ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

អាមេរិក៖​ប៉ូលិស​បើក​ការ​ស៊ើបអង្កេត​ករណី​ចោទ​ប្រកាន់​លើ​កីឡាករ​បាល់ទាត់​ដ៏​ល្បី​​ពី​បទ​បំពារបំពាន​ផ្លូវភេទ

media កីឡាករបាល់ទាត់​ព័រទុយហ្កាល់ លោកគ្រីស្យ៉ាណូ រ៉ូណាល់ដូ REUTERS/Massimo Pinca

នៅ​អាមេរិក ប៉ូលិស​ក្នុង​ទីក្រុង​ឡាស វ៉េហ្កាស​នៃ​រដ្ឋ​នេវ៉ាដា​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី១ តុលា​ថា ខ្លួន​បាន​បើក​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​លើ​តារា​កីឡាករ​បាល់ទាត់​ព័រទុយហ្កាល់​គ្រីស្យ៉ាណូ រ៉ូណាល់ដូ​ពី​បទ​បំពារបំពាន​ផ្លូវភេទ។ រឿងអាស្រូវ​បំពារបំពាន​ផ្លូវភេទ​ដែល​ប្តឹង​ដោយ​ស្រ្តីអាមេរិកាំង​ម្នាក់​អាយុ ៣៤ឆ្នាំ​បាន​កើត​មាន​នៅ​ក្នុង​បន្ទប់​សណ្ធាគារ​មួយ​ក្នុង​ទីក្រុង​ឡាស វ៉េហ្កាស​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០០៩។ តែ​លោក​រ៉ូណាល់ដូ​បាន​ច្រាន​ចោល​លើ​ការ​ចោទប្រកាន់ និង​ចាត់​ទុក​រឿងរ៉ាវ​មួយ​នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ។

ស្ត្រីអាមេរិកាំង​ដែល​បាន​ចោទ​លោក​រ៉ូណាល់ដូ​ពី​បទ​បំពារបំពាន​ផ្លូវភេទ​នៅ​ក្នុង​បន្ទប់​សណ្ធាគារ​មួយ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០០៩ មាន​ឈ្មោះ កាត់ទ្រីន ម៉ៃយ័រហ្កា។ លោកស្រី​ម៉ៃយ័រហ្កា​បាន​អះអាង​នៅ​ក្នុង​បណ្តឹង​ថា​ក្នុង​ថ្ងៃទី១៣ មិថុនា ឆ្នាំ ២០០៩ លោក​រ៉ូណាល់ដូ​បាន​ចាប់​រំលោភ​លោកស្រី​ដោយ​បង្ខំ រួច​បាន​ដាក់​គំនាប​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​បិទមាត់ និង​មិន​ធ្វើ​ការ​ប្តឹងផ្តល់​ជា​ថ្នូរ​នឹង​លុយ​ចំនួន ៣៧៥ ០០០ដុល្លារ។ តែ​នៅ​ថ្ងៃ​អាទិត្យ ទី៣០ កញ្ញា​ថ្មីៗ​នេះ លោក​រ៉ូណាល់ដូ​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញសង្គម Instagram ជា​សារវីដេអូ​ថា ព័ត៌មាន​ចោទ​លោក​ពី​បទ​រំលោភ​ផ្លូវភេទ​ជា​ព័ត៌មាន​ក្លែងក្លាយ។

មិនមែន​ក្លែងក្លាយ​ទេ នេះ​ជា​ការ​ឆ្លើយ​តបវិញ​របស់​របស់​លោក​ឡេស្ល៊ី ស្តូវ័ល មេធាវី​របស់​លោកស្រី​ម៉ៃយ័រហ្កា។ តាម​មេធាវី​រូប​នេះ​ដដែល កូនក្តី​របស់​លោក​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​ដោយ​ដាក់​លោក​រ៉ូណាល់ដូ​ឲ្យ​ប្រឈម​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន និង​ជា​ការ​ព្រមាន​លោក​រ៉ូណាល់ដូ​កុំ​ឲ្យ​ប្រព្រឹត្ត​រឿង​ដូច​គ្នា​នេះ​ជា​ថ្មី​ម្តង​ទៀត។ ម្យ៉ាង​ទៀត និង​អ្វី​ដែល​លោកស្រី​ម៉ៃយ័រហ្កា​កំពុង​ធ្វើ​នេះ គឺ​ចង់​លើក​ទឹក​ចិត្ត​ដល់​ស្ត្រីរងគ្រោះ​ដូច​លោកស្រី​ឲ្យ​ហ៊ាន​ចេញ​មុខ​ប្តឹង​ជនដៃដល់ ទោះ​បី​ជា​ពួក​គេ​មាន​ឈ្មោះ​ល្បី ជា​អ្នក​មាន ឬ​ជា​អ្នក​មាន​អំណាច​ក៏​ដោយ។

រឿងអាស្រូវ​ផ្លូវភេទ​រវាង​លោក​រ៉ូណាល់ដូ និង​លោកស្រី​ម៉ៃយ័រហ្កា​ដែល​បច្ចុប្បន្ន​មាន​អាយុ ៣៤ឆ្នាំ​បាន​កើត​មាន​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០០៩ មក​ម្ល៉េះ ចុះ​ហេតុអ្វី​បាន​ជា​លោកស្រី​ម៉ៃយ័រហ្កា​ទើប​ប្តឹង​លោក​រ៉ូណាល់ដូ​ពេល​នេះ?។ ប៉ូលិស​ក្រុង​ឡាស វ៉េហ្កាស​បាន​ឆ្លើយ​នឹង​សំណួរ​ខាង​លើ​ដោយ​បញ្ជាក់​ថា ក្នុង​ថ្ងៃទី១៣ មិថុនា ឆ្នាំ ២០០៩ លោកស្រី​ម៉ៃយ័រហ្កា​ក៏​ធ្លាប់​បាន​ប្តឹង​ប៉ូលិស​ក្នុង​រឿង​ចាប់​រំលោភ​នេះ​ដែរ គ្រាន់​តែ​ថា​កាល​ណោះ លោកស្រី​ម៉ៃយ័រហ្កា​មិន​បាន​លំអិត​ពី​ទីកន្លែង និង​អត្តសញ្ញាណ​ជនដៃដល់​ទេ។ តាម​ប៉ូលិស​ឡាស វ៉េហ្កាស​ដដែល លោកស្រី​ម៉ៃយ័រហ្កា​បាន​ត្រឹម​បញ្ជាក់​ថា ជន​ដែល​បាន​បំពារបំពាន​ផ្លូវភេទ​លើ​លោកស្រី​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ដ៍​ល្បី។

តែ​ដោយ​បណ្តឹង​លើក​នេះ លោកស្រី​ម៉ៃយ័រហ្កា​បាន​ទម្លាយ​អត្តសញ្ញាណ​ពិត​របស់​ជនដៃដល់​ដែល​មាន​ឈ្មោះ​គ្រីស្យ៉ាណូ រ៉ូណាល់ដូ ប៉ូលិស​ឡាស វ៉េហ្កាស​ក៏​សម្រេច​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ដដែល​នេះ​ឡើង​វិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ