អាជ្ញាធរបារាំងរៀបចំផែនការទប់ស្កាត់ជម្ងឺប៉េសជ្រូកអាហ្រ្វិកដែលឆ្លងដល់ប្រទេសបែលហ្ស៊ិក
នៅថ្ងៃសុក្រ ទី១៤ កញ្ញា ក្រសួងកសិកម្មបារាំងបានកោះប្រជុំក្រុមអ្នកចិញ្ចឹមជ្រូក ក្រុមអ្នកដឹកជញ្ជូនសាច់ជ្រូក ក្រុមអ្នកសម្លាប់ជ្រូក ក្រុមគ្រូពេទ្យសត្វ និងក្រុមអ្នកបរបាញ់សត្វទាំងអស់ដើម្បីផ្សព្វផ្សាយពីផែនការទប់ស្កាត់នឹងជម្ងឺប៉េសជ្រូកមកពីអាហ្រ្វិក។ កិច្ចប្រជុំនេះបានរៀបចំឡើង បន្ទាប់ពីរដ្ឋអំណាចប្រទេសបែលហ្ស៊ិកបានប្រកាសឲ្យដឹងពីការរកឃើញវត្តមានជម្ងឺប៉េសជ្រូកអាហ្រ្វិកចំនួន ២ករណីលើសត្វជ្រូកព្រៃ។ នៅក្នុងកិច្ចប្រជុំលោករដ្ឋមន្រ្តីកសិកម្មបារាំងស្តេហ្វាន ត្រាវែបានស្នើឲ្យអនុវត្តជាបន្ទាន់នូវផែនការសកម្មដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជម្ងឺមួយនេះពីប្រទេសបែលហ្ស៊ិកក្បែរខាង។ តើមានវិធានការអ្វីខ្លះដើម្បីបង្ការកុំឲ្យជម្ងឺប៉េសជ្រូកអាហ្រ្វិកឆ្លងចូលក្នុងទឹកដីបារាំង?។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៥
« មុននឹងឆ្លងចូលដល់ប្រទេសបែលហ្ស៊ិកពេលនេះ មេរោគប៉េសជ្រូកអាហ្រ្វិកបានធ្វើដំណើរតាំងពីរូម៉ានីដែលជាប្រទេសស្ថិតប៉ែកខាងលិចបង្អស់។ បរិវេណនៃការការពារទប់ស្កាត់មេរោគមួយនេះត្រូវបានធ្វើឡើងនៅតាមបណ្តោយព្រំដែនរវាងបារាំង និងបែលហ្ស៊ិក។ រដ្ឋអំណាចបារាំង និងយើងខ្ញុំដែលជាអ្នកជំនាញបានរួមសហការណ៍គ្នាចាត់វិធានការមួយចំនួនដើម្បីការពារកុំឲ្យមេរោគប៉េសជ្រូកអាហ្រ្វិកឆ្លងចូលក្នុងទឹកដីបារាំង។
វិធានការមួយចំនួនត្រូវបានរៀបចំរួចហើយនៅតាមតំបន់មួយចំនួនជាប់ព្រំដែន ដូចយ៉ាង ចៀសវាងមិនឲ្យមានការប្រម៉ាញ់លើជ្រូកព្រៃ និងការតាមដាននៅកន្លែងចិញ្ចឹមជ្រូក។ យើងមានផែនការរួចហើយដើម្បីជួយការពារការចិញ្ចឹមសត្វនៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេសបារាំង។ ផែនការទាំងនោះមានដូចជា ត្រួតពិនិត្យលើការដឹកជញ្ជូន ព្រោះចូរកុំភ្លេចថា សាច់ជ្រូកបារាំងបាននាំចេញទៅក្រៅច្រើនណាស់។
ដូច្នេះគេចាំបាច់ត្រូវតែមានវិធានការការពារ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ ត្រឹមត្រូវដើម្បីអាចបន្តជំនួញនេះបាន បើពុំនោះសោតទេ វានឹងបង្កឲ្យមានផលវិបាកធំធេងលើតម្លៃសាច់ចំពោះក្រុមកសិករ។ រៀងរាល់ឆ្នាំ យើងផលិតសាច់ជ្រូកបានចំនួន ២លាន ២សែនតោន ក្នុងនោះ មាន ១ភាគ៣ បាននាំចេញទៅបរទេស »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ