អេស្ប៉ាញ៖អ្វីទៅជាស្ថានការណ៍ពិតនៅតំបន់កាតាឡូញ៉ា ក្រោយការបោះឆ្នោតប្រជាមតិស្តីពីឯករាជ្យកាលពី ១ឆ្នាំមុន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៧
កាលពី ១ឆ្នាំមុន ពោលក្នុងថ្ងៃទី១ តុលា ឆ្នាំ ២០១៧ តំបន់កាតាឡូញ៉ាដែលជាតំបន់ស្វយ័តមួយរបស់ប្រទេសអេស្ប៉ាញបានរៀបចំបោះឆ្នោតប្រជាមតិស្តីពីឯករាជ្យ។ នៅក្នុងការបោះឆ្នោតកាលណោះ មានប្រជាជនកាតាឡូញ៉ាជាង ២លាននាក់បានចូលរួមបោះឆ្នោត និងមាន ៩០% ចង់បានឯករាជ្យផ្តាច់ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ។ លោក Carles Puigdemont ដែលជាប្រមុខដឹកនាំតំបន់កាតាឡូញ៉ាជំនាន់នោះបានប្រកាសក្នុងយប់ថ្ងៃបោះឆ្នោតថា ប្រជាជនកាតាឡូញ៉ាទទួលបានសិទ្ធិក្នុងការបង្កើតរដ្ឋឯករាជ្យមួយក្រោមរូបភាពជាសាធារណរដ្ឋ។ ក៏ប៉ុន្តែ អ្វីៗហាក់មិនងាយស្រួល និងមានដំណើរទៅមុខដូចការគិត និងការចង់បានរបស់លោក Puigdemont ឯណា។ តើ១ឆ្នាំក្រោយមក អ្វីទៅជាស្ថានការណ៍ពិតនៅតំបន់កាតាឡូញ៉ា?
« ឯករាជ្យ » នេះហើយជាអ្វីដែលប្រជាជននៅក្នុងតំបន់កាតាឡូញ៉ា ៩០% ចង់បានតាមរយៈសន្លឹកឆ្នោតនៃការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី១ តុលា ឆ្នាំ ២០១៧។ តែ ១ឆ្នាំក្រោយមក ឆន្ទៈរបស់ប្រជាជនកាតាឡូញ៉ាកំពុងបន្តជាសុបិន្ត ព្រោះតំបន់ស្វយ័តរបស់ប្រទេសអេស្ប៉ាញមួយនេះនៅតែមិនទាន់ទទួលបានឯករាជ្យនៅឡើយទេ។ លើសពីនេះនៅប៉ុន្មានខែក្រោយការបោះឆ្នោត ភាពតានតឹងបានឡើងដល់កំពូលរវាងទីក្រុងបារសឺឡូន និងទីក្រុងម៉ាឌ្រីដ។ ក្រៅពីក្រសោបយកតំបន់កាតាឡូញ៉ាទៅគ្រប់គ្រងជាបណ្តោះអាសន្ន រដ្ឋាភិបាលអេស្ប៉ាញជំនាន់លោកនាយករដ្ឋមន្រ្តីម៉ារីយ៉ាណូ រ៉ាហយក៏បានចាប់ខ្លួនអ្នកទាមទារឯករាជ្យនិយមជាច្រើននាក់ទៀតផង។ តែមេខ្លោងទាមទារឯករាជ្យលោក Puigdemont រួមទាំងមនុស្សជំនិត ២ ឬ ៣នាក់បានភៀសខ្លួនចេញពីតំបន់កាតាឡូញ៉ាទាន់ពេល។
ក្រោមភ្នែកច្រមុះរបស់ចលនាទាមទារឯករាជ្យក៏ដូចជាក្នុងចំណោមសកម្មជនរបស់ខ្លួន គឺមានតែខកចិត្ត និងបន្តការតស៊ូជាបន្តទៀត។ តែសំណួរដែលកំពុងចោទពេលនេះគឺថា តើអ្វីទៅជាស្ថានភាពពិតរបស់ចលនាទាមទារឯករាជ្យនៅកាតាឡូញ៉ាពេលនេះ និងថា តើគំនិតនៃការចង់បានឯករាជ្យរបស់ប្រជាជនកាតាឡូញ៉ានៅបន្តជាបច្ចុប្បន្នភាពដែរ ឬអត់។ នេះជាសំណួរដែលខ្ញុំសាកល្បងផ្តល់ចម្លើយនៅពេលបន្តិចទៀត។ តែអ្វីដែលគួរបញ្ជាក់ជាដំបូងនោះគឺថា ១ឆ្នាំក្រោយការបោះឆ្នោតប្រជាមតិស្តីពីឯករាជ្យនៅកាតាឡូញ៉ា សមាសភាពថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាលអេស្ប៉ាញ និងនៅក្នុងជួររដ្ឋអំណាចតំបន់កាតាឡូញ៉ាមានការផ្លាស់ប្តូរទាំងស្រុង។
នៅក្នុងទីក្រុងម៉ាឌ្រីដ លោកប៉េដ្រូ សង់ឆេបានឡើងកាន់តំណែងប្រមុខរដ្ឋាភិបាលជំនួសលោកម៉ារីយ៉ាណូ រ៉ាហយតាំងពីថ្ងៃទី២ មិថុនា។ ចំណែកនៅក្នុងទីក្រុងបារសឺឡូន លោក Carles Puigdemont ដែលកំពុងភៀសខ្លួនរស់ក្នុងប្រទេសបែលហ្ស៊ិកបានបង្ខំចិត្តប្រគល់តំណែងឲ្យលោកគីម តូរ៉ាក្នុងថ្ងៃទី១៤ ឧសភា។ ការផ្លាស់ប្តូរមុខមាត់អ្នកដឹកនាំនៅអេស្ប៉ាញ និងនៅកាតាឡូញ៉ាបានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងម៉ាឌ្រីដ និងទីក្រុងបារសឺឡូនស្គាល់ភាពធូរស្រាលមួយកម្រិត។ លោកប៉េដ្រូ សង់ឆេបានលើកចេញវិញការគ្រប់គ្រងតំបន់កាតាឡូញ៉ាពីសំណាក់រដ្ឋាភិបាលរបស់លោក ហើយកិច្ចចរចារវាងភាគីទាំងពីរក៏បានផ្តើមមានឡើងវិញនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក៏ប៉ុន្តែ លទ្ធភាពនៃការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានទាំងអស់គ្នាហាក់ស្ថិតនៅឆ្ងាយនៅឡើយ។ លោកប៉េដ្រូ សង់ឆេបានជំទាស់ជានិច្ចនឹងការរៀបចំប្រជាមតិស្តីពីឯករាជ្យតំបន់កាតាឡូញ៉ាដែលស្នើដោយលោកគីម តូរ៉ា។ អ្វីដែលប្រមុខរដ្ឋាភិបាលអេស្ប៉ាញចង់បាន គឺការរៀបចំបោះឆ្នោតប្រជាមតិមួយដើម្បីកំណត់លក្ខន្តិកថ្មីឲ្យតំបន់កាតាឡូញ៉ា ពោលផ្តល់ស្វ័យភាពឲ្យបានច្រើនជាងនេះ។ តែសំណើមួយនេះត្រូវបានថ្នាក់ដឹកនាំនៃចលនាទាមទារឯករាជ្យបដិសេធយ៉ាងដាច់អហង្ការ។ « នីតិវិធីឯករាជ្យជារឿងមិនអាចប្រកែកបានទេ » នេះជាការថ្លែងរបស់លោកគីម តូរ៉ា។
មែនទែនទៅ ឯករាជ្យនៃតំបន់កាតាឡូញ៉ាមិនត្រឹមជាប្រធានរឿងនៃការធ្វើសង្រ្គាមជាចំហរវាងរដ្ឋអំណាចកណ្តាលនៅទីក្រុងម៉ាឌ្រីដ និងរដ្ឋអំណាចនៅទីក្រុងបារសឺឡូនប៉ុណ្ណោះទេ តែវាក៏ជាប្រធានរឿងនៃការខ្វែងគំនិតគ្នានៅក្នុងសង្គមកាតាឡូញ៉ាគ្នាឯងផងទៀត។ បន្ទាប់មក ប្រធានរឿងដដែលនេះក៏កំពុងពុះចែកក្រុមអ្នកទាមទារឯករាជ្យនិយមជាពីរដែរ គឺក្រុមអ្នកកណ្តាលនិយម និងក្រុមអ្នកដាច់ខាតនិយម។ នៅក្នុងការបោះឆ្នោតតំបន់កាតាឡូញ៉ានាខែធ្នូ ឆ្នាំ ២០១៧ ថ្មីៗកន្លងទៅ គណបក្សឯករាជ្យនិយម រួមទាំងសម្ព័ន្ធមិត្តទទួលបានសម្លេងគាំទ្រចំនួន ៤៧,៥% ហើយគណបក្សមិនចង់បានឯករាជ្យ រួមទាំងសម្ព័ន្ធមិត្តទទួលបានសម្លេងគាំទ្រចំនួន ៤៣,៣%។
លទ្ធផលប្រកៀកគ្នារវាងក្រុមគាំទ្រ និងក្រុមប្រឆាំងឯករាជ្យនៃតំបន់កាតាឡូញ៉ាជាសក្ខីកម្មមួយដែលបញ្ជាក់ថា ប្រជាជនកាតាឡូញ៉ាបានយល់ឃើញខុសគ្នាពីរបៀបនៃការកំណត់ជោគវាសនារបស់គេម្នាក់ៗ។ ចំណែករដ្ឋាភិបាលអេស្ប៉ាញពិតជាមានហេតុផលត្រឹមត្រូវក្នុងការទប់ស្កាត់មិនឲ្យតំបន់កាតាឡូញ៉ាទទួលបានឯករាជ្យផ្តាច់ចេញពីការគ្រប់គ្រងរបស់ខ្លួននៅថ្ងៃណាមួយឡើយ។ ទីក្រុងម៉ាឌ្រីដយល់មិនច្រឡំទេថា ការប្រគល់ឯករាជ្យឲ្យតំបន់ស្វយ័តកាតាឡូញ៉ាជាគំរូដ៏អាក្រក់ខ្លាំងណាស់សម្រាប់តំបន់ស្វយ័តផ្សេងទៀតនៅអេស្ប៉ាញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ