អានតួអត្ថបទ
បារាំង

អាជ្ញាធរ​បារាំង​រៀបចំ​ផែនការ​ទប់ស្កាត់​ជម្ងឺ​ប៉េសជ្រូកអាហ្រ្វិក​ដែល​ឆ្លង​ដល់​ប្រទេស​បែលហ្ស៊ិក

នៅ​ថ្ងៃ​សុក្រ ទី១៤ កញ្ញា ក្រសួង​កសិកម្ម​បារាំង​បាន​កោះប្រជុំ​ក្រុម​អ្នកចិញ្ចឹមជ្រូក ក្រុម​អ្នកដឹកជញ្ជូន​សាច់ជ្រូក ក្រុម​អ្នកសម្លាប់​ជ្រូក ក្រុម​គ្រូពេទ្យសត្វ និង​ក្រុម​អ្នកបរបាញ់សត្វ​ទាំង​អស់​ដើម្បី​ផ្សព្វផ្សាយ​ពី​ផែនការ​ទប់​ស្កាត់​នឹង​ជម្ងឺប៉េសជ្រូក​មក​ពី​អាហ្រ្វិក។ កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​រដ្ឋអំណាច​ប្រទេស​បែលហ្ស៊ិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រក​ឃើញ​វត្តមាន​ជម្ងឺប៉េសជ្រូកអាហ្រ្វិក​ចំនួន ២ករណី​លើ​សត្វជ្រូកព្រៃ។ នៅ​ក្នុង​កិច្ចប្រជុំ​លោក​រដ្ឋមន្រ្តី​កសិកម្ម​បារាំង​ស្តេហ្វាន ត្រាវែ​បាន​ស្នើ​ឲ្យ​អនុវត្ត​ជា​បន្ទាន់​នូវ​ផែនការសកម្ម​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជម្ងឺ​មួយ​នេះ​ពី​ប្រទេស​បែលហ្ស៊ិក​ក្បែរ​ខាង។ តើ​មាន​វិធានការ​អ្វី​ខ្លះ​ដើម្បី​បង្ការ​កុំ​ឲ្យ​ជម្ងឺប៉េសជ្រូកអាហ្រ្វិក​ឆ្លង​ចូល​ក្នុង​ទឹកដី​បារាំង?។

សហព័ន្ធ​អាជីវកម្ម​សត្វជ្រូក​បារាំង​ហៅកាត់​ថា INAPORC
សហព័ន្ធ​អាជីវកម្ម​សត្វជ្រូក​បារាំង​ហៅកាត់​ថា INAPORC AFP
ផ្សាយពាណិជ្ជកម្ម

« មុន​នឹង​ឆ្លង​ចូល​ដល់​ប្រទេស​បែលហ្ស៊ិក​ពេល​នេះ មេរោគ​ប៉េសជ្រូកអាហ្រ្វិក​បាន​ធ្វើ​ដំណើរ​តាំង​ពី​រូម៉ានី​ដែល​ជា​ប្រទេស​ស្ថិត​ប៉ែក​ខាង​លិច​បង្អស់។ បរិវេណ​នៃ​ការ​ការពារ​ទប់​ស្កាត់​មេរោគ​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្តោយព្រំដែន​រវាង​បារាំង និង​បែលហ្ស៊ិក។ រដ្ឋអំណាច​បារាំង និង​យើង​ខ្ញុំ​ដែល​ជា​អ្នកជំនាញ​បាន​រួម​សហការណ៍​គ្នា​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ប៉េសជ្រូក​អាហ្រ្វិក​ឆ្លង​ចូល​ក្នុង​ទឹកដី​បារាំង។

វិធានការ​មួយ​ចំនួន​ត្រូវ​បាន​រៀបចំ​រួច​ហើយ​នៅ​តាម​តំបន់​មួយ​ចំនួន​ជាប់​ព្រំដែន ដូច​យ៉ាង ចៀសវាង​មិន​ឲ្យ​មាន​ការ​ប្រម៉ាញ់​លើ​ជ្រូកព្រៃ និង​ការ​តាម​ដាន​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក។ យើង​មាន​ផែនការ​រួច​ហើយ​ដើម្បី​ជួយ​ការពារ​ការ​ចិញ្ចឹមសត្វ​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​ទូទាំង​ប្រទេស​បារាំង។ ផែនការ​ទាំង​នោះ​មាន​ដូច​ជា ត្រួតពិនិត្យ​លើ​ការ​ដឹកជញ្ជូន ព្រោះ​ចូរ​កុំ​ភ្លេច​ថា សាច់ជ្រូក​បារាំង​បាន​នាំ​ចេញ​ទៅ​ក្រៅ​ច្រើន​ណាស់។

ដូច្នេះ​គេ​ចាំ​បាច់​ត្រូវ​តែ​មាន​វិធានការ​ការពារ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ត្រឹមត្រូវ​ដើម្បី​អាច​បន្ត​ជំនួញ​នេះ​បាន បើ​ពុំ​នោះ​សោត​ទេ វា​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ធំធេង​លើ​តម្លៃ​សាច់​ចំពោះ​ក្រុម​កសិករ។ រៀងរាល់​ឆ្នាំ យើង​ផលិត​សាច់ជ្រូក​បាន​ចំនួន ២លាន ២សែនតោន ក្នុង​នោះ មាន ១ភាគ៣ បាន​នាំ​ចេញ​ទៅ​បរទេស »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ