អានតួអត្ថបទ
អឺរ៉ុប-អ៊ីរ៉ង់

ដើម្បី​គេច​ពី​ទណ្ឌកម្ម​អាមេរិក សហភាពអឺរ៉ុប​កំពុង​ពិចារណា​លើសេណារីយ៉ូថ្មី​ដើម្បី​បន្ត​​ធ្វើ​ពាណិជកម្ម​ជាមួយ​អ៊ីរ៉ង់

ក្រោយ​ពី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ខែ​ឧសភា​មក ទីក្រុង​វ៉ាស៊ីតោន​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អឺរ៉ុប​ណា​ដែល​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​តេហេរ៉ង់។ តែ​ពេល​នេះ និង​ដើម្បី​គេច​ពី​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ថ្មី​ដើម្បី​អាច​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់។

ដើម្បី​គេច​ពី​ទណ្ឌកម្ម​អាមេរិក សហភាពអឺរ៉ុប​កំពុង​ពិចារណា​លើ​សេណារីយ៉ូថ្មី​ដើម្បី​បន្ត​​ធ្វើ​ពាណិជកម្ម​ជាមួយ​អ៊ីរ៉ង់
ដើម្បី​គេច​ពី​ទណ្ឌកម្ម​អាមេរិក សហភាពអឺរ៉ុប​កំពុង​ពិចារណា​លើ​សេណារីយ៉ូថ្មី​ដើម្បី​បន្ត​​ធ្វើ​ពាណិជកម្ម​ជាមួយ​អ៊ីរ៉ង់ ATTA KENARE / AFP
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ទណ្ឌកម្ម​របស់​អាមេរិក​កំពុង​ស្ថិត​ក្នុង​ការ​ព្រមាន​ក៏​ដោយ​ក៏​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​គ្រាក់ៗ​របស់​អឺរ៉ុប​មួយ​ចំនួន​បាន​សម្រេច​ដក​ខ្លួន​ឈប់​រក​ស៊ី​នៅ​អ៊ីរ៉ង់ ហើយ​មាន​មួយ​ចំនួន​ទៀត​បាន​ប្រកាស​លុប​ចោល​វិញ​នូវ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អ៊ីរ៉ង់។ តែ​ទន្ទឹម​គ្នា​នេះ សហភាព​អឺរ៉ុប ពិសេស​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ មាន​បារាំង អាល្លឺម៉ង់ ឬ​អង់គ្លេស​ដែល​មិន​បាន​ដក​ខ្លួន​ចេញ​ដូច​អាមេរិក​ហាក់​មិន​ចង់​បោះបង់​ទីផ្សារ​អ៊ីរ៉ង់​ចោល​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ ប្រទេស​អឺរ៉ុប​ទាំង​នោះ​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ថ្មី​ដើម្បី​អាច​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ដោយ​គេច​ពី​ទណ្ឌកម្ម​អាមេរិក។

សេណារីយ៉ូ​ថ្មី​នោះ គឺ​ការ​ដោះដូរ​រវាង​ទំនិញ និង​ទំនិញ​ក្នុង​តម្លៃ​ដូច​គ្នា​ដោយ​មិន​បាច់​ប្រើ​លុយ។ ឧទាហរណ៍ ក្រុមហ៊ុន​អឺរ៉ុប ក លក់​ទំនិញ​មួយ​កប៉ាល់​ទៅ​ឲ្យ​អ៊ីរ៉ង់​ក្នុង​តម្លៃ​សរុប ២០០លានដុល្លារ ជា​ការ​ដោះដូរ​ត្រឡប់​វិញ អ៊ីរ៉ង់​មិន​បាច់​បង់​លុយ​ឲ្យ​ក្រុមហ៊ុន ក ទេ តែ​ត្រូវ​បញ្ជូន​ប្រេងឆៅ​មួយ​កប៉ាល់​ក្នុង​តម្លៃ​សរុប ២០០លានដុល្លារ​ដូច​គ្នា​ទៅ​ឲ្យ​ក្រុមហ៊ុន ក ដដែល ឬ​មួយ​ក៏​បញ្ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​មួយ​ទៀត​ឈ្មោះ ខ។ ក្នុង​ករណី​នេះ ក្រុមហ៊ុន ខ នឹង​ត្រូវ​ទូទាត់​លុយ​ទៅ​ឲ្យ​ក្រុមហ៊ុន ក។ ឃើញ​ថា​តាម​រយៈ​សេណារីយ៉ូ​មួយ​ណា​ក៏​ដោយ គឺ​គ្មាន​ការ​ទូទាត់​ជា​សាច់ប្រាក់​រវាង​ក្រុមហ៊ុន ក និង​ភាគី​អ៊ីរ៉ង់ ឬ​រវាង​ភាគី​អ៊ីរ៉ង់ និង​ក្រុមហ៊ុន ខ ឡើយ។

ចូរ​កុំ​ភ្លេច​ថា មាន​តែ​ការ​ទូទាត់​ជា​សាច់ប្រាក់ដុល្លារ​ទេ​ដែល​ជាប់​ក្នុង​ទណ្ឌកម្ម​អាមេរិក ព្រោះ​ចរាចរណ៍​លុយដុល្លារ​ត្រូវ​ឆ្លង​កាត់​តាម​ប្រព័ន្ធ​ធនាគារ​អាមេរិកាំង។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សេណារីយ៉ូ​នៃ​ការ​ដោះដូរ​រវាង​ទំនិញ និង​ទំនិញ​ដែល​កំពុង​ពិចារណា​ដោយ​ប្រទេស​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ពេល​នេះ​អាច​នឹង​ចេញ​រូបរាង​នៅ​ពេល​ណា​ទេ អ្វី​ដែល​គេ​ដឹង មាន​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ក៏​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ។ គេ​ត្រូវ​រង់​ចាំ​មើល​ថា តើ​រដ្ឋបាល​អាមេរិក​នឹង​មាន​ប្រតិកម្ម ឬ​វិធានការ​យ៉ាង​ណា​ចំពោះ​សេណារីយ៉ូ​ថ្មី​មួយ​នេះ​របស់​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ