អានតួអត្ថបទ
អ.ស.ប.

របាយការណ៍ អ.ស.ប.៖​ភាព​អត់ឃ្លាន​កំពុង​បន្ត​កើន​ឡើង​នៅ​ក្នុង​ពិភពលោក

នៅ​ថ្ងៃ​អង្គារ ទី១១ កញ្ញា អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក FAO បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ ២០១៨ ស្តីពី​សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ​ក្នុង​លោក។ របាយការណ៍​បាន​បញ្ជាក់​ច្បាស់ៗ​ពី​កំណើន​ភាព​អត់ឃ្លាន​នៅ​ក្នុង​ពិភពលោក​ក្នុង​រយៈពេល ៣ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ ២០១៥ ២០១៦ និង​ឆ្នាំ ២០១៧ កន្លង​ទៅ។ តាម​របាយការណ៍​របស់ FAO ដដែល ជម្លោះ​ប្រដាប់អាវុធ និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​មូលហេតុ​ចម្បង​នៃ​កំណើន​ភាព​អត់ឃ្លាន។

លោក José Graziano da Silva នាយក​​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក FAO
លោក José Graziano da Silva នាយក​​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក FAO UN Photo
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ប្រមើលមើល​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៨ មាន​មនុស្ស​ប្រមាណ​ជា ៨២១លាននាក់​ក្នុង​លោក​កំពុង​ជួប​ប្រទះ​នឹង​ភាព​អត់ឃ្លាន ពោល​មាន ១នាក់​ក្នុង​ចំណោម ៩នាក់។ សន្ទុះ​កំណើន​នៃ​ភាព​អត់​ឃ្លាន​ក្នុង​លោក​ដែល​បាន​កើត​មាន​រយៈពេល ៣ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ ២០១៥ ២០១៦ និង​ឆ្នាំ ២០១៧​ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ការ​អនុវត្ត​លើ​កម្មវត្ថុ​គ្មាន​អ្នក​អត់​ឃ្លាន​ម្នាក់​សោះ​នៅ​ឆ្នាំ ២០៣០ ហាក់​ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ខ្លាំង​ណាស់។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៥ អង្គការសហប្រជាជាតិ​បាន​អនុម័ត​លើ​កម្មវត្ថុ​អភិវឌ្ឍន៍​យូរអង្វែង​ដោយ​ប្តេជ្ញា​បំបាត់​ភាព​អត់ឃ្លាន​ទាំង​ស្រុង​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០។

តំបន់​ដែល​ភាព​អត់ឃ្លាន​កំពុង​កើន​ខ្លាំង​ជាង​គេ គឺ​នៅ​អាមេរិកខាងត្បូង និង​តំបន់​មួយ​ចំនួន​ក្នុង​ទ្វីបអាហ្រ្វិក។ តាម​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក មាន​មូលហេតុ​សំខាន់​ចំនួន ៣ ដែល​បញ្ជាក់​ពី​កំណើន​ភាព​អត់​ឃ្លាន​ក្នុង​លោក ទី១ បម្រែបម្រួល​អាកាសធាតុ​ដូច​យ៉ាង​ភាព​រាំងស្ងួត និង​ទឹកជំនន់ ទី២ ជម្លោះ​ប្រដាប់អាវុធ​អូសបន្លាយ និង​ទី៣ វិបត្តិ​សេដ្ឋកិច្ច។ ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ មាន​មនុស្ស​ប្រមាណ​ជា ១២៤លាននាក់​នៅ​ក្នុង ៥១ប្រទេស​បាន​ប្រ ឈម​នឹង​គ្រោះទុរ្ភិក្ស​ដោយសារ​តែ​ជម្លោះ​ប្រដាប់អាវុធ​អូសបន្លាយ និង​គ្រោះមហន្តរាយ​អាកាសធាតុ ដូច​យ៉ាង​ប្រទេស​យេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូង ឬ​ប្រទេស​អាហ្វហ្កានីស្ថាន​ជា​ដើម។

នៅ​ថ្ងៃ​ចន្ទ ទី១០ កញ្ញា អង្គការ Save the Children បាន​ព្រមាន​ថា មាន​កូនក្មេង​ចំនួន ៦០០ ០០០ ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​សង្រ្គាម​អាច​នឹង​ស្លាប់​ដោយ​គ្រោះ​អត់ឃ្លាន​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ ២០១៨។ ក្រៅ​ពី​ទាញ​សញ្ញាអាសន្ន​ពី​ភាព​អត់ឃ្លាន អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​ក៏​បាន​ចាប់​អារម្មណ៍​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​លូតលាស់​រាងកាយ​របស់​កុមារ​ដោយសារ​តែ​កង្វះអាហារូបត្ថម្ភ និង​អាហារ​គ្មាន​ជីវជាតិ។ របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ ២០១៧ មាន​កុមារ​ជិត ១៥១លាននាក់​អាយុ​ក្រោម ៥ឆ្នាំ មាន​មាឌ​តូច​ជ្រុល​មិន​សម​នឹង​អាយុ​របស់​ពួក​គេ។ កុមារ​ទាំង​ជិត ១៥១លាននាក់​មាន ៣៩% នៅ​អាហ្រ្វិក និង​មាន​ដល់​ទៅ ៥៥% នៅ​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ