ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?
 
តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី? Reuters

សង្រ្គាមពាក្យសម្តី​កំពុង​បន្ត​យ៉ាង​ផុសផុល​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​តួកគី​ជុំវិញ​ការ​បាត់ខ្លួន​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី។ អ្នកកាសែត​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​អារ៉ាប៊ិសាអូឌីត​មិន​តម​សម្តី​រូប​នេះ​បាន​ចូល​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​តួកគី​កាល​ពី​ថ្ងៃទី២ តុលា និង​បាន​បាត់​ដំណឹង​សូនឈឹង​តាំង​ពី​ថ្ងៃ​នោះ​មក។

លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​បញ្ចេញ​ប្រតិកម្ម​លើកទី១ ដោយ​មាន​ការ​ប្រយ័ត្នប្រយែង និង​ចង់​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​ពី​តុលាការ​តួកគី។ តែ​អារ៉ាប៊ីសាអូឌីត​បាន​ឆ្លើយ​ដាច់​ណាត់​ថា ខ្លួន​គ្មាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ។ ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​មែន?

វា​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​ទម្លាក់​កំហុស​ទៅ​លើ​នរណា​ម្នាក់​ចំពោះ​ការ​បាត់ខ្លួន​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​តាំង​ពី​ថ្ងៃទី២ តុលា។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​និយាយ​ថា មាន​តែ​តួកគី និង​អារ៉ាប៊ីសាអូឌីត​ទេ​ដែល​អាច​ដឹង​ពី​ជោគវាសនា​ពិត​របស់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី។ អ្នកកាសែត​រូប​នេះ​នៅ​ឯណា ស្លាប់ ឬ​រស់​នៅ​មិន​ទាន់​ដឹង​ទេ អ្វី​ដែល​គេ​ដឹង រឿងរ៉ាវ​មួយ​នេះ​កំពុង​បន្ត​ជា​សង្រ្គាមពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​ទីក្រុង​អ៊ីស្តង់ប៊ូល និង​ទីក្រុង​រីយ៉ាដ។ រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​តួកគី​ហ៊ាន​អះអាង​ច្បាស់ៗ​ថា លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ត្រូវ​បាន​ក្រុមពិសេស​មក​ពី​ទីក្រុង​រីយ៉ាដ​ចូល​ទៅ​សម្លាប់​ដល់​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទឹកដី​តួកគី ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​តួកគី​ភ្លាមៗ​ក្នុង​ថ្ងៃ​តែ​មួយ។

តែ​លោក​ប្រមុខរដ្ឋ​តួកគី​អ៊ែរដូហ្កាន​ហាក់​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​រឿង​នេះ និង​ចង់​រងចំា​លទ្ធផល​ស៊ើបអង្កេត​ពី​តុលាការ​តួកគី​ជា​មុន​សិន។ ចំណែក​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​បដិសេធ​យ៉ាង​ដាច់​អហង្ការ និង​សារភាព​ថា លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ពិត​ជា​បាន​ចូល​ក្នុង​ស្ថានកុងស៊ុល​នោះ​មែន តែ​ក៏​បាន​ចាកចេញ​វិញ​ដោយ​មិន​ដឹង​គេ​ទៅ​ណា​ទេ។ ទន្ទឹម​គ្នា​នេះ អារ៉ាប៊ីសាអូឌីត​មិន​ញញើត​នឹង​ទម្លាក់​កំហុស​ដាក់​តួកគី​ថា តួកគី​មាន​កាតព្វកិច្ច​ជា​អ្នក​ធានា​សុវត្ថិភាព និង​ការពារ​សន្តិសុខ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី។ តើ​ការ​ដែល​តួកគី​សង្ស័យ​លើ​អារ៉ាប៊ីសាអូឌីត​ជា​ការ​លាបព័ណ៌ ឬ​មួយ​អាច​ជា​ការ​ពិត?។ តើ​មាន​ប្រយោជន៍​អី​ដែល​តួកគី​ត្រូវ​សម្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ពេល​ដែល​គ្រប់​គ្នា​ដឹង​ថា អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ភៀសខ្លួន​ជ្រកកោន​ក្នុង​ទឹកដី​អាមេរិក​អាយុ ៥៩ឆ្នាំ​រូប​នេះ​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​មិន​សំចៃមាត់ ពិសេស​អន្តរាគមន៍​យោធា​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​យេម៉ែន​នោះ។

យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​មួយ​នេះ​អាច​នឹង​ជះ​ចេញ​នូវ​ផលវិបាក​ចំនួន ២ ទី១ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ទីក្រុង​អង់ការ៉ា និង​ទីក្រុង​រីយ៉ាដ និង​ទី២ ធ្វើ​ឲ្យ​ខូច​រូបភាព​អារ៉ាប៊ីសាអឌីត​នៅ​លើ​ឆាកអន្តរជាតិ ពិសេស​បុគ្គលិកលក្ខណៈ​របស់​រាជទាយាទ​ម៉ូហាម៉េត បេនសាលម៉ាន។ មាន​ព្រះជន្ម ៣៣ព្រះវស្សា រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​ត្រូវ​បាន​បស្ចិមលោក​មើល​ឃើញ​ថា ជា​អ្នក​មាន​នយោបាយ​ទំនើបកម្ម និង​ជា​អ្នកកំណែទម្រង់និយម​ដែល​កំពុង​កែប្រែ​មុខមាត់​ប្រទេស។ កំណែទម្រង់​ដែល​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង គឺ​ការ​អនុញ្ញាត​ឲ្យ​ស្រ្តីអារ៉ាប៊ីសាអូឌីត​មាន​សិទ្ធិ​បើកបរ។ តែ​ទន្ទឹម​គ្នា​នេះ និង​អ្វី​ដែល​គេ​មិន​អាច​មើល​រំលង​បាន គឺ​ការ​បន្ត​ប្រើ​អំណាច​កណ្តាប់ដៃដែក​របស់​រាជទាយាទ​អង្គ​នេះ។

នៅ​ក្នុង​ស្រុក ព្រះអង្គម្ចាស់​បេនសាលម៉ាន​បន្ត​ដាក់​គំនាប​លើ​ក្រុម​បញ្ញវន្ត លើ​ស្រ្តីភេទ អ្នកកាន់​សាសនា និង​ប្រើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ជា​លេស​ដើម្បី​ចាប់​ខ្លួន និង​បិទ​មាត់​ពួកប្រឆាំង។ ជាមួយ​អន្តរជាតិ ពិសេស​ប្រទេស​គូប្រជែង និង​ប្រទេស​ដែល​ហ៊ាន​រិះគន់​រឿងសិទ្ធិមនុស្ស​នៅ​អារ៉ាប៊ីសាអូឌីត​នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ទាន់ហន់​ភ្លាមៗ។ ជាក់ស្តែង ការ​បណ្តេញ​ចេញ​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​ទីក្រុង​រីយ៉ាដ​ក្នុង​ខែ​សីហា​កន្លង​ទៅ។ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​បាន​ឃាំង​ទុក​នាយករដ្ឋមន្រ្តី​លីបង់​លោក​សាដ ហារីរី​ក្នុង​ទីក្រុង​រីយ៉ាដ​រយៈពេល ២សប្តាហ៍។ ចំណែក​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ ​មាន​អាមេរិក និង​ប្រទេស​ផ្សេង​សុខចិត្ត​បិទមាត់​ដោយ​ខ្លាច​បាត់​ប្រយោជន៍​សេដ្ឋកិច្ច។

តែ​បើ​តាម​មើល​ទៅ រឿងរ៉ាវ​បាត់ខ្លួន​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ពេល​នេះ ជា​រឿងរ៉ាវ​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​នៃ​ប្រទេស​បស្ចិមលោក​ផ្សេង​ពិបាក​ទទួល​យក​បន្តិច។ ពិបាក​ទទួល​យក​ព្រោះ​សម្រាប់​ពួក​គេ បើ​អារ៉ាប៊ីសាអូឌីត​ពិត​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​មែន រឿងរ៉ាវ​ថ្មី​មួយ​នេះ​ប្រៀប​ដូច​នឹង​ដំណក់​ទឹក​មួយ​ដំណក់​ដែល​ហៀរ​ចេញ​ពី​កែវ​ពិបាក​ផឹក​ណាស់។ សម្រាប់​អារ៉ាប៊ីសាអូឌីត​ខ្លួន​ឯង​ក៏​ពិបាក​ដែរ ពិសេស​ចំ​ពេល​ដែល​ខ្លួន​ត្រូវ​ការ​ទិញ​អាវុធ​ពី​បស្ចិមលោក ពិសេស​ពី​អាមេរិក​សម្រាប់​បន្ត​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន។ នៅ​ពេល​នេះ ទីក្រុង​ឡុងដ៏ ប៉ារីស និង​វ៉ាស៊ីនតោន​បាន​ជំរុញ​ទីក្រុង​រីយ៉ាដ​ឲ្យ​បំភ្លឺ និង​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព។ អារ៉ាប៊ីសាអូឌីត​មិន​បដិសេធ​ទេ និង​បាន​យល់ព្រម​បើក​ទ្វារ​ស្ថានកុងស៊ុល​របស់​ខ្លួន​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ឲ្យ​ចូល​ស្រាវជ្រាវ និង​ឆែកឆេរ។

រវាង​តួកគី និង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​ពីរ​មាន​ទម្ងន់​នៅ​ក្នុង​ពិភពអ៊ីស្លាម​វិញ បើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ពិត​ជា​បាន​ស្លាប់​ក្រោម​ស្នាដៃ​របស់​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​មែន វិបត្តិ​ការទូត​រវាង​ទីក្រុង​អង់ការ៉ា និង​ទីក្រុង​រីយ៉ាដ​ជា​រឿង​ចៀស​មិន​រួច។ ចៀស​មិន​រួច​ព្រោះ​តួកគី​មិន​អាច​អនុគ្រោះ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​លើ​ទឹកដី​របស់​ខ្លួន​ពី​សំណាក់​ភ្នាក់ងារ​បរទេស​ឡើយ។ តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា រស់ ឬ​ស្លាប់ និង​ថា​តើ​អ្នក​ណា​ដែល​នៅ​ពី​ក្រោយ​រឿងរ៉ាវ​មួយ​នេះ?។ ប្រហែល​មាន​តែ​អារ៉ាប៊ីសាអូឌីត​ម្នាក់​ឯង​គត់​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ