អានតួអត្ថបទ

ស៊ីរី៖រុស្ស៊ី និង​តួកគី​បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​គ្មាន​កងទ័ព​មួយ​ក្នុង​ទីក្រុង​អ៊ីដឡិប

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី១៧ កញ្ញា ប្រទេស​រុស្ស៊ី និង​ប្រទេស​តួកគី​បាន​ព្រមព្រៀង​គ្នា​បង្កើត​ឲ្យ​មាន​តំបន់​គ្មាន​កងទ័ព​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ីដឡីប ប្រទេស​ស៊ីរី។ ការ​បង្កើត​ឲ្យ​មាន​តំបន់​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​ក្រោម​ការ​ព្រមាន​វាយប្រហារ​ពី​កម្លាំងទ័ពរដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​កងទ័ព​រុស្ស៊ី។ គួរ​រម្លឹក​ជូន​ថា ទីក្រុង​ដែល​មាន​ពលរដ្ឋ​ស៊ីរី​រស់នៅ​ជាង ៣លាននាក់​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួកឧទ្ទាម និង​ពួកជីហាត។ ប្រទេស​អ៊ីរ៉ង់ និង​ស៊ីរី​បាន​ចេញ​មុខ​ថ្លែង​សាទរ​លើ​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី និង​តួកគី​ពេល​នេះ។

រុស្ស៊ី និង​តួកគី​បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​គ្មាន​កងទ័ព​មួយ​ក្នុង​ទីក្រុង​អ៊ីដឡិប​ប្រទេស​ស៊ីរី
រុស្ស៊ី និង​តួកគី​បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​គ្មាន​កងទ័ព​មួយ​ក្នុង​ទីក្រុង​អ៊ីដឡិប​ប្រទេស​ស៊ីរី Alexander Zemlianichenko/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ទំរាំ​តែ​ព្រមព្រៀង​គ្នា​បង្កើត​ឲ្យ​មាន​តំបន់​គ្មាន​កងទ័ព​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប ប្រទេស​ស៊ីរី ភាគី​រុស្ស៊ី និង​តួកគី​បាន​ចំណាយ​ពេល​ជជែក​គ្នា​មួយ​ទល់​មួយ​អស់​រយៈពេល ៤ម៉ោង។ គឺ​ជា​តំបន់​មួយ​ដែល​មាន​បណ្តោយ​ពី ១៥ ទៅ ២០គីឡូម៉ែត្រ​នៅ​តាម​ខ្សែបន្ទាត់​ខ័ណ្ឌចែក​រវាង​ទីតាំង​របស់​កម្លាំង​ឧទ្ទាម និង​ទីតាំង​របស់​កម្លាំង​រដ្ឋាភិបាល​ស៊ីរី។ ផ្អែក​តាម​កិច្ចព្រមព្រៀង អាវុធធុនធ្ងន់​គ្រប់ប្រភេទ និង​គ្រប់កម្លាំងជ្រុលនិយម​នឹង​ត្រូវ​ដក​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​នោះ។ បន្ទាប់​មក តំបន់​មួយ​នេះ​នឹង​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​រួម​គ្នា​រវាង​កម្លាំង​ទាហាន​តួកគី និង​រុស្ស៊ី។

ការ​បង្កើត​ឲ្យ​មាន​តំបន់​គ្មាន​កងទ័ព​ក្នុង​ទីក្រុង​អ៊ីដឡិប​ពេល​នេះ​ត្រូវ​បាន​គ្រប់​គ្នា​សង្ឃឹម​ថា នឹង​អាច​បញ្ជៀស​ពី​ការ​ព្រមាន​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​ទ័ពរដ្ឋាភិបាល​ស៊ីរី និង​រុស្ស៊ី ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា រដ្ឋាភិបាល​ស៊ីរី​សុខចិត្ត​បន្ត​ទុក​ទីក្រុង​មួយ​នេះ​របស់​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​ដៃ​របស់​ពួក​ឧទ្ទាម​នោះ​ទេ។ សូម​ជម្រាប​ជូន​ថា អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​រដ្ឋាភិបាល​ស៊ីរី​ត្រៀម​ជើង​ព្រួល​វាយប្រហារ​រំដោះ​ទីក្រុង​អ៊ីដឡិប​ដែល​ជា​ទីតាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម និង​ពួកជីហាត។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​ខ្លាំង គឺ​សោកនាដកម្ម​មនុស្សធម៌​លើ​ពលរដ្ឋ​ស៊ីរី​ជាង ៣លាននាក់​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប។

នៅ​ថ្ងៃ​អង្គារ ទី១៨ កញ្ញា រដ្ឋាភិបាល​ស៊ីរី​បាន​ថ្លែង​សាទរ​ពី​ការ​បង្កើត​ឲ្យ​មាន​តំបន់​គ្មាន​កងទ័ព​ក្នុង​ទីក្រុង​អ៊ីដឡិប តែ​បាន​ប្តេជ្ញា​ថា ខ្លួន​មិន​បោះបង់​សង្រ្គាមប្រឆាំង​នឹង​ភេរវនិយម​ដើម្បី​រំដោះ​ទឹកដី​ពី​កណ្តាប់ដៃ​ពួក​ឧទ្ទាម​ទេ។ ចំណែក​ប្រទេស​អ៊ីរ៉ង់​តាម​រយៈ​ប្រមុខ​ការទូត​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​បង្កើត​តំបន់​គ្មាន​កងទ័ព​នៅ​អ៊ីដឡិប​រវាង​រុស្ស៊ី និង​តួកគី​ពេល​នេះ​ថា ជា​ឧទាហរណ៍​ការទូត​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។ នៅ​ចំពោះ​មុខ

វត្តមាន​តំបន់​គ្មាន​កងទ័ព​នៅ​អ៊ីដឡិប​ជា​ជោគជ័យ​មួយ​សម្រាប់​រុស្ស៊ី និង​តួកគី ពិសេស​តួកគី​ដែល​បារម្ភ​ខ្លាំង​ពី​លំហូរ​ជនភៀសខ្លួន​ស៊ីរី​បន្ថែម​ទៅ​កាន់​ទឹកដី​ខ្លួន​ក្នុង​ករណី​ណា​ដែល​ទីក្រុង​អ៊ីដឡិប​រង​ការ​វាយប្រហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ