អានតួអត្ថបទ
ស៊ុយអែត

រង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំនេះ​បានទៅលើ​អ្នកស្រាវជ្រាវ​ខាងផ្នែក​កាំរស្មី​Laser

អ្នកស្រាវជ្រាវ​បីនាក់ ដែល​សិក្សា​ទៅលើ​កាំរស្មីឡាស៊ែរ ត្រូវ​បាន​ជ្រើសរើស ជា​ជ័យលាភី​ណូបែល​រូបវិទ្យា ឆ្នាំ ២០១៨។ នៅថ្ងៃ​អង្គារ​ម្សិលមិញ គណៈកម្មការ​ណូបែល​នៅ​ប្រទេស​ស៊ុយអែត បាន​បោះឆ្នោត ជ្រើសរើស​លោក​ហ្សេរ៉ា មូរូ ជនជាតិ​បារាំង លោកស្រី ដូណា ស្ទ្រីកលែន ជាតិ​កាណាដា ហើយ​និង​លោក​អាធ័រ អាសគីន ជនជាតិ​អាមេរិក ដែល​មាន​ស្នាដៃ ច្នៃប្រឌិត ប្រើ​កាំរស្មី​Laser ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត។ 

តាម​គណៈកម្មការ​ណូបែល​នៅ​ស៊ុយអែត រង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០១៨​បាន​ទៅលើជនជាតិ​អាមេរិកាំង​លោក Arthur Ashkin ជនជាតិបារាំងលោក Gerard Mourou និង​លោកស្រី​សាស្រ្តាចារ្យ​កាណាដា Donna Strickland
តាម​គណៈកម្មការ​ណូបែល​នៅ​ស៊ុយអែត រង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០១៨​បាន​ទៅលើជនជាតិ​អាមេរិកាំង​លោក Arthur Ashkin ជនជាតិបារាំងលោក Gerard Mourou និង​លោកស្រី​សាស្រ្តាចារ្យ​កាណាដា Donna Strickland © Hanna Franzen/TT News Agency/via REUTERS
ផ្សាយពាណិជ្ជកម្ម

រង្វាន់​ណូបែល​រូបវិទ្យា នៅ​ឆ្នាំនេះ បាន​ធ្លាក់​ទៅ​លើ​អ្នកស្រាវជ្រាវ​បីនាក់ ដែល​បាន​ធ្វើ​របកគំហើញ ទាក់ទង​នឹង​ការប្រើ​កាំរស្មី​Laser នៅ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត។ លោក​អាធ័រ អាសគីន ជនជាតិ​អាមេរិកាំង វ័យ​៩៤​ឆ្នាំ បាន​ស្រាវជ្រាវ រកឃើញ ដង្កៀប​Laser សម្រាប់​ចាប់​ផ្លាស់ទី អង្គធាតុ​តូចឆ្មារ កោសិការ ឬ​មេរោគ ជាដើម ដោយ​មិនបំផ្លាញ​រូបរាង​ដើម​របស់វា។

ចំណែក លោក​ហ្សេរ៉ា មូរូ ជនជាតិ​បារាំង ហើយ​និង​កូនសិស្ស​របស់​លោក ជាតិ​កាណាដា គឺ​លោកស្រី ដូណា ស្រ្ទីកលែន ត្រូវ​បានគណៈកម្មការ​ណូបែល​ជ្រើសរើស​ជា​ជ័យលាភី សម្រាប់​ការបង្កើត​កាំរស្មី Laser ដ៏​មាន​កម្លាំងខ្លាំង។

កាំរស្មី​Laser ត្រូវ​បាន​បង្កើត និង​ប្រើប្រាស់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម។ ប៉ុន្តែ នៅ​ឆ្នាំ ១៩៨០ អ្នកវិទ្យាសាស្រ្ត​ទ័ល​គំនិត មិន​អាច​បង្កើន​កម្លាំង​កាំរស្មី​Laser ឲ្យ​ខ្លាំង​ជាងមុន​បាន។ នៅ​សកលវិទ្យាល័យ Rochester នៅ​សហរដ្ឋអាមេរិក អ្នកស្រាវជ្រាវ​បារាំង លោក ហ្សេរ៉ា មូរូ និង​លោកស្រី ដូណា ស្រ្ទីកលែន​បាន​រកឃើញ​វិធី​បង្កើន​កម្លាំងកាំរស្មី​Laser ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​យក​ទៅប្រើ​សម្រាប់​រូបវិទ្យា បុរាណវិទ្យា ឧស្សាហកម្ម ហើយ​និង​វេជ្ជសាស្រ្ត។ សព្វថ្ងៃ​នេះ ប្រភេទ​កាំរស្មី​Laser ដែលលោក មូរូ និង​លោកស្រី​ស្ទ្រីកលែន​រកឃើញ ត្រូវ​បាន​គេ​ប្រើ​សម្រាប់ ការវះកាត់​ភ្នែក​មីញ៉ូប ជម្ងឺភ្នែកឡើងបាយ ហើយ​និង​ជម្ងឺ​ប្រស្រីភ្នែក។

លោកស្រី​​ស្រ្ទីកលែន ដែល​ត្រូវ​ចែក​រង្វាន់​ណូបែល​រូបវិទ្យា ជាមួយ អ្នកស្រាវជ្រាវ​បារាំង ជា​មនុស្ស​ស្រី ទី​១ ដែល​បាន​ទទួល​រង្វាន់ណូបែល​រូបវិទ្យា ក្នុង​រយៈពេល​៥៥​ឆ្នាំ​ចុងក្រោយនេះ។ មនុស្ស​ស្រី​ដំបូងគេ​ដែល​បាន​ទទួល​រង្វាន់​ណូបែល​រូបវិទ្យា គឺ លោកស្រី Marie Curie ដើមកំណើត​ប៉ូឡូញ ដែល​បាន​សិក្សា​ទៅលើ​សារធាតុ​វិទ្យុសកម្ម នៅ​ឆ្នាំ ១៩០៣។ នៅ​ឆ្នាំ ១៩៦៣ គណៈកម្មការណូបែល​បាន​ផ្តល់​រង្វាន់​ដ៏មាន​កិត្តិយស​នេះ​ទៅ​ស្រ្តី អ្នកស្រាវជ្រាវ​អាល្លឺម៉ង់ ម្នាក់ ឈ្មោះ Maria Goeppert Mayer។ និយាយ​ប្រាប់​អ្នកកាសែត នៅក្រោយ​ការប្រកាស​រង្វាន់​របស់​គណៈកម្មការ​ណូបែល នៅថ្ងៃ​ម្សិលមិញ លោកស្រី ស្រ្ទីកលែន បាន​សំដែង​ការត្រេកអរ និង​ថ្លែងអំណរគុណ​ដល់​គណៈកម្មការ​ដែល​បាន​ផ្តល់​តម្លៃ​ដល់​ការងារ​របស់​អ្នកស្រាវជ្រាវ។

សម្រាប់​បណ្ឌិតសភា​វិទ្យាសាស្រ្ត ស៊ុយអែត ដែល​ជា​អ្នកផ្តល់​រង្វាន់​ណូបែល រូបវិទ្យា នៅថ្ងៃ អង្គារ ចំនួន​មនុស្ស​ស្រី ដែល​បាន​ទទួល​រង្វាន់​ណូបែល​ខាងផ្នែក​វិទ្យាសាស្រ្ត មាន​តិចតួច​ដោយសារ​តែ មន្ទីរពិសោធន៍​បាន​ប្រកាន់ បិទទ្វារ មិន​ទទួល​អ្នកស្រាវជ្រាវ​ជាស្រ្តី។ ប៉ុន្តែ បណ្ឌិតសភា​នឹង​ព្យាយាម​ជំរុញ​ឲ្យ​មាន​បេក្ខភាព​មនុស្សស្រី ច្រើន​ជាងមុន ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែល​មាន​សមត្ថភាព ត្រូវ​គេ​បំភ្លេច ទុកចោល​នៅ​គន្លៀតជញ្ជាំង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ