ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​
 
ពី​ឆ្វេង​ទៅ​ស្តាំ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង Ludovic MARIN / AFP

ទំនាក់ទំនង​រវាង​បារាំង និង​អ៊ីរ៉ង់​បាន​ឡើង​តានតឹង​មួយ​កម្រិត​ទៀត។ នៅ​ថ្ងៃ​អង្គារ ទី២ តុលា ទីក្រុង​ប៉ារីស​បាន​ចោទ​ទីក្រុង​តេហេរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​រៀបចំ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី៣០ មិថុនា​កន្លង​ទៅ។ គឺ​ជា​គម្រោង​ភេរវកម្ម​ប្រឆាំង​នឹង​ការ​ជួបជុំ​របស់​ចលនា « មូចាយអ៊ីន​ប្រជាជន » ដែល​ជា​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​ក្នុង​ប្រទេស​បារាំង។ តាម​ទីក្រុង​ប៉ារីស ក្រសួង​ស៊ើបការសម្ងាត់​អ៊ីរ៉ង់​ជា​អ្នក​រៀបចំ​គម្រោង​ភេរវកម្ម​កាល​ណោះ។

តែ​អ៊ីរ៉ង់​បាន​ចេញ​មុខ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ចលនា « មូចាយអ៊ីន​ប្រជាជន »។

គេ​អាច​ប្រដូច​ចលនា « មូចាយអ៊ីន​ប្រជាជន » ទៅ​នឹង​គណបក្សប្រឆាំង​មួយ​របស់​អ៊ីរ៉ង់​ដែល​កំពុង​មាន​ទីស្នាក់ការ​នៅ​បរទេស ពិសេស​ក្នុង​ប្រទេស​បារាំង។ ចលនា​មួយ​នេះ​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៦៥ នៅ​អ៊ីរ៉ង់​ជាមួយ​នឹង​មនោគមវិជ្ជាឆ្វេងនិយម និង​ដែល​ការ​តស៊ូប្រដាប់អាវុធ​របស់​ពួក​គេ​មាន​គោលដៅ​ផ្តួលរំលំ​របប​រាជានិយម​អ៊ីរ៉ង់។ តែ​នៅ​ក្រោយ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ ចលនា « មូចាយអ៊ីន​ប្រជាជន » ត្រូវ​បាន​ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​ជំនាន់​នោះ គឺ​លោក​ខូមេណី​កំចាត់​ចេញ​ពី​ឆាកនយោបាយ​អ៊ីរ៉ង់។ បន្ទាប់​មក ចលនា​មួយ​នេះ​ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​ចាប់​តាំង​ពី​ឆ្នាំ ១៩៨១។

ចាប់​តាំង​ពី​ពេល​នោះ​មក ចលនា « មូចាយអ៊ីន​ប្រជាជន » បាន​ក្លាយ​ជា​សត្រូវស៊ីសាច់​ហុចឈាម និង​ជា​ឆ្អឹង​ទទឹង ក របស់​របប​ក្រុង​តេហេរ៉ង់ និង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ផ្តើម​បន្ត​សកម្មភាព​របស់​ខ្លួន​នៅ​បរទេស ពិសេស​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ និង​ការពារ​ពី​ប្រធានាធិបតី​អ៊ីរ៉ាក់​លោក​សាដាម ហ៊ូសេន​ដែល​ជា​សត្រូវស៊ូពូជ​របស់​អ៊ីរ៉ង់​ជំនាន់​នោះ។ បន្ទាប់​មក បារាំង​ក៏​បាន​ទទួល​ក្រុម​សកម្មជន​នៃ​ចលនា « មូចាយអ៊ីន​ប្រជាជន » ឲ្យ​ជ្រកកោណ​ជាមួយ​នឹង​មេកើយ​ស្ថាបនិក​លោក​ម៉ាស៊ូដ រ៉ាហ្សាវី (Massoud Radjavi) ដែល​បាន​ភៀសខ្លួន​មក​ដល់​ទឹកដី​បារាំង​ក្នុង​ឆ្នាំ ១៩៨២។

ក្រោយ​មរណភាព​លោកម៉ាស៊ូដ រ៉ាហ្សាវី​ក្នុង​ឆ្នាំ ២០០៣ តំណែង​ប្រធាន​ចលនា « មូចាយអ៊ីន​ប្រជាជន » បាន​ធ្លាក់​ក្នុង​ដៃ​លោកស្រី​ម៉ាយ៉ាមរ៉ាហ្សាវី (Maryam Radjavi) ដែល​ជា​ភរិយា។ ក្រោម​ភ្នែក ចម្រុះ​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ភាគច្រើន ក៏​ដូច​ជា​ក្រុម​ប្រទេស​បស្ចិមលោក​មួយ​ចំនួន ចលនា « មូចាយអ៊ីន​ប្រជាជន » ជា​គណបក្ស​ប្រឆាំង​អ៊ីរ៉ង់​តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទឹកដី​អ៊ីរ៉ង់ និង​ដែល​កំពុង​បន្ត​ការ​តស៊ូ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របបដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។

ចលនា « មូចាយអ៊ីន​ប្រជាជន » រៀបចំ​សមាជ​ក្នុង​ថ្ងៃទី៣០ មិថុនា ២០១៨

ជា​រៀងរាល់​ឆ្នាំ ចលនា « មូចាយអ៊ីន​ប្រជាជន » តែង​បាន​រៀបចំ​សមាជជាតិ​ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​អ៊ីរ៉ង់​រស់នៅ​បរទេស ពិសេស​ក្នុង​ទឹកដី​បារាំង រួម​ទាំង​ថ្នាក់ដឹកនាំ​នយោបាយ​បរទេស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ បារាំង​ជា​ទឹកដី​ដែល​មាន​ទីស្នាក់ការ​របស់​ចលនា « មូចាយអ៊ីន​ប្រជាជន » ធំ​ជាង​គេ និង​មាន​សមាជិក​ច្រើន​ជាង​គេ។ ក្នុង​ថ្ងៃ​ទី៣០ មិថុនា ឆ្នាំ ២០១៨ ចលនា​មួយ​នេះ​បាន​រៀបចំ​សមាជ​នៅ​ជាយ​ទីក្រុង​ប៉ារីស​ដោយ​មាន​សកម្មជន​ចូលរួម​ប្រមាណ​ជា ២៥ ០០០នាក់។ តែ​ក្នុង​ថ្ងៃ​ដដែល ប៉ូលិស​ក្នុង​ប្រទេស​បែលហ្ស៊ិក​បាន​ចាប់​ខ្លួន​ប្តី ប្រពន្ធ ២នាក់​ដើម​កំណើត​អ៊ីរ៉ង់​ជាមួយ​នឹង​សារធាតុផ្ទុះ​ក្នុង​ឡាន​ចំនួន ៥០០ក្រាម ព្រម​ទាំង​វត្ថុ​សម្រាប់​បញ្ជា​បំផ្ទុះ។

ទន្ទឹម​នឹង​ការ​ចាប់​ខ្លួន​ប្តី ប្រពន្ធ ២នាក់​ដើម​កំណើត​អ៊ីរ៉ង់​ក្នុង​ប្រទេស​បែលហ្ស៊ិក ក៏​មាន​ការ​ចាប់​ខ្លួន​មន្រ្តីការទូត​អ៊ីរ៉ង់​ម្នាក់​ឈ្មោះ​អាសាដូល្លា អាសាឌី (Assadollah Assadi) ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ដែល​មន្រ្តីការទូត​អ៊ីរ៉ង់​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ប្តី ប្រពន្ធ ២នាក់​ដើម​កំណើត​អ៊ីរ៉ង់។ ផ្អែក​តាម​តុលាការ​អាល្លឺម៉ង់ លោក​អាសាដូល្លា អាសាឌី​បាន​ដើរ​តួនាទី​ជា​អ្នក​ឃ្លាំមើល​សកម្មភាព​របស់​សកម្មជនប្រឆាំង​អ៊ីរ៉ង់​នៅ​បរទេស ហើយ​លោក​អាសាឌី​ជា​អ្នក​ផ្តល់​សារធាតុផ្ទុះ​សម្រាប់​វាយប្រហារ​លើ​ការ​ជួបជុំ​របស់​សកម្មជន​នៃ​ចលនា « មូចាយអ៊ីន​ប្រជាជន » នៅ​ជាយក្រុង​ប៉ារីស​ក្នុង​ថ្ងៃទី៣០ មិថុនា។

គឺ​ដោយសារ​ការ​ចាប់​ខ្លួន​ប្តី ប្រពន្ធ ២នាក់​ដើម​កំណើត​អ៊ីរ៉ង់​ក្នុង​ប្រទេស​បែលហ្ស៊ិក​ក្នុង​ថ្ងៃ​ទី៣០ មិថុនា​ដែល​បាន​ធ្វើ​ឲ្យ​ខកខាន​គម្រោង​ភេរវកម្ម​ប្រឆាំង​នឹង​ការ​ជួបជុំ​របស់​សកម្មជន​នៃ​ចលនា « មូចាយអ៊ីន​ប្រជាជន »។ ក៏​ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត អ៊ីរ៉ង់​តាម​រយៈ​ក្រសួង​ការបរទេស​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​បារាំង និង​ថា គម្រោង​ភេរវកម្ម​កាល​ណោះ​ជា​ឆាកល្ខោន​រៀបចំ​ដោយ​ចលនា « មូចាយអ៊ីន​ប្រជាជន » ខ្លួន​ឯង។

បារាំង​មិន​ចង់​ប្រឈម​មុខ​នឹង​អ៊ីរ៉ង់ តែ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទឹកដី​បារាំង​ដើម្បី​បង្ក​ភេរវកម្ម

បន្ទាប់​ពី​បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ល្អិតល្អន់ និង​ដោយ​សម្ងាត់ រួម​ទាំង​មាន​ការ​សហការណ៍​ពី​ដៃគូ​បរទេស ពិសេស​ប្រទេស​អ៊ីស្រាអែល បែលហ្ស៊ិក អាល្លឺម៉ង់ និង​ប្រទេស​អាល់បានី​អស់​រយៈ​ពេល ៣ខែ រដ្ឋាភិបាល​បារាំង​បាន​ទាញ​សេចក្តីសន្និដ្នាន​ដោយ​មិន​អល់អែក​ថា ក្រសួង​ស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ង់​ជា​អ្នក​បញ្ជា​ឲ្យ​រៀបចំ​គម្រោង​វាយប្រហារ​លើ​ការ​ជួបជុំ​របស់​សកម្មជន​នៃ​ចលនា « មូចាយអ៊ីន​ប្រជាជន » នៅ​ជាយក្រុង​ប៉ារីស ប្រទេស​បារាំង​ក្នុង​ថ្ងៃទី៣០ មិថុនា។ គួរ​ជម្រាប​ជូន​ថា ប្រទេស​អាល់បានី​ក៏​ជា​មូលដ្ឋាន​ដ៏​សំខាន់​របស់​សកម្មជន​នៃ​ចលនា « មូចាយអ៊ីន​ប្រជាជន » ដែរ។

ទីក្រុង​ប៉ារីស​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទង្វើ​របៀប​នេះ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ថា បារាំង​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​គំរាមកំហែង​ណា​មួយ​ដោយ​ប្រើ​វិធីសាស្រ្ត​បែប​នេះ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ។ ជា​ទណ្ឌកម្ម​ជាក់ស្តែង បារាំង​បាន​បង្កក​ទ្រព្យសម្បតិ្ត លុយកាក់​របស់​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​អ៊ីរ៉ង់​ដែល​មាន​នៅ​ក្នុង​ប្រទេស​បារាំង រួម​ទាំង​បង្កក​ទ្រព្យសម្បត្តិ លុយកាក់​របស់​មន្រ្តីការទូត​អ៊ីរ៉ង់ ២នាក់​នៅ​បរទេស ក្នុង​នោះ​មាន​លោក​អាសាដូល្លា អាសាឌី​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ប្រទេស​អាល្លឺម៉ង់។ បារាំង និង​អ៊ីរ៉ង់​បារាំង​បាន​មើល​មុខ​គ្នា​មិន​ចំ​តាំង​ពី​រឿងរ៉ាវ​មួយ​នេះ​បាន​ផ្ទុះ​ដំបូង គ្រាន់​តែ​ថា​ជាមួយ​នឹង​ទណ្ឌកម្ម​របស់​បារាំង​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​បែរ​ខ្នង​ដាក់​គ្នា។

រហូត​មក​ដល់​ពេល​នេះ ទីក្រុង​ប៉ារីស​បន្ត​អូសបន្លាយ​ការ​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ខ្លួន​ប្រចាំ​អ៊ីរ៉ង់​ដោយ​បន្ត​រង់ចាំ​ការ​ពន្យល់បំភ្លឺ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ពី​ទីក្រុង​តេហេរ៉ង់​ចំពោះ​រឿងរ៉ាវ​មួយ​នេះ។ អ្វី​ដែល​បារាំង​ចង់​បាន គឺ​បិទ​សំណុំរឿង​មួយ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស និង​មិន​ចង់​ប្រឈម​មុខ​នឹង​អ៊ីរ៉ង់​ទេ។ ឃើញ​ថា បាល់​កំពុង​ស្ថិត​ក្នុង​ជើង​អ៊ីរ៉ង់​ដែល​ត្រូវ​សារភាព​ការ​ពិត ហើយ​ទីក្រុង​តេហេរ៉ង់​យល់​មិន​ច្រឡំ​ទេ​ថា ខ្លួន​កំពុង​ត្រូវ​ការ​បារាំង​ដែល​កំពុង​បន្ត​ចេញ​មុខ​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ទើប​បាន​ដក​ខ្លួន​ក្នុង​ខែ​ឧសភា​កន្លង​ទៅ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង-អ៊ីរ៉ង់

    បារាំង-អ៊ីរ៉ង់៖​លោក​ម៉ាក្រុង​ពិចារណា​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​តាម​ការ​អញ្ជើញ​របស់​លោក​រ៉ូហានី

    ស្វែងយល់បន្ថែម

  • អាមេរិក-បារាំង

    លោក​ដូណាល់ ត្រាំ និង​លោក​អេម៉ានុយអែល ម៉ាក្រុង​ស្នើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

    ស្វែងយល់បន្ថែម

  • បារាំង

    ​នុយក្លែអ៊ែរ៖ ​បារាំង ចង់​បាន​ការ​និយាយ​ត្រង់ទៅត្រង់មក ជាមួយ​អ៊ីរ៉ង់

    ស្វែងយល់បន្ថែម

  • បារាំង-អ៊ិរ៉ង់

    អ៊ីរ៉ង់រិះគន់​បារាំង ​ថាកុំ​ឲ្យ​ចេះ​ដឹង​រឿង​កាំជ្រួច​បាលីស្ទីក​របស់​​គេ​ឲ្យ​សោះ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ