លោកស្រីមីសែល បាឈើឡេ ពីប្រធានាធិបតីឈីលីក្លាយជាឧត្តមស្នងការរបស់ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្ស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៦
នៅថ្ងៃចន្ទ ទី១០ កញ្ញា លោកស្រីមីសែល បាឈើឡេ (Michelle Bachelet)បានចូលកាន់តំណែងជាឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សជំនួសកន្លែងលោកហ្សេដ រ៉ាដ អាល់ ហ៊ូសេន។ មានអាយុ ៦៦ឆ្នាំ និងជាជនជាតិឈីលី លោកស្រីមីសែល បាឈើឡេជាឥស្សរជននយោបាយជើងចាស់ដែលបានកាន់តំណែងប្រធានាធិបតីឈីលីចំនួន ២អាណត្តិរយៈពេល ៨ឆ្នាំ។ តើលោកស្រីមីសែល បាឈើឡេជានរណា និងមានដំណើរជីវិតយ៉ាងម៉េចខ្លះ?។
កើតថ្ងៃទី២៩ កញ្ញា ឆ្នាំ ១៩៥១ ក្នុងទីក្រុងសង់ជេហ្គោ និងមានឳពុកជាអ្នកបើកយន្តហោះចម្បាំង លោកស្រីមីសែល បាឈើឡេត្រូវបានពលរដ្ឋឈីលីនាំគ្នាហៅយ៉ាងសាមញ្ញថា មីសែល។ ក្នុងឆ្នាំ ១៩៧០ លោកស្រីមីសែលបានចូលរៀនសាលាពេទ្យ និងចូលជាសមាជិកក្នុងក្រុមយុវជនសង្គមនិយម។ ថ្ងៃទី១១ កញ្ញា ឆ្នាំ ១៩៧៣ ឈីលីបានស្គាល់ទំព័រសករាជនយោបាយថ្មីជាមួយនឹងរដ្ឋប្រហារយោធាទម្លាក់លោកប្រធានាធិបតីសាលវ៉ាដរ អាឡេនដេពីសំណាក់ឧត្តមសេនីយអូហ្គូស្តូ ពីណូឆេ។ នៅពេលនោះ ឳពុករបស់លោកស្រីមីសែល គឺលោកអាល់ប៊ែរតូ បាឈើឡេដែលត្រូវបានលោកអាឡេនដេឡើងឋានៈជាឧត្តមសេនីយទ័ពអាកាសត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ។
តែដោយមិនអាចទ្រាំទ្រនឹងទណ្ឌកម្មធ្ងន់ធ្ងរបាន លោកអាល់ប៊ែរតូ បាឈើឡេក៏បានទទួលមរណៈភាពក្នុងគុកនៅ ៦ខែក្រោយ។ គឺមរណៈភាពរបស់ឳពុកនៅក្នុងគុកនេះឯងដែលបានធ្វើឲ្យលោកស្រីមីសែលមិនអាចបំភ្លេចបានអស់មួយជីវិត និងចង់បង្ហាញពីសមត្ថភាពឲ្យដូចឳពុកជាទីស្រឡាញ់ និងគួរឲ្យសរសើរ។ ជាមួយនឹងការតាំងចិត្តនេះ លោកស្រីមីសែលក៏បានបន្តការសិក្សានៅសាលាពេទ្យ និងឆ្លៀតជួយក្រុមមនុស្សដែលរងការធ្វើទុក្ខបុកម្នេញពីរបបសឹករបស់ឧត្តមសេនីយពីណូឆេរ។ នៅដើមខែមករា ឆ្នាំ ១៩៧៥ លោកស្រីមីសែលដែលទើបមានអាយុ ២៤ឆ្នាំ និងម្តាយត្រូវបានក្រុមភ្នាក់ងារសម្ងាត់ចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំងធ្វើទារុណកម្មនៅស្រុកវីឡា គ្រីម៉ាល់ឌី។
តែនៅដំណាច់ខែមករា ឆ្នាំ ១៩៧៥ ដដែល កូន និងម្តាយត្រូវបានដោះលែងឲ្យមានសេរីភាព និងបានជម្លៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្រា្តលី រួចនៅអាល្លឺម៉ង់ខាងកើតដែលលោកស្រីបានបន្តការសិក្សាជាបន្តទៀត។ ចាប់ពីឆ្នាំ ១៩៧៩ លោកស្រីមីសែលបានវិលត្រឡប់ចូលប្រទេសកំណើតដែលលោកស្រីបានទទួលសញ្ញាប័ត្រខាងវះកាត់ ហើយចង់ចូលបម្រើការក្នុងមន្ទីរពេទ្យរដ្ឋ តែត្រូវបានគេបដិសេធដោយហេតុផលនយោបាយ។ ទីបំផុត និងដោយទទួលបានអាហាររូបករណ៍ លោកស្រីក៏បានបន្តយកជំនាញពេទ្យកុមារ និងបានចូលបម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រកុមាររងគ្រោះដោយរបបផ្តាច់ការ។
បន្ទាប់ពីបានកាន់កាប់ប្រទេសក្នុងកណ្តាប់ដៃដែកអស់រយៈពេល ១៥ឆ្នាំ ២ខែ និង ២២ថ្ងៃមក របបផ្តាច់ការរបស់ឧត្តមសេនីយពីណូឆេរបានបិទបញ្ចប់ក្នុងឆ្នាំ ១៩៩០។ ទំព័រសករាជនយោបាយប្រជាធិបតេយ្យបានអនុញ្ញាតឲ្យលោកស្រីមីសែលចូលធ្វើការរដ្ឋក្នុងនាមជាគ្រូពេទ្យ។ តែទន្ទឹមគ្នានេះ លោកស្រីបានឆ្លៀតបន្តការសិក្សាផ្នែកយុទ្ធសាស្រ្តយោធា និងផ្នែកការពារដែលលោកស្រីបានពន្យល់បក្រសាយថា គ្រាន់តែចង់ស្វែងយល់ពីចក្ខុវិស័យយោធា ហេតុផលនៃរដ្ឋប្រហារ និងមូលហេតុនៃការស្លាប់របស់ឳពុកតែប៉ុណ្ណោះ។ តែអ្នកដែលបានស្គាល់ក្រុមគ្រួសារពិតរបស់លោកស្រីមីសែលពិតជាមិនយល់ស្របតាមការបកស្រាយរបស់លោកស្រីឡើយ។
បន្តិចម្តងៗ ស្រ្តីមេម៉ាយកូន ៣ និងជាជីដូនរូបនេះបានផ្តើមរំកិលខ្លួនចូលក្នុងឆាកនយោបាយដោយឆ្លងការឆាកសង្គមតាមរយៈការជួយលើកដំកើងសិទ្ធិរបស់ស្រ្តី។ បន្ទាប់មក សញ្ញាប័ត្រពេទ្យ និងចំណេះដឹងផ្នែកយោធាបានអនុញ្ញាតឲ្យលោកស្រីមីសែលទទួលបានតំណែងរដ្ឋមន្រ្តីក្រសួងសុខាភិបាលពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២ រួចបន្តជាតំណែងរដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៤។ លោកស្រីមីសែលជាស្រ្តីលើកទី១ ដែលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៅក្នុងទ្វីបអាមេរិកឡាទីន។ តែមហិច្ឆតានយោបាយរបស់លោកស្រីមិនបានបញ្ឈប់ត្រឹមតំណែងរដ្ឋមន្រ្តីឯណា។ លោកស្រីបានអង្គុយកៅអីប្រធានាធិបតីចំនួន ២អាណត្តិ អាណត្តិទី១ ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១០ និងអាណត្តិទី២ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។
ក្នុងអាណត្តិទី១ ក៏ដូចជាក្នុងអាណត្តិទី២ លោកស្រីមីសែលទទួលបានប្រជាប្រិយភាពខ្ពស់ និងទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋឈីលីទូទៅ។ តែគេមិនត្រូវភ្លេចនិយាយទេថា កេរ្តិ៍ឈ្មោះល្បីល្បាញរបស់លោកស្រីមីសែលមិនមែនមានក្នុងរង្វង់ព្រំដែនឈីលីឯណា។ លោកស្រីត្រូវបានតែងតាំងជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣។ ដូច្នេះគេអាចនិយាយបានថា គឺបទពិសោធន៍ក្នុងស្រុក និងនៅអង្គការសហប្រជាជាតិនេះហើយដែលលោកស្រីបានទទួលតំណែងថ្មីជាឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ