ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់
 
ក្រោយ​សង្រ្គាមត្រជាក់ រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន REUTERS/Maxim Shemetov

នៅ​ថ្ងៃ​អង្គារ ទី១១ កញ្ញា​នេះ ប្រទេស​រុស្ស៊ី​បាន​ផ្តើម​មហា​សមយុទ្ធ​មួយ​មិន​ធ្លាប់​មាន គិត​តាំង​ពី​ក្រោយ​សង្រ្គាមត្រជាក់។ សមយុទ្ធ​ក្រោម​ឈ្មោះ « Vostok-២០១៨ » ឬ « បូព៌ា-២០១៨ »ត្រូវ​រៀបចំ​រហូត​ដល់​ថ្ងៃទី១៧ កញ្ញា​នៅ​ក្នុង​តំបន់​ស៊ីបេរីខាងកើត និង​តំបន់​ចុងបូព៌ា​រុស្ស៊ី។ ក្រៅ​ពី​វត្តមាន​កម្លាំង​ទាហាន និង​គ្រឿងសព្វាវុធ​គ្រប់​ប្រភេទ​របស់​រុស្ស៊ី​ដ៏​ច្រើន​មហិមា សមយុទ្ធ​ពេល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​កម្លាំង​ទាហាន​ចិន​ដែរ។

មហាសមយុទ្ធ​រុស្ស៊ី ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាព​តានតឹង​កំពុង​បន្ត​មាន​រវាង​រុស្ស៊ី និង​ក្រុមប្រទេស​លោកខាងលិច​ក្នុង​បញ្ហា​អ៊ុយក្រែន វិបត្តិ​ស៊ីរី រឿងរ៉ាវ​ជា​ច្រើន​ទៀត។ ចំណែក​អង្គការ​អូតង់​បាន​បរិហារ​លើ​សមយុទ្ធ​នេះ​ដោយ​ចាត់​ទុក​ជា​ឆ្កឹះ​ឡើង​វិញ​នូវ​ជម្លោះ​ក្រោម​ទ្រង់ទ្រាយ​ធំ។

តាំង​ពី​ក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត នេះ​ជា​លើកទី១ ដែល​រុស្ស៊ី​បាន​រៀបចំ​មហា​សមយុទ្ធ​មួយ​ដោយ​មាន​ទាហាន​ចូលរួម​ចំនួន ៣០០ ០០០នាក់ យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ យន្ដហោះដ្រូន​សរុប​ចំនួន ១ ០០០គ្រឿង នាវាចម្បាំង​ចំនួន ៨០គ្រឿង រថក្រោះ រថពាសដែក ឡានដឹកទ័ព រួម​ទាំង​រថយន្តចម្បាំង​ចំនួន ៣៦ ០០០គ្រឿង។ ក្រៅ​ពី​វត្តមាន​កម្លាំងទ័ព និង​គ្រឿងសព្វាវុធ​រុស្ស៊ី​ដ៏​ច្រើន​សម្បើម មហាសមយុទ្ធ​ពេល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​កងទ័ព​ចិន និង​ម៉ុងហ្គោលី​ដែរ តែ​គេ​មិន​បាន​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​ឡើយ។ មហា​សមយុទ្ធ​ពេល​នេះ​ចូលរួម​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន រួម​ទាំង​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត ពិសេស​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ។

ថ្លែង​នៅ​ចំពោះ​ហ្វូង​អ្នកកាសែត​ដែល​បាន​ទៅ​យក​ព័ត៌មាន​ជុំវិញ​សមយុទ្ធ លោក​រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី​បាន​រៀបរាប់​ត្រួសៗ​ពី​កម្មវីធី​សមយុទ្ធ។ ថ្ងៃ​អង្គារ ទី១១ កញ្ញា​ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​ដំបូង ជា​ការ​ពង្រាយ និង​ចល័តទ័ព ថ្ងៃ​ពុធ ទី១២ កញ្ញា ជា​លំហាត់សឹក​ប្រឆាំង​យន្តហោះ ហើយ​លំហាត់​សំខាន់​ជាង​គេ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កញ្ញា។ តែ​លោក​រដ្ឋមន្រ្តី​មិន​បាន​បញ្ជាក់​ថា តើ​អ្វី​ទៅ​ជា​លំហាត់​សំខាន់​ជាង​គេ​នោះ។ អ្វី​ជា​ការ​កត់សម្គាល់ មហា​សមយុទ្ធ​ពេល​នេះ​ជា​ឳកាស​ដែល​បាន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​សំដែង​ប្រាប់​ពិភពលោក​ពី​គ្រឿងសព្វាវុធ​ទំនើបៗ​គ្រប់​ប្រភេទ រួម​មាន គ្រាប់មីស៊ីល Iskander ដែល​អាច​បំពាក់​ក្បាលនុយក្លេអ៊ែរ រថក្រោះ​ធុន T-៨០ T-៩០ យន្ដហោះចម្បាំង​ធុន Sukhoi-៣៤ ឬ Sukhoi-៣៥។

នៅ​លើ​ផ្ទៃទឹកសមុទ្រ មាន​ពង្រាយ​នាវាចម្បាំង​ជា​ច្រើន​គ្រឿង​ដែល​បំពាក់​ដោយ​កាំជ្រួចបណ្តែត​ហៅ​ថា Cruise ធុន Kalibr ដែល​រុស្ស៊ី​បាន​ប្រើ​នៅ​ក្នុង​សង្រ្គាមស៊ីរី។ គួរ​រម្លឹក​ថា នៅ​ក្នុង​សមយុទ្ធ​កាល​ពី ៤ឆ្នាំ​មុន « បូព៌ា-២០១៤ » ក្នុង​កន្លែង​ដដែល​មាន​ទ័ព​ចូលរួម​ចំនួន ១៥៥.០០០ នាក់ តែ​សម្រាប់​សមយុទ្ធ « បស្ចិម-២០១៧ » ដែល​បាន​រៀបចំ​ឡើង​នៅ​មាត់​ទ្វារសហភាពអឺរ៉ុប​មាន​ទ័ព​ចូលរួម​តែ ១២.៧០០ នាក់​ប៉ុណ្ណោះ។ តែ​អ៊ុយក្រែន និង​បណ្តាប្រទេសបាល់ទិក​យល់​ថា ចំនួន​យោធា​រុស្ស៊ី​ចូលរួម​កាលណោះ​មាន​ច្រើនជាង​តួលេខ​នេះ​ឆ្ងាយ​ណាស់។ យ៉ាង​ណា​ក៏​ដោយ មហាសមយុទ្ធ​ពេល​នេះ​ត្រូវ​បាន​អង្គការ​អូតង់​បរិហារ​ដោយ​ចាត់​ទុក​ជា​ឆ្កឹះ​ឡើង​វិញ​នូវ​ជម្លោះ​ក្រោម​ទ្រង់ទ្រាយ​ធំ។

មូលហេតុ​ដែល​ញ៉ាំង​ឲ្យ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​លើកនេះ​និង លើកមុនៗ

តាំង​ពី​ឆ្នាំ ២០១៤ មក ទំនាក់ទំនង​រវាង​មូស្គូ និង​បស្ចិមលោក​ធ្លាក់​ចុះ​អាក្រក់​ខ្លាំងណាស់។ ម៉្លោះ​ហើយ​បាន​ជា​រុស្ស៊ី​​ធ្វើហើយ​ធ្វើទៀត​នូវ​លំហាត់សឹក​ដែលទ្រង់ទ្រាយ​របស់​វា​ចេះ​តែ​រីក​ធំ​ឡើងៗ។ រុស្ស៊ី​ធ្វើ​នេះ គឺ​នៅ​តំបន់​ភ្នំកូកាស នៅតំបន់​សមុទ្របាល់ទិក​លុះ​រហូត​ដល់​តំបន់​សមុទ្រទឹកកក​នៅ​ប៉ែកឧត្តរ​នៃ​ផែនដី​ដើម្បី​បរិហារ​អង្គការអូតង់​ដែល​ចេះ​តែ​វាតទី រំកិល​ទៅ​ជិត​ដល់​ព្រដែន​រុស្ស៊ី និង​ទង្វើ​នេះ​ជា​ការ​គំរាម​ដល់​សន្តិសុខជាតិ​រុស្ស៊ី។ មុន​នឹង​ឈាន​ដល់​មហាសមយុទ្ធ​ពេល​នេះ រុស្ស៊ី​ធា្លប់​បាន​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​មេឌីទែររ៉ាណេ​ពី​ថ្ងៃ ទី១ ដល់​ថ្ងៃទី៨ កញ្ញា ដោយ​មាន​ការ​ចូលរួម​ពី​នាវាចម្បាំង​ធុន​ប្លែកៗ​ចំនួន ២៥ គ្រឿង និង​យន្តហោះចម្បាំង​ចំនួន ៣៦ គ្រឿង។

សមយុទ្ធ​កាល​ណោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ពង្រឹង​វត្តមាន​រុស្ស៊ី​ក្នុងលំហសមុទ្រ ក្បែរ​ឆ្នេរប្រទេស​ស៊ីរី​ដែល​រុស្ស៊ី​បាន​អន្តរាគមន៍​ផ្លូវយោធា​តាំង​ពីខែ​កញ្ញា​ឆ្នាំ ២០១៥ មក។ អ្នកជំនាញ​យោធា​រុស្ស៊ី​ដ៏ល្បី​លោក Pavel Felguengauer បាន​ពន្យល់​ថា សមយុទ្ធ​លើក​នេះ​ជា​ការ​ត្រៀមខ្លួន​សម្រាប់​អនាគត​សង្គ្រាម​ក្នុង​លោក។ អគ្គសេនាធិការ​កងទ័ព​រុស្ស៊ី​ប្រមាណ​ថា សង្គ្រាម​នេះ​នឹង​ផ្ទុះ​ឡើង​ក្រោយ​​ឆ្នាំ ២០២០។ វា​អាច​ជា​សង្គ្រាមពិភពលោក ឬ​ជា​សង្គ្រាម​ជាប់រដឹក​នៅ​តាម​តំបន់។ ចំណែក​ខ្មាំង គឺ​អាមេរិក និង​ពួក​ប្រទេសសម្ព័ន្ធមិត្ត​អាមេរិក។ តាម​យោបល់​អ្នកជំនាញ​យោធា​រុស្ស៊ី​ដដែល ការ​ចូលរួមរបស់​ទាហាន​ចិន​ចំនួន​តែ ៣ ២០០នាក់​ជា​កត្តា​គន្លឹះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ខ្នាតធំ​មែន​ពិត។

មតិ​នេះ​ចែក​រំលែក​ដោយ​អូតង់​ដែល​ចាត់​ទុក​ថា សមយុទ្ធ "បូព៌ា-២០១៨” ជាការ​បង្ហាញ​ឲ្យ​ឃើញ​ថា រុស្ស៊ី​ក្នុង​ស្មារតី​ទៅ​លើ​ការ​សមជើង​សម្រាប់​ជម្លោះ​ធំធេងក្រៃ។ តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova សមយុទ្ធ" បូព៌ា-២០១៨” ប្រព្រឹត្ត​ទៅ​ឆ្ងាយ​ពី​តំបន់​ក្រោម​ការទទួល​ខុសត្រូវ​របស់​អូតង់ ហើយ​មិន​នាំ​ឲ្យ​ប្រែប្រួល​អ្វី​ដល់​បណ្តា​ប្រទេស​សមាជិក​បក្សសម្ព័ន្ធ​នេះ​ទេ បាន​ន័យ​ថា គ្មាន​អ្វី​នាំ​ឲ្យ​ពួក​គេ​ព្រួយបារម្ភ​ឡើយ។ អ្នក​នាំពាក្យ​វិមានក្រេមឡាំង លោក Dmitri Peskov កាល​ពី​ចុង​ខែ​សីហា​បាន​ក្រើន​រំលឹក​ថា គឺ​ជា​ការ​សមហេតុ​សមផល​ជា​សារវន្ត និង​គ្មាន​ជម្រើសណា​ផ្សេង​ដែល​រុស្ស៊ី​បង្ហាញ​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​ក្នុង​ស្ថានការណ៍​អន្តរជាតិ​បច្ចុប្បន្ន​ដែល​ជា​ញឹកញយ​ឈ្លានពាន និង​អមិត្ត​តែ​ម្តង​ចំពោះ​ប្រទេស​រុស្ស៊ី៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • រុស្ស៊ី

    អង់គ្លេស​ អំពាវវនាវ​ឲ្យ​អាមេរិក​និង​សហភាព​អឺរ៉ុប​​ ​រឹត​បន្តឹង​​ទណ្ឌកម្មបន្ថែម​ទៀត​លើ​រុស្ស៊ី

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ

    ស្វែងយល់បន្ថែម

  • រុស្ស៊ី

    រុស្ស៊ី រឹតចំណងយោធាខ្លួន ជាមួយ អាហ្វ្រិកកណ្តាល  

    ស្វែងយល់បន្ថែម

  • អ៊ុយក្រែនចូល​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​ក្នុងបរិបទ​​នៃ​ភាពតានតឹង​ជាមួយ​រុស្ស៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ