អ៊ីស្រាអែលនឹងបន្តប្រយុទ្ធទល់នឹងអ៊ីរ៉ង់ហើយនឹង សម្របសម្រួល ជាមួយក្រុងម៉ូស្គូ
ក្រោយពីរុស្ស៊ី សម្រេចបញ្ជូនមីស៊ីលសម្រាប់ការពារដែនអាកាសធុន S-300 ទៅឲ្យស៊ីរី លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនហ្សាមីន ណេតាញ៉ាហ៊ូ បានប្រកាសថា ប្រទេសគាត់ នឹងបន្តប្រយុទ្ធ ទល់នឹង វត្តមានអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដោយព្រមជាមួយនេះ នឹងបន្តសហការផ្លូវយោធា ជាមួយរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖
” យើងនឹងបន្តប្រយុទ្ធទល់នឹងវត្តមានអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ហើយយើងនឹងបន្ត ការសម្របសម្រួល ផ្នែកសន្តិសុខ រវាងកងទ័ពអ៊ីស្រាអែល និង កងទ័ពរុស្ស៊ី “- សេចក្តីនេះ ថ្លែងដោយលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនហ្សាមីន ណេតាញ៉ាហ៊ូ ២៤ ម៉ោង ក្រោយពីម៉ូស្គូ បានដំឡើងសម្លេងក្តៅក្រហាយ នឹង គ្រោះថ្នាក់ធ្លាក់យន្ដហោះរុស្ស៊ី បណ្តាលឲ្យស្លាប់អស់នាយទាហានរុស្ស៊ី ១៥ នាក់ គឺនៅចំពេលដែលក្រុម យន្ដហោះចំបាំងអ៊ីស្រាអែលប្រតិបត្តិការនៅតំបន់នោះ។
តាំងពីយន្ដហោះឈ្លបការណ៍រុស្ស៊ី ត្រូវបានបាញ់បំផ្លាញទាំងភាន់ច្រឡំ ដោយមីស៊ីលការពារដែនអាកាស ស៊ីរី ថ្ងៃ ១៧ កញ្ញា មក លោក ណេតាញ៉ាហ៊ូ បានសន្ទនាតាមទូរសព្ទពីរលើកទៅហើយ ជាមួយ លោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។
“ ខ្ញុំនិងលោកពូទីន បានព្រមព្រៀងគ្នា ឲ្យក្រុមការងារនៃកងទ័ពអ៊ីស្រាអែលនិងកងទ័ពរុស្ស៊ី ជួបគ្នា ក្នុងពេល ឆាប់ៗខាងមុខ - មេដឹកនាំអ៊ីស្រាអែលបានបង្ហើបឲ្យដឹង មុននឹងចេញដំណើរតាមយន្ដហោះ ទៅកាន់ក្រុង ញីវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអសប។
គាត់បានសំដែងនូវក្តីក្រៀមក្រំដ៏ស្មោះនិងជ្រាលជ្រៅ ចំពោះ ការធ្លាក់ខ្លួនស្លាប់ទៅនៃ ពួកយោធារុស្ស៊ី ដែល តាមអំណះអំណាងគាត់ គឺមកពី ការបាញ់” មិនស្គាល់ខុសត្រូវ” ពីខាងកងទ័ពស៊ីរី ផ្ទុយពីរុស្ស៊ី ដែលទម្លាក់ ទោស ចំពោះមរណភាពនេះ គឺ ទៅលើអ៊ីស្រាអែលតែម្តង។
ថ្ងៃចន្ទ គឺលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបានទូរសព្ទទៅលោកប្រធានាធិបតីរុស្ស៊ី។ ពេលសន្ទនានោះ លោក បេនហ្សាមីន ណេតាញ៉ាហ៊ូ បានគូសបញ្ជាក់ជាអាទ៏៖ ការផ្តល់ប្រព័ន្ធអាវុធសែនប្រណិត ទៅឲ្យ ពួកអ្នកដែលគ្មានការទទួលខុសត្រូវ ពិតជានឹងបង្កើនគ្រោះថ្នាក់នៅតំបន់។
នៅអ៊ីស្រាអែល គេប៉ុនប៉ងបន្ទាបសមត្ថភាព មីស៊ីល S-300 ដែលក្នុងពេលខាងមុខនឹងដាក់អោយប្រចាំការ នៅ ស៊ីរី។ អតីតមន្ត្រីយោធាអ៊ីស្រាអែលខ្លះ ចង្អុលឲ្យឃើញថា មីស៊ីលនេះ មិនអាចរំខានឡើយដល់ ប្រតិបត្តិការ វាយប្រហារ នៃទ័ពអាកាសអ៊ីស្រាអែល។
ផ្ទុយទៅវិញ គេបារម្ភនឹងប៉ារ៉ាស៊ីតអេឡិកត្រូនិក ដែលរុស្ស៊ី កំញើញ ផ្សាយបំភាន់ ជះទៅលើយន្ដហោះអ៊ីស្រាអែល ពេលវាប្រតិបត្តិការ។
មីស៊ីលថ្មីៗ នៅក្នុងដៃពួកស៊ីរី គឺជាគ្រោះថ្នាក់ដល់ អាកាសចរណ៍ស៊ីវិលនៅតំបន់- នេះបើតាម អ្នកជំនាញ យោធាអ៊ីស្រាអែលម្នាក់។ ចំណែកអ្នកធ្វើអត្ថាធិប្បាយអ៊ីស្រាអែលម្នាក់ បញ្ចេញមតិជាអាទ៏ ៖ ចាប់ពីំ អំណើះតទៅ អ៊ីស្រាអែល ត្រូវជញ្ជឹងគិត ២ ដងសិន មុននឹងបញ្ជូនយន្តហោះទៅវាយប្រហារក្នុងលំហ អាកាសស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ