អានតួអត្ថបទ
ម៉ាសេដ្វាន

បោះឆ្នោត​ប្រជាមតិ​ម៉ាសេដ្វាន៖​សហគមន៍អន្តរជាតិ​សាទរ និង​អំពាវនាវ​ឲ្យ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ

នៅ​ថ្ងៃ​អាទិត្យ ទី៣០ កញ្ញា ប្រទេស​ម៉ាសេដ្វាន​បាន​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ការ​ដូរ​ឈ្មោះ​ប្រទេស​ពី « សាធារណរដ្ឋ​ម៉ាសេដ្វាន » ទៅ « សាធារណរដ្ឋ​ម៉ាសេដ្វាន​ខាងជើង »។ លទ្ធផល​ផ្លូវការ​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​បោះឆ្នោត​ចំនួន ៩១,៤៨% បាន​បោះឆ្នោត​ឲ្យ​មាន​ការ​ប្តូរ​ឈ្មោះ​ប្រទេស​ទល់​នឹង​អ្នក​មិន​យល់ព្រម​ដែល​មាន ៥,៦៤%។ តែ​បញ្ហា​នៅ​ត្រង់​ថា ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត​មាន​អត្រា​ខ្ពស់ ព្រោះ​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ១,៨លាននាក់ មាន​ជិត ២ភាគ៣​មិន​បាន​ចេញ​ទៅ​បោះឆ្នោត​ទេ។ អត្រា​អ្នក​ទៅ​បោះឆ្នោត​តិចតួច​នេះ​កំពុង​បង្ក​ឲ្យ​មាន​សង្រ្គាម​ពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​ស្តីពី​សុពលភាព​នៃ​ការ​បោះឆ្នោត។

លោកនាយករដ្ឋមន្រ្តីម៉ាសេដ្វាន Zoran Zaev
លោកនាយករដ្ឋមន្រ្តីម៉ាសេដ្វាន Zoran Zaev AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​លទ្ធផល​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ចង់​ឲ្យ​មាន​ការ​​ប្តូរ​ឈ្មោះ​ប្រទេស​ពី « សាធារណរដ្ឋ​ម៉ាសេដ្វាន » ទៅ​ជា « សាធារណរដ្ឋ​ម៉ាសេដ្វាន​ខាងជើង » វិញ​មក បាល់​កំពុង​ស្ថិត​ក្នុង​សភា​ដែល​ត្រូវ​សម្រេច​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​យក​លទ្ធផល​នោះ។ នៅ​ក្នុង​ន័យ​នេះ រដ្ឋាភិបាល​របស់​លោក Zoran Zaev ត្រូវ​ស្វែង​រក​ការ​គាំទ្រ​ពី​គណបក្ស​ផ្សេង​ក្នុង​សភា​ដើម្បី​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣។ តែ​អ្វី​ដែល​គេ​កំពុង​សម្លឹង​ឃើញ​នៅ​ចំពោះ​មុខ គឺ​សង្រ្គាម​ពាក្យសម្តី​រវាង​លោក Zoran Zaev និង​ក្រុម​បក្សប្រឆាំង។

ក្រុម​បក្សប្រឆាំង​បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត​ដោយ​សំអាង​លើ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា លទ្ធផល​បោះឆ្នោត​ដែល​អាច​ទទួល​យក​បាន លុះត្រា​ណា​តែ​មាន​អ្នក​ចូលរួម​បោះឆ្នោត​ចំនួន ៥០%។ តែ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​នេះ មាន​អ្នក​ចូលរួម​តែ​ពី ២០ ទៅ ២៥% ប៉ុណ្ណោះ។ ចំណែក​នៅ​ខាង​រដ្ឋាភិបាល​វិញ លោក​នាយករដ្ឋមន្រ្តី Zoran Zaev បាន​ឆ្លើយ​បក​វិញ​ថា ការ​បោះឆ្នោត​ប្រជាមតិ ជា​នីតិវិធី​សួរយោបល់​ដែល​មិន​ចាំ​បាច់​ឲ្យ​មាន​កម្រិត​នៃ​អត្រា​អ្នក​ចូលរួម​ដូច​រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប និង​អាមេរិក​បាន​រម្លឹក និង​អំពាវនាវ​ជា​ថ្មី​ដល់​ថ្នាក់ដឹកនាំ​ម៉ាសេដ្វាន​គ្រប់ជាន់ថ្នាក់ និង​គ្រប់​និន្នាការ​ឲ្យ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ និង​ថា ពួក​គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ទទួល​យក​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​នោះ​ទេ។ គួរ​រម្លឹក​ជូន​ថា អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ​ដែល​ប្រទេស​ម៉ាសេដ្វាន និង​ប្រទេស​ក្រិក​បាន​ប្រឈម​មុខ​គ្នា​ក្នុង​រឿង​ប្រើ​ឈ្មោះ « ម៉ាសេដ្វាន »។ បន្ទាប់​មក​ក្នុង​ខែ​មិថុនា​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី​ម៉ាសេដ្វាន Zoran Zaev និង​សមភាគី​ក្រិក​លោក Alexis Tsipras បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដោយ​គ្រោង​ប្តូរ​ពី « សាធារណរដ្ឋ​ម៉ាសេដ្វាន » ទៅ​ជា « សាធារណរដ្ឋ​ម៉ាសេដ្វាន​ខាងជើង » វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ