អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១០ កញ្ញា លោកស្រី​មីសែល បាឈើឡេ (Michelle Bachelet)បាន​ចូល​កាន់​តំណែង​ជា​ឧត្តមស្នងការ​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ជំនួស​កន្លែង​លោក​ហ្សេដ រ៉ាដ អាល់ ហ៊ូសេន។ មាន​អាយុ ៦៦ឆ្នាំ និង​ជា​ជនជាតិ​ឈីលី លោកស្រី​មីសែល បាឈើឡេ​ជា​ឥស្សរជន​នយោបាយ​ជើងចាស់​ដែល​បាន​កាន់​តំណែង​ប្រធានាធិបតី​ឈីលី​ចំនួន ២អាណត្តិ​រយៈពេល ៨ឆ្នាំ។ តើ​លោកស្រី​មីសែល បាឈើឡេ​ជា​នរណា និង​មាន​ដំណើរ​ជីវិត​យ៉ាង​ម៉េច​ខ្លះ?។

លោកស្រីមីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស
លោកស្រីមីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស Reuters
ផ្សាយពាណិជ្ជកម្ម

កើត​ថ្ងៃទី២៩ កញ្ញា ឆ្នាំ ១៩៥១ ក្នុង​ទីក្រុង​សង់ជេហ្គោ និង​មាន​ឳពុក​ជា​អ្នក​បើក​យន្តហោះចម្បាំង លោកស្រី​មីសែល បាឈើឡេ​ត្រូវ​បាន​ពលរដ្ឋ​ឈីលី​នាំ​គ្នា​ហៅ​យ៉ាង​សាមញ្ញ​ថា មីសែល។ ក្នុង​ឆ្នាំ ១៩៧០ លោកស្រី​មីសែល​បាន​ចូលរៀន​សាលាពេទ្យ និង​ចូល​ជា​សមាជិក​ក្នុង​ក្រុម​យុវជន​សង្គមនិយម។ ថ្ងៃទី១១ កញ្ញា ឆ្នាំ ១៩៧៣ ឈីលី​បាន​ស្គាល់​ទំព័រសករាជ​នយោបាយ​ថ្មី​ជាមួយ​នឹង​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​សាលវ៉ាដរ អាឡេនដេ​ពី​សំណាក់​ឧត្តមសេនីយ​អូហ្គូស្តូ ពីណូឆេ។ នៅ​ពេល​នោះ ឳពុក​របស់​លោកស្រី​មីសែល គឺ​លោក​អាល់ប៊ែរតូ បាឈើឡេ​ដែល​ត្រូវ​បាន​លោក​អាឡេនដេ​ឡើង​ឋានៈ​ជា​ឧត្តមសេនីយ​ទ័ពអាកាស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ក្បត់ជាតិ។

តែ​ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បាន លោក​អាល់ប៊ែរតូ បាឈើឡេ​ក៏​បាន​ទទួល​មរណៈភាព​ក្នុង​គុក​នៅ ៦ខែ​ក្រោយ។ គឺ​មរណៈភាព​របស់​ឳពុក​នៅ​ក្នុង​គុក​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី​មីសែល​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត និង​ចង់​បង្ហាញ​ពី​សមត្ថភាព​ឲ្យ​ដូច​ឳពុក​ជា​ទីស្រឡាញ់ និង​គួរ​ឲ្យ​សរសើរ។ ជា​មួយ​នឹង​ការ​តាំង​ចិត្ត​នេះ លោកស្រី​មីសែល​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាពេទ្យ និង​ឆ្លៀត​ជួយ​ក្រុម​មនុស្ស​ដែល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​របបសឹក​របស់​ឧត្តមសេនីយ​ពីណូឆេរ។ នៅ​ដើម​ខែ​មករា ឆ្នាំ ១៩៧៥ លោកស្រី​មីសែល​ដែល​ទើប​មាន​អាយុ ២៤ឆ្នាំ និង​ម្តាយ​ត្រូវ​បាន​ក្រុម​ភ្នាក់ងារ​សម្ងាត់​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំឃាំង​ធ្វើ​ទារុណកម្ម​នៅ​ស្រុក​វីឡា គ្រីម៉ាល់ឌី។

តែ​នៅ​ដំណាច់​ខែ​មករា ឆ្នាំ ១៩៧៥ ដដែល កូន និង​ម្តាយ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព និង​បាន​ជម្លៀស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​អូស្រា្តលី រួច​នៅ​អាល្លឺម៉ង់ខាងកើត​ដែល​លោកស្រី​បាន​បន្ត​ការ​សិក្សា​ជា​បន្ត​ទៀត។ ចាប់​ពី​ឆ្នាំ ១៩៧៩ លោកស្រី​មីសែល​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​ដែល​លោកស្រី​បាន​ទទួល​សញ្ញាប័ត្រ​ខាង​វះកាត់ ហើយ​ចង់​ចូល​បម្រើការ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ តែ​ត្រូវ​បាន​គេ​បដិសេធ​ដោយ​ហេតុផល​នយោបាយ។ ទីបំផុត និង​ដោយ​ទទួល​បាន​អាហាររូបករណ៍ លោកស្រី​ក៏​បាន​បន្ត​យក​ជំនាញ​ពេទ្យកុមារ និង​បាន​ចូល​បម្រើការ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ដែល​គាំទ្រ​កុមារ​រងគ្រោះ​ដោយ​របប​ផ្តាច់ការ។

បន្ទាប់​ពី​បាន​កាន់កាប់​ប្រទេស​ក្នុង​កណ្តាប់ដៃ​ដែក​អស់​រយៈពេល ១៥ឆ្នាំ ២ខែ និង ២២ថ្ងៃ​មក របប​ផ្តាច់ការ​របស់​ឧត្តមសេនីយ​ពីណូឆេរ​បាន​បិទបញ្ចប់​ក្នុង​ឆ្នាំ ១៩៩០។ ទំព័រសករាជ​នយោបាយ​ប្រជាធិបតេយ្យ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​មីសែល​ចូល​ធ្វើ​ការ​រដ្ឋ​ក្នុង​នាម​ជា​គ្រូពេទ្យ។ តែ​ទន្ទឹម​គ្នា​នេះ លោកស្រី​បាន​ឆ្លៀត​បន្ត​ការ​សិក្សា​ផ្នែក​យុទ្ធសាស្រ្ត​យោធា និង​ផ្នែក​ការពារ​ដែល​លោកស្រី​បាន​ពន្យល់​បក្រសាយ​ថា គ្រាន់​តែ​ចង់​ស្វែង​យល់​ពី​ចក្ខុវិស័យ​យោធា ហេតុផល​នៃ​រដ្ឋប្រហារ និង​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ឳពុក​តែ​ប៉ុណ្ណោះ។ តែ​អ្នក​ដែល​បាន​ស្គាល់​ក្រុម​គ្រួសារ​ពិត​របស់​លោកស្រី​មីសែល​ពិត​ជា​មិន​យល់​ស្រប​តាម​ការ​បកស្រាយ​របស់​លោកស្រី​ឡើយ។

បន្តិច​ម្តងៗ ស្រ្តីមេម៉ាយ​កូន ៣ និង​ជា​ជីដូន​រូប​នេះ​បាន​ផ្តើម​រំកិល​ខ្លួន​ចូល​ក្នុង​ឆាក​នយោបាយ​ដោយ​ឆ្លង​ការ​ឆាក​សង្គម​តាម​រយៈ​ការ​ជួយ​លើក​ដំកើង​សិទ្ធិ​របស់​ស្រ្តី។ បន្ទាប់​មក សញ្ញាប័ត្រពេទ្យ និង​ចំណេះដឹង​ផ្នែក​យោធា​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​មីសែល​ទទួល​បាន​តំណែង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០២ រួច​បន្ត​ជា​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៤។ លោកស្រី​មីសែល​ជា​ស្រ្តី​លើកទី១ ដែល​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​នៅ​ក្នុង​ទ្វីប​អាមេរិកឡាទីន។ តែ​មហិច្ឆតា​នយោបាយ​របស់​លោកស្រី​មិន​បាន​បញ្ឈប់​ត្រឹម​តំណែង​រដ្ឋមន្រ្តី​ឯ​ណា។ លោកស្រី​បាន​អង្គុយ​កៅអី​ប្រធានាធិបតី​ចំនួន ២អាណត្តិ អាណត្តិ​ទី១ ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១០ និង​អាណត្តិទី២ ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨។

ក្នុង​អាណត្តិទី១ ក៏​ដូច​ជា​ក្នុង​អាណត្តិទី២ លោកស្រី​មីសែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​ឈីលី​ទូទៅ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​លោកស្រី​មីសែល​មិនមែន​មាន​ក្នុង​រង្វង់​ព្រំដែន​ឈីលី​ឯណា។ លោកស្រី​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សមភាពយេនឌ័រ និងការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៣។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា គឺ​បទពិសោធន៍​ក្នុង​ស្រុក និង​នៅ​អង្គការសហប្រជាជាតិ​នេះ​ហើយ​ដែល​លោកស្រី​បាន​ទទួល​តំណែង​ថ្មី​ជា​ឧត្តមស្នងការ​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ