ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

អាមេរិក​គំរាម​ដកខ្លួន បើសិន​រុស្ស៊ី​នៅតែ​បន្ត​រំលោភ​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ

media  
ឯកអគ្គរដ្ឋទូត​អាមេរិក លោក​Robert Wood នៅក្នុង​សន្និសីទ​ស្តីការសាយភាយ​អាវុធ​នុយក្លេអ៊ែរនៅខែ​មេសា ២០១៨ ©Fabrice COFFRINI / AFP

អាមេរិក​លែង​មាន​ការអត់ធ្មត់​តទៅទៀត ទៅ​នឹង​ការពង្រាយ​មីស៊ីល​របស់​រុស្ស៊ី។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ឯកអគ្គរដ្ឋទូត​អាមេរិក បាន​បង្ហើប​ពីការដែល​ថា អាមេរិក នឹង​អាច​ដកខ្លួន​ចេញ ពី​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម Intermadiate Nuclear Froces Treaty បើសិន​ជា​រុស្ស៊ី នៅតែ​បន្ត​រំលោភ​កិច្ចព្រមព្រៀង ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​រួមគ្នា កាលពី​សម័យ​សង្រ្គាម​ត្រជាក់។

 

សម្រាប់​ឯកអគ្គរដ្ឋទូត Robert Wood អ្នកតំណាង​អាមេរិក នៅ​សន្និសីទ ដើម្បី​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ នៅ​អង្គការ​សហប្រជាជាតិ ស្ថានភាព​បច្ចុប្បន្ន​លែង​អាច​ទ្រាំទ្រ​បាន​ទៀតហើយ។ អាមេរិក​ត្រូវ​តែ​ចាត់វិធានការ​ប្រឆាំង​នឹង​ការរំលោភ​សន្ធិសញ្ញា​ដ៏​សំខាន់មួយនេះ។

ចាប់តាំង​ពី​៤​ឆ្នាំមកហើយ សហរដ្ឋអាមេរិក បាន​ចោទ​រុស្ស៊ី ថា​បាន​រំលោភ​កិច្ចព្រមព្រៀង​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម។ ទីក្រុង​វ៉ាស៊ីនតោន​ចង់​សំដៅ​ទៅដល់​ការពង្រាយ​ប្រព័ន្ធ​មីស៊ីល​របស់​រុស្សី ប្រភេទ 9M729 ដែល​បាន​បែរមុខ​សំដៅ ប្រទេស​អឺរ៉ុប​ខាងលិច។ ម៉ូស្គូ​ធ្លាប់បាន​បដិសេធ​ការចោទប្រកាន់ និងថា ការតាំងទី​មីស៊ីល​របស់ខ្លួន​មិន​បាន​រំលោភ​ដល់​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម​នោះទេ។

សន្ធិសញ្ញា​ស្តីពី​អាវុធនុយក្លេអ៊ែរ​រយៈចម្ងាយមធ្យម ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក លោក​Ronald Reagan និង​មេដឹកនាំ​សហភាព​សូវៀត លោកMikhaïl Gorbatchev ដើម្បី​បិទបញ្ចប់​ភាពតានតឹង ការប្រឈមមុខដាក់គ្នា ខាង​ផ្នែក​យោធា ដែល​ប្លុកទាំងពីរ​មាន​នឹង​គ្នា ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ កិច្ចព្រមព្រៀង​អាមេរិក និង​សហភាព​សូវៀត​បាន​ជួយ​ទប់​ស្កាត់​ផងដែរ មិន​ឲ្យ​មាន​ការពង្រាយ​មីស៊ីល​របស់​សហភាព​សូវៀត ដែល​មាន​ផ្ទុកក្បាលគ្រាប់ សំដៅ រដ្ឋធានី​នៅ​អឺរ៉ុប នៅទសវត្សរ៍ ឆ្នាំ ១៩៨០។

ជារួម សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ រយៈចម្ងាយ​មធ្យម បាន​ជំរុញ​ឲ្យ​មាន​ការហាមមិន​ឲ្យប្រើ មីស៊ីល គ្រប់ប្រភេទ មិន​ថា មីស៊ីល​ដែល​អាច​ផ្ទុកក្បាល​គ្រាប់នុយក្លេអ៊ែរ ឬ​មីស៊ីល​សម្រាប់​សង្រ្គាម ដែល​អាច​បាញ់​បាន​ពី​ចម្ងាយ ៥០០​ទៅ ៥០០០គីឡូម៉ែត្រ។

នៅ​ថ្ងៃ​ម្សិលមិញ ចំពោះ​មុខ​អ្នកកាសែត នៅទីក្រុង​ហ្សឺណែវ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​សន្និសីទ​ស្តីពី​ការលុបបំបាត់​ចោលអាវុធ បាន​និយាយ​បង្ហើប​ពី​លទ្ធភាព​ដែល​អាមេរិក ដើរចេញ ពី​សន្ធិសញ្ញា ដែល​បាន​ចូល​ជា​ធរមាន កាលពី​ឆ្នាំ ១៩៨៨។ សម្រាប់​អ្នកតំណាង​អាមេរិក អាមេរិក​មិនអាច​គោរព​តាម​កិច្ចព្រមព្រៀង ក្នុង​ខណៈពេល​ដែល​រុស្ស៊ី​រំលោភ​យ៉ាង​ចេញមុខ ជាសាធារណៈ​នោះទេ។

ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​បាន​បញ្ជាក់ដែរថា បញ្ហា​ដែល​រុស្ស៊ី រំលោភ​កិច្ចព្រមព្រៀង​ស្តីពី​អាវុធ​នុយក្លេអ៊ែរ នឹងជា​ប្រធានរឿង​សំខាន់ អាទិភាព នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ នៅ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក នៅ​សប្តាហ៍ក្រោយនេះ។ សម្រាប់​អ្នកតំណាង​អាមេរិក ចម្លើយ​យ៉ាងណា​របស់​រុស្ស៊ី នៅក្នុង​កិច្ចប្រជុំ នឹង​ធ្វើ​ឲ្យ​អាមេរិក​ពិចារណា​ឡើងវិញ ពី​ជំហរ​របស់​អាមេរិក នៅក្នុង​ការចរចា នៅក្រោយ​ពេល​កិច្ចព្រមព្រៀង​អាមេរិក និង​រុស្ស៊ី ក្នុង​ការកាត់បន្ថយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ​ត្រូវ​ចប់ នៅ​ឆ្នាំ ២០២១​ខាងមុខ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ