ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ
 
អតីត​បុគ្គលិក របស់​​​ធនាគារ​វិនិយោគ Lehman Brothers លោក Gwion Moore​ ឈរ​ថត​នៅ​​កណ្តាលទី​ក្រុង Sydney, អូស្ត្រាលី​ ថ្ងៃទី​ ១១ កញ្ញា​ ២០១៨​ REUTERS/David Gray SEARCH REUTERS/David Gray SEARCH

ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ គឺជាខួប​គម្រប់ឆ្នាំ​ទី១០ នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សាកល​ កាល​ពី​ឆ្នាំ​២០០៨។ តើ​មាន​អ្វី​ផ្លាស់ប្ដូរ​ខ្លះ​សម្រាប់​សេដ្ឋកិច្ច​សាកល​ទាំងមូល​ ក្នុង​រយៈពេល​១០ឆ្នាំចុងក្រោយ​នេះ?

ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៨ គឺជា​ខួប​គម្រប់​ឆ្នាំ​ទី​១០ នៃ​ការដួលរលំធនាគារវិនិយោគ​ធំបំផុត​ទី​បួនរបស់សហរដ្ឋ​អាមេរិក “Lehman Brothers”។ វាជា​ព្រឹត្តិការណ៍មួយ​ដែល​អ្នក​សេដ្ឋកិច្ច​ជាទូទៅ​ឱ្យ​ឈ្មោះ​ថា “ការ​ចាប់​ផ្តើម​នៃ​វិបត្តិហិរញ្ញវត្ថុ​សាកល”។ ការក្ស័យធន​របស់​​ធនាគារ​មួយ​នេះ​ ភ្លាមៗ យ៉ាង​តក់ក្រហល់ បាន​បង្ក​ឱ្យ​មាន​វិបត្តិដល់​ប្រព័ន្ធធនាគារ និង​ទីផ្សារហិរញ្ញវត្ថុ​សាកល​ទាំងមូល​។ សេដ្ឋកិច្ច​សាកល​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ ដោយអត្រា​កំណើននៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (ផ.ស.ស) ​​បាន​ធ្លាក់​ចុះ​ពី ៥,៦ភាគរយ នៅ​ឆ្នាំ​២០០៧ មក​ត្រឹម ០,១ភាគរយ​ក្នុង​ឆ្នាំ២០០៩។

តើ​មាន​តុល្យការ​ចម្បង​អ្វី​ខ្លះសម្រាប់​សេដ្ឋកិច្ច​សាកល​ទាំងមូលក្នុង​រយៈពេល​១០ឆ្នាំ​នេះ?

ការ​កើន​ឡើង​បំណុល​សាធារណៈសាកល

បំណុល​សាធារណៈសាកល​ធៀប​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​បាន​កើន​ឡើង​ប្រមាណ ២៦ ភាគរយ គិត​ចាប់​ពី​ឆ្នាំ​២០០៧។ ក្នុង​នោះ​ ​បំណុល​របស់​ប្រទេស​អភិវឌ្ឍបាន​កើន​ឡើងយ៉ាង​គំហុកប្រហែល ៤១ភាគរយ ធៀប​នឹង​ ១២ភាគរយ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ ទៅ​ថ្ងៃ​អនាគត​ខាង​មុខ កម្រិត​បំណុលដ៏​ធំធេង​​នេះ ​ទំនង​ជានឹង​​មិន​ងាយ​ធ្លាក់​ចុះ​វិញ​ដោយ​ងាយស្រួល​​​ទេ ព្រោះថា​ឱនភាន​ភាព​ថវិកា​នៃ​ប្រទេស​នីមួយ​ៗក្នុង​ពិភពលោក​ ជាមធ្យម ​នៅ​តែ​បន្តមាន​វត្តមាន។

កំណើន​ថមថយ​នៃ​សេដ្ឋកិច្ច​សាកល​ធៀប​ពីមុនមាន​វិបត្តិ

ចំពោះ​កំណើន​សេដ្ឋកិច្ច​សាកល យោង​តាម​អ្នក​ជំនាញ បើ​ទោះ​បី​ជា រហូត​មក​ដល​ពេល​បច្ចុប្បន្ន សេដ្ឋកិច្ច​សាកលបាន​ងើប​ឆ្លង​ផុត​ពី​វិបត្តិ​ជាស្ថាពរហើយ​ក៏​ដោយ តែ​អត្រា​កំណើន​ជារួម ​ធៀប​នឹង​មួយ​ទសវត្សរ៍មុន នៅមានកម្រិតទាប​ជាង។ យោង​តាម​របាយការណ៍​របស់ស្ថាប័ន J.P. Morgan កំណើន​សេដ្ឋកិច្ច​សាកល​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា​ប្រមាណ ០,៣ភាគរយ ជារៀងរាល់​ឆ្នាំ ធៀបពី​មុន​ពេល​មាន​វិបត្តិ។​ ជាឧទាហរណ៍ ក្នុង​ករណី​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៧ មាន​ប្រមាណតែ៦ភាគរយប៉ុណ្ណោះ ធៀប​នឹង​ ៨,៣ភាគរយនៅ​ឆ្នាំ​២០០៧។

វិបត្តិតំបន់​ចាយ​ប្រាក់​អ៊ឺរ៉ូ និង​សហភាពអឺរ៉ុប

នៅ​បណ្តា​ប្រទេស​អឺរ៉ុបឯណោះ​វិញ វិបត្តិ​ហិរញ្ញវត្ថុ​សាកល​​បាន​រុញច្រាន​តំបន់​មួយ​នេះ​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​​ប្រាក់​អ៊ឺរ៉ូ បំណុល​សាធារណៈ និងការកើន​ឡើង​អត្រានិកម្ម​ភាព។ ប្រទេស​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរជាង​គេមាន​ ក្រិក និងអៀរឡង់ និង​ក្រោយមក ព័រទុយហ្គាល់ អ៊ីតាលី និងអេស្ប៉ាញ។

អត្រានិកម្មភាពបច្ចុប្បន្នរបស់យុវជនមានលើសពី៤០ភាគរយ ក្នុងបណ្តាប្រទេស អ៊ីតាលី ក្រូអាស៊ី ក្រិក និងអេស្ប៉ាញ។ រីឯ ក្នុងប្រទេសអឺរ៉ុបទាំង ២៨ វិញ យ៉ាង​ហោច​​ណាស់ ក៏យុវជនគ្មានការងារធ្វើ មានប្រមាណច្រើនជាង ២០ភាគរយដែរ។ ទោះ​ជាស្ថានភាព​ជារួមហាក់​មាន​ភាព​ល្អ​ប្រសើរ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ក៏​ជា​បញ្ហា​សេដ្ឋកិច្ច​ចម្បងៗ និង​ការ​បែងបាក់ផ្ទៃក្នុង​ នៅ​តែ​បន្ត​តាម​លង​បន្លាច​ប្រទេស​សមាជិក​ទាំងមូល។ បញ្ហា​​ទាំង​នេះបាន​និង​កំពុងធ្វើ​ឱ្យ​មាន​ការកើនឡើងសម្លេង​គាំទ្រ​ នយោបាយជាតិនិយម “Protectionnisme” និង នយោបាយ “Populist” ឬ​ជា​ទំនោរ​នយោបាយ​ប្រឆាំង​នឹង​ក្រុមពលរដ្ឋ​អ្នកមាន ឬស្ថាប័ន​ក្រុមហ៊ុន​ធំ នៅអឺរ៉ុប​ទាំង​មូល។

ទម្ងន់​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​កំពុង​កើន​ឡើងឥតឈប់ឈរ

សម្រាប់​ករណី​ប្រទេស​នៅ​តំបន់អាស៊ី ផល​អវិជ្ជមាន​អាច​មាន​ដោយ​ផ្ទាល់​ ឬ​ប្រយោល ក៏​ប៉ុន្តែ​ទំហំ​នៃ​ផល​ប៉ះពាល់​នៅ​មាន​ទំហំ​តូច​ណាស់​ធៀប​នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក។ ក្នុង​រយៈពេល​១០ឆ្នាំ​នេះ ទម្ងន់សេដ្ឋកិច្ច​​អាស៊ី​បាន​កើន​ឡើង​ក្នុង​ទំហំ​ដ៏​ធំធេង ក្នុង​សេដ្ឋកិច្ចសាកល។​ យោងតាមរបាយការណ៍​របស់ The Foreign Policy ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​អាស៊ី​បាន​កើន​ច្រើន​ជាង​ មួយ​ភាគ​បី​ នៃ​សេដ្ឋកិច្ច​សាកល គឺ​ជាទំហំ​ធំ​ជា​ង​តំបន់​ផ្សេងណាៗទាំង​អស់លើ​ពិភពលោក។

ផ្អែក​តាម Forum Économique Mondial អាស៊ី​រួមចំណែក​ប្រមាណ ៣០​ភាគរយ​ ក្នុង​ពាណិជ្ជកម្មអន្តរជាតិ ដោយ​ទំហំ​នេះ​កើន​ឡើង ប្រមាណ​ជាង​ប្រាំ​ដង​​ធៀប​នឹង​ឆ្នាំ​២០០២។ កំណើន​ចំនួនពលរដ្ឋមាន​ចំណូល​មធ្យម ​​បាន​កើន​ឡើង​ក្នុងអត្រា​​មួយ​នឹក​ស្មាន​មិន​ដល់។ ​បច្ចុប្បន្ន​ ពលរដ្ឋ​អាស៊ី​​ដែល​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១០ ទៅ១០០ដុល្លារអាមេរិក​ក្នុង​មួយ​ថ្ងៃ មាន​ចំនួន​ ៥០០លាន​នាក់ ហើយ​​តួលេខ​អាច​កើន​ឡើង​រហូត​ដល់​ ១,៧៥ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០២០។ នេះ​វា​មាន​ន័យ​ថា ចំនួន​គឺ​ច្រើន​ជាង​ប្រជាជន​អឺរ៉ុប​សរុបទាំង​មូលទៅទៀត​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ