អានតួអត្ថបទ

យន្តហោះ​យោធា​រុស្ស៊ីត្រូវ​មីស៊ីល​ស៊ីរី​បាញ់ធ្លាក់​ ម៉ូស្គូ​ទម្លាក់​ការទទួលខុសត្រូវ​លើ​​អ៊ីស្រាអែល

យន្តហោះយោធា​​រុស្ស៊ី ដឹក​ទាហាន​១៥​នាក់ បាន​បាត់​ពី​បណ្តាញ​រ៉ាដា​ កាលពី​យប់​ថ្ងៃ​ចន្ទ​ ដោយ​សារ​ស្នាដៃ​របស់​កងទ័ព​អាកាសស៊ីរី។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ ដោយ​ទម្លាក់កំហុស​ទៅលើ​អ៊ីស្រាអែល​ថា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ។ ព្រោះ​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​មីស៊ីល​ទៅ​ស៊ីរី។ មូស្គូ​បាន​ថែម​ទាំង​ព្រមាន​សង​សឹក​​អ៊ីស្រាអែលផង។

យន្តហោះ​ Iliouchine IL-20M ត្រូវបាន​​ទាហាន​អ៊ីស្រាអែល​កម្ទេច​ដោយ​ច្រលំ
យន្តហោះ​ Iliouchine IL-20M ត្រូវបាន​​ទាហាន​អ៊ីស្រាអែល​កម្ទេច​ដោយ​ច្រលំ Alexander KOPITAR / AFP
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​​​រុស្ស៊ី ប្រភេទ Il-20 មាន​ផ្ទុក​ទាហាន​១៥​នាក់​ត្រូវ​បាន​កម្ចាត់​ដោយ​ប្រព័ន្ធ​ខែល​មីស៊ីល​S-២០០​នៃ​កងយោធា​អាកាស​ស៊ីរី កាលពី​ថ្ងៃ​ចន្ទ នៅ​វេលាម៉ោង​៧យប់​ម៉ោង​សកល ពេល​កំពុង​ហោះហើរ​ត្រួត​សភាពការណ៍​លើ​ផ្ទៃ​សមុទ្ទ​មេឌីទែរ៉ាណេ និង​បន្ទាប់​ពី​បាន​ហោះ​ចេញ​ពី​បន្ទាយ​នៅ​ប្រទេស​ស៊ីរី​បាន​ប្រមាណ​៣៥​គីឡូម៉ែត្រ។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួងការពារជាតិរុស្ស៊ី។

ប៉ុន្តែ​សម្រាប់​រុស្ស៊ី គ្រោះថ្នាក់​នេះ ​​បណ្តាល​មក​ពី​ភាគី​អ៊ីស្រាអែល ដែល​ដឹកនាំ​ធ្វើ​​ប្រតិបត្តិការ​វាយប្រហារ​មីស៊ីល​លើ​ទីតាំង​របស់​ប្រធានាធិបតី​ស៊ីរី នៅ​Lattaquié ដោយ​គ្មាន​ជូន​ដំណឹង​ប្រាប់​រុស្ស៊ី​ជាមុន។ បើតាម​សំដី​របស់​អ្នក​នាំពាក្យ ​​មេបញ្ជាការ​អ៊ីស្រាអែល បានប្រកាស​ប្រាប់​មូស្គូ តែ​មួយ​នាទី​មុន​​ចេញធ្វើ​ប្រតិបត្តិការ​​ប៉ុណ្ណោះ ទើប​រុស្ស៊ី​មិន​អាច​នាំ​យន្តហោះរបស់​ខ្លួន​មក​កាន់​ទី​មាន​សុវត្ថិភាព​ទាន់។ ជាង​នេះទៅ​ទៀត រុស្ស៊ី​បាន​ចោទ​ប្រកាន់​ ទាហាន​បើក​យន្តហោះ​ចម្បាំង​F-16អ៊ីស្រាអែល ថា​បាន​ប្រព្រឹត្ត​ទង្វើ​នាំ​គ្រោះ​ថ្នាក់​ ដល់​យន្តហោះ​រុស្ស៊ី​ ដោយ​ចេតនា និង​ដោយបង្វែង​ការ​ចាប់​សញ្ញា​ ឱ្យ​​ទាហាន​ការពារ​អាកាស​ស៊ីរី​ច្រលំ យន្តហោះស្មាន​ថា​ជា​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ដែល​ហោះ​ទៅ​ទម្លាក់​គ្រាប់​លើ​បន្ទាយ​ស្តុកស្បៀង​របស់​រដ្ឋាភិបាល​ស៊ីរី។

ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​កំពុង​បន្ត​ !​ នេះ​បើ​តាម​ប្រភព​យោធា​រុស្ស៊ី​ដដែល ប៉ុន្តែ រុស្ស៊ី​ សូម​ព្រមាន និង​រក្សា​សិទ្ធិ​វាយប្រហារ​តប​លើ​អ៊ីស្រាអែល​វិញ​ឱ្យ​សក្តិសម។ ក្រសួងការបរទេស​រុស្ស៊ី​​ក៏​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​មក​បំភ្លឺស្ថានការណ៍។

នេះ​ជា​ហេតុការណ៍​គ្រោះ​ថ្នាក់​ដ៏ធ្ងន់ធ្ងរ​បំផុត​ ពុំ​ធ្លាប់​កើត​មាន​ឡើយ​គិត​ចាប់​តាំង​ពី​សម្ព័ន្ធ​មិត្ត​ទាំងពីរ​ស៊ីរី​និងរុស្ស៊ី​ចាប់​ដៃ​គ្នា​ធ្វើ​អន្តរាគមន៍​យោធា នៅ​ឆ្នាំ​២០១៥មក។ ឧប្បត្តិហេតុ​នេះ​ក៏​ធ្លាក់​មក​ជួន​ចំពេល​ដែល​តួកគី​និង​រុស្ស៊ី ទើប​រក​ឃើញ​កិច្ចព្រមព្រៀង​ដាក់ខេត្ត​អ៊ីឡិប Idlep ជម្រុកដ៏ធំ​ចុងក្រោយ​របស់​ពួកឧទ្ទាម​ស៊ីរី ​ជា​តំបន់​គ្មានកងទ័ព​ ក្រោម​ការ​ត្រួត​ត្រា​របស់​តួកគី​និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ