អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេស្ប៉ាញ៖​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី ១ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី១ តុលា ឆ្នាំ ២០១៧ តំបន់​កាតាឡូញ៉ា​ដែល​ជា​តំបន់​ស្វយ័ត​មួយ​របស់​ប្រទេស​អេស្ប៉ាញ​បាន​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ។ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ណោះ មាន​ប្រជាជន​កាតាឡូញ៉ា​ជាង ២លាននាក់​បាន​ចូលរួម​បោះឆ្នោត និង​មាន ៩០% ចង់​បាន​ឯករាជ្យ​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ។ លោក Carles Puigdemont ដែល​ជា​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​ជំនាន់​នោះ​បាន​ប្រកាស​ក្នុង​យប់​ថ្ងៃ​បោះឆ្នោត​ថា ប្រជាជន​កាតាឡូញ៉ា​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បង្កើត​រដ្ឋឯករាជ្យ​មួយ​ក្រោម​រូបភាព​ជា​សាធារណរដ្ឋ។ ក៏​ប៉ុន្តែ អ្វីៗ​ហាក់​មិន​ងាយ​ស្រួល និង​មាន​ដំណើរ​ទៅ​មុខ​ដូច​ការ​គិត និង​ការ​ចង់​បាន​របស់​លោក Puigdemont ឯណា។ តើ​១ឆ្នាំ​ក្រោយ​មក អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា?

នៅ​អេស្ប៉ាញ ​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន?
នៅ​អេស្ប៉ាញ ​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន? Reuters
ផ្សាយពាណិជ្ជកម្ម

« ឯករាជ្យ » នេះ​ហើយ​ជា​អ្វី​ដែល​ប្រជាជន​នៅ​ក្នុង​តំបន់​កាតាឡូញ៉ា ៩០% ចង់​បាន​តាម​រយៈ​សន្លឹកឆ្នោត​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ថ្ងៃទី១ តុលា ឆ្នាំ ២០១៧។ តែ ១ឆ្នាំ​ក្រោយ​មក ឆន្ទៈ​របស់​ប្រជាជន​កាតាឡូញ៉ា​កំពុង​បន្ត​ជា​សុបិន្ត ព្រោះ​តំបន់​ស្វយ័ត​របស់​ប្រទេស​អេស្ប៉ាញ​មួយ​នេះ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ឯករាជ្យ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​ការ​បោះឆ្នោត ភាព​តានតឹង​បាន​ឡើង​ដល់​កំពូល​រវាង​ទីក្រុង​បារសឺឡូន និង​ទីក្រុង​ម៉ាឌ្រីដ។ ក្រៅ​ពី​ក្រសោប​យក​តំបន់​កាតាឡូញ៉ា​ទៅ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន រដ្ឋាភិបាល​អេស្ប៉ាញ​ជំនាន់​លោក​នាយករដ្ឋមន្រ្តី​ម៉ារីយ៉ាណូ រ៉ាហយ​ក៏​បាន​ចាប់​ខ្លួន​អ្នកទាមទារ​ឯករាជ្យនិយម​ជា​ច្រើន​នាក់​ទៀត​ផង។ តែ​មេខ្លោង​ទាមទារ​ឯករាជ្យ​លោក Puigdemont រួម​ទាំង​មនុស្ស​ជំនិត ២ ឬ ៣នាក់​បាន​ភៀសខ្លួន​ចេញ​ពី​តំបន់​កាតាឡូញ៉ា​ទាន់​ពេល។

ក្រោម​ភ្នែក​ច្រមុះ​របស់​ចលនា​ទាមទារ​ឯករាជ្យ​ក៏​ដូច​ជា​ក្នុង​ចំណោម​សកម្មជន​របស់​ខ្លួន គឺ​មាន​តែ​ខក​ចិត្ត និង​បន្ត​ការ​តស៊ូ​ជា​បន្ត​ទៀត។ តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​អ្វី​ទៅ​ជា​ស្ថានភាព​ពិត​របស់​ចលនា​ទាមទារ​ឯករាជ្យ​នៅ​កាតាឡូញ៉ា​ពេល​នេះ និង​ថា តើ​គំនិត​នៃ​ការ​ចង់​បាន​ឯករាជ្យ​របស់​ប្រជាជន​កាតាឡូញ៉ា​នៅ​បន្ត​ជា​បច្ចុប្បន្នភាព​ដែរ ឬ​អត់។ នេះ​ជា​សំណួរ​ដែល​ខ្ញុំ​សាកល្បង​ផ្តល់​ចម្លើយ​នៅ​ពេល​បន្តិច​ទៀត។ តែ​អ្វី​ដែល​គួរ​បញ្ជាក់​ជា​ដំបូង​នោះ​គឺ​ថា ១ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​នៅ​កាតាឡូញ៉ា សមាសភាព​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អេស្ប៉ាញ និង​នៅ​ក្នុង​ជួរ​រដ្ឋអំណាច​តំបន់​កាតាឡូញ៉ា​មាន​ការ​ផ្លាស់ប្តូរ​ទាំង​ស្រុង។

នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ លោក​ប៉េដ្រូ សង់ឆេ​បាន​ឡើង​កាន់​តំណែង​ប្រមុខ​រដ្ឋាភិបាល​ជំនួស​លោក​ម៉ារីយ៉ាណូ រ៉ាហយ​តាំង​ពី​ថ្ងៃទី២ មិថុនា។ ចំណែក​នៅ​ក្នុង​ទីក្រុង​បារសឺឡូន លោក Carles Puigdemont ដែល​កំពុង​ភៀសខ្លួន​រស់​ក្នុង​ប្រទេស​បែលហ្ស៊ិក​បាន​បង្ខំ​ចិត្ត​ប្រគល់​តំណែង​ឲ្យ​លោក​គីម តូរ៉ា​ក្នុង​ថ្ងៃទី១៤ ឧសភា។ ការ​ផ្លាស់ប្តូរ​មុខមាត់​អ្នក​ដឹកនាំ​នៅ​អេស្ប៉ាញ និង​នៅ​កាតាឡូញ៉ា​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ាឌ្រីដ និង​ទីក្រុង​បារសឺឡូន​ស្គាល់​ភាព​ធូរស្រាល​មួយ​កម្រិត។ លោក​ប៉េដ្រូ សង់ឆេ​បាន​លើក​ចេញ​វិញ​ការ​គ្រប់គ្រង​តំបន់​កាតាឡូញ៉ា​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក ហើយ​កិច្ចចរចា​រវាង​ភាគី​ទាំង​ពីរ​ក៏​បាន​ផ្តើម​មាន​ឡើង​វិញ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ក៏​ប៉ុន្តែ លទ្ធភាព​នៃ​ការ​ចរចា​ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ហាក់​ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ។ លោក​ប៉េដ្រូ សង់ឆេ​បាន​ជំទាស់​ជានិច្ច​នឹង​ការ​រៀបចំ​ប្រជាមតិ​ស្តីពី​ឯករាជ្យ​តំបន់​កាតាឡូញ៉ា​ដែល​ស្នើ​ដោយ​លោក​គីម តូរ៉ា។ អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ​ចង់​បាន គឺ​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​មួយ​ដើម្បី​កំណត់​លក្ខន្តិក​ថ្មី​ឲ្យ​តំបន់​កាតាឡូញ៉ា ពោល​ផ្តល់​ស្វ័យភាព​ឲ្យ​បាន​ច្រើន​ជាង​នេះ។ តែ​សំណើ​មួយ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​នៃ​ចលនា​ទាមទារ​ឯករាជ្យ​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ « នីតិវិធី​ឯករាជ្យ​ជា​រឿង​មិន​អាច​ប្រកែក​បាន​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​គីម តូរ៉ា។

មែនទែន​ទៅ ឯករាជ្យ​នៃ​តំបន់​កាតាឡូញ៉ា​មិន​ត្រឹម​ជា​ប្រធានរឿង​នៃ​ការ​ធ្វើ​សង្រ្គាម​ជា​ចំហ​រវាង​រដ្ឋអំណាចកណ្តាល​នៅ​ទីក្រុង​ម៉ាឌ្រីដ និង​រដ្ឋអំណាច​នៅ​ទីក្រុង​បារសឺឡូន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ប្រធានរឿង​នៃ​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សង្គម​កាតាឡូញ៉ា​គ្នា​ឯង​ផង​ទៀត។ បន្ទាប់​មក ប្រធានរឿង​ដដែល​នេះ​ក៏​កំពុង​ពុះ​ចែក​ក្រុម​អ្នក​ទាមទារ​ឯករាជ្យនិយម​ជា​ពីរ​ដែរ គឺ​ក្រុម​អ្នក​កណ្តាល​និយម និង​ក្រុម​អ្នកដាច់ខាតនិយម។ នៅ​ក្នុង​ការ​បោះឆ្នោត​តំបន់​កាតាឡូញ៉ា​នា​ខែ​ធ្នូ ឆ្នាំ ២០១៧ ថ្មីៗ​កន្លង​ទៅ គណបក្ស​ឯករាជ្យនិយម រួម​ទាំង​សម្ព័ន្ធមិត្ត​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៤៧,៥% ហើយ​គណបក្ស​មិន​ចង់​បាន​ឯករាជ្យ រួម​ទាំង​សម្ព័ន្ធមិត្ត​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៤៣,៣%។

លទ្ធផល​ប្រកៀក​គ្នា​រវាង​ក្រុមគាំទ្រ និង​ក្រុមប្រឆាំង​ឯករាជ្យ​នៃ​តំបន់​កាតាឡូញ៉ា​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ប្រជាជន​កាតាឡូញ៉ា​បាន​យល់​ឃើញ​ខុស​គ្នា​ពី​របៀប​នៃ​ការ​កំណត់​ជោគវាសនា​របស់​គេ​ម្នាក់ៗ។ ចំណែក​រដ្ឋាភិបាល​អេស្ប៉ាញ​ពិត​ជា​មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​តំបន់​កាតាឡូញ៉ា​ទទួល​បាន​ឯករាជ្យ​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ឡើយ។ ទីក្រុង​ម៉ាឌ្រីដ​យល់​មិន​ច្រឡំ​ទេ​ថា ការ​ប្រគល់​ឯករាជ្យ​ឲ្យ​តំបន់​ស្វយ័ត​កាតាឡូញ៉ា​ជា​គំរូ​ដ៏​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​តំបន់​ស្វយ័ត​ផ្សេង​ទៀត​នៅ​អេស្ប៉ាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ