ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?
 
លោកចន បុលតុន ទីប្រឹក្សាសន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ នៅក្នុង​វេទិកា​មួយដែលលោកនិយាយ​ពី​ការពាររដ្ឋធម្មនុញ្ញ និង​ពលរដ្ឋអាមេរិកាំង​ពីការគំរាមកំហែង​ពីខាងក្រៅ នៅថ្ងៃទី ១០ ទី កញ្ញា ២០១៨ ©REUTERS/Eric Thayer

នៅថ្ងៃ​ចន្ទទី ១០​កញ្ញា អាមេរិកតាមរយៈ​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​ចន បុលតុន បានគំរាម​ដាក់​ទណ្ឌកម្ម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើសិន តុលាការ​អន្តរជាតិ ICC ដែល​មានទីតាំង​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ ហ៊ាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ជនជាតិ អាមេរិក ឬ អ៊ីស្រាអែល ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក។ ពាក្យ​គំរាមកំហែង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោកដូណាល់ ត្រាំ បានលឺឡើង នៅក្នុង​ពេល​លោក​បុលតុន និយាយពីការការពារ​រដ្ឋធម្មនុញ្ញ​ ហើយ​និង​អធិបតេយ្យភាព​របស់​អាមេរិក​ពីការគំរាមកំហែង​ពីខាងក្រៅ។ ហេតុអ្វី បាន​ជា​អាមេរិក​គំរាមសម្លុត ដាក់ទណ្ឌកម្ម​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅពេលនេះ?

 

សម្រាប់​កាសែតក្នុង​ស្រុក​អាមេរិក ដូចជា Washington Post ពាក្យ​សម្លុត​គំរាមរបស់​លោក​ចន បុលតុន ទៅលើ​ស្ថាប័ន​តុលាការ​អន្តរជាតិ ICC នៅទីក្រុង​ឡាអេ មិនមែន​ជារឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ។ លោក​ចន បុលតុន ជាសត្រូវ​សួរពូជ ​ប្រឆាំងដាច់ខាត​​នឹង​វត្តមាន​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ​តាំង​ពី​ថ្ងៃ​ដែល​គេ​បង្កើត​តុលាការ​​​នេះ​ម្ល៉េះ គឺកាលពីឆ្នាំ ២០០២។ កាលណោះ លោក​ចន បុលតុន​ស្កប់ចិត្ត​មែនទែន ​នៅពេល​​​​​រដ្ឋបាល​ ​លោក​ប៊ូស​ ដែល​​លោកធ្លាប់​បាន​ចូលរួម​ធ្វើការ​ជាមួយ បាន​បដិសេធ​មិន​ផ្តល់​សច្ចាប័ន​ ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

តាំង​ពី​ដើមរៀងមក ​អាមេរិក ហើយ​និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិមាន​ទំនាក់ទំនង​ដ៏ស្មុគស្មាញ​នឹងគ្នា។ នៅ​ឆ្នាំ ២០០២ រដ្ឋបាល​របស់លោកប៊ូស ដែល​ទើប​បើក​​សង្រ្គាម​នៅ ទឹកដី​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០០១ បាន​សម្រេច​ចិត្ត​មិន​ចូលរួម​​ក្នុង​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយសារ​តែ​បារម្ភ​ ខ្លាច​ថា ទាហាន​អាមេរិកាំង​ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​អាហ្វហ្កានីស្ថាន ត្រូវ​ជាប់​ក្នុង​សំណាញ់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដែល​មាននាទី បើកការជំនុំជម្រះ​លើ​ឧក្រិដ្ឋជន​សង្រ្គាម អ្នកទទួល​ខុសត្រូវ​​លើ​ការសម្លាប់​ប្រល័យពូជសាសន៍ជាដើម។

ការបារម្ភ​របស់​រដ្ឋាភិបាល​អាមេរិក​បានកើតមានពិតមែន ព្រោះថា កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក​ស្រី អេហ្វាទូ បេនសូដា​បាន​ថ្លែងថា មាន​មូលដ្ឋាន​ជាក់លាក់ ដែល​ធ្វើ​ឲ្យ​គេជឿថា មាន​ឧក្រិដ្ឋកម្ម​សង្រ្គាម កើតឡើង​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ​លោកស្រី​រដ្ឋអាជ្ញា ​​​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​តុលាការ​បើកការស៊ើបអង្កេត​ មួយ នៅ​បន្ទាប់​ពី​របាយការណ៍​ប្រចាំឆ្នាំ ដែល​លោកស្រី​បាន​ដឹកនាំធ្វើ រកឃើញថា ទាហាន​អាមេរិក ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​CIA ពួកឧទ្ទាម​តាលីបង់ និង​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ជា​ជនដៃដល់ ធ្វើ​ទារុណកម្ម​យ៉ាងព្រៃផ្សៃ​ទៅលើ​អ្នកទោស នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។

កន្លងមក អាមេរិក​ធ្លាប់​បាន​ទាត់ចោល​មិនទទួល​ស្គាល់​របាយការណ៍ និង​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប៉ុន្តែ នេះ​ជាលើកទី១ ដែល​អាមេរិក តាមរយៈ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ បាន​និយាយ​សម្លុត​ដាក់​ទណ្ឌកម្ម​លើ​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ។ សម្រាប់​លោក​បុលតុន តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការ​ដែល​មិន​ស្របច្បាប់ និង​ដែល​គំរាមកំហែង​ដល់​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ​អាមេរិក។ គេ​វាយតម្លៃថា លោក​ចន បុលតុ បាន​និយាយរិះគន់​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​នៅពេលនេះ ដោយសារ​តែ​ហេតុផល​សំខាន់​ពីរ។ ទី១ គឺ​ការស្នើសុំ​របស់​រដ្ឋអាជ្ញា​ដែល​ចង់​ឲ្យ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ​បើកការស៊ើបអង្កេត​លើ​ករណី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​អាច​មាន​ជាប់ពាក់ព័ន្ធ​ទាហាន​អាមេរិក។ ទី២ គឺ​ករណី​ដែល​ប៉ាឡេស្ទីន គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​អ៊ីស្រាអែល ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពីបទ​រំលោភសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ​នៅ​តំបន់​ហ្កាហ្សា និង​តំបន់​ត្រួតត្រា​របស់​អ៊ីស្រាអែល នៅ​ជេរូសាឡឹមខាងកើត។

នៅក្នុង​វេទិកា​​របស់​ក្រុមអ្នកច្បាប់ កាលពីថ្ងៃ​ចន្ទ លោក​ចន បុលតុន​បានថ្លែង​ថា អាមេរិកនឹងប្រើគ្រប់មធ្យោបាយ​ទាំងអស់​ដើម្បី​ការពារ​ពលរដ្ឋរបស់ខ្លួន និង​ប្រជាជន​របស់​ប្រទេស​សម្ព័ន្ធមិត្ត ទល់​នឹង​ការប្តឹង​ដ៏​អយុត្តិធម៌​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។  ក្រៅតែ​ពីគំរាម​មិន​សហការ មិន​ផ្តល់ជំនួយ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក​ចន បុលតុន ដែល​ចិញ្ចឹមចិត្ត​ស្អប់ ប្រឆាំង​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​បាន​គំរាម​ចាប់ខ្លួនក្នុង​ទឹកដី​អាមេរិក ហើយ​និង​បង្កក​ទ្រព្យសម្បត្តិ​របស់ ​រាល់​​​មន្រ្តី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុមហ៊ុន ឬ​អង្គការ សមាគម​ទាំងឡាយ​ណា​ដែល​សហការ​ជាមួយ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ដំណើរការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​កងទ័ព​អាមេរិក។ ការបញ្ជាក់​គំាំទ្រ​ជំហរ​របស់លោក​ចន បុលតុន ពីសំណាក់​អ្នកនាំពាក្យរបស់​​សេតវិមាន នៅថ្ងៃ​ចន្ទបានឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់ ពី​ជំហរ ជាតិនិយម និងការពារ​ផលប្រយោជន៍​អាមេរិក​មុនគេ​បង្អស់​របស់លោកដូណាល់ ត្រាំ។

នៅថ្ងៃ​ចន្ទ ប្រធាន​ផ្នែក​ច្បាប់របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watchបាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​បារាំង AFP ថា ប្រសាសន៍​របស់​លោក​ចន បុលតុន​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ព្រងើយកន្តើយ មិន​គោរព​ដល់​ជនរងគ្រោះ​ដោយសារ​ឧក្រិដ្ឋកម្ម ​សម្លាប់​មនុស្សរង្គាល។ តាម​មន្រ្តី​របស់​អង្គការ​​ Human Rights Watch សំដី​របស់​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​បង្ហាញ​ឲ្យ​គេ​ដឹងផងដែរថា អាមេរិក​ការពារ​ក្រុមរំលោភ​សិទ្ធិមនុស្ស ជាជាងគាំទ្រ​តុលាការ​អន្តរជាតិ ដែល​អព្យាក្រឹត្យ។ ​

ចង់ ឬ​មិនចង់ ពាក្យ​គំរាមកំហែង​ចង់​ដាក់​ទណ្ឌកម្ម​ពីសំណាក់​អាមេរិក កំពុង​ធ្វើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រងការដាក់​សម្ពាធ​កាន់តែ​ខ្លាំង​។ កន្លងមក តុលាការICC ត្រូវ​បាន​គេ​ចោទប្រកាន់ថា ធ្វើ​សកម្មភាព ចាប់កំហុស​តែ​ប្រទេស​ក្រីក្រ ជាពិសេស ប្រទេស​នៅ​តំបន់​អាហ្វ្រិកតែប៉ុណ្ណោះ។ នៅពេល​រដ្ឋអាជ្ញា​ប្រកាស​ថា បាន​ដាក់ពាក្យ​ស្នើ​ឲ្យ​តុលាការ​បើកការស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ដែល​អាចមានទាហាន​អាមេរិក ជាប់ពាក់ព័ន្ធ​ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​ទទួលការកោតសរសើរ​មកវិញ ក្នុង​ហេតុផលថា តុលាការ​​មិនមែន​មានអំណាច​កាត់ទោស​តែ​ប្រទេស​តូចតាច ក្រីក្រ​តែប៉ុណ្ណោះទេ ប៉ុន្តែ អាច​រករឿង ស៊ើបអង្កេត បើកសវនាការ​ប្រឆាំង នឹង​ប្រទេសមហាអំណាច ដូចជា​អាមេរិក​ផងដែរ។ តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវ​សម្រេចចិត្ត​យ៉ាងណា​? ម្ខាង​ដើម្បី​កេរ្តិ៍ឈ្មោះ និង​ធានា​អព្យាក្រឹត្យ ផ្តល់​យុត្តិធម៌ ក្នុង​នាមជា​តុលាការ​អន្តរជាតិ និង​ម្ខាងទៀត ត្រូវ​រងប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ ពិន័យ​ពី​អាមេរិកដែល​ជា​មហាអំណាច​ធំជាងគេ​លើលោក។ បើសិនតុលាការ​ICC សុខចិត្ត​ចុះចាញ់តាមការសម្លុតគំរាម របស់​អាមេរិក ពោល​គឺលះបង់​ចោល​ការស៊ើបអង្កេត​ប្រឆាំង​នឹង​ទាហាន​អាមេរិក នៅអាហ្វហ្កានីស្ថាន នោះ ហើយ​ជាទីអវសាន​​ទាំងស្រុង​របស់​តុលាការ ដែល​ជា ក្តីប៉ងប្រាថ្នា​របស់​លោក​ចន បុលតុន ទីប្រឹក្សា​សន្តិសុខជាតិ​របស់​ប្រធានាធិបតី​ជាតិនិយម​អាមេរិក លោកដូណាល់​ ត្រាំ។ ប៉ុន្តែ នៅថ្ងៃ ចន្ទ តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ខ្លួនអនុវត្ត​ទៅតាមតែ​​នីតិវិធីច្បាប់ ដែល​មាន​ចែង​នៅក្នុង​សន្ធិសញ្ញា​ក្រុងរ៉ូម​តែប៉ុណ្ណោះ និង​ថា តុលាការ​នៅតែបន្តការ​ស៊ើបអង្កេត ដោយ​ឯករាជ្យ និង​មិន​លំអៀង ដោយ​មិន​ព្រម​ចុះញ៉ម ចុះចាញ់​នឹង​ការគំរាមកំហែង​ពី​ភាគី​ណាមួយ​នោះទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

    រដ្ឋអាជ្ញា​របស់​ICC​សុំ​ឲ្យ​ស៊ើប​អង្កេត​លើ​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន

    ស្វែងយល់បន្ថែម

  • អ៊ីស្រាអែល-ប៉ាឡេស្ទីន

    តុលាការ​ញូវយ៉ក​កាត់ទោស​ប៉ាឡេស្ទីន​ឲ្យ​សង​ជម្ងឺចិត្ត ២១៨​លាន​ដុល្លារ ទៅ​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម

    ស្វែងយល់បន្ថែម

  • អាមេរិក-ICC

    អាមេរិក​បាន​ប្រកាស​សង្រ្គាម​ជា​ចំហ​ទល់​នឹង​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ឧក្រិដ្ឋកម្មសង្រ្គាម៖​អាមេរិក​ថា របាយការណ៍​របស់​តុលាការ​ព្រហ្មទ័ណ្ឌអន្តរជាតិ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់

    ស្វែងយល់បន្ថែម

  • ប៉ាឡេស្ទីន-អ.ស.ប.

    តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ​បាន​ផ្តើម​សិក្សាបឋម​ស្តីពី​បទឧក្រិដ្ឋកម្មសង្រ្គាម​ជាយថាហេតុ​នៅ​ដែនដី​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ