ភាគរយ​ប៉ុណ្ណោះ ឬ​មាន​មិន​ដល់​ពីរ​នាក់ផង​ក្នុង​ចំណោមពលរដ្ឋកម្ពុជា​ដប់​នាក់​ដែលមាន​ចំណេះ​ដឹង​ហរិញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ