អានតួអត្ថបទ
បារាំង

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ចង់​បាន​សេចក្តីថ្លែងការណ៍​អន្តរជាតិ​ប្រឆាំង​នឹង​​ព័ត៌មាន​មិនពិត

ផ្តួចផ្តើម​គំនិត និង​បង្កើត​ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន គណៈកម្មការ​ឯករាជ្យ​​មួយ ដែល​មាន​សមាជិក​សុទ្ធ​ជា​​អ្នកច្បាប់ ជ័យលាភី​ណូបែល​ ហើយ​និង​សកម្មជន​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់​អ៊ីនធ័រនែត បាន​ចាប់ផ្តើម​​ការងារ​របស់ខ្លួន​ជា​លើកដំបូង នៅថ្ងៃ​អង្គារ​នេះ នៅទីក្រុង​ប៉ារីស។ គោលដៅ គឺ​ដើម្បី តាក់តែង​សេចក្តីថ្លែងការណ៍​អន្តរជាតិ​មួយ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។ ​​

ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​កំពុង​បំពុល​មតិសាធារណជន​នៅក្នុងអំឡុង​ការបោះឆ្នោតសភា​អាមេរិក ពាក់កណ្តាលអាណត្តិ​
ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​កំពុង​បំពុល​មតិសាធារណជន​នៅក្នុងអំឡុង​ការបោះឆ្នោតសភា​អាមេរិក ពាក់កណ្តាលអាណត្តិ​ Pixabay/CC0/Pixel2013
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន​ វា​ជា​កិច្ចការ​បន្ទាន់​មួយ ដែល​គេ​ត្រូវ​ចងក្រង​សេចក្តីថ្លែងការណ៍​មួយ ស្តីពី​ព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​នៅថ្ងៃ​អង្គារ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន RSF បាន​លើកឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្ប​ន្ននេះ វិបត្តិ​នៃ​ការអស់​ជំនឿ​លើ​លទ្ធិប្រជាធិបតេយ្យ កំពុង​រីកមុខ​ធំ ជាមួយ​នឹងការកើនឡើង​នៃ​​របប​ផ្តាច់ការ ​ដែល​គ្រោះថ្នាក់ សម្រាប់​សេរីភាព សន្តិភាព។ នៅពេលដែល​ខ្លឹមសារផ្សព្វ​ផ្សាយ​ លាយឡំ​ច្របូក​ចូលគ្នា​រវាង​ព័ត៌មាន និង​ការផ្សាយពាណិជ្ជកម្ម របបផ្តាច់ការ​មួយចំនួន​បាន​ផ្សព្វផ្សាយ​​ព័ត៌មាន​មិនពិត ​ទៅ​ដល់​ពលរដ្ឋ​របស់ខ្លួន ដោយ​មិនភ្លេច​ចូល​គ្រប់គ្រង ​ក្តោបក្តាប់យ៉ាងតឹងរ៉ឹងបណ្តាញផ្តល់​ព័ត៌មានឯករាជ្យ។

គឺ​​ហេតុផល​ទាំងអស់នេះដែល​ជំរុញ​ឲ្យ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែនចាប់ផ្តើម​គម្រោង​ស្តីពី​កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​ព័ត៌មាន ហើយ​និង​លទ្ធិប្រជាធិបតេយ្យ។ ទៅតាម​ការផ្តួចផ្តើម​ និង​បង្កើតឡើង​ដោយ​​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន គណៈកម្មការឯករាជ្យ ​មាន​តួនាទី សរសេរ​ចងក្រង​សេចក្តីថ្លែងការណ៍​មួយ ដែល​មាន​និយាយ​ពី​គោលការណ៍ ទិសដៅ ហើយ​និង​របៀបគ្រប់គ្រង​ទាំងឡាយណា ដែល​នឹង​ធានា​ឲ្យ​បាន​នូវ សិទ្ធិសេរីភាព​របស់​បុគ្គល​ទៅតាម​លទ្ធិប្រជាធិបតេយ្យ។

ទៅតាម​ការបញ្ជាក់​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន គណៈកម្មការ​ឯករាជ្យ ​មាន​សមាជិក​​២៥នាក់ (មកពី​ប្រទេស​ចំនួន ១៨) ដែល​សុទ្ធសឹង​​ជា​បុគ្គល​ល្បីៗ ដូចជា ​​​ជ័យលាភី​ណូបែល សន្តិភាព ជ័យលាភី​ណូបែល​សេដ្ឋកិច្ច ​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នកនយោបាយ ហើយ​និង​អ្នកការពារ​សិទ្ធិ​អ្នកប្រើប្រាស់​អ៊ីនធ័រនែតជាដើម។ គណៈកម្មការនេះ មាន​រយៈពេល​២ខែ ដើម្បី​បង្កើត​​សេចក្តីថ្លែងការណ៍​មួយ ឲ្យ​បាន​មុនកិច្ចប្រជុំ​របស់​ប្រទេសជាង​១០០​នៅទីក្រុង​ប៉ារីស។ ជារួម អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ចង់​​ឆ្លៀតឱកាស​ដែល​ប៉ារីសរៀបចំ​ពិធី​រំលឹក​ខួប​១០០​ឆ្នាំ នៃការបិទបញ្ចប់​សង្រ្គាម​លោកលើកទី១ នៅ​ខែ​វិច្ឆិកា​ខាងមុខ​ ដើម្បី​​ស្វែង​រក​ការគំាទ្រ​សេចក្តីថ្លែងការណ៍​ និង​ដើម្បី ឲ្យ​ប្រទេស​ដែល​មាន​វត្តមាន​នៅក្រុង​ប៉ារីស ចូលរួមនៅក្នុង​​កិច្ចព្រមព្រៀង​សកល​មួយ ដើម្បី​ព័ត៌មាន និង​ប្រជាធិបតេយ្យ។

ក្រៅតែ​ពី​ការចូលរួម​របស់​រដ្ឋាភិបាល និង​សង្គមស៊ីវិល សេចក្តីថ្លែងការណ៍​ស្តីពី​ព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​សំដៅ​ផងដែរ ការចូលរួម​របស់​ក្រុមហ៊ុន​ឯកជន ដែល​វិនិយោគ​ធ្វើជំនួញ លើ​អ៊ីនធ័រនែត និង​បណ្តាញ​សង្គម​ធំៗ ដែល​ដើរតួនាទី​កាន់តែ​សំខាន់ៗ នៅក្នុង​ការចែកចាយ​ ផ្សព្វផ្សាយ​ព័ត៌មាន នៅក្នុង​​​ជីវិត​ប្រចាំ​ថ្ងៃ​ សព្វថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ